ភ្នំពេញ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ — ធនាគារពិភពលោកបានតែងតាំងលោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ជាប្រធានគ្រប់គ្រងថ្មីប្រចាំនៅប្រទេសកម្ពុជា ស្នងតំណែងពីលោកស្រី អ៊ីងហ្គូណា ដូប្រាចា (Inguna Dobraja) ដែលបានផ្លាស់ទៅធ្វើការថ្មីនៅប្រទេសម៉ុលដូវ៉ា ក្រោយពីបានបំពេញបេសសកម្មអស់រយៈពេលប្រាំឆ្នាំជាប្រធានគ្រប់គ្រងការិយាល័យនៃធនាគារពិភពលោកនៅក្នុងរាជធានីភ្នំពេញ។
លោកស្រី សាលីម មើលការខុសត្រូវរួមពីលើកិច្ចការប្រចាំថ្ងៃរបស់ធនាគារពិភពលោកជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះមានកញ្ចប់គម្រោងនានាគិតជាតម្លៃទឹកប្រាក់សរុបប្រមាណ ១,១ប៊ីលានដុល្លារអាមេរិក (US$1.1 billion) ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្ត តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក។ គម្រោងទាំងនោះត្រូវបានរៀបចំតម្រូវតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា អមដោយគោលដៅពីររបស់ធនាគារពិភពលោក គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា។
ក្របខណ្ឌភាពជាដៃគូរបស់ធនាគាពិភពលោកសម្រាប់ប្រទេសកម្ពុជាសម្រាប់ដំណាក់កាលឆ្នាំ ២០១៩-២០២៣ ផ្តោតសំខាន់ទៅលើការបង្កើនភាពប្រសិទ្ធភាពរបស់វិស័យសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន, លើការវិនិយោគលើធនធានមនុស្សតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាអប់រំ និងសេវាសុខាភិបាលមានគុណភាពសម្រាប់ក្មេងតូច, លើការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្ម, លើការលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងលើការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមរបស់ពលរដ្ឋ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងថ្មីរបស់ធនាគាពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំមាន សោមនស្សក្រៃលែងដែលបានមកកាន់តំណែងថ្មីនេះ ហើយខ្ញុំកាន់តែរីករាយណាស់ដែរដែលបានត្រឡប់មកកម្ពុជាវិញ នៅ១៧ឆ្នាំក្រោយគិតចាប់ពីពេលដែលខ្ញុំបានបញ្ចប់ការងារនៅកម្ពុជា ក្នុងនាមជាប្រធានក្រុមនៃគម្រោងពាក់ព័ន្ធមូលនិធិសង្គមសម្រាប់ពង្រឹងសហគមន៍ និងប្រយុទ្ធនឹងភាពក្រីក្រ”។ លោកស្រីមានពោលបន្ថែមទៀតថា៖ “ខ្ញុំត្រៀមខ្លួនជាស្រេចនឹងធ្វើការជាមួយសហសេវិកកម្ពុជារបស់ខ្ញុំ ដើម្បីជួយប្រទេសកម្ពុជាគ្រប់គ្រងផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩, រៀបចំមូលដ្ឋានសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញយ៉ាងស្វាហាប់ និងកសាងភាពធន់សម្រាប់ទប់ទល់ជាមួយហេតុការណ៍អង្រួនកន្ត្រាក់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។”
លោកស្រី សាលីម មានបទពិសោធន៍ការងារជាង២០ឆ្នាំ ក្នុងធនាគារពិភពលោក ក្នុងនោះកាលពីពេលថ្មីនេះលោកស្រីធ្លាប់កាន់តំណែងជាប្រធានគ្រប់គ្រងប្រចាំប្រទេសអាល់បានី ផងដែរ។ កាលនៅកម្ពុជាពេលមុន លោកស្រីជាអ្នកឯកទេសផ្នែកអភិវឌ្ឍសង្គម និងធនធានមនុស្ស មុននឹងលោកស្រីបន្តទៅបំពេញមុខងារក្នុងតំណែងជាន់ខ្ពស់ផ្សេងៗនៅក្នុងផ្នែករៀបចំគោលនយោបាយប្រតិបត្តិការរបស់ធនាគារពិភពលោក នៅស្នាក់ការកណ្តាលក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោកស្រីមានដើមកំណើតនៅប្រទេសតង់ហ្សានី មានសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនិងទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យ Johns Hopkins, និងជាបណ្ឌិតច្បាប់ចេញពីសកលវិទ្យាល័យ Georgetown។