ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ — សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថាវានឹងទទួលបានកំណើនជិត ៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់ ៣,១ភាគរយ ក្នុងឆ្នាំ២០២០។ យ៉ាងណាក្តី ការរើបឡើងវិញនេះមានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។ ធនាគារពិភពលោកបាននិយាយដូច្នេះនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះទៅការរើបឡើងវិញ។
ខណៈដែលវិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យកសិកម្មនៅរក្សាភាពធន់បានគួរសមដោយសារតែមានតម្រូវការខ្លាំង អមដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជានិងចិនបានចុះហត្ថលេខាជាមួយគ្នា។ ផ្នែកឧស្សាហកម្មផលិតក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ អាជីវកម្មបោះដុំនិងលក់រាយបានប្រឹងរើបឡើងវិញយឺតៗដែរ នៅពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ។ ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ, ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែហូរចូលឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ។
ទៅមុខទៀត ចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជានៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និង ល្បឿននៃដំណើររើបឡើងវិញនេះអាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពរបស់វីរុស និងទៅលើល្បឿននៃការចាក់វ៉ាក់សាំងការពារ។ របាយការណ៍ក៏បានពិនិត្យមើលសេណារីយោអវិជ្ជមានដែរ ដែលក្នុងនោះអាចថាកម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានញឹកញាប់និងអូសបន្លាយយូរ។ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ច តាមការព្យាករណ៍ នឹងមានកំណើនតែ ១ភាគរយ ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១។
របាយការណ៍បច្ចុប្បន្នភាពនេះផ្តល់អនុសាសន៍ថា កម្ពុជាគួរតែចាត់វិធានការភ្លាមៗដើម្បីលើកកម្ពស់ភាពជឿជាក់របស់ទីផ្សារ តាមរយៈការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ទន្ទឹមគ្នានឹងការប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុស និង ការស្លាប់ ឱ្យមានប្រសិទ្ធភាពបន្តទៀត។ ដោយសារតែកម្ពុជានៅមានសមត្ថភាពហិរញ្ញវត្ថុល្មមដែរ រដ្ឋាភិបាលអាចបន្តការគាំទ្រដល់កម្មវិធីសង្គ្រោះ, ស្តារឡើងវិញ និងកំណើន ដោយធ្វើការកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ, ផ្តល់កម្មវិធីគាំពារសង្គម និងជំរុញការវិនិយោគសាធារណៈ និងកំណើនសេដ្ឋកិច្ចដែលគិតគូរដល់អ្នកក្រីក្រ។ ដើម្បីរក្សាបានស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ ជារឿងសំខាន់មួយដែរដែលអាជ្ញាធររដ្ឋាភិបាលត្រូវបន្តតាមដានឱ្យបានដិតដល់លើភាពងាយរងគ្រោះ ដែលអាចបណ្តាលមកពីការពុះកញ្ជ្រោលយូរពេករបស់វិស័យអចលនទ្រព្យ និង ការផ្តល់ឥណទានកាន់តែច្រើនឡើងចំពោះវិស័យសំណង។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថាៈ “ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជាបានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការលើសកលលោកដោយសារតែកូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំងឱ្យមនុស្សក្នុងប្រទេសបានជាង ៣លាននាក់ រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់។” លោកស្រីបានបន្ថែមទៀតថា៖ “ធនាគារពិភពលោកនៅតែបន្តធ្វើការជាមួយកម្ពុជាដើម្បីជួយប្រទេសនេះបន្ថែមទៀតក្នុងការប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ។”
របាយការណ៍នេះមានជំពូកពិសេសមួយពិនិត្យមើលទៅលើមេរៀនដែលគួររៀនសូត្របានពីកម្មវិធីអន្តរាគមន៍ផ្នែកសង្គម ដែលកម្ពុជាមិនត្រឹមតែដាក់ចេញយ៉ាងរហ័សប៉ុណ្ណោះទេ តែថែមទាំងពង្រីកនិងធ្វើឱ្យកាន់តែស៊ីជម្រៅទៀតផង ជាពិសេសកម្មវិធីផ្ទេរសាច់ប្រាក់ទៅឱ្យគ្រួសារក្រីក្រ។ កម្មវិធីផ្ទេរសាច់ប្រាក់នេះត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០២០ ហើយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១ មានគ្រួសារក្រីក្រជាង ៦៨៨ ០០០ គ្រួសារ ឬ ស្មើនឹង ១៩,៥ភាគរយ នៃចំនួនផ្ទះគ្រួសារសរុបទូទាំងប្រទេស ទទួលបានសាច់ប្រាក់ផ្ទេរពីរដ្ឋាភិបាល។
របាយការណ៍នេះបានរំលេចផងដែរនូវអនុសាសន៍គោលនយោបាយសំខាន់ៗមួយចំនួន សម្រាប់ទ្រទ្រង់ដល់ការរើបឡើងវិញរបស់សេដ្ឋកិច្ច មានដូចជាការដាក់ចេញវិធានការជំនួយផ្នែកសង្គមនៅក្រោយដំណាក់កាលរាតត្បាតជំងឺដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍កន្ត្រាក់ណាមួយ តាមរយៈការពង្រីកវិសាលភាពគ្របដណ្តប់របស់កម្មវិធី IDPoor, ការរៀបចំបង្កើតមូលដ្ឋានទិន្នន័យមួយសម្រាប់ជនដែលគួរទទួលបានការគាំទ្រពីកម្មវិធីសង្គម, និងការធ្វើយ៉ាងណាឱ្យមានតួអង្គច្រើនសម្រាប់ធ្វើការចែកចាយប្រាក់ឧបត្ថម្ភសង្គមដល់ជនក្រីក្រ។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដោយផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍរបស់ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងដំណាក់កាលខ្លី និង មធ្យម។
For more information, please visit: www.worldbank.org/cambodia
Visit us on Facebook: http://www.facebook.com/worldbank
Be updated via Twitter: http://www.twitter.com/worldbank
For our YouTube channel: http://www.youtube.com/worldbank