ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ – ធនាគារពិភពលោក នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយថ្ងៃនេះ និយាយថា នវានុវត្តន៍គឺជាសមាសភាគមួយមានសារៈសំខាន់ខ្លាំងសម្រាប់កំណើនផលិតភាព និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ាដែលកំពុងអភិវឌ្ឍ នៅក្នុងពិភពលោកមួយដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ារក្សាបានកំណើន និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងកម្រិតកំណត់ត្រាមួយគួរឱ្យស្ងើចសរសើរ។ យ៉ាងណាក៏ដោយ ការធ្លាក់ចុះកំណើនផលិតភាព ភាពមិនប្រាកដប្រជាក្នុងពាណិជ្ជកម្មពិភពលោក និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យា កំពុងតែញ៉ាំងឱ្យមានភាពចាំបាច់ធ្វើការប្រែធាតុទៅរកគំរូផលិតកម្មបែបថ្មីនិងកាន់តែប្រសើរថែមទៀត ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរក្សាបានសម្ទុះទៅមុខ។
នៅក្នុងគោលដៅជួយដល់អ្នកតាក់តែងគោលនយោបាយធ្វើការឆ្លើយតបទៅនឹងភាពប្រឈមខាងលើនេះ របាយការណ៍ឈ្មោះថា “ភាពចាំបាច់នៃនវានុវត្តន៍សម្រាប់តំបន់អាស៊ីបូព៌ាកំពុងអភវិឌ្ឍ” (The Imperative for Developing East Asia) បានពិនិត្យមើលស្ថានភាពនវានុវត្តន៍នៅក្នុងតំបន់ វិភាគឧបសគ្គធំៗដែលបណ្តាក្រុមហ៊ុនកំពុងជួបប្រទះនៅក្នុងកិច្ចខិតខំធ្វើនវានុវត្តន៍ និងលើកឡើងនូវរបៀបវារៈសម្រាប់ផែនការមួយឈានទៅជំរុញកំណើនដែលយកនវានុវត្តន៍ជាមូលដ្ឋាន។
លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “ការរាតត្បាតជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ អមដោយបរិយាកាសសាកលលោកដែលប្រែប្រួលឥតឈប់ឈរ បានញ៉ាំងឱ្យមានភាពបន្ទាន់មួយសម្រាប់រដ្ឋាភិបាលនៅក្នុងតំបន់ធ្វើការខិតខំបង្កើននវានុវត្តន៍ឱ្យបានខ្លាំងក្លាថែមទៀត តាមរយៈការតាក់តែងគោលនយោបាយឱ្យកាន់តែល្អឡើង”។
ពិតណាស់ តំបន់ប្រមូលផ្តុំអ្នកនវានុវត្តន៍មានកេរ្តិ៍ឈ្មោះលេចធ្លោជាច្រើន ប៉ុន្តែទិន្នន័យនៅក្នុងរបាយការណ៍នេះបង្ហាញថា លើកលែងតែប្រទេសចិនចេញ ប្រទេសភាគច្រើននៅក្នុងតំបន់មាននវានុវត្តន៍ក្នុងអត្រាមួយទាបជាងការរំពឹងទុកទៅទៀត បើធៀបទៅនឹងកម្រិតចំណូលក្នុងពលរដ្ឋម្នាក់ៗ។ ក្រុមហ៊ុនភាគច្រើនដំណើរការដោយស្ថិតនៅក្រោយឆ្ងាយពីការភាពជឿនលឿននៃបច្ចេកវិទ្យាទៅទៀត។ លើសពីនេះ តំបន់ទាំងមូលកាន់តែនៅដាច់ឆ្ងាយពីក្រោយបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ទាំងក្នុងភាពស៊ីជម្រៅនិងទាំងក្នុងសម្ទុះនៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើធុរកិច្ច។
លោក ហាវីយេ ស៊ីរ៉េរ៉ា ដែលជាអ្នកដឹកនាំការនិពន្ធរបាយការណ៍នេះ មានប្រសាសន៍ថា៖ “ក្រៅតែពីគំរូលេចធ្លោមួយចំនួន ក្រុមហ៊ុនភាគច្រើនដ៏លើសលប់នៅក្នុងតំបន់អាស៊ីបូព៌ានៅមិនទាន់ចាប់ផ្តើមធ្វើនវានុវត្តន៍អាជីវកម្មរបស់ខ្លួន នៅឡើយទេ។ អាស្រ័យហេតុនេះ គេចាំបាច់ត្រូវមានគំរូនវានុវត្តន៍ជាលក្ខណៈទូលំទូលាយមួយ ដែលអាចជួយជ្រោមជ្រែងដល់ក្រុមហ៊ុនច្រើនសន្ធឹកសន្ធាប់ក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗ ហើយទន្ទឹមគ្នានោះ បង្កលក្ខណៈឱ្យក្រុមហ៊ុនដែលជឿនលឿនស្រាប់អាចឈានទៅធ្វើប្រតិបត្តិការគម្រោងដែលកាន់តែមានកម្រិតជឿនលឿងខ្ពស់ថែមទៀត។”
របាយការណ៍នេះបានកំណត់កត្តាមួយចំនួនដែលរារាំងដល់ការធ្វើនវានុវត្តន៍ក្នុងតំបន់ រួមមានកង្វះព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មី ភាពមិនប្រាកដប្រជាអំពីផលដែលគម្រោងបែបនវានុវត្តន៍អាចផ្តល់ត្រឡប់មកវិញ សមត្ថភាពក្រុមហ៊ុនខ្សោយ បុគ្គលិកមានជំនាញមិនគ្រប់គ្រាន់ និងកង្វះខាតជម្រើសផ្នែកហិរញ្ញប្បទាន។ ជាងនេះទៅទៀត គោលនយោបាយនវានុវត្តន៍និងស្ថាប័ននៅតាមប្រទេសនីមួយៗ ច្រើនតែមិនទាន់ស៊ីចង្វាក់គ្នាជាមួយសមត្ថភាពនិងសេចក្តីត្រូវការរបស់ក្រុមហ៊ុន។
ដើម្បីជំរុញនវានុវត្តន៍ឱ្យស្ទុះទៅមុខ របាយការណ៍នេះសង្កត់ធ្ងន់ថា បណ្តាប្រទេសក្នុងតំបន់ចាំបាច់ត្រូវតម្រែតម្រង់ទិសគោលនយោបាយទៅលើកស្ទួយការផ្សព្វផ្សាយបច្ចេកវិទ្យាដែលមានស្រាប់ឱ្យកាន់តែសាយភាយ មិនត្រឹមតែការបង្កើតថ្មីទេ គាំទ្រដល់នវានុវត្តន៍ក្នុងវិស័យសេវាកម្ម មិនត្រឹមតែក្នុងវិស័យផលិតកម្មទេ និងពង្រឹងសមត្ថភាពនវានុវត្តន៍របស់ក្រុមហ៊ុនឱ្យកាន់តែរឹងមាំថែមទៀត។ ការចាប់យកទស្សនៈទូលំទូលាយស្តីពីគោលនយោបាយនវានុវត្តន៍មានសារៈសំខាន់ខ្លាំង ដើម្បីបង្កលក្ខណៈនាំឱ្យមានកំណើនផលិតភាពក្នុងចំណោមក្រុមហ៊ុនច្រើនទូទាំងតំបន់។
លោក អែនឌ្រូ ម៉េសុន ដែលជាអ្នកនិពន្ធមួយរូបទៀត មានប្រសាសន៍ថា៖ “អ្វីដែលសំខាន់គឺរដ្ឋាភិបាលក្នុងតំបន់គួរជួយដល់ការធ្វើនវានុវត្តន៍ក្នុងវិស័យសេវាកម្ម នៅពេលដែលសេវានេះកំពុងបំពេញតួនាទីកាន់តែសំខាន់នៅក្នុងសេដ្ឋកិច្ច មិនមែនសម្រាប់តែធ្វើឱ្យសេវាមានគុណភាពល្អជាងមុនទេ តែដើម្បីប្រែក្លាយវាឱ្យទៅជាធាតុចូលសំខាន់ៗសម្រាប់ផ្នែកផលិតកម្មដែរ។”
អ្វីដែលជាការចាំបាច់ដែរនោះគឺប្រទេសក្នុងតំបន់គួរពង្រឹងកត្តាបំពេញបន្ថែមសំខាន់ៗទៀតសម្រាប់នវានុវត្តន៍ ក្នុងនោះមាន ជំនាញរបស់ពលករ និងឧបករណ៍នានាសម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងនវានុវត្តន៍។ លើសពីនេះ ការតភ្ជាប់ស្ថាប័នស្រាវជ្រាវជាតិជាមួយក្រុមហ៊ុននានា នឹងផ្តល់សារៈសំខាន់ខ្លាំងដែរក្នុងការលើកស្ទួយកំណើនដែលមាននវានុវត្តន៍ជាមូលដ្ឋាន នៅក្នុងតំបន់ទាំងមូល។
របាយការណ៍ The Innovation Imperative for Developing East Asia អាចដោនឡូតយកបានពីទីនេះ here.។
ចំណាំ៖ ពាក្យ “តំបន់អាស៊ីបូព៌ាកំពុងអភិវឌ្ឍ” “developing East Asia” សំដៅទៅលើប្រទេសមានចំណូលមធ្យមចំនួន១០ ដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នេះ រួមមាន ប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និង វៀតណាម។