ការទទួលពាក្យស្នើបេក្ខភាពចូលរួមកម្មវិធីនវានុវត្តន៍និងមានឥទ្ធិពលខ្លាំង នឹងចាប់ផ្តើមពីនេះ រហូតដល់
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
ប្រទេសសិង្ហបុរី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ — ធនាគារពិភពលោកប្រកាសនៅថ្ងៃនេះអំពីការដាក់ឱ្យដំណើរការជាលើកដំបូងនូវកម្មវិធី “ពានរង្វាន់ភាពនវានុវត្តន៍ផ្នែកជំនាញឌីជីថល” ដើម្បីទទួលស្គាល់សមិទ្ធផលស្នាដៃនិងការចូលរួមចំណែកនៃកម្មវិធីបណ្តុះបណ្តាលនានា នៅក្នុងការអភិវឌ្ឍជំនាញឌីជីថលក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកស្រី Natasha Beschorner អ្នកឯកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍឌីជីថលនៃធនាគាពិភពលោក មានប្រសាសន៍ថា៖ “ពេលនេះ សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងតែរីកដុះដាលនៅក្នុងល្បឿនមួយលឿនដែលមិនធ្លាប់ឃើញពីមុនមក ហើយប្រទេសនៅទូទាំងតំបន់កំពុងទទួលស្គាល់ការលូតលាស់នេះថាមានសារៈសំខាន់ណាស់សម្រាប់ការជំរុញឱ្យសេដ្ឋកិច្ចរើបឡើងវិញ នៅក្នុងដំណាក់កាលក្រោយការរាលត្បាតមេរោគជាលក្ខណៈសកល។ អាស្រ័យហេតុនេះ វាកាន់តែសំខាន់ជាងមុនទៅទៀតដែលគេត្រូវប្រឹងធ្វើយ៉ាងណាបំពាក់ឱ្យពលរដ្ឋក្នុងតំបន់នេះនូវសំណុំជំនាញនានា សម្រាប់យកទៅបង្កើតសមត្ថភាពថែមទៀតនៅក្នុងបរិបទឌីជីថលមួយដែលកំពុងតែវិវឌ្ឍប្រែប្រួលយ៉ាងឆាប់រហ័ស។”
ពានរង្វាន់ភាពនវានុវត្តន៍ផ្នែកជំនាញឌីជីថលនេះ ផ្តល់កិត្តិយសដល់ស្នាដៃឥតខ្ចោះក្នុងការបណ្តុះបណ្តាលដើម្បីជំរុញភាពស្ទាត់ជំនាញផ្នែកឌីជីថលនៅក្នុងចំណោមពលរដ្ឋអាស៊ីអាគ្នេយ៍ ស្របពេលដែលប្រទេសនៅក្នុងតំបន់នេះបានត្រៀមខ្លួនឱ្យមានប្រៀបដើម្បីទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល។
នៅក្នុងតំបន់នេះ អង្គការឯកជនឬអង្គការសាធារណៈទាំងឡាយណាដែលផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសក្តីឬមិនមែនបច្ចេកទេសក្តីដែលជាតម្រូវការនៃសេដ្ឋកិច្ចឌីជីថល ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យស្នើបេក្ខភាពសម្រាប់ចូលប្រកួតប្រជែងនៅក្នុងកម្មវិធីនេះ។ គណៈវិនិច្ឆ័យមួយដែលមានសមាសភាពជាអ្នកជំនាញមកពីផ្នែកសិក្សាស្រាវជ្រាវជាន់ខ្ពស់, បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT), និងមកពីផ្នែកអភិវឌ្ឍន៍អន្តរជាតិ នឹងធ្វើការពិនិត្យវាយតម្លៃទៅលើសំណើលើកបេក្ខភាពស្នាដៃសម្រាប់ដណ្តើមពានរង្វាន់នេះ។
ការទទួលពាក្យស្នើលើកបេក្ខភាពចាប់ផ្តើមនៅថ្ងៃនេះ ហើយនិងបិទនៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ បេក្ខភាពដែលទទួលជ័យលាភីនឹងត្រូវបានអញ្ជើញឱ្យមកធ្វើបទបង្ហាញកម្មវិធីរបស់ខ្លួន តាមរយៈសន្និសីទតាមប្រព័ន្ធអនឡាញថ្នាក់តំបន់ជាលើកដំបូងស្តីពីជំនាញឌីជីថល នៅក្នុងខែឧសភា ឆ្នាំ២០២១។ សូមចូលមើលក្នុងតំណនេះ http://www.worldbank.org/digitalskills4sea ដើម្បីទទួលបានព័ត៌មានបន្ថែមស្តីពី កម្មវិធី “ពានរង្វាន់ភាពនវានុវត្តន៍ផ្នែកជំនាញឌីជីថល” របស់ធនាគារពិភពលោក និងដើម្បីដាក់ពាក្យលើកបេក្ខភាពក្នុងការប្រកួតយករង្វាន់។
កម្មវិធី “ពានរង្វាន់ភាពនវានុវត្តន៍ផ្នែកជំនាញឌីជីថល” គឺជាផ្នែកមួយនៃគោលគំនិតផ្តួចផ្តើមកម្រិតតំបន់ ដែលត្រូវបានរៀបចំឡើងសម្រាប់បំពេញតម្រូវការព័ត៌មានស្តីពីការវិវឌ្ឍឌីជីថល ដល់អ្នករៀបចំគោលនយោបាយយកជាមូលដ្ឋានសម្រាប់អភិវឌ្ឍកម្មវិធីជំនាញឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះមានការគាំទ្រថវិកាពី ភាពជាដៃគូអភិវឌ្ឍន៍ឌីជីថល Digital Development Partnership (DDP), ដែលជាស្ថាប័នដៃគូជាមួយប្រទេសដាណឺម៉ាក, ហ្វាំងឡង់, អាល្លឺម៉ង់, ក្រុមហ៊ុន Google, ក្រុមហ៊ុន GSMA, ប្រទេសអ៊ីស្រាអែល, ជប៉ុន, កូរ៉េ, ក្រុមហ៊ុន Microsoft, ប្រទេសន័រវ៉េ, ស៊ុយអែដ, ហុលឡង់, និងចក្រភពអង់គ្លេស។
អំពីក្រុមធនាគារពិភពលោក
ក្រុមធនាគារពិភពលោកមានតួនាទីសំខាន់មួយនៅក្នុងកិច្ចខិតខំជាសាកល ដើម្បីបញ្ចប់ភាពក្រីក្រតោកយ៉ាក និងជំរុញឱ្យមានវិបុលភាពរួមគ្នា។ ក្រុមនេះមានស្ថាប័នចំនួនប្រាំក្រោមដំបូលតែមួយ គឺ ធនាគារពិភពលោកដែលក្នុងនោះមានធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញនិងការអភិវឌ្ឍ (IBRD) និងសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA); សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC); ទីភ្នាក់ងារពហុជាតិសម្រាប់ធានាការវិនិយោគ (MIGA); និងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដោះស្រាយវិវាទក្នុងការវិនិយោគ (ICSID)។ តាមរយៈកិច្ចសហការគ្នានៅក្នុងប្រទេសជាង១០០ ស្ថាប័នទាំងនេះផ្តល់នូវហិរញ្ញប្បទាន, ការប្រឹក្សាយោបល់, និងសេវាផ្សេងៗទៀត សម្រាប់ជួយបណ្តាប្រទេសក្នុងការរកដំណោះស្រាយចំពោះបញ្ហាប្រឈមបន្ទាន់ខ្លាំងនានា ដែលគេជួបប្រទះនៅក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស។