Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 28 កញ្ញា 2020

អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក៖ សេដ្ឋកិច្ចទូទាំងតំបន់រង្គោះរង្គាយដោយសារការ«អង្រួនកន្ត្រាក់បី»ផ្ទួនៗគ្នាបង្កដោយជំងឺកូវីដ-១៩


ខណៈដែលសកម្មភាពសេដ្ឋកិច្ចកំពុងរើបឡើងវិញនៅក្នុងប្រទេសមួយចំនួន ការគម្រាមកំហែងដល់កំណើននិង​ការកាត់បន្ថយភាពក្រីក្រ នឹង​នៅបន្ត​មានយូរអង្វែងតទៅទៀត

[Download the report here]

ក្រុងវ៉ាស៊ីនតោន, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ — ជំងឺកូវីដ-១៩ បានបញ្ចេញកម្លាំងអង្រួនកន្ត្រាក់​បីជាបន្តបន្ទាប់គ្នាទៅលើ​តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក៖ ទីមួយ ការរាលដាលនៃជំងឺខ្លួនឯងនេះតែម្តង, ទីពីរ ផលប៉ះពាល់លើសេដ្ឋកិច្ចពីសំណាក់​វិធានការ​បិទខ្ទប់ការរាលដាលជំងឺ, និងទីបី​ ឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់ដោយសារវិបត្តិឱនភាពសេដ្ឋកិច្ចនៅទូទាំងពិភពលោក។ ត្រូវការសកម្មភាពជាបន្ទាន់ៗដើម្បីធានាថា ​ការរាលដាលជំងឺនេះមិន​បង្កឧបសគ្គដល់​កំណើនសេដ្ឋកិច្ច​និង​បង្កើនភាពក្រីក្រថែមទៀត នៅឆ្នាំខាងមុខៗ។ នេះបើតាម​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​ក្រោម​ចំណងជើងថា «ពីការបិទខ្ទប់ការរាលដាលឆ្ពោះទៅស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញ» សម្រាប់​តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ខែតុលា ឆ្នាំ២០២០ របស់ធនាគារពិភពលោក។

សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសកំពុង​កម្រើកឡើងវិញ​នៅក្នុងប្រទេសមួយចំនួន ដែលមកទល់ពេលនេះអាចខ្ទប់វីរុសមិនឱ្យរាលដាលបាន។  ប៉ុន្តែ សេដ្ឋកិច្ច​​របស់​តំបន់នេះ​មាន​ការ​ពឹងផ្អែកខ្លាំងទៅលើ​ផ្នែកដទៃទៀតនៃពិភពលោក ដែលតម្រូវការនៅមិនទាន់ងើបមុខរួចនៅឡើយ។ នៅក្នុងឆ្នាំ​២០២០ សេដ្ឋកិច្ចទូទាំងតំបន់​ត្រូវ​បាន​រំពឹងទុកថា​នឹង​លូតលាស់បានត្រឹមតែ ០,៩ភាគរយទេ ដែលជាអត្រាមួយ​ដ៏ទាបបំផុតគិត​​តាំងពីឆ្នាំ១៩៦៧ មក។ ខណៈដែលប្រទេសចិនត្រូវបានព្យាករទុកថា​នឹង​មានសេដ្ឋកិច្ចលូតលាស់​បាន​ ២ភាគរយក្នុងឆ្នាំនេះក្តី – នេះក៏ព្រោះតែមានការបង្កើនការចំណាយរបស់រដ្ឋាភិបាល ការនាំចេញច្រើន និងប្រទេសនេះ​អាច​ទប់ការឆ្លងឱ្យនៅកម្រិតទាបតាំងពីខែមីនា ប៉ុន្តែតម្រូវការក្នុងស្រុកបានធ្លាក់ចុះ – ប៉ុន្តែផ្នែកដទៃទៀតនៃតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកត្រូវ​បាន​ព្យាករថា​នឹង​មាន​សេដ្ឋកិច្ចលូតលាស់បានត្រឹមដក​ ៣,៥ភាគរយ ប៉ុណ្ណោះ។ 

តំបន់នេះនឹងមាន​ពន្លឺក្តីសង្ឃឹមគ្រាន់បើបន្តិចវិញនៅក្នុងឆ្នាំ២០២១ ដោយពេលនោះ​សេដ្ឋកិច្ច​របស់​ចិន​ត្រូវ​បាន​រំពឹងថានឹង​កើនដល់ ៧,៩ភាគរយ ហើយផ្នែកដទៃទៀតក្នុងតំបន់បាន ៥,១ភាគរយ បើផ្អែកលើការសន្មត​អំពីការ​រើបឡើងវិញជាបន្តបន្ទាប់​និងអំពីប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច​ធំៗមួយចំនួន ភ្ជាប់ជាមួយលទ្ធភាព​ដែល​នឹង​អាច​មាន​ថ្នាំវ៉ាក់សាំងចាក់ការពារ​ជំងឺនេះផង។ យ៉ាងណាក៏ដោយ សម្រាប់ពីរឆ្នាំខាងមុខ ទិន្នផលសេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករទុកថា​នៅតែបន្ត​នៅទាបជាងកម្រិត​ព្យាករនាមុនពេលមានការផ្ទុះមេរោគនេះ។ ទស្សនៈវិស័យដូចជាមិនសូវល្អសោះសម្រាប់​ប្រទេស​កោះមួយចំនួនមានហានិភ័យខ្ពស់​ក្នុងតំបន់ប៉ាស៊ីហ្វ៊ិក ដែលនៅទីនោះទិន្នផលសេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករថានឹង​នៅមានប្រហែល​១០ភាគរយទាបជាង​កម្រិតមុនមានវិបត្តិ បាច់ពីពេលនេះរហូតដល់ពេញ​មួយ​ឆ្នាំ​២០២១​ ទៅទៀត។

ភាពក្រីក្រត្រូវបានព្យាករថានឹងកើនឡើងជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ ប្រជាជនរហូតដល់ទៅ ៣៨លាននាក់ត្រូវបានរំពឹងថា​នឹង​បន្តជាប់ក្នុងភាពក្រីក្រដដែល ឬត្រូវ​បានរុញទម្លាក់ទៅក្នុងភាពក្រីក្រវិញ ដោយសារការរាលដាល់ជំងឺនេះ (នេះបើគិតតាមបន្ទាត់ភាពក្រីក្រជាតម្លៃទឹកប្រាក់ ៥,៥០ដុល្លារអាមេរិកក្នុងមួយថ្ងៃ សម្រាប់ប្រទេសមានចំណូលខ្ពស់មធ្យម)។

បន្ទាប់ពីការផ្ទុះរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាលនៅក្នុងតំបន់នេះបាន​ប្តេជ្ញាឧបត្ថម្ភទុនជាមធ្យមជិត ៥ភាគរយនៃផ.ស.ស ដើម្បី​ពង្រឹង​សមត្ថភាពប្រព័ន្ធសុខាភិបាល, ជួយ​ក្រុមគ្រួសារ​ដោះស្រាយបញ្ហាស្បៀង, និង​ជួយទ្រទ្រង់​ក្រុមហ៊ុនឱ្យរួចផុតពីការក្ស័យធន។ ទោះបីជា​យ៉ាងនេះក្តី ប្រទេសមួយចំនួន​នៅ​ជួបការលំបាកក្នុងការ​ពង្រីកកម្មវិធី​គាំពារសង្គម​របស់ខ្លួនដែលមានលក្ខណៈតូចចង្អៀត ដែលពីមុនមកគេធ្លាប់តែចំណាយទៅលើមិនដល់ ១ភាគរយ នៃផ.ស.ស ផង ដូច្នេះ ការបន្តជួយយូរ​នឹងបង្កើតសម្ពាធទៅលើ​មូលដ្ឋាន​ចំណូល​របស់រដ្ឋាភិបាលដែរ។ 

លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោក​សម្រាប់​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «ជំងឺកូវីដ-១៩​មិន​គ្រាន់តែប៉ះពាល់ធ្ងន់ធ្ងរទៅលើជនក្រីក្រខ្លាំងជាងគេប៉ុណ្ណោះទេ តែ​វា​ថែមទាំងកំពុងបង្កើត​ឱ្យ​មាន«អ្នក​ក្រថ្មី»មួយក្រុមទៀត។ តំបន់នេះកំពុងតែប្រឈមនឹងអ្វីដែលមិនដែលកើតមានឡើង ហើយរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់កំពុងតែជួបប្រទះនឹងជម្រើសដ៏លំបាកមួយ។ ប៉ុន្តែ មាន​ជម្រើស​គោលនយោបាយ​វៃឆ្លាត​ដែលអាចយកមកប្រើដើម្បី​សម្រាលស្ថានភាពលំបាកក្នុងការធ្វើថ្នូរ​ខាតបង់អ្វីម៉្យាងដើម្បីបានអ្វីមួយមកវិញ ហើយជម្រើសទាំងនោះមានដូចជាសមត្ថភាពធ្វើតេស្តមេរោគនិងតាមដានប្រភពឆ្លង និង​ការ​ពង្រីក​ចំណាត់ការគាំពារសង្គមឱ្យបានយូរទៅលើ​ជនក្រីក្រ​និង​វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។»

របាយការណ៍នេះព្រមានថា ប្រសិនបើ​គ្មានចំណាត់ការសកម្មភាពច្រើនមុខព្រួញនៅក្នុងពេលនេះ ការរាលដាលជំងឺនេះអាចនឹង​កាត់បន្ថយកំណើននៅទូទាំងតំបន់នេះជិត ១ភាគរយក្នុងមួយឆ្នាំ​ ក្នុងអំឡុងពេលមួយទសវត្សរ៍ខាងមុខ ដោយតាមរយៈនោះ​គ្រួសារក្រីក្រនឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែគេខ្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាព, ការអប់រំ, ការ​ងារ និង​ហិរញ្ញវត្ថុសម្រាប់ចិញ្ចឹមជីវិត។

ការបិទសាលារៀនដោយសារកូវីដ-១៩ អាចនឹងធ្វើ​ឱ្យខាតបង់​ការសិក្សារៀនសូត្រចំនួន ០,៧ឆ្នាំ នៅតាម​ប្រទេស​ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក។ ជាលទ្ធផល សិស្សម្នាក់ៗនៅក្នុង​តំបន់​ត្រូវ​បាន​រំពឹងថា​នឹង​អាច​ខាតចំណូលជាមធ្យម ៤ភាគរយក្នុងមួយឆ្នាំ​ នៃអាយុកាលប្រកបការងាររបស់ពួកគេ។

បំណុល​សាធារណៈនិងឯកជន រួមដោយតារាងសមតុល្យធនាគារធា្លក់ក្នុងស្ថានភាពអាក្រក់​និង​ភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗ នាំមកនូវ​ហានិភ័យដល់​ការ​វិនិយោគសាធារណៈនិងឯកជន​និងដល់​ស្ថេរភាពសេដ្ឋកិច្ច​ផង​ដែរ នៅ​ក្នុងគ្រាមួយដែលតំបន់នេះត្រូវការទាំងពីរ គឺ​ការ​វិនិយោគនិងស្ថេរភាពសេដ្ឋកិច្ច ជាបន្ទាន់។ ឱនភាពសារពើពន្ធដ៏ធំនៅ​ក្នុង​តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ត្រូវ​បាន​ព្យាករថា​នឹង​ធ្វើ​ឱ្យ​បំណុលរដ្ឋាភិបាល​កើន​ជាមធ្យម ៧ភាគរយនៃផ.ស.ស ក្នុង​ឆ្នាំ២០២០។ របាយការណ៍នេះអំពាវនាវឱ្យមានកំណែទម្រង់សារពើពន្ធ​ដើម្បីកៀរគរចំណូលតាមរយៈការប្រមូលពន្ធឡើងតាមប្រាក់ចំណូល និង​ឱ្យកាត់បន្ថយចំណាយខ្ជះខ្ជាយ។​ នៅប្រទេសមួយចំនួន បំណុលមិនទាន់ទូរទាត់​សង​រួចកំពុងតែពូនគរធំឡើងៗរហូតទ្រាំទ្រលែងចង់រួចហើយ ដែលតម្រូវ​ឱ្យមានការជួយគាំទ្រពីខាងក្រៅ។   

ស្របពេលគ្នានេះដែរ វិបត្តិនេះកំពុងពន្លឿននិន្នាការមួយចំនួន​ដែលមានស្រាប់នៅក្នុងការធ្វើពាណិជ្ជកម្ម រាប់ទាំងនិន្នាការធ្វើ​តំបន់ភាវូបនីយកម្មនៅក្នុងតំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក, ការ​រើទីតាំងខ្សែច្រវាក់តម្លៃសកលមួយចំនួនចេញពីប្រទេសចិន និងកំណើនយ៉ាងលឿន​ក្នុង​ការ​ផ្តល់សេវាដោយប្រើ​ប្រព័ន្ធឌីជីថល ប៉ុន្តែជាមួយគ្នានេះ វិបត្តិនេះក៏កំពុង​បង្កើនសម្ពាធ​ឱ្យបណ្តាប្រទេស​ងាកទៅប្រកាន់យកនយោបាយគាំពារនិយមវិញដែរ។ ​

លោក អាឌិត្យា ម៉ាតទូ ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក​សម្រាប់​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «ប្រទេសជាច្រើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីកកំពុងតែទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺនេះ និងផ្តល់អំណោយសង្រ្គោះ ប៉ុន្តែពួកគេនឹងប្រឈមដើម្បីស្តារឡើងវិញនិងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច។  ពេលនេះ អាទិភាពគួរតែផ្តោតទៅលើ​ការសិក្សារៀនសូត្រមានសុវត្ថិភាពដើម្បីថែរក្សាមូលធនមនុស្សឱ្យនៅគង់វង្ស, ពង្រីកមូលដ្ឋានប្រមូលពន្ធដើម្បី​បញ្ចៀសការ​កាត់​ការចំណាយវិនិយោគសាធារណៈ, និង​កែទម្រេង់​វិស័យសេវាកម្មដែលកំពុងស្ថិតក្រោមការការពារ​ជាប់នោះ ដើម្បី​ច្បាមយកឱកាសមានប្រៀបដែលកាលានុវត្តភាពឌីជីថលកំពុងនាំមកឱ្យ​។»

ក្រុមធនាគារពិភពលោក World Bank Group, ដែលជាប្រភពមួយក្នុងចំណោមប្រភពធំៗផ្នែកមូលនិធិ​និង​ចំណេះដឹងសម្រាប់​ប្រទេសកំពុងអភិវឌ្ឍន៍ កំពុង​តែចាត់វិធានការទូលំទូលាយ​និង​យ៉ាងរហ័ស (broad, fast action) សំដៅជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍ក្នុងការពង្រឹងការឆ្លើយតបរបស់ខ្លួនទៅនឹងការរាលដាលជំងឺ។ យើងកំពុង​ជួយអន្តរាគមន៍ទ្រទ្រង់ដល់ផ្នែកសុខាភិបាលដោយខិតខំធ្វើ​យ៉ាងណាឱ្យមានការផ្គត់ផ្គង់មិនដាច់នូវគ្រឿងសម្ភារនិងបរិក្ខារពេទ្យសំខាន់ចាំបាច់ និងជួយ​ដល់វិស័យឯកជនឱ្យ​មានលទ្ធភាពបន្តអាជីវកម្ម​និង​រក្សា​ការងារ​កុំឱ្យបាត់បង់​ផង។ យើង​នឹង​បញ្ចេញ​កញ្ចប់ជំនួយហិរញ្ញវត្ថុក្នុងទំហំ ១៦០ប៊ីលានដុល្លារអាមេរិក​ក្នុង​រយៈពេល ១៥ខែ ដើម្បីជួយ​ប្រទេសជាង១០០ក្នុង​កិច្ច​ការ​ពារ​ជនក្រីក្រនិង​ក្រុមជនងាយរងគ្រោះ, អភិវឌ្ឍមូលធនមនុស្ស, ជួយ​ទ្រទ្រង់ដល់ធុរកិច្ច, និង​ជំរុញដំណើរការស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញ។ នៅក្នុងកញ្ចប់នេះរួមមានហិរញ្ញវត្ថុ ៥០ប៊ីលានដុល្លារអាមេរិក​ដែលជាធនធានថ្មីរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ផ្តល់តាមរយៈទម្រង់​ជំនួយឥតសំណង​និង​កម្ចីមានលក្ខណៈសម្បទានខ្ពស់។


សេចក្តីប្រកាសព័ត៌មាន​លេខ 2021/029/EAP

ទំនាក់ទំនង

In Washington
Nick Keyes
+1 (202) 473-9135
nkeyes@worldbank.org
នៅភ្នំពេញ
ប៊ូ សារឿន
០១២៤១៤០៨៨
sbou@worldbank.org
Api
Api