ក្រុងវ៉ាស៊ីនតោន ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ — ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃនេះ បានអនុម័តផ្តល់ឥណទាន ១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយគាំទ្រគម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា (Cambodia Road Connectivity Improvement Project)។
គម្រោងនេះនឹងពង្រីកលទ្ធភាពសម្រាប់សហគមន៍ជនបទឱ្យទទួលបានសេវាចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង ទីផ្សារ តាមរយៈការកែលម្អផ្លូវជនបទឱ្យកាន់តែមានភាពធន់ទៅនឹងកត្តាប្រែប្រួលរបស់អាកាសធាតុ។ ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើននៃតាមផ្លូវជាតិនិងផ្លូវខេត្ត ដែលជាលទ្ធផលជួយកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។
ការចំណាយលើការដឹកជញ្ជូននៅប្រទេសកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយ ទោះបីជាមានភាពប្រសើរច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ផ្លូវថ្នល់គឺជាមធ្យោបាយដឹកជញ្ជូននាំមុខគេនៅក្នុងប្រទេស ហើយចាំបាច់ត្រូវមានការវិនិយោគច្រើន ជាពិសេសនៅតាមតំបន់ជនបទ។ ផ្លូវជនបទមានជាង ៧៥ភាគរយនៃបណ្តាញផ្លូវសរុបទូទាំងប្រទេស ប៉ុន្តែមានតែ ៥ភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ។ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យមានភ្លៀងនិងទឹកជំនន់ធំៗ បង្កហានិភ័យខូចខាតកាន់តែខ្លាំងដល់ប្រព័ន្ធផ្លូវនៅជនបទ។
ការវិភាគអំពីស្ថានភាពប្រើប្រាស់របស់ផ្លូវជនបទ ដែលត្រូវបានធ្វើឡើងជាផ្នែកមួយនៃការរៀបចំគម្រោងនេះ បង្ហាញថា ក្នុងរដូវទឹកជំនន់ ជាង ២៦ភាគរយនៃប្រជាជនរស់នៅក្នុងតំបន់របស់គម្រោង ប្រឈមនឹងហានិភ័យគ្មានផ្លូវប្រើសម្រាប់ទៅរកសេវាបន្ទាន់ផ្នែកសុខភិបាល និងសាលារៀន។ ក្រៅពីនោះ ១៨ភាគរយទៀត ត្រូវចំណាយពេល ៣០នាទី ឬច្រើនជាងនេះ សម្រាប់ធ្វើដំណើរទម្រាំទៅដល់មន្ទីរពេទ្យ ដែលជាស្ថានប្រឈមនឹងភាពស្លាប់រស់មួយ។ ការជ្រើសរើសផ្លូវសម្រាប់ការវិនិយោគនៃគម្រោងនេះ ផ្តល់អាទិភាពដល់ផ្លូវទាំងឡាយណាដែលតភ្ជាប់ផ្ទះអ្នកស្រុកជាមួយមន្ទីរពេទ្យ សាលារៀន និងទីផ្សារ។ តំបន់គោលដៅរបស់គម្រោងនេះមាន ផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលគ្របដណ្តប់លើប្រជាជនជាង ២លាននាក់ ក្នុងនោះ ៨០ភាគរយ រស់នៅតាមទីជនបទដាច់ស្រយាល។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «កង្វះលទ្ធភាពសម្រាប់ទទួលបានសេវាមន្ទីរពេទ្យ សាលារៀន និងសម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា នៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ។ គម្រោងថ្មីនេះគឺជាការបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរបស់កម្ពុជា។ វានឹងតភ្ជាប់កាន់តែប្រសើរជាងមុនដោយបានភ្ជាប់ប្រជាជនទៅនឹងការទទួលបានសេវា កាត់បន្ថយការដាច់ផ្លូវ និងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋានក្នុងពេលសាងសង់ផ្លូវ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ ទៀតផង។»
គម្រោងនេះក៏នឹងជួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ (ដែលក្រសួងទាំងពីរនេះជាភ្នាក់ងារអនុវត្តគម្រោង) ក្នុងការអភិវឌ្ឍផ្នែកស្ថាប័នផងដែរ។ ក្នុងនោះមាន ការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានផ្លូវធន់នឹងអាកាសធាតុ ការជួយដល់ក្រសួងទាំងពីរក្នុងការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័ររបស់ក្រសួងទាំងពីរ និងការគ្រប់គ្រងកិច្ចសន្យាផ្អែកលើលទ្ធផលការងារសម្រាប់ការថែទាំផ្លូវ ធ្វើឱ្យហេដ្ឋារចនាសម្ព័នកាន់តែមានចីរភាពល្អប្រសើរ។