Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 29 ឧសភា 2020

ធនាគារពិភពលោកអនុម័តថវិកា ១៥លានដុល្លារអាមេរិក សម្រាប់គម្រោង ប្រព័ន្ធបណ្តុះបណ្តាលគ្រូពេទ្យមុនពេលចូលបម្រើការងារ

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ —​ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃនេះ បាន​អនុម័តកញ្ចប់ថវិកាចំនួន ១៥លានដុល្លារអាមេរិក ដែលជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដល់គម្រោង ពង្រឹងប្រព័ន្ធបណ្តុះបណ្តាលគ្រូពេទ្យមុនពេលចូលបម្រើការងារ ដើម្បីជួយប្រទេសកម្ពុជា​ក្នុងការពង្រឹងការបំប៉នជំនាញដល់គ្រូពេទ្យ​មុនចូលបម្រើការងារ (Cambodia Strengthening Pre-Service Education System for Health Professionals Project) ក្នុងគោលដៅឈានទៅកែលម្អគុណភាពសេវាថែទាំសុខភាពឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង។ 

ប្រទេសកម្ពុជានៅជួបការខ្វះខាតគ្រូពេទ្យជំនាញមានគុណវុឌ្ឍិច្រើន ពិសេស​នៅក្នុងផ្នែកសាធារណៈ ហើយបើគិតជាចំនួនវិញ គឺមាន​វេជ្ជបណ្ឌិតចំនួន ១,៤នាក់ និងគិលានុបដ្ឋាយិកានិង​ឆ្មប៩,៥នាក់ តែប៉ុណ្ណោះ សម្រាប់​មនុស្ស​ ១០ ០០០ នាក់។ អត្រាទាំងនេះគឺនៅទាបមែនទែនធៀបទៅនឹងអត្រាមានវេជ្ជបណ្ឌិត ៩នាក់ និង​គិលានុបដ្ឋាយិកា ១៩នាក់សម្រាប់មនុស្ស

១០ ០០០នាក់ នៅក្នុងចំណោមបណ្តាប្រទេសមានចំណូលទាប និង​មធ្យមកម្រិតទាប ក្នុងតំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក។  

នៅប្រទេសកម្ពុជា វេជ្ជបណ្ឌិតច្រើនតែធ្វើការនៅតាមអគារព្យាបាលជំងឺកម្រិតទីពីរ(មធ្យម) និង​កម្រិតទីបី(ខ្ពស់) រីឯអាគារថែទាំកម្រិតបឋមវិញ មានបុគ្គលិកសុទ្ធសឹងតែជាគិលានុបដ្ឋាយិកា​និង​ឆ្មប ជាអ្នកមើលថែទាំជំងឺ។  ភាគច្រើនៃវេជ្ជបណ្ឌិតជំនាញទូទៅបម្រើការងារ​នៅ​តាម​មន្ទីរពេទ្យខេត្ត (មាន​ ៦៣ភាគរយ) ខណៈដែលវេជ្ជបណ្ឌិតឯកទេសច្រើនលើសលប់ត្រូវបានគេដាក់ពង្រាយនៅតាមមន្ទីរពេទ្យក្នុងទីក្រុង (មាន​ដល់ទៅ ៧៩ភាគរយ)។

ដើម្បីជួយប្រទេសកម្ពុជាដោះស្រាយបញ្ហាប្រឈមទាំងនេះ គម្រោង​នឹង​ជួយ​នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួង​សុខាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចការអប់រំវិជ្ជាជីវៈពេទ្យ ក្នុងនោះមាន ការពង្រឹងបទប្បញ្ញត្តិ និង​ការធ្វើស្តង់ដានីយកម្មសម្រាប់​ការ​អប់រំបណ្តុះបណ្តាលគ្រូពេទ្យ, ការប្រលងសមត្ថភាពពេទ្យបញ្ចប់ការសិក្សាថ្នាក់ជាតិ, និង​ការផ្តល់ជំនួយបច្ចេកទេស និង​ការ​ដោះដូរចំណេះដឹងបទពិសោធន៍ស្តីពីការអប់រំគ្រូពេទ្យជំនាញ។   

គម្រោងនេះនឹងជួយផងដែរដល់ការអភិវឌ្ឍ និង​ការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ដោយសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាលតំបន់ នៅ​ក្នុង​កម្មវិធីគ្រូពេទ្យជំនាញចំនួនប្រាំមួយ គឺ ផ្នែកវេជ្ជសាស្ត្រទូទៅ, ផ្នែកទន្តសាស្ត្រ, ផ្នែកឱសថសាស្ត្រ, ផ្នែកថែទាំងជំងឺ, ផ្នែកសម្រាលកូន, និងផ្នែកមន្ទីរពិសោធន៍។ កម្មវិធីទាំងនេះត្រូវបានកំណត់ជាអាទិភាពនៅក្នុង​យុទ្ធសាស្ត្រផែនការជាតិ ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ សម្រាប់​ការអប់រំបណ្តុះបណ្តាលមុនចូលបម្រើការងារនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា សម្រាប់​ឆ្នាំ២០២០-២០២៥។  រាល់ទិដ្ឋភាពយេនឌ័រ និងទិដ្ឋភាព​បរិយាបន្នសង្គមនឹងត្រូវបានបញ្ជ្រាបចូល​ទៅក្នុងការអភវិឌ្ឍរៀបចំ និង​ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើ​សមត្ថភាព​ទំាងនេះ នាពេលខាងមុខ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការវិនិយោគទៅលើការ​កសាងសមត្ថភាពសម្រាប់គ្រូពេទ្យជំនាញតាមរយៈការបំប៉នពួកគេឱ្យទទួលបានចំណេះដឹង និង​ជំនាញកាន់តែប្រសើរ ដើម្បីផ្តល់សេវាក្នុងស្ថានភាពមានគ្រោះបន្ទាន់ ដូចជាការផ្ទុះជំងឺកូវីដ-១៩ និង​ការ​ពង្រឹងអភិបាលកិច្ច​វិស័យសុខាភិបាល គឺ​មានសារៈសំខាន់ខ្លាំងណាស់​សម្រាប់​ប្រព័ន្ធផ្តល់សេវាសុខាភិបាលនៃប្រទេសកម្ពុជា»។  លោកស្រីពោលបន្តទៀតថា៖ «ធនាគារពិភពលោក​ប្តេជ្ញាចិត្តជួយ​គាំទ្រកម្ពុជាក្នុងកិច្ចខិតខំកែលម្អសេវាថែទាំសុខភាព​សម្រាប់​ប្រជាជនកម្ពុជា ពិសេសសម្រាប់ជនក្រីក្រ និង​ក្រុមជនងាយរងគ្រោះបំផុត»។ 


សេចក្តីប្រកាសព័ត៌មាន​លេខ 2020/214/EAP

Api
Api