Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 24 មេសា 2019

ធនាគារពិភពលោក៖ សេដ្ឋកិច្ចតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិករំពឹងថានឹងមានកំណើនមធ្យម ពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តមានបញ្ហាប្រឈម

ទីក្រុង​បាងកក ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៩ – កំណើនសេដ្ឋកិច្ច​នៅក្នុងតំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិកដែលកំពុង​អភិវឌ្ឍ​ ត្រូវ​បាន​គន់គូរថា​នឹង​ថមថយសន្ទុះធ្លាក់​មក​នៅត្រឹម​ ៦ភាគរយ​ ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ប្រៀបទៅនឹង៦,៣ភាគរយ​​ក្នុង​ឆ្នាំ​២០១៨ ដោយ​សារ​តែ​បញ្ហា​ប្រឈម​ដែល​សេដ្ឋកិច្ចពិភពលោក​កំពុង​ជួប​ប្រទះ និង​​​ការដាក់​ចេញគោលនយោបាយដោយ​​រដ្ឋា​ភិបាល​ចិន​ក្នុង​ការ​​បន្ថយ​ល្បឿន​​ជាជំហានៗ​នូវកំណើនសេដ្ឋកិច្ច ​ កន្លងមក។ យ៉ាងណាក៏ដោយ បណ្តា​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់នេះ​បាន​ប្រឹង​​ជម្នះផុត​ពី​​ស្ថានភាពផ្លាស់​ប្តូរ​យ៉ាង​រហ័ស​របស់​ផ្សារហិរញ្ញវត្ថុក្នុង​ឆ្នាំ​២០១៨ បាន​ល្អគួរសម ដោយសារ​តែ​​មាន​ក្រប​ខណ្ឌ​គោលនយោបាយ​ប្រកបដោយប្រសិទ្ធភាព និង​គោលការណ៍គ្រឹះរឹងមាំ ដែលក្នុងនោះរួមមាន ​សេដ្ឋកិច្ច​ដែលមានសមាសភាគសម្បូរបែប អត្រា​ប្តូរ​ប្រាក់​មាន​លក្ខណៈបត់​បែន​បាន និង​គោលនយោបាយគាំទ្រដ៏​រឹងប៉ឹង។   ​​

ក្នុងខណៈដែលគោលនយោបាយ​ផ្នែក​ពាណិជ្ជកម្ម​លែងសូវ​មាន​ភាពស្រពេចស្រពិល​ដូចមុន​បន្តិច​មែន កម្រិត​​ពាណិជ្ជកម្ម​ទូទាំង​សកល​លោក​ទំនង​ជា​នឹងមាន​រក្សាសភាពមធ្យម​ដដែល នេះបើ​យោង​តាម​របាយការណ៍ ការគ្រប់គ្រងបញ្ហាប្រឈម (Managing Headwinds) ការបោះពុម្ពផ្សាយ​ខែមេសា ឆ្នាំ​២០១៩ របស់​ធនាគាពិភពលោក​និង​​ការ​ធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ចតំបន់​អាស៊ីបូព៌ានិង​ប៉ាស៊ីហ្វ៊ិក ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយនៅថ្ងៃនេះ។ របាយការណ៍បន្ថែម​ទៀត​ថា នៅក្នុង​ភាគច្រើន​នៃ​តំប់​នេះ តម្រូវ​ការ​ក្នុង​ស្រុក​នៅតែរក្សា​បាន​ភាពរឹង​មាំនៅឡើយ ដែល​ជួយ​សម្រាល​បាន​ខ្លះ​នូវការ​ប៉ះទង្គិច​បណ្តាល​មក​ពីការ​ធ្លាក់​ចុះ​នៃ​ការ​នាំចូល។

លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធាន​ធនាគារពិភពលោកទទួល​បន្ទុក​តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍ថា៖ «កំណើន​សេដ្ឋកិច្ច​មានភាពធន់​របស់​តំបន់​នេះ​គួរ​តែ​ជួយ​កាត់​បន្ថយ​ភាពក្រី​ក្រ ដែលបាន​ធ្លាក់​មកនៅកម្រិត​ទាប​រួច​ទៅហើយ​ក្នុង​ប្រវត្តិសាស្រ្ត ​ឱ្យ​មកនៅ​កាន់​តែ​ទាបថែមទៀត។ តាមពិតទៅ យើង​រំពឹង​ទុកថា នៅត្រឹម​ឆ្នាំ​២០២១ ភាពក្រីក្រ​ធ្ងន់​ធ្ងរ​​នឹង​ធ្លាក់ច្រើន​មកនៅក្រោម​ ៣ភាគរយ។» លោកស្រីមាន​ប្រសាសន៍​បន្តទៀត​ថា៖ «​យ៉ាងណាក៏ដោយ ស្របពេលគ្នានេះ ពលរដ្ឋ​ប្រហែល​ ៥០០លាននាក់​ក្នុង​តំបន់នេះនៅ​តែ​បន្ត​ខ្វះសន្តិសុខ​ផ្នែកសេដ្ឋកិច្ច ហើយ​ប្រឈម​នឹង​ហានិភ័យ​ដែលងាយធ្លាក់ចុះ​ទៅ​ក្នុង​ភាពក្រីក្រវិញ ត្រង់​នេះ​ជា​ការ​ក្រើន​រំឭកសំខាន់​មួយ​អំពី​ទំហំ​នៃ​បញ្ហា​ប្រឈម​ដែល​មានចំពោះ​អ្នក​ធ្វើ​គោលនយោបាយ​នៅ​តាម​ប្រទេសនីមួយៗ។»    

នៅ​ប្រទេស​ចិន ការ​បន្ថយ​ល្បឿនកំណើន​សេដ្ឋកិច្ច​តាម​ការកំណត់​របស់​គោលនយោបាយ​រដ្ឋា​ភិបាល នឹង​ធ្វើ​ឱ្យ​កំណើន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៦,២ភាគរយ​ ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ប្រៀប​ទៅនឹង​អត្រា ៦,៦ភាគរយ ក្នុង​ឆ្នាំ​២០១៨។ កំណើន​នៅ​ក្នុង​ប្រទេសឥណ្ឌូនេស៊ី និង​ប្រទេសម៉ាឡេស៊ី ត្រូវ​បាន​ប៉ាន់​ប្រមាណទុកថា​នឹង​គ្មានការ​ប្រែប្រួលទេក្នុង​ឆ្នាំ២០១៩ ប៉ុន្តែ​អត្រា​កំណើន​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ត្រូវ​បាន​គេរំពឹង​ទុកថា​នឹង​ថមថយចុះ​បន្តិចវិញក្នុង​ឆ្នាំនេះ។ នៅ​ប្រទេស​ហ្វ៊ីលិពីន ភាពយឺតយ៉ាវ​ក្នុង​ការ​អនុម័ត​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ២០១៩ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជះឥទ្ធិពលទៅលើ​កំណើន​របស់​ផលិតផលក្នុង​ស្រុប​សរុប (ផ.ស.ស) ក្នុងឆ្នាំនេះ ប៉ុន្តែ​កំណើន​ត្រូវ​បាន​រំពឹងទុក​ថា​នឹងងើបឡើង​នៅ​ក្នុង​ឆ្នាំ​២០២០។  

សម្រាប់​​បណ្តា​ប្រទេស​មាន​ទំហំ​សេដ្ឋកិច្ច​តូចជាង​ក្នុង​តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ទស្សនវិស័យសម្រាប់​កំណើន​នឹង​នៅ​តែ​បន្ត​មាន​ភាព​អនុគ្រោះ​។ គម្រោង​សាងសង់ហេដ្ឋា​រចនាសម្ព័ន្ធធំៗ​ត្រូវ​បាន​គេរំពឹង​ទុក​ថា​នឹង​បង្កើន​ល្បឿនកំណើន​សេដ្ឋកិច្ច​របស់​ប្រទេសឡាវ និងម៉ុងហ្គោលី។ នៅ​ប្រទេ​សកម្ពុជា កំណើន​ត្រូវ​បាន​គេគន់គូរទុកថា​នឹង​បន្ត​មានលក្ខណៈ​ស្វាហាប់ តែក្នុង​ជំហានមួយ​យឺត​ជាងនៅ​ក្នុង​ឆ្នាំ​២០១៨​បន្តិច ដោយសារ​តែ​​ទីផ្សារ​ក្រៅប្រទេស​មានតម្រូវ​ការ​ទាប​ជាង​ការ​រំពឹង​ទុក។ គោលនយោបាយ​ពង្រីក​ផ្នែក​សារពើពន្ធ​ត្រូវ​បាន​គេរំពឹង​ថា​នឹង​ជំរុញឱ្យ​ប្រទេសមីយ៉ាន់​ម៉ា​ទទួល​បាន​​កំណើនសេដ្ឋកិច្ចថែមទៀត ​ក្នុង​រយៈពេលខ្លី​ ជា​មួយ​គ្នានោះដែរ​ កំណែទម្រង់​ហិរញ្ញវត្ថុថ្មីៗនេះ​ត្រូវ​បាន​គេរំពឹង​ថា​នឹង​ជួយ​ឱ្យ​មានកំណើន​ក្នុង​រយៈពេលមធ្យម។ នៅ​ប្រទេស ប៉ាពួ នូហ្គីណេ កំណើន​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​មាន​និន្នាការងើបឡើង បន្ទាប់​ពី​សេដ្ឋកិច្ច​រើបខ្លួន​ឡើងវិញ​បន្ទាប់​ពីមាន​គ្រោះ​មហន្តរាយ​រញ្ជួយដី​ក្នុង​ឆ្នាំ​២០១៨។ នៅ​ប្រទេស ហ្វ៊ីជី កំណើន​ត្រូវ​បាន​ប៉ាន់​ទុក​ថា​នឹង​បន្ត​កើនឡើង ប៉ុន្តែទំនង​ជា​ក្នុង​ជំហាន​មិន​សូវ​រហ័សរហួន​​ដូចមុនទេ ដោយ​សារ​ថា​កិច្ច​ប្រឹង​ប្រែង​ជិតចូល​ដល់​ទីបញ្ចប់ហើយ​នៅ​​ក្នុង​ការ​កសាង​​ឡើងវិញក្រោយ​ពីរងការ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​ស៊ីក្លូន។ ​​  

លោក អេនឌ្រូ ម៉េសុន នាយកស្តីទីផ្នែកសេដ្ឋកិច្ចរបស់​ធនាគារពិភពលោកទទួល​បន្ទុក​តំបន់​អាស៊ីបូព៌ានិង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍ថា៖ «ខណៈដែល​ចក្ខុវិស័យ​សេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ីបូព៌ានិ​ងប៉ាស៊ីហ្វ៊ិកជារួម​នៅតែបន្តមាន​ភាពវិជ្ជមាន​ក៏ពិត​​មែន សំខាន់​​គេត្រូវ​ទទួល​ស្គាល់​ថាតំបន់​នេះ​បន្ត​ប្រឈម​មុខ​ទៅនឹង​សម្ពាធ​កាន់​តែច្រើន​ឡើងដែល​ចាប់​មាន​តាំង​ពី​ឆ្នាំ​២០១៨​ មក​ម្ល៉េះ ដែល​នឹង​អាចនៅតែ​ជះផល​មិនល្អទៅលើ​សេដ្ឋកិច្ច។ ភាព​មិន​ប្រាកដប្រជាដែលបន្តមាន​ បណ្តាល​មក​ពី​កត្តា​នានា រួមមាន​​ការ​ថម​ថយ​ល្បឿន​សេដ្ឋកិច្ច​ក្នុង​បណ្តាប្រទេស​ជឿនលឿន លទ្ធភាព​ដែល​​ការ​បន្ថយ​ល្បឿន​សេដ្ឋកិច្ចរបស់​ប្រទេស​​ចិន​កើត​ឡើង​​រហ័ស​ជាង​ការរំពឹងទុកទៅទៀត និង​ភាព​តាន​តឹង​ផ្នែកពាណិជ្ជកម្ម​ដែល​មិន​ទាន់​ដោះ​ស្រាយ​រួច។» លោក​មាន​ប្រសាសន៍​ថែម​ទៀត​ថា៖ «បញ្ហា​ប្រឈម​ដែល​កំពុង​កើន​មាន​ទាំងប៉ុន្មាន​ ចាំបាច់​ត្រូវ​តែ​មាន​ការ​គ្រប់​គ្រង​ឱ្យ​បាន​ស្វាហាប់​បំផុត។»  ​   

 

របាយការណ៍នេះ​​រៀប​រាប់​លម្អិត​នូវ​វិធានការ​ឆ្លើយ​តប​ក្នុង​រយៈពេលខ្លី និង​រយៈពេលវែង សម្រាប់​ជម្នះ​ហានិភ័យ​ដែល​នៅមាន។ សម្រាប់​រយៈពេលខ្លី របាយការណ៍ស្នើ​ឱ្យ​ពង្រឹង​កញ្ចប់​ថវិកា​គាំទ្រ​ដែល​ត្រូវ​បាន​រួញ​​តូចជាងមុន រាប់ទាំង​ការ​បំពេញឡើង​វិញ​នូវទុន​បម្រុង​អន្តរជាតិ​ដែលត្រូវ​បាន​ដកយក​មក​ប្រើ​សម្រាប់​គ្រប់​គ្រង​អត្រា​ប្តូរ​ប្រាក់​ឡើង​ចុះ​ក្នុង​ឆ្នាំ​២០១៨។ គោល​នយោ​បាយ​រូបិយវត្ថុ​ក៏​ប្រហែល​ជា​ចាំបាច់​ត្រូវ​ធ្វើ​ការ​កែសម្រួល​ផង​ដែរ ដើម្បី​ឱ្យ​វា​រក្សា​បាន​​អព្យាក្រិតភាព នៅ​ពេល​ដែលលែងសូវ​មាន​​ហានិភ័យ​នៃ​ការហូរ​ទុន​ចេញទៅក្រៅប្រទេស​។ របាយការណ៍បានរំលេចដែរនូវសារៈសំខាន់​ក្នុង​ការ​បន្ត​ធ្វើ​កំណែទម្រង់​ជា​រចនា​សម្ព័ន្ធ​ក្នុង​រយៈពេលមធ្យម ដើម្បី​បង្កើន​ផលិតភាព ជំរុញភាពប្រកួតប្រជែងឱ្យខ្លាំងក្លាឡើង បង្កើតឱកាស​ឱ្យ​កាន់​តែប្រសើរឡើង​សម្រាប់​វិស័យឯកជន និង​ពង្រឹង​មូលធនមនុស្សក្នុង​​ប្រទេស។

របាយការណ៍ធ្វើ​​ទឡ្ហីករណ៍ថា ប្រពលភាព​របស់​ហានិភ័យមួយចំនួន​ក៏​រំលេច​ឱ្យ​ឃើញផងដែរ​នូវភាពចាំបាច់​ក្នុង​ការ​បន្ត​ធ្វើ​ការ​វិនិយោគទៅលើ​ជំនួយឧបត្ថម្ភ​ផ្នែកសង្គមកិច្ច​ និង​កម្មវិធី​ធានារ៉ាប់រង ដើម្បី​ការ​ពារ​ពលរដ្ឋ​ដែល​​ងាយរងគ្រោះបំផុត។ បច្ចុប្បន្ន​នេះ តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិកដែលកំពុងអភិវឌ្ឍ មាន​អត្រា​គ្រប​ដណ្តប់​របស់​ជំនួយ​ផ្នែកសង្គមកិច្ច​​ទាប​ជាង​គេ​ក្នុង​ចំណោម​ពលរដ្ឋ២០ភាគរយ​ដែល​​ក្រី​ក្រ​បំផុត​ បើ​ប្រៀប​ទៅនឹង​តំបន់​កំពុង​អភិវឌ្ឍដទៃទៀត។

របាយការណ៍ក៏​បាន​ធ្វើ​ការ​សង្កត់​ធ្ងន់ដែរលើ​សារសំខាន់​សម្រាប់​បណ្តា​ប្រទេស​កោះ​ក្នុង​តំបន់​ប៉ាស៊ីហ្វ៊ិក ធ្វើ​យ៉ាងណា​រក្សា​ឱ្យ​បាន​នូវ​ចីរភាពបំណុល តាមរយៈការ​គ្រប់​គ្រងបំណុល​ឱ្យ​បានល្អ​ គុណភាពការ​ចំណាយ និង​កសាងឡើងនូវ​លំហ​សារពើពន្ធមួយ​។ ក្នុង​ខណៈដែល​បំណុលសាធារណៈនៃបណ្តា​ប្រទេស​កោះ​ក្នុង​តំបន់​ប៉ាស៊ីហ្វ៊ិក​នៅមាន​កម្រិត​ទាបគួរសម​​នៅឡើយ កត្តា​រចនាសម្ព័ន្ធ ដូច​ជា​ទស្សនវិស័យកំណើនសេដ្ឋកិច្ច​មធ្យម​ក្នុង​រយៈពេលខ្លី ភាពរងគ្រោះខ្ពស់​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ថ្លៃចំណាយ​ខ្ពស់​សម្រាប់​សេវា​សាធារណៈ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ បានដាក់ឲ្យ​ប្រទេស​ទាំងនោះងាយមាន​​ហានិភ័យខ្ពស់​ដោយសារ​បន្ទុកបំណុល។    


ទំនាក់ទំនង

នៅវ៉ាស៊ីនតោន
Marcela Sanchez-Bender
+1 (202) 473-5863
msanchezbender@worldbank.org
នៅបាងកក
Kanitha Kongrukgreatiyos
+662-686-8385
kanitha@worldbank.org
Api
Api