Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន

ធនាគារពិភពលោក៖ ទិដ្ឋភាពនៃកំណើនដែលមានស្ថេរភាពសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឆ្នាំ ២០១៦ - ១៨

4 តុលា 2016


របាយការណ៍នេះបានផ្តល់អនុសាសន៍ចំពោះការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដោយប្រុងប្រយ័ត្នដើម្បីកាត់បន្ថយភាពងាយរងគ្រោះក្នុងខណៈដែលកំពុងបន្តអនុវត្តគោលនយោបាយទ្រទ្រង់កំណើនលើគ្រប់វិស័យសម្រាប់រយៈពេលមធ្យម

វ៉ាស៊ីនតោន ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៦ ‑ យោងតាមរបាយការណ៍ថ្មីរបស់ធនាគារពិភពលោក បានឲ្យដឹងថា កំណើន សេដ្ឋកិច្ច​នៅក្នុងបណ្តាប្រទេសកំពុងអភវិឌ្ឍន៍នៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹងនៅតែមានភាពរឹងមាំនៅ​ក្នុង​រយៈ​ពេល៣ឆ្នាំខាងមុខទៀត។

តែទោះជាយ៉ាងនេះក្តី តំបន់នេះ នៅតែប្រឈមទៅនឹងហានិភ័យធំៗក្នុងការរីកលូតលាស់ និងប្រទេសជាច្រើនចាំបាច់ ត្រូវចាត់វិធានការដើម្បីកាត់បន្ថយភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុនិងសារពើពន្ធ។ ក្នុងរយៈពេលវែង របាយការណ៍នេះបានផ្តល់ជាអនុសាសន៍ឲ្យប្រទេសជាច្រើនដោះស្រាយបញ្ហាកំហិតផ្សេងៗ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច ដែលមាននិរន្តរភាពនិងលើគ្រប់វិស័យ រួមទាំងតាមរយៈការបំពេញគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយបញ្ហា កង្វះអាហារូបត្ថម្ភ និងជំរុញឲ្យមានការបង្កើនផ្នែកហិរញ្ញវត្ថុ។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដែលទើបចេញផ្សាយនាពេលថ្មីៗនេះ រំពឹងថា កំណើន សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេសចិននឹងនៅតែបន្តថយចុះបន្តិចម្តងៗ ពី ៦,៧ភាគរយក្នុងឆ្នាំនេះ ដល់ ៦,៥ភាគរយ នៅក្នុងឆ្នាំ ២០១៧ និង ៦,៣ភាគរយនៅក្នុងឆ្នាំ ២០១៨។ ចំណែកឯកំណើនសេដ្ឋកិច្ចរបស់ប្រទេសដទៃទៀតក្រៅពីចិននៅក្នុងតំបន់ នេះ ត្រូវបានគេប៉ាន់ប្រមាណ​ថា នៅរក្សាបានស្ថេរភាពក្នុងកម្រិត ៤,៨ភាគរយនៅក្នុងឆ្នាំនេះ និងឡើងដល់ ៥ភាគរយនៅ ឆ្នាំ ២០១៧ និង ៥,១ភាគរយនៅក្នុង ឆ្នាំ ២០១៨។ ជារួម សេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីបូព៌ាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥,៨ ភាគរយនៅក្នុងឆ្នាំ ២០១៦ និង ៥,៧ភាគរយនៅក្នុងឆ្នាំ ២០១៧ ‑ ២០១៨។

លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “ទស្សនវិស័យ សម្រាប់ការអភិវឌ្ឍតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៅតែមានលក្ខណៈវិជ្ជមាន ជាមួយនឹងភាពទន់ខ្សោយ នៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោកនិងបរិមាណតម្រូវការពីខាងក្រៅដែលត្រូវបានធ្វើតុល្យកម្មដោយការប្រើប្រាស់ទំនិញនិងវិនិយោគទុនក្នុងស្រុករឹងមាំ។ បញ្ហាប្រឈមរយៈពេលវែង គឺត្រូវទ្រទ្រង់កំណើនសេដ្ឋកិច្ចនិងធ្វើឲ្យកំណើននេះកើនលើ គ្រប់វិស័យ រួមទាំងតាមរយៈការបង្រួមគម្លាតនៃប្រាក់ចំណូលនិងលទ្ធភាពទទួលបានសេវាកម្មសាធារណៈ ជាពិសេស ក្នុងប្រទេសចិន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសទាំងអស់ក្នុង​តំបន់នេះ ការកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមារដែលនៅតែបន្តកើតមាន និងការប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាដើម្បីជំរុញឲ្យមានការបង្កើនហិរញ្ញវត្ថុ។”

របាយការណ៍នេះ បានផ្តល់នូវការវិភាគគ្រប់ជ្រុងជ្រោយលើទស្សនវិស័យសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ធៀបទៅនឹងទិដ្ឋភាពរបស់ពិភពលោកដែលកំពុងជួបប្រទះបញ្ហាប្រឈម រួមទាំងកំណើនសេដ្ឋកិច្ចដែលមានល្បឿនយឺតនៅ​ក្នុងបណ្តាប្រទេសជឿនលឿន ការព្យាករណ៍ដែលមានកម្រិតទាបនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន និងពាណិ​ជ្ជ​កម្មរបស់ពិភពលោកដែលនៅទ្រឹង។ របាយការណ៍នេះ រំពឹងថា បរិមាណតម្រូវការក្នុងស្រុកនឹងនៅតែមានភាពរឹងមាំនៅទូ​ទាំង​ប្រទេសភាគច្រើនក្នុងតំបន់។ តម្លៃទំនិញដែលនៅតែទាប នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកនាំទំនិញចូល និងរក្សា​អតិ​ផរ​ណា​ឲ្យ​នៅទាបនៅទូទាំងប្រទេសភាគច្រើនក្នុងតំបន់។

នៅក្នុងប្រទេសចិន កំណើនសេដ្ឋកិច្ចនឹងថយចុះ ដោយសារតែប្រទេសនេះបន្តរក្សាតុល្យភាពឡើងវិញចំពោះការប្រើ ប្រាស់ទំនិញសេវាកម្ម និងសកម្មភាពតម្លៃបន្ថែមកាន់តែខ្ពស់ និងដោយសារសមត្ថភាពឧស្សាហកម្មដែលលើស ត្រូវបាន កាត់បន្ថយ។ ទោះជា យ៉ាងនេះក្តី ទីផ្សារការងារដែលកាន់តែចង្អៀត នឹងគាំទ្រដល់កំណើនលើប្រាក់ចំណូលនិងការប្រើ​ប្រាស់ជាលក្ខណៈឯកជនជាបន្ត ។

ក្នុងចំណោមប្រទេសធំៗដទៃទៀត ការព្យាករណ៍មានកម្រិតខ្ពស់បំផុតនៅក្នុងប្រទេសហ្វ៊ីលីពិន ដែលកំណើននៅក្នុង ប្រទេសនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៦,៤ភាគរយនៅក្នុងឆ្នាំនេះ និងប្រទេសវៀតណាមដែលកំណើនសេដ្ឋ កិច្ចនៅក្នុងឆ្នាំនេះ នឹងមានការធ្លាក់ចុះដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ក៏ប៉ុន្តែ នឹងកើនឡើងវិញដល់ ៦,៣ភាគរយនៅក្នុង ឆ្នាំ ២០១៧។ របាយការណ៍នេះ បាននិយាយថា នៅក្នុងប្រទេស​ឥណ្ឌូណេស៊ី កំណើនសេដ្ឋកិច្ចនឹងកើនឡើងថេរពី ៤,៨ ភាគរយនៅក្នុងឆ្នាំ ២០១៥ ដល់ ៥,៥ភាគ​រយនៅក្នុងឆ្នាំ ២០១៨ ដោយផ្អែកលើការកើនឡើងនៃវិនិយោគទុនសាធារណៈ និងជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកែលម្អ បរិយាកាសវិនិយោគ និងបង្កើនប្រាក់ចំណូលជាតិ។ ក៏ប៉ុន្តែ នៅក្នុង ប្រទេសម៉ាឡេស៊ី កំណើនសេដ្ឋកិច្ច នឹងធ្លាក់ចុះពី ៥ភាគរយ ក្នុងឆ្នាំ ២០១៥ មកនៅ ៤,២ភាគរយក្នុងឆ្នាំ ២០១៦ ដោយសារ តែបរិមាណតម្រូវការប្រេងឥន្ធនៈនិងការនាំចេញផ្នែកផលិតកម្ម​នៅលើពិភពលោកថយចុះ។

ក្នុងចំណោមបណ្តាប្រទេសដែលតូចជាងគេ ការព្យាករណ៍លើកំណើនសេដ្ឋកិច្ចក្នុងប្រទេសទាំងនេះ បានថយ​ចុះគួរឲ្យ​កត់​សម្គាល់លើផ្នែកនាំទំនិញចេញ។ សេដ្ឋកិច្ចនៅក្នុងប្រទេសម៉ុងហ្គោលី ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងត្រឹមតែ ០,១ ភាគរយតែប៉ុណ្ណោះ គឺបានធ្លាក់ចុះពី ២,៣ភាគរយក្នុងឆ្នាំ ២០១៥ ដោយសារតែការថយចុះផ្នែកនាំចេញរ៉ែ និងមិនសូវ មានកិច្ចប្រឹងប្រែងក្នុងការត្រួតពិនិត្យបំណុល។ ប្រទេសប៉ាពួញូហ្គីនី នឹងមានកំណើនសេដ្ឋកិច្ចកើនបាន ២,៤ភាគរយនៅ ក្នុងឆ្នាំ ២០១៦ គឺធ្លាក់ចុះពី ៦,៨ភាគរយក្នុងឆ្នាំ ២០១៥ ដោយសារតែការធ្លាក់ចុះនៃតម្លៃទំនិញ និងទិន្នផលលោហៈស្ពាន់ និងឧស្ម័នធម្មជាតិ។ ផ្ទុយទៅវិញ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នឹងនៅតែមានភាពរឹងមាំ។

លោក ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍​​ថា “ទោះបីជាមានការព្យាករណ៍ល្អក្តី ក៏កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះអាស្រ័យលើហានិភ័យធំៗជា​ច្រើន​ដែរ។ ការរឹតបន្តឹងផ្នែក ហិរញ្ញវត្ថុដ៏ខ្លាំងជាលក្ខណៈសាកល ការធ្លាក់ចុះបន្ថែមទៀតនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ឬការធ្លាក់ចុះលឿនជាងការ រំពឹងទុកនៃសេដ្ឋកិច្ចនៅប្រទេសចិន នឹងធ្វើការសាកល្បងលើភាពរឹងមាំនៃសេដ្ឋកិច្ចរបស់​តំបន់អាស៊ីបូព៌ា។ ភាពមិនច្បាស់លាស់ ទាំងនេះ វាមានសារៈសំខាន់ចំពោះអ្នកតាក់តែង គោលនយោបាយទាំងឡាយ​ក្នុងការកាត់បន្ថយអតុល្យភាពហិរញ្ញវត្ថុនិងសារពើពន្ធ ដែលបានកើនឡើងក្នុងរយៈពេលប៉ុន្មាឆ្នាំថ្មីៗនេះ។”

អាទិភាពបន្ទាន់ជាច្រើន រួមមាន ការធ្វើកំណែទម្រង់ឲ្យកាន់តែល្អប្រសើរឡើងលើវិស័យរួមរបស់ខ្លួន និងការដាក់កំណើន ឥណ​ទានឲ្យស្ថិតក្រោមការត្រួតពិនិត្យមួយក្នុងប្រទេសចិន ការកាត់បន្ថយការកើនឡើងនៃហានិភ័យហិរញ្ញវត្ថុក្នុងស្រុក និងក្រៅស្រុក នៅក្នុងប្រទេសធំៗដទៃទៀត ការថែរក្សារនាំសារពើពន្ធ និងការបង្កើនប្រភពប្រាក់ចំណូលនៅទូទាំងតំបន់ ជាពិសេសសម្រាប់ អ្នកផលិតទំនិញ និងការឆ្លើយតបទៅនឹងហានិភ័យចំពោះនិរន្តរភាពសារពើពន្ធនៅក្នុងប្រទេសម៉ុង

ហ្គោលី និងអ៊ីស្ទីម័រ។សម្រាប់រយៈពេលវែង របាយការណ៍នេះ បានគូសបញ្ជាក់វិស័យចំនួន ៤ ដែលវិធានការនយោបាយ អាចជំរុញឲ្យមាន កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ។ ទីមួយ របាយការណ៍នេះបានផ្តល់អនុសាសន៍ឲ្យប្រទេសចិនកសាងបន្ថែមលើជោគជ័យពីអតីតកាលរបស់ខ្លួន ក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើឲ្យប្រសើរឡើងដល់លទ្ធភាពទទួលបានសេវាសាធាណៈគោលសម្រាប់ប្រជាជនរស់នៅតំបន់ជនបទ និងសម្រាប់ជនចំណាកស្រុកទៅកាន់ទីក្រុងដែលនៅតែកំពុងកើនឡើង។

ទីពីរ ប្រទេសដទៃទៀតនៅក្នុងតំបន់នេះ ចាំបាច់ត្រូវតែបំពេញនូវគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធតាមរយៈការធ្វើតុល្យកម្ម​ឡើង​វិញ លើផ្នែកចំណាយសាធារណៈ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងសាធារណៈនិងឯកជន និងកែលម្អស័ក្តិ​សិទ្ធិ ភាព​នៃ​​ការគ្រប់គ្រងវិនិយោគទុនសាធារណៈ។

ទីបី របាយការណ៍នេះជំរុញឲ្យអ្នកតាក់តែងគោលនយោបាយនានាដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភដែលរីករាលដាល។ បញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមារមានកម្រិតខ្ពស់នៅក្នុងប្រទេសជាច្រើន សូម្បីតែនៅក្នុងប្រទេសអ្នកមានក៏ដូច្នោះដែរ ហើយដែលបញ្ហានេះនាំឲ្យប៉ះពាល់ដល់សុខភាពនិងការលូតលាស់នៃខួរក្បាល ដែលពិបាកនឹងស្រោចស្រង់ឡើងវិញ ណាស់។ របាយការណ៍ នេះ ផ្តល់អនុសាសន៍ឲ្យមានវិធានការសម្របសម្រួលនៅទូទាំងវិស័យ រួមទាំងកម្មវិធីអភិវឌ្ឍន៍ កុមារតូច និងអន្តរាគមន៍មីក្រូអាហារូបត្ថម្ភ។

ចុងក្រោយ របាយការណ៍នេះ បានផ្តល់អនុសាសន៍ឲ្យប្រទេសនានា ប្រើប្រាស់នូវសក្តានុពលនៃបច្ចេកវិទ្យាក្នុងការផ្លាស់ប្តូរសេវាហិរញ្ញវត្ថុ និងបង្កើនការដាក់បន្ថែមនូវហរិញ្ញវត្ថុ។ តំបន់នេះ មានភាពជឿនលឿនផ្នែកបច្ចេកវិទ្យាដែលមានលំហូរ ចូលដ៏ច្រើននៃទូរស័ព្ទដៃ ក៏ប៉ុន្តែ ខ្វះលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ។

ដើម្បីទទួលផលពីទំនើបកម្មផ្នែកហិរញ្ញវត្ថុ ប្រទេសនានា នឹងចាំបាច់​ត្រូវពង្រឹងក្របខ័ណ្ឌច្បាប់និងនិយ័តកម្ម និងបង្កើនការ ការពារអតិថិជន។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គឺជាការត្រួតពិនិត្យមើលឡើងវិញគ្រប់ជ្រុងជ្រោយ លើសេដ្ឋកិច្ច​ក្នុងតំបន់នេះ របស់ធនាគារពិភពលោក។ របាយការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយពីរដងក្នុងមួយឆ្នាំ រៀងរាល់ឆ្នាំ និងអាចរកមើលបានដោយឥតគិតថ្លៃតាមអាសយដ្ឋាន៖ https://www.worldbank.org/eapupdate

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង នៅវ៉ាស៊ីងតោន
Jane Zhang
ទូរស័ព្ទ: +1 (202) 473-1376
janezhang@worldbank.org
Dini Djalal
ទូរស័ព្ទ: +1 (202) 468-4442
ddjalal@worldbank.org
Huma Imtiaz
ទូរស័ព្ទ: +1 (202) 473-2409
himtiaz@worldbankgroup.org


សេចក្តីប្រកាសព័ត៌មាន​លេខ
2017/EAP/046

Api
Api

Welcome