តម្លៃប្រេងធ្លាក់ចុះទាបជាងមុន ផ្តល់នូវកាលនុវត្តភាពសម្រាប់ការធ្វើកំណែទម្រង់សារពើពន្ធ
កម្ពុជានៅតែទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរ ទោះបីវាមានល្បឿនយឺតបន្តិចក៏ដោយ
សឹង្ហបូរី ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៥ ៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលចេញផ្សាយដោយធនាគារពិភពលោកនៅថ្ងៃនេះ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនឹងថយចុះបន្តិចបន្តួចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនៅឆ្នាំនេះ ខណៈដែលតំបន់នេះទទួលបានអត្ថប្រយោជន៍ពីតម្លៃប្រេងដែលទាបជាងមុន និងការបន្តងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអភវិឌ្ឍន៍នានា។
កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងត្រឹម ៦,៧ភាគរយ នៅក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ដែលកំណើននេះបានថយចុះបន្តិចពី ៦,៩ភាគរយនៅក្នុងឆ្នាំ ២០១៤។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងកម្រិតមធ្យមប្រហែល ៧ភាគរយ នៅក្នុងរយៈពេលពីរឆ្នាំខាងមុខ បើធៀបទៅនឹងកំណើនក្នុងឆ្នាំ ២០១៤ ដែលមានចំនួន ៧,៤ភាគរយ។ កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតនៅក្នុងតំបន់អាស៊ីបូព៌ា ត្រូវបានគេរំពឹងថានឹងកើនឡើងត្រឹម ០,៥ភាគរយ គឺឡើងដល់ ៥,១ភាគរយនៅឆ្នាំនេះ ជាពិសេស គឺកើនឡើងដោយសារបរិមាណតម្រូវការក្នុងស្រុក (ដោយសារតែការឆ្លើយតបជាវិជ្ជមានរបស់អតិថិជន និងការធ្លាក់ចុះនៃតម្លៃប្រេង) នៅក្នុងបណ្តាប្រទេសធំៗនៅក្នុងតំបន់អាស៊ីអគ្នេយ៍។ បណ្តាប្រទេសដែលតូចៗជាងគេជាច្រើន ជាពិសេសប្រទេសនាំចេញទំនិញ ដូចជា ម៉ុងហ្គោលី នឹងមានកំណើនសេដ្ឋកិច្ចទាបជាងគេ។
លោក អាក់សែល វ៉ាន់ ត្រុតសេនប៊ើគ អនុប្រធានប្រចាំតំបន់របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “ទោះបីជាកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា មានល្បឿនយឺតបន្តិចក្តី ក៏តំបន់នេះ នឹងនៅតែមានកំណើនសេដ្ឋកិច្ចស្មើនឹងមួយភាគបីនៃកំណើនសេដ្ឋកិច្ចសាកលលោកដែរ គឺស្មើនឹងពីរដងនៃការរួមបញ្ចូលគ្នារវាងកំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍទាំងអស់ដទៃទៀតនៅក្នុងតំបន់។ តម្លៃប្រេងដែលធ្លាក់ចុះទាបជាងមុន នឹងជួយបង្កើនបរិមាណតម្រូវការក្នុងស្រុក នៅក្នុងបណ្តាប្រទេសភាគច្រើននៅក្នុងតំបន់នេះ និងផ្តល់ឱកាសដ៏ពិសេសមួយដល់អ្នកតាក់តែងគោលនយោបាយដើម្បីជំរុញកំណែទម្រង់សារពើពន្ធ ដែលនឹងជួយបង្កើនចំណូលនិងបង្វែរចំណាយសាធារណៈមកលើហេដ្ឋារចនាសម្ព័ន្ធនិងការប្រើប្រាស់ដែលមានប្រយោជន៍ដទៃផ្សេងទៀត។ កំណែទម្រង់ទាំងនេះ អាចធ្វើឲ្យប្រសើរឡើងដល់ភាពប្រកួតប្រជែងរបស់តំបន់អាស៊ីបូព៌ា និងអាចជួយតំបន់នេះរក្សាបាននូវកិត្យានុភាពរបស់ខ្លួនជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចរបស់ពិភពលោក”។
តម្លៃប្រេងទាបនៅលើពិភពលោក នឹងផ្តល់អត្ថប្រយោជន៍ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍភាគច្រើននៅក្នុងតំបន់អាស៊ីបូព៌ា ជាពិសេស ប្រទេសកម្ពុជា ឡាវ ហ្វ៊ីលីពីន ថៃ និងប្រទេសនៅតាមកោះប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ អ្នកនាំចេញប្រេងឥន្ធនៈនៅក្នុងតំបន់នេះ រួមមានប្រទេសម៉ាឡេស៊ី និងប៉ាពូញូហ្គីនី នឹងមានកំណើនសេដ្ឋកិច្ចយឺតជាងមុន និងចំណូលរបស់រដ្ឋាភិបាលទាបជាងមុន។ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ផលប៉ះពាល់ដែលនៅសេសសល់ នឹងអាស្រ័យលើថាតើការនាំចេញធ្យូងថ្មនិងឧស្ម័ននឹងមានការធ្លាក់់ចុះប៉ុន្មានទៀត។
ផលប៉ះពាល់នានាទៅលើសេដ្ឋកិច្ចសាកលលោក នៅបន្តបង្កហានិភ័យដល់បណ្តាប្រទេសនានានៅតំបន់អាស៊ីបូព៌ាដែលបានធ្វើសមាហរណកម្មចូលក្នុងពិភពលោក។ ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅតែមានល្បឿនយឺតនិងគ្មានលំនឹង និងបន្តធ្លាក់ចុះនៅក្នុងតំបន់អឺរ៉ុប ហើយប្រទេសជប៉ុននឹងធ្វើឲ្យពាណិជ្ជកម្មពិភពលោកចុះខ្សោយ។ អត្រាការប្រាក់ដែលកាន់តែខ្ពស់ជាងមុននៅសហរដ្ឋអាមេរិក និងប្រាក់ដុល្លារអាមេរិកដែលកំពុងមានតម្លៃកើនឡើង ព្រមជាមួយនឹងទិសដៅគោលនយោបាយរូបិយវត្ថុខុសៗគ្នានៅទូទាំងបណ្តាប្រទេសជឿនលឿន អាចធ្វើឲ្យចំណាយលើការសុំខ្ចីកើនឡើង បង្កឲ្យមានអស្ថេរភាពហិរញ្ញវត្ថុ និងកាត់បន្ថយលំហូរមូលធនទៅកាន់តំបន់អាស៊ីបូព៌ា។ ការបន្តពង្រឹងប្រាក់ដុល្លារអាមេរិកទប់ទល់ជាមួយនឹងរូបិយប័ណ្ណសំខាន់ៗដទៃទៀត ក៏អាចធ្វើឲ្យប៉ះពាល់ដល់បណ្តាប្រទេសដែលពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារផងដែរ ដូចជា ប្រទេសកម្ពុជា និងទីម័រលេស្តេ ជាដើម។
លោក ស៊ុដៀ សេទី ប្រធានអ្នកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានរីកលូតលាស់បានល្អ ទោះបីជាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកពីវិបត្តហិរញ្ញវត្ថុគ្មានលំនឹងក្តី ក៏ប៉ុន្តែ ហានិភ័យជាច្រើននៅតែបន្តកើតមានសម្រាប់តំបន់នេះ ទាំងក្នុងរយៈពេលខ្លីនិងក្នុងរយៈពេលវែង។ ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនេះ ការកែលម្អគោលនយោបាយសារពើពន្ធជារឿងសំខាន់។ ជាមួយនឹងតម្លៃប្រេងទាប បណ្តាប្រទេសនានា (ទាំងប្រទេសនាំប្រេងចូលនិងប្រទេសនាំប្រេងចេញ) គួរតែកែប្រែតម្លៃថាមពលឲ្យប្រសើរជាងនេះដើម្បីគាំទ្រដល់គោលនយោបាយសារពើពន្ធដែលកាន់តែមាននិរន្តរភាពនិងកាន់តែមានសមធម៌”។
របាយការណ៍បាននិយាយថា នៅក្នុងចំណោមបណ្តាប្រទេសធំៗជាច្រើននៅតំបន់អាស៊ី កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនចំណូល និងគាំទ្រដល់ការចំណាយលើការរៀបចំរចនាសម្ព័ន្ធឡើងវិញ អាចជួយបំពេញគម្លាតក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតមូលនិធិកាន់តែច្រើនឡើងសម្រាប់កម្មវិធីការការពារពីសង្គមនិងធានារ៉ាប់រង ដែលបានស្ថិតនៅក្រោមសម្ពាធក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់ដែលកំពុងរីកលូតលាស់យ៉ាងលឿន។ នៅក្នុងបណ្តាប្រទេសនាំចេញប្រេងឥន្ធនៈនានា និងប្រទេសម៉ុងហ្គោលី ការពង្រឹងសារពើពន្ធ គឺជារឿងចាំបាច់។
របាយការណ៍នេះបាននិយាយថា ជាពិសេស តម្លៃប្រេងដែលទាបជាងមុន បង្កើតបាននូវឱកាសមួយសម្រាប់រដ្ឋាភិបាលនានា ដើម្បីកាត់បន្ថយប្រាក់ឧបត្ថម្ភលើប្រេងឥន្ធនៈ និងបង្កើនពន្ធលើថាមពល។ នៅក្នុងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់នេះ ប្រាក់ឧបត្ថម្ភលើប្រេងឥន្ធនៈនិងចំណាយពន្ធដែលពាក់ព័ន្ធ បានធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុសាធារណៈ និងបានធ្វើឲ្យគណនីចរន្តចុះខ្សោយ។ ប្រទេសមួយចំនួន រួមទាំងប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នាពេលថ្មីៗនេះបានចាត់វិធានការកាត់បន្ថយប្រាក់ឧបត្ថម្ភលើប្រេងឥន្ធនៈ ក៏ប៉ុន្តែ លោក សេទី បានមានប្រសាសន៍ថា សន្ទុះនេះ ចាំបាច់ត្រូវតែមាននិរន្តរភាពនិងត្រូវបានពង្រីក ទោះបីជាតម្លៃប្រេងចាប់ផ្តើមងើបឡើងវិញក៏ដោយ។
នៅប្រទេសចិន នៅពេលដែលខ្លួនផ្លាស់ប្តូរទៅរកគំរូកំណើនមួយដែលនាំមុខដោយការប្រើប្រាស់ ជាជាងនាំមុខដោយការវិនិយោគ បញ្ហាប្រឈមធំគឺ ត្រូវអនុវត្តកំណែទម្រង់នានាដែលនឹងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង។ របាយការណ៍នេះបាននិយាយថា គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច គួរតែគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ។
របាយការណ៍នេះបាននិយាយថា ក្នុងរយៈពេលមធ្យម បណ្តាប្រទេសនានា គួរតែពង្រីក និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធ្វើឲ្យប្រសើរឡើងដល់លទ្ធភាពទទួលបានការអប់រំកាន់តែខ្ពស់និងការថែទាំសុខភាព។ ក្នុងរយៈពេលវែង បណ្តាប្រទេសនានា នឹងចាំបាច់ត្រូវតែស្វែងរកវិធីនានាដើម្បីទ្រទ្រង់ដល់កំណើននៃផលិតភាព ត្រួតពិនិត្យមើលលើចំណាយផ្នែកថែទាំសុខភាព និងពង្រីកមូលដ្ឋានចំណូលសម្រាប់សន្តិសុខសង្គម។
លោក លី សូដេត អ្នកសេដ្ឋប្រចាំប្រទេសរបស់ធនាគារពិភពលោកនៅកម្ពុជា មានប្រសាសន៍ថា “អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានប៉ានប្រមាណថានឹងកើនឡើងក្នុងកម្រិតមធ្យមដល់ ៦,៩ភាគរយនៅក្នុងឆ្នាំ ២០១៥ និង ឆ្នាំ ២០១៦ ដោយសារតែកម្ពុជាប្រឈមទៅនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងលើការនាំចេញផ្នែកវិស័យកាត់ដេរ កំណើនវិស័យកសិកម្មដែលនៅតែបន្តទន់ខ្សោយ និងកំណើនលើវិស័យទេសចរណ៍បានធ្លាក់ចុះបន្តិច”។
ដើម្បីបន្តកំណើនឲ្យនៅតែប្រសើរ លោក សូដេត មានស្នើរឲ្យបន្តនិរន្តភាពស្ថេរភាពទីផ្សារពលកម្ម ធ្វើឲ្យប្រសើរឡើងដល់បរិយាកាសជំនួញ ការដឹកជញ្ជូនតាមផ្លូវថ្នល់ និងការកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អ្នកផលិតស្រូវនិងរោងម៉ាស៊ីនកិនស្រូវ និងវិនិយោគលើផលិតកម្មកសិកម្ម។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គឺជារបាយការណ៍ត្រួតពិនិត្យមើលឡើងវិញដែលមានលក្ខណៈពិស្តាររបស់ធនាគារពិភពលោកលើសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។ របាយការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយពីរដងក្នុងមួយឆ្នាំ និងអាចរកមើលបានដោយឥតគិតថ្លៃនៅលើវេបសាយត៍ដែលមានអាសយដ្ឋាន https://www.worldbank.org/eapupdate ។