Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន

សេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពរឹងមាំដោយរក្សាបាននូវកំណើន ៧,៤% នៅក្នុងឆ្នាំ ២០១៣

7 មេសា 2014


កំណែទម្រង់រចនាសម្ព័ន្ធ​មានសារៈសំខាន់​ចំពោះ​កំណើន​រយៈពេលវែងនិង​វិបុលភាព

សេដ្ឋកិច្ចរបស់កម្ពុជានៅ​តែមានភាពរឹងមាំដោយរក្សាបាននូវកំណើន ៧,៤% នៅក្នុងឆ្នាំ ២០១៣

សឹង្ហបូរី ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៤ ‑‑ យោងតាម​របាយការណ៍​​​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​នៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ចេញផ្សាយនៅថ្ងៃនេះដោយធនាគារពិភពលោក បានឲ្យដឹងថា បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នឹង​មានកំណើនសេដ្ឋកិច្ចថេរ​នៅឆ្នាំនេះ ដោយសារតែ​សេដ្ឋកិច្ចរបស់​បណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់មានភាពល្អប្រសើរឡើងវិញ និងការឆ្លើយតប​ដែលមានលក្ខណៈសមស្របរបស់ទីផ្សារ​រហូតមកដល់បច្ចុប្បន្ននេះទៅនឹង​ការកាត់បន្ថយនៃ​ជំនួយ​​​របស់​ធនបំរុងសហព័ន្ធ។

របាយការណ៍នេះបានឲ្យដឹងថា សេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីបូព៌ា នឹង​កើនឡើងត្រឹម ៧,១ ភាគរយនៅឆ្នាំនេះ គឺមិនមានអ្វីប្រែប្រួលច្រើនទេ បើធៀបទៅនឹង​កំណើនក្នុងឆ្នាំ ២០១៣។ ជា​លទ្ធផល សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា នៅតែ​មានកំណើនលឿនជាងគេបំផុត​នៅក្នុងពិភពលោក ទោះបីជា​មានការធ្លាក់ចុះបន្តិចមកនៅក្រោមអត្រាកំណើនមធ្យម ៨ភាគរយ​​​​ក្នុងចន្លោះពីឆ្នាំ ២០០៩ ដល់ ២០១៣​ ក្តី។ នៅប្រទេសចិន កំណើន​នេះ នឹងធ្លាក់ចុះ​បន្តិចបន្តួច​ ពី ៧,៧ភាគរយ​ ក្នុងឆ្នាំ ២០១៣ មកនៅ​ ៧,៦ភាគរយនៅក្នុងឆ្នាំនេះ។ ដោយមិនរាប់បញ្ចូលប្រទេសចិន សេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុង​អភិវឌ្ឍនៅក្នុងតំបន់នេះ នឹងកើនឡើង​ត្រឹម ៥,០ភាគរយ​ គឺមានការថយចុះបន្តិច​ពី ៥,២ភាគរយ​ធៀបនឹងឆ្នាំមុន។

លោក អាក់សែល  វ៉ាន់ត្រុតសេនប៊ើគ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់​​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ាននិងប៉ាស៊ីហ្វិក បានដើរតួនាទីជា​​​ចលករ​កំណើនដ៏សំខា​ន់មួយរបស់ពិភពលោក​ ចាប់តាំងពី​​មាន​វិបត្តិហិរញ្ញវត្ថុសកលលោកមក។ កំណើន​សេដ្ឋកិច្ច​ជាសកលដែល​កាន់តែរឹងមាំ​នៅក្នុងឆ្នាំនេះ នឹង​ជួយ​ឲ្យតំបន់នេះ​បន្តរីកលូតលាស់​ក្នុង​ល្បឿនមួយថេរ ខណៈដែល​កំពុងតែ​សម្របទៅតាម​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​សកលដែលកាន់តែមានលក្ខណៈ​តឹង​តែងជាងមុន”។

សេដ្ឋកិច្ចដែលធំជាងគេនៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដូចជា ប្រទេសឥណ្ឌូណេស៊ី​ និងថៃ នឹង​ប្រឈមទៅ​នឹង​លក្ខខណ្ឌ​​​ហិរញ្ញវត្ថុ​សកល​ដែលកាន់តែតឹងតែងជាងមុន ​និង​​បំណុល​ក្នុងគ្រួសារ​កាន់តែ​ខ្ពស់ជាងមុន។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី នឹងកើនឡើងបង្គួរដល់ ៤,៩ភាគរយ​នៅក្នុងឆ្នាំ ២០១៤។ ការនាំចេញរបស់ម៉ាឡេស៊ីនឹងកើនឡើង ក៏ប៉ុន្តែ ថ្លៃចំណាយលើ​ការបង់ការប្រាក់បំណុល​ដែលកាន់តែ​ខ្ពស់ និង​ទំនាក់ទំនងសារពើពន្ធ​ដែលកំពុងតែបន្ត​ នឹង​​ធ្វើឲ្យប៉ះពាល់ដល់​​​បរិមាណតម្រូវការក្នុងស្រុក។ នៅក្នុងប្រទេសហ្វីលីពិន កំណើនសេដ្ឋកិច្ចអាចនឹង​មានសភាពយឺត​ក្នុងកំណើន ៦,៦ភាគរយ ក៏ប៉ុន្តែ ចំណាយដែលកំពុងកើនឡើងលើ​ការកសាងឡើងវិញ នឹងធ្វើឲ្យមានតុល្យភាព​លើ​ការប្រើប្រាស់​​ពី​ផលប៉ះពាល់​​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែលបានកើតឡើងក្នុងឆ្នាំ ២០១៣។

បណ្តាប្រទេសដែលមានទំហំសេដ្ឋកិច្ចតូចជាងគេ ត្រូវបានគេរំពឹងថានឹងមានកំណើន​ថេរ ក៏ប៉ុន្តែ ប្រឈម​ទៅនឹង​ហានិភ័យ​ខ្ពស់​ ដែល​អាចនឹង​​តម្រូវ​​ឲ្យ​មានការរឹតបន្តឹងបន្ថែម​លើ​រូបិយប័ណ្ណ។ នៅក្នុង​ប្រទេសកម្ពុជា ​កិច្ចប្រឹងប្រែងធ្វើកំណែ​ទម្រង់សាជាថ្មីក្រោយ​ការបោះឆ្នោត ត្រូវបានគេរំពឹងថានឹង​ជួយ​រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​កម្រិត ៧,២​​ភាគរយ​នៅក្នុងឆ្នាំនេះ ក៏ប៉ុន្តែ អស្ថិរភាព​នៃ​ទីផ្សារពលកម្ម អាច​នឹង​បង្កឲ្យមាន​ហានិភ័យ។ ការរីកចម្រើន​ថេរ​លើ​​​កំណែទម្រង់រចនាសម្ព័ន្ធ នឹង​ជួយ​​​​ឲ្យប្រទេស​មីយ៉ាន់ម៉ារ​​ ទទួលបានកំណើនសេដ្ឋកិច្ច​ ៧,៨ភាគរយ។ ក៏ប៉ុន្តែជា​មួយនឹង​​​ការរីកចម្រើន​ដែលមានកម្រិត​​លើ​កំណែទម្រង់រចនាសម្ព័ន្ធ​ក្នុងវិស័យ​ធនាគារ​និង​វិស័យដទៃទៀត សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម​ ត្រូវបានគេរំពឹងថានឹង​កើនឡើង​បង្គួរ​ក្នុងកម្រិត ៥,៥ភាគរយនៅក្នុងឆ្នាំនេះ។ ​ភាគច្រើននៃប្រទេស​ស្ថិត​លើកោះ​​ប៉ាស៊ីហិ្វក និង​​ប្រទេសទីម័រខាងកើត ​នៅ​តែពឹងពាក់លើ​ជំនួយ​និង​​ការផ្ទេរប្រាក់ពី​​បណ្តាប្រទេស​ជឿនលឿន។

ហានិភ័យ​​ចំពោះ​ការព្យាករណ៍ក្នុងតំបន់នេះនៅតែមាន។ លោក ​ប៊ើត​ ហូហ្វមេន ប្រធានសេដ្ឋកិច្ចវិទូ​របស់ធនាគារពិភពលោក​​​ប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហិ្វក​ បាន​មានប្រសាសន៍ថា “ការវិវត្តមករកភាពដើមវិញ​ដែល​មានសភាពយឺតជាង​ការរំពឹងទុកនៅក្នុង​បណ្តាប្រទេសជឿនលឿន ​ការកើនឡើង​នៃ​អត្រាការប្រាក់​នៅលើពិភពលោកនិងអស្ថិរភាព​នៃ​តម្លៃទំនិញដែលចេះតែកើនឡើង​​ដោយសារតែ​​​​មានភាពតានតឹង​ខាងផ្នែក​​នយោបាយភូមិសាស្ត្រ​​នៅ​តំបន់អឺរ៉ុបខាងកើត គឺជាការរំឮកឲ្យដឹងថា ​តំបន់អាស៊ីបូព៌ា​ នៅតែ​​​ងាយទទួលរង​ផលប៉ះពាល់​​ចំពោះ​ការអភិវឌ្ឍ​​ដែលមាន​លក្ខណៈអវិជ្ជមាននៅក្នុង​ពិភពលោក”។​

ឈរលើទិដ្ឋភាពវិជ្ជមាន​នៃស្ថានការណ៍ ដោយសារ​តែ​មានការកាត់បន្ថយធនបំរុងកាលពីឆ្នាំមុន ​​​រូបិយប័ណ្ណ​ដែលមានលក្ខណៈបត់បែន នឹង​ជួយ​តំបន់អាស៊ីបូព៌ា​ដោះស្រាយ​​នូវផលប៉ះពាល់ខាងក្រៅ​ រួម​ទាំងបញ្ហា​​លំហូរ​មូលធន​ដែលមានសក្តានុពលផងដែរ។ ក្រៅពីនេះ ប្រទេសភាគច្រើន ​មានធនធាន​បំរុង​​គ្រប់​គ្រាន់ដើម្បី​​គាំទ្រដល់​ពាណិជ្ជកម្ម​​​បណ្តោះអាសន្ន​ និងឆ្លើយតប​ទៅនឹង​​​ផលប៉ះពាល់ខាងក្រៅ។

លោក ហូហ្វមេន បានមានប្រសាសន៍ថា “​សម្រាប់រយៈពេលវែង ​ដើម្បី​រក្សាកំណើន​ឲ្យមានកម្រិតខ្ពស់​ បណ្តាប្រទេសកំពុងអភិវឌ្ឍនៅ​ក្នុងតំបន់អាស៊ីបូព៌ា គួរតែ​​បង្កើន​កិច្ច​ខិតខំប្រឹងប្រែង​​​ទ្វេដង​ដើម្បី​បន្ត​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធក្នុងការបង្កើន​សក្តានុពលកំណើនមូលដ្ឋានរបស់ខ្លួន និង​លើកកម្ពស់​​​ភាពជឿជាក់​នៃទីផ្សារ”។​

កំណែទម្រង់រចនាសម្ព័ន្ធ​ មានសារៈសំខាន់​ក្នុងការ​កាត់បន្ថយភាពងាយរងគ្រោះ និង​លើកកម្ពស់​​និរន្តរភាពនៃ​​កំណើន​​​រយៈពេលវែង។​ ប្រទេសចិន បានចាប់ផ្តើម​​​​ធ្វើកំណែទម្រង់មួយចំនួន​​​រួចហើយលើ​គោលនយោបាយ​ហិរញ្ញវត្ថុ ​លទ្ធភាពចូលក្នុងទីផ្សារ ចល័តភាពកម្លាំងពលកម្ម និង​គោលនយោបាយ​សារពើពន្ធ ដើម្បី​បង្កើន​​ប្រសិទ្ធិភាព​នៃ​កំណើន និង​​បង្កើន​​បរិមាណតម្រូវការក្នុងស្រុក។ ក្នុងកំឡុងពេល​នោះ វិធានការទាំងនេះ នឹង​​ធ្វើឲ្យ​សេដ្ឋកិច្ច​កាន់តែមានស្ថិរភាពជាងមុន មានលក្ខណៈពេញលេញ​ជាង​មុន និង​មាននិរន្តរភាពជាងមុន។ គំនិតផ្តួចផ្តើមមួយចំនួន ​ដែល​រដ្ឋាភិបាល​​បាន​ប្រកាសឲ្យដឹង​រួចមក​ហើយនោះ ដូចជា កំណែទម្រង់​ពន្ធដា និងការកាត់បន្ថយ​ឧបសគ្គ​ចំពោះ​វិនិយោគទុន​ឯកជន​​ ក៏អាច​​​បង្កើន​​កំណើនសេដ្ឋកិច្ច​​នៅក្នុង​រយៈពេលខ្លីបានផងដែរ។

កំណែទម្រង់​ជាច្រើនដែលទទួលបានជោគជ័យនៅក្នុងប្រទេសចិន អាច​នាំមកនូវ​អត្ថប្រយោជន៍​ដ៏ច្រើន​គួរឲ្យកត់សម្គាល់​ ដល់​ដៃគូពាណិជ្ជកម្មជាច្រើន ដែល​កំពុងផ្គត់ផ្គង់​​ផលិតផលកសិកម្ម ​ទំនិញ​​ប្រើ​ប្រាស់ និង​សេវាកម្មទាន់សម័យ។ ​ម្យ៉ាងទៀត ​​​​ផលប៉ះពាល់​ពីការប្រឹងប្រែងរក្សា​តុល្យភាព​ដែល​មិន​អាច​​​​​ត្រួតត្រាបាន​នៅក្នុងប្រទេសចិន អាច​​ធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅក្នុង​តំបន់និងនៅក្នុង​ពិភពលោក ជាពិសេស នៅក្នុង​បណ្តាប្រទេស​ដែល​​កំពុង​ពឹងផ្អែកលើ​​ការនាំចេញ​ធនធាន​ធម្មជាតិ។

របាយការណ៍នេះ បានឲ្យដឹងថា ​​បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់ផ្សេងៗទៀត​ ក៏អាច​​ទទួលបានអត្ថប្រយោជន៍​​ពី​​កំណែទម្រង់​រចនាសម្ព័ន្ធទាំងនេះផងដែរ ដូចជា ការសម្របសម្រួល​ដល់​​ពាណិជ្ជកម្មអន្តរជាតិ និង​ការលើកកម្ពស់​​វិនិយោគទុនផ្ទាល់ពីបរទេស ជាពិសេស នៅក្នុង​​​​វិស័យ​​ផ្តល់សេវាកម្ម។​ នៅក្នុងបរិបទ​នេះ ការបង្កើត​ឲ្យមាន​សហគមន៍​សេដ្ឋកិច្ចអាស៊ាននៅក្នុងឆ្នាំ ២០១៥ អាច​​ជួយ​បង្កើន​​វិនិយោគទុននិងការនាំចេញ​​នៅខាងក្នុងតំបន់​នេះ និងផ្តល់​នូវ​​​ប្រភព​កំណើន​ដ៏​សំខាន់មួយ​។

ប្រទេសកម្ពុជា៖  កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែ​មានភាពរឹងមំាំ​ដោយសម្រេចបាន​ ៧,៤ភាគរយ​ នៅក្នុងឆ្នាំ ២០១៣ ទោះបីជា​​មានផលប៉ះពាល់​អវិជ្ជមាន​​ដោយសារ​​តែ​​មានបញ្ហាផ្នែកនយោបាយ​ និងមានការវ៉ានានាក្នុងវិស័យការងារក្តី។ កំណើននេះ បានកើនឡើង​ដោយសារការនាំចេញ​​សម្លៀកបំពាក់​ និង​កំណើន​ជាបន្ត​បន្ទាប់​​លើវិស័យ​ទេសចរណ៍ ដែលគាំទ្រដោយ​​​​សេដ្ឋកិច្ច​ពិភពលោក​​ដែលត្រូវបានពង្រឹង។ ​ឱនភាពនៃគណនីចរន្ត បាន​ថយចុះ​​ដោយសារតែ​​ការនាំចូល​មានសភាពយឺតជាងមុន ដែល​​​ឲ្យ​​មានការប្រមូល​ចំណូល​យឺតជាងមុន​ ដូចនេះវាជាបច្ច័យនាំហើយឲ្យមាន​​ឱនភាពសារពើពន្ធ​កើនឡើង។ កំណើនសេដ្ឋកិច្ច​​សម្រាប់ឆ្នាំ ២០១៤ ត្រូវបានគេប៉ាន់ប្រមាណថានឹង​កើនដល់​ ៧,២ ភាគរយ ​ផ្អែកលើ​​ការងើបឡើង​វិញ​ជាបន្តបន្ទាប់នៃ​សេដ្ឋកិច្ច​សកលលោក​ ​ការមានស្ថិរភាពឡើងវិញចំពោះ​​បរិស្ថានសេដ្ឋកិច្ចក្នុងស្រុក និង​ការមានទំនុកចិត្តសាជាថ្មី​ឡើងវិញនា​​រយៈពេលចុងក្រោយក្នុងឆ្នាំនេះ។ បញ្ហាអស្ថិរភាពនយោបាយបន្ថែម​និងបញ្ហាការងារ ព្រមទាំង​​ការធ្លាក់ចុះនៃសេដ្ឋកិច្ច​​នៅក្នុងប្រទេសចិន អាច​​បង្កឲ្យ​មាន​ហានិភ័យ។

លោក អាឡាសាន សូ ប្រធានគ្រប់គ្រងធនាគារពិភពលោក បានមានប្រសាសន៍ថា “សេដ្ឋកិច្ចរបស់កម្ពុជាធន់នឹងសម្ពាធក្នុង​ស្រុក និង​អាច​រក្សាបាននូវកំណើន​ខ្ពស់​របស់ខ្លួន។ កំណើនដ៏រឹងមាំនេះ នឹងអាចជួយ​ឲ្យកម្ពុជា​​សម្រេចបាន​​គោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយភាពក្រីក្រ​បាន​ត្រឹម​មួយភាគរយ​​​​ក្នុងមួយឆ្នាំ។ ​ដូចយើងទាំងអស់គ្នាបានដឹងហើយថា ប្រជាជនជិត​ ៣លាននាក់​រស់នៅក្រោមបន្ទាត់ភាពក្រីក្រ​នៅឡើយ​ ហើយ​​ប្រជាជន​ ៨,១ លាននាក់​​រស់នៅ​​ក្បែរបន្ទាត់​ក្រីក្រ។ ពួកគេ​នៅ​តែ​មានហានិភ័យខ្ពស់​​​ក្នុងការ​ធ្លាក់ចូលក្នុង​ភាពក្រីក្រវិញ”។

លោក អេនរិកកេ​ អាល់ដាហ្ស ការ៉ូល ​អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃ​ធនាគារពិភពលោក​​ប្រចាំ​កម្ពុជា ​បានមានប្រសាសន៍ថា “ការគ្រប់គ្រង​សម្ពាធនៅក្នុងស្រុក នឹង​ជួយឲ្យកម្ពុជា​សម្រេចបានកំណើន​ប្រសើរជាងគេបំផុតក្នុង​ចំណោម​ការងើបឡើងវិញនៃ​សេដ្ឋកិច្ចពិភពលោក។ ការចរចារ​លើ​បញ្ហាប្រាក់​បៀវត្សដែលទទួលបានជោគជ័យ នឹង​​បម្រើ​​ផលប្រយោជន៍​ដល់​​​ទាំងភាគី​កម្មករនិង​ទាំង​​ក្រុមហ៊ុន។ ការកែលម្អបន្ថែមទៀតលើការប្រមូល​ចំណូលក្នុងស្រុក នឹង​ជួយ​​ផ្តល់​នូវការគាំទ្រ​​មួយ​សម្រាប់​​ផលប៉ះពាល់​ណាមួយក្នុងពេលអនាគត និង​​ផ្តល់ហិរញ្ញប្បទាន​លើ​តម្រូវការ​ដែលកាន់តែ​ខ្ពស់​​​សម្រាប់ចំណាយ​អាទិភាព​បូករួមទាំង​​​​សំណើ​ប្រាក់​បៀវត្ស​​សម្រាប់​​​វិស័យសាធារណៈផងដែរ”។

របាយការណ៍បច្ចុប្បន្នភាព​សេដ្ឋកិច្ច​នៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គឺជា​​ការត្រួតពិនិត្យមើល​ឡើង​វិញ​ពិស្តារ​របស់ធនាគារពិភពលោក ​លើ​សេដ្ឋកិច្ច​​នៅក្នុងតំបន់។ របាយការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយ​ពីរដងក្នុងមួយឆ្នាំ និង​​អាចរកមើលបាន​ដោយឥតគិតថ្លៃ​​នៅលើ​វេបសាយត៍ តាមអាសយដ្ឋាន៖ http://www.worldbank.org/eapupdate។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង សឹង្ហបូរី
Dini Djalal
ទូរស័ព្ទ: +62-21-5299-3156
ddjalal@worldbank.org
នៅ​​ក្នុង វ៉ាស៊ីនតោន
Jane Zhang
ទូរស័ព្ទ: +1 (202) 473-1376
janezhang@worldbank.org
នៅ​​ក្នុង កម្ពុជា
សារឿន ប៊ូ
ទូរស័ព្ទ: 855 23 861 300
sbou@worldbank.org




Api
Api

Welcome