គំនិត

ប្រជាជន​ដែល​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​នៅ​តែ​ងាយ​ធ្លាក់​ចូល​ភាព​ក្រីក្រ​វិញ

19 កុម្ភៈ 2014


អូលរិក ហ្សាចៅ ភ្នំពេញ ប៉ុស្តិ៍

កម្ពុជា​បាន​សម្រេច​លើស​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៃ​គោលដៅ​អភិវឌ្ឍ​សហស្សវត្សរ៍។ ម្យ៉ាង​ទៀត កម្ពុជា ក៏​ជា​ប្រទេស​ដែល​មាន​លទ្ធផល​ល្អ​បំផុត​នៅ​លើ​ពិភពលោក ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ពី​ឆ្នាំ ២០០៤ ដល់ ២០១១ ក្នុង​រយៈ​ពេល​តែ ៧ឆ្នាំ ប៉ុណ្ណោះ ចំនួន​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​គឺ​តិច​ជាង ១,១៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ បាន​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល​នៅ កម្ពុជា គឺ​ពី ៥៣ ភាគរយ​មក ២០,៥ ភាគរយ។ នោះ​មាន​ន័យ​ថា មាន​មនុស្ស​តែ​ពីរ​នាក់​ក្នុង​ចំណោម ១០ នាក់ ដែល​ក្រីក្រ បើ​ប្រៀប​ធៀប​នឹង​ចំនួន ៥ នាក់ កាល​ពី​ឆ្នាំ ២០០៤។ មាន​មូលហេតុ​ជាច្រើន​នៅ​ពី​ក្រោយ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដ៏​ខ្លាំង​នេះ។ កត្តា​ចម្បង​សំខាន់​បំផុត​ពីរ គឺ​ការ​កាន់​តែ​កើន​ឡើង​នូវ​តម្លៃ​ស្រូវ​អង្ករ និង​ការ​កើន​ឡើង នៃ​ការ​ផលិត​ស្រូវ​អង្ករ​ដែល​បាន​លើក​កម្ពស់​ប្រាក់​ចំណូល​កសិករ​និង ប្រាក់​ឈ្នួល​កសិករ ហើយ​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ជិត​ពាក់​កណ្តាល។

កំណើន​នៃ​ការ​ផលិត​ស្រូវ​អង្ករ​មួយ​ផ្នែក​ជំរុញ​ដោយ​បរិស្ថាន​វិជ្ជមាន នៅ​ខាង​ក្រៅ​ហើយ​ម្យ៉ាង​ទៀត ដោយ​សារ​តែ​លទ្ធភាព​ប្រើ​ប្រាស់​ផ្លូវ​ដោយ​កសិករ ដើម្បី​ដឹក​ជញ្ជូន​ផលិតផល​ទៅ​ទីផ្សារ លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ទីផ្សារ កាន់​តែ​ល្អ​ប្រសើរ​ឡើង​តាម​រយៈ​ទូរស័ព្ទ​ចល័ត ប្រព័ន្ធ​ធារាសាស្រ្ត​កាន់​តែ​ល្អ​ប្រសើរ និង​ទីផ្សារ​កសិកម្ម​មាន​លក្ខណៈ​សេរី។ កត្តា​ទាំង​នេះ​បាន​បង្កើត​បរិស្ថាន​ដែល​ល្អ​ប្រសើរ​ចំពោះ​កសិករ​ក្នុង​ការ​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ចំពោះ​ការ​ឡើង​ថ្លៃ​ផលិតផល។

ជាមួយ​នឹង​លទ្ធផល​កាត់​បន្ថយ​ភាព​ក្រីក្រ​ដ៏​អស្ចារ្យ​នេះ តើ​អ្នក​ក្រីក្រ​ពី​មុន​ទាំង​អស់​ទៅ​ទី​ណា? ចម្លើយ​ចំពោះ​សំណួរ​នេះ​គឺ ចេញ​ពី​ភាព​ក្រីក្រ ប៉ុន្តែ​មិន​បាន​ឆ្ងាយ​ប៉ុន្មាន​ទេ។ គ្រួសារ​ភាគ​ច្រើន​នៅ​តែ​នៅ​ជិត​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ដដែល។ ចំនួន​មនុស្ស​រស់​នៅ​ក្បែរ​ខ្សែ​បន្ទាត់​ក្រីក្រ ដែល​រស់​នៅ​រក​ប្រាក់​កម្រៃ​បាន​តិច​ជាង ២,៣០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ក្នុង​មួយ​នាក់​បាន​កើន​ឡើង​ដល់ ៨,១ លាន​នាក់​ក្នុង​ឆ្នាំ ២០១១ ពី ៤,៦ លាន​នាក់​ក្នុង​ឆ្នាំ ២០០៤។

ដោយ​សារ​រស់​នៅ​ក្បែរ​ភាព​ក្រីក្រ ពួកគេ​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ ក្នុង​ករណី​ជួប​វិបតិ្ត​ប្រាក់​ចំណូល​តិច​តួច​បំផុត។ ឧទាហរណ៍ ផល​ប៉ះពាល់​នៃ​ការ​បាត់​បង់​ប្រាក់​ចំណូល ១២០០ រៀល ក្នុង​មួយ​ថ្ងៃ (ប្រហែល ០,៣០ ដុល្លារ) នឹង​ធ្វើ​ឲ្យ​មនុស្ស​ប្រហែល ៣ លាន​នាក់​ធ្លាក់​ចូល​ភាព​ក្រីក្រ​វិញ។ នេះ​នឹង​បង្កើន​អត្រា​ភាព​ក្រីក្រ​ទ្វេ​ដង​ដល់ ៤០ ភាគរយ។

ខណៈ​ដែល កម្ពុជា ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​ឆាប់​រហ័ស​បំផុត​នៅ​ក្នុង​ប្រទេស ប្រជាជន​កម្ពុជា​និយាយ​ថា ពួក​គេ​សង្ឃឹម​មាន​អនាគត​រុងរឿង​ថែម​ទៀត ដែល​មិន​ផ្អែក​តែ​លើ​កម្លាំង​ពលកម្ម​ថោក​ប៉ុណ្ណោះ​ទេ។ ពួក​គេ​ចង់​បាន​ការងារ​ប្រសើរ​ជាង​មុន និង​ឱកាស​ស្មើ​គ្នា ដោយ​មិន​គិត​អំពី​ឋានៈ និង​ទ្រព្យ​សម្បតិ្ត​ឡើយ។ ការងារ​ល្អ​ប្រសើរ ទាំង​នៅ​តំបន់​ទីក្រុង និង​ជនបទ កាន់​តែ​មាន​សារ​សំខាន់​ថែម​ទៀត ព្រោះ​តម្លៃ​ទំនិញ​អាច​មិន​បន្ត​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ថ្ងៃ​អនាគត ដូច​រយៈ​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ។


" ខណៈ​ដែល កម្ពុជា ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​ឆាប់​រហ័ស​បំផុត​នៅ​ក្នុង​ប្រទេស ប្រជាជន​កម្ពុជា​និយាយ​ថា ពួក​គេ​សង្ឃឹម​មាន​អនាគត​រុងរឿង​ថែម​ទៀត ដែល​មិន​ផ្អែក​តែ​លើ​កម្លាំង​ពលកម្ម​ថោក​ប៉ុណ្ណោះ​ទេ "
Image

អូលរិក ហ្សាចៅ

នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកសម្រាប់កម្ពុជា

តើ​កម្ពុជា អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បន្ថែម​ទៀត ដោយ​របៀប​ណា ដោយ​ជួយ​ប្រជាជន​ក្រីក្រ​ដែល​នៅ​សល់ ២០ ភាគរយ ឲ្យ​ងើប​ចេញ​ពី​ភាព​ក្រីក្រ ព្រម​ទាំង​បង្ការ​អ្នក​រស់​នៅ​ក្បែរ​ខ្សែ​បន្ទាប់​ភាព​ក្រីក្រ​កុំ​ឲ្យ​ធ្លាក់​ចូល​ភាព​ក្រីក្រ​វិញ ដោយ​គ្រាន់​តែ​ជួប​បញ្ហា​សេដ្ឋកិច្ច​បន្តិច​បន្តួច? ដោយ​គិត​អំពី​គោលដៅ​ទាំង​ពីរ​នេះ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ថ្មី​របស់ កម្ពុជា សង្កត់​ធ្ងន់​លើ​កំណើន និង​សមភាព។ សកម្មភាព និង​កម្មវិធី​មួយ​ចំនួន​អាច​ជួយ​លើក​ប្រជាជន​ច្រើន​ថែម​ទៀត​ឲ្យ​ងើប​ពី​ភាព​ក្រីក្រ។

-ការ​បង្កើត​លទ្ធភាព​ប្រើ​ប្រាស់ និង​លើក​កម្ពស់​គុណភាព​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​នៅ​ជនបទ ដូចជា​ផ្លូវ​ថ្នល់ គម្រោង​ធារាសាស្រ្ត ការ​ផ្គត់​ផ្គង់​អគ្គិសនី និង​ទឹក និង​អនាម័យ។ សរុប​មក​ប្រជាជន​ក្រីក្រ ៩០ ភាគរយ​រស់​នៅ​តាម​ជនបទ។

-គាំទ្រ​កុមារ​នៅ​ជនបទ​ឲ្យ​ចាប់ផ្តើម ការ​សិក្សា​នៅ​វ័យ​កុមារ​និង​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ក្នុង​ចំណោម​សហគមន៍​ជនជាតិ​ភាគតិច គឺជា​គន្លឹះ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ អាហារូបករណ៍​ការ​ផ្តល់​អាហារ​នៅ​សាលា​ការ​ផ្ទេរ​សាច់​ប្រាក់ និង​កម្មវិធី​ប្រហាក់​ប្រហែល​បាន​ជួយ​កាត់​បន្ថយ​អត្រា​លះបង់​ការ សិក្សា​នៅ​សាលា​មធ្យម​សិក្សា។

-កម្មវិធី​រួម​ដើម្បី​ធ្វើ​ការ​កាត់​បន្ថយ​កង្វះ​អាហារូបត្ថម្ភ​សម្រាប់​កុមារ​ដោយ​មាន​ការ​តាម​ដាន​ជា​លក្ខណៈ​ប្រព័ន្ធ លើ​ការ​រីក​លូត​លាស់​របស់​កុមារ ដោយ​មន្ទីរ​សុខាភិបាល គឺជា​អាទិភាព ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ កម្មវិធី​តាម​សហគមន៍​អាច​កាត់​បន្ថយ​ការ​បត់​ជើង​ធំ​នៅ​ទីវាល និង​លើក​កម្ពស់​ទម្លាប់​បរិភោគ​អាហារ​ការ​បន្ថែម​ជីវជាតិ​ក្នុង​អាហារ។ ការ​បង្កើន​សេវា Health Equity Fund ដែល​ជា​គម្រោង​ផ្តល់​លទ្ធភាព​ថែទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ ដល់​ប្រជាជន​ក្រីក្រ​បំផុត ការ​ចុះ​ផ្សព្វ​ផ្សាយ ដែល​បាន​ពង្រីក​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​សុខភាព​របស់​មូលនិធិ ក៏​អាច​ចូល​រួម​ចំណែក​កាត់​បន្ថយ​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ផង​ដែរ។

-ការ​ត្រួត​ពិនិត្យ​កាន់​តែ​តឹងរ៉ឹង មក​លើ​អ្នក​ផ្តល់​សេវា​ឯកជន និង​អ្នក​ផ្គត់​ផ្គង់​ថ្នាំ នៅ​ក្រៅ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ ដើម្បី​ទប់​ស្កាត់​ថ្នាំ​ក្លែង​ក្លាយ ក៏​អាច​ជួយ​លើក​កម្ពស់​គុណភាព​ថែទាំ​សុខភាព​ផង​ដែរ។

-កម្មវិធី​ពង្រឹង​ការ​ផលិត​ស្រូវ​អង្ករ​ដើម្បី​ប្រាក់​ចំណេញ​តាម​រយៈ​ការ​ផ្គត់ផ្គង់​ពូជ​ល្អ និង​សេវា​តាម​ជនបទ​ប្រកប​ដោយ​ប្រសិទ្ធភាព​ថែម​ទៀត អាច​ជួយ​កសិករ​ផ្លាស់​ប្តូរ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ​គ្រាន់​តែ​ចិញ្ចឹម ជីវិត ទៅ​រក​ការ​ធ្វើ​ស្រែ​ចម្ការ​បែប​ពាណិជ្ជកម្ម​វិញ។ ក៏​មាន​គោល​នយោបាយ និង​កម្មវិធី​ដែល​ជួយ​បង្ការ​អ្នក​រស់​នៅ​ក្បែរ​ខ្សែ​បន្ទាត់​ក្រីក្រ កុំ​ឲ្យ​ធ្លាក់​ចូល​ទៅ​ភាព​ក្រីក្រ​ផង​ដែរ។ ការ​លើក​កម្ពស់​ពិពិធកម្ម​ដំណាំ​ក្រៅ​ពី​ស្រូវ នឹង​មាន​សារៈ​សំខាន់។

គ្រួសារ​នៅ​ជនបទ​ក៏​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ឱកាស​ការងារ​ក្រៅ​កសិដ្ឋាន និង​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង ដើម្បី​ជំរុញ​ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍​នៅ​តំបន់​ទីក្រុង និង​ជនបទ។ កិច្ច​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ដើម្បី​អនុវត្ត​យុទ្ធសាស្រ្ត​ការពារ សង្គម​ជាតិ អាច​គាំទ្រ​ប្រជាជន​មិន​មែន​ជា​អ្នក​ក្រីក្រ។ ការ​បន្ត​មាន​វឌ្ឍនភាព​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក៏​អាច​កើត​ឡើង​ផង​ដែរ។ ការ​ជួយ​គ្រួសារ​ដែល​ទើប​តែ​ងើប​ចេញ​ពី​ភាព​ក្រីក្រ ក៏​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ។ ដោយ​មាន​គោល​នយោបាយ​និង​កម្មវិធី​រឹងមាំ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ គោល​ដៅ​ទាំង​ពីរ​អាច​សម្រេច​បាន។ តាម​ពិត​គោល​នយោបាយ និង​កម្មវិធី​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​បំពេញ​នូវ​ក្តី​សង្ឃឹម​និង ការ​រំពឹង​ទុក ដែល​បាន​ជំរុញ​ដោយ​កំណើន​សេដ្ឋកិច្ច​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ។ រដ្ឋាភិបាល កម្ពុជា និង​ធនាគារ​ពិភពលោក បាន​រៀបចំ​រួម​គ្នា​នូវ​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​វាយតម្លៃ ភាព​ក្រីក្រ​នៅ​ពេល​រសៀល ថ្ងៃ ទី២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅ​សណ្ឋាគារ​ភ្នំពេញ​ដែល​ផ្តល់​ឱកាស​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​និង សកម្មភាព​កាត់​បន្ថយ​ភាព​ក្រីក្រ​បន្ថែម​ទៀត។


Api
Api

Welcome