សង្ខេបរំលេចសាច់រឿង
- ភូមិជនជាតិដើមភាគតិចជាអ្នកទទួលផលពីមូលនិធិអភិវឌ្ឍន៍សង្គម ជាគម្រោងរួមគ្នារវាងធនាគារពិភពលោក និងប្រទេសជប៉ុន សម្រាប់ជួយដល់របរចិញ្ចឹមជីវិតរបស់សហគមន៍នៅភាគខាងជើងប្រទេសកម្ពុជា។
- កសិករ ៤០០នាក់ ទទួលបានការបណ្តុះបណ្តាល ដោយក្នុងនោះ ១៥០នាក់កំពុងប្រើប្រាស់បច្ចេកទេសអនុវត្តន៍កសិកម្មល្អ (GAP)។
- យុវជនចំនួន ៦២៦នាក់ ក្នុងនោះមានស្ត្រីចំនួន ៤១៣នាក់ ទទួលបានបានការបណ្តុះបណ្តាលផ្នែកសហគ្រិនភាព និងលទ្ធភាពទទួលបានទីផ្សារ និងការកែច្នៃអាហារ។ មានអាជីវកម្មថ្មីចំនួនប្រាំដែលបង្កើតឡើងដោយក្រុមយុវជន។
- អនុវិទ្យាល័យចំនួន ៣ មានផ្ទះសួនបន្លែសរីរាង្គ។
ក្រឡា ជាឈ្មោះភូមិរបស់ជនជាតិដើមភាគតិចគ្រឹង ក្នុងខេត្តរតនគិរី នៅភាគខាងជើងនៃប្រទេសកម្ពុជា។ នៅទីនោះ អ្នកស្រី ស៊ឺន តុលា មានទឹកមុខស្រស់ស្រាយ នៅពេលអង្គុយរៀបរាប់អំពីការប្រែប្រួលនៃជីវភាពរបស់គាត់ ក្រោមម្លប់នៃផ្ទះបន្លែ ក្បែរមាត់អូរតូចមួយ។ “ខ្ញុំសប្បាយចិត្តជាមួយអ្វីដែលខ្ញុំរកបាន” អ្នកស្រីពោលក្នុងទឹកមុខញញឹម រួចបន្តទៀតថា៖ “នៅរដូវប្រាំងខ្ញុំអាចរកបានប្រហែល ២៥ម៉ឺនរៀល ក្នុងមួយថ្ងៃ”។
ចំណូល ២៥ម៉ឹនរៀល ក្នុងមួយថ្ងៃ ជាទឹកប្រាក់ច្រើនគួរសមសម្រាប់អ្នករស់នៅជនបទដូចអ្នកស្រី ស៊ឺន តុលា។ ប៉ុន្តែ វាមិនមែនជាចំណូលរកបានដោយចៃដន្យនោះទេ គឺបានមកដោយសារតែអ្នកស្រី តុលា បានផ្លាស់ប្តូរពីការដាំដុះតាមទម្លាប់ ទៅប្រើប្រាស់បច្ចេកទេសអនុវត្តន៍កសិកម្មល្អ ដែលនាំឱ្យគាត់អាចរកបានប្រាក់ចំណូលបន្ថែម សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរជាងមុន។
រៀងរាល់ព្រឹក និងពេលល្ងាច អ្នកស្រី ស៊ឺន តុលា បេះត្រសក់, ននោង, សណ្តែកវែង, ត្រឡាច, ល្ពៅ, ស្ពៃក្រញាញ់, ពោត និងផលិតផលផ្សេងៗទៀត រួចហើយដឹកវាលើម៉ូតូទៅលក់នៅតាមភូមិក្បែរខាង។ ពេលមានផលច្រើនពេក កូនស្រីរបស់ជួយប្រមូលយកទៅលក់នៅទីផ្សារក្នុងទីរួមខេត្ត។
អ្នកស្រី តុលា ជាអ្នកទទួលផលមួយរូប ពី “គម្រោងរបរចិញ្ចឹមជីវិតមានចីរភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចកម្ពុជា” ដែលគាំទ្រដោយ មូលនិធិអភិវឌ្ឍន៍សង្គមរវាងធនាគារពិភពលោក និងប្រទេសជប៉ុន។ តាមរយៈគម្រោងនេះ នាង តុលា បានទទួលការបណ្តុះបណ្តាលអំពីរបៀបអនុវត្តក្នុងការដាំដុះ ដូចជាការកែលម្អដី និងគ្រាប់ពូជ និងរបៀបជ្រើសរើសការដាំដុះតាមរដូវកាល ជាដើម។ គាត់ក៏ធ្លាប់បានចូលរួមផងដែរក្នុងដំណើរទស្សនកិច្ចសិក្សាមើលការអនុវត្តកសិកម្មជោគជ័យ ដែលរៀបចំដោយមជ្ឈមណ្ឌលវិភាគបញ្ហាអភិវឌ្ឍន៍ (Analyzing Development Issues Center)។
មជ្ឈមណ្ឌលនេះបានទទួលជំនួយឥតសំណងចំនួន ២,៧៥ លានដុល្លារអាមេរិក ពីមូលនិធិអភិវឌ្ឍន៍ សង្គមរបស់ប្រទេសជប៉ុន តាមរយៈធនាគារពិភពលោក ដើម្បីអនុវត្តគម្រោងនេះនៅក្នុងខេត្តចំនួនពីរ គឺ ខេត្តមណ្ឌលគិរី និង រតនគិរី។ គម្រោងនេះត្រូវបានរៀបចំឡើងជាការបំពេញបន្ថែមដល់ “គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី៣” ដែលទទួលហិរញ្ញប្បទានពី ធនាគារពិភពលោក។
គម្រោងនេះធ្វើការជាមួយកសិករគំរូចំនួន ៤០០នាក់ ដែលបានផ្ទេរចំណេះដឹងដែលពួកគេបានរៀនចេះ ទៅឱ្យអ្នកភូមិ និងយុវជន ជាង ១៣០០នាក់ ផ្សេងទៀត។ អ្នកចូលរួមបានរៀនជំនាញសហគ្រិន និងចំណេះដឹងជាក់ស្តែងក្នុងការដាំដុះ និងកែច្នៃខ្នាតតូចនៃកសិផលក្នុងស្រុក និងរៀនអំពីរបៀបផលិតទំនិញច្រើនមុខទៀត មានដូចជា ចេកឆាប, ល្ពៅឆាប, និងត្រាវឆាប, ទឹកសណ្តែក, សាប៊ូ និងត្រសក់ជ្រក់ ជាដើម។
នៅលើគ្រែឬស្សីមួយ យុវជនមួយក្រុមកំពុងប្រញឹកដៃចិតចេកធ្វើអាហារចេកក្រៀម។ លោកស្រី សាណុក ណាងជ្រៀប អនុប្រធានក្រុមយុវជនកែច្នៃអាហារនៅភូមិក្រិះ ឃុំពយ ស្រុកអូរជុំ ខេត្ត រតនគិរី ពោលកោតសរសើរអំពីឥទ្ធិរបស់ “គម្រោងរបរចិញ្ចឹមជីវិតមានចីរភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចកម្ពុជា” នៅក្នុងការជួយដល់យុវជន ជាពិសេសអ្នកដែលបានបោះបង់ការសិក្សា ឱ្យមានការងារធ្វើ និងរកប្រាក់ចំណូលបានសម្រាប់ចិញ្ចឹមជីវិត។
លោកស្រី សាណុក ណាងជ្រៀប មានប្រសាសន៍ថា៖“គម្រោងនេះបានជួយយើងយ៉ាងច្រើន ដូចជា ការផ្តល់សម្ភារសម្រាប់ផលិតអាហារចំណិត, ការបណ្តុះបណ្តាល និងការបង្កើតក្រុមផលិតករយុវជន ជាដើម។ បើគ្មានការគាំទ្រពីគម្រោងទេ យើងពិតជាមិនអាចទិញសម្ភារផលិតបានទេ ព្រោះវាថ្លៃណាស់”។
លោកស្រី ណាងជ្រៀប និងសមាជិកក្រុមយុវជនរបស់គាត់ មានការផុសគំនិតក្រោយពីបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនកែច្នៃអាហារចំណិតផ្លែចេក។ ដំណើរទស្សនកិច្ចសិក្សានោះបានធ្វើឱ្យពួកគេភ្ញាក់ខ្លួនដឹងថានេះជាការងារមួយល្អ ដោយសារសហគមន៍របស់ពួកគេសម្បូរផ្លែចេកណាស់ ដែលអ្នកភូមិមិនប្រើធ្វើអ្វីក្រៅតែពីធ្វើនំ នោះទេ។ ប៉ុន្តែ ពេលនេះ ពួកគេដឹងថាពួកគេអាចបង្កើតផលិតផលជាច្រើនប្រភេទចេញពីផ្លែចេក ហើយអាចរក្សាទុកបានយូរជាងផ្លែឈើស្រស់។
នៅ ភូមិស្រីល្វី ស្រុកកែវសីមា ខេត្តមណ្ឌលគិរី យុវជនជាច្រើន បានឆ្លងកាត់ស្ថានភាពស្រដៀងគ្នាដែរ។ នៅទីនោះ ពលរដ្ឋកំពុងស្វែងរកជំនាញសម្រាប់ជួយទ្រទ្រង់យុវជនដែលបោះបង់ចោលការសិក្សា ហើយគ្មានការងារធ្វើ។ លោកស្រី គ្រឿង ណារី ប្រធានក្រុមយុវជនក្នុងភូមិស្រីល្វី ឃើញថាមានយុវជនជាច្រើនបានបោះបង់ចោលការសិក្សា និងគ្មានការងារធ្វើ។ ហេតុនេះ លោកស្រីគិតថា ការទទួលបានជំនាញអាចជួយពួកគេឱ្យបង្កើតក្រុមផលិតកម្ម សម្រាប់រកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។
លោកស្រី គ្រឿង ណារី មានប្រសាសន៍ថា៖ “ក្រោយពីឈប់រៀន យុវជនទាំងនេះនាំគ្នាទៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ តាមទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេ។ យ៉ាងណាក៏ដោយ ការពឹងផ្អែកលើការធ្វើកសិកម្មតែមួយមុខ ពួកគេគ្មានជំនាញអ្វីជាក់លាក់សម្រាប់ប្រើនៅថ្ងៃអនាគតទេ។ យើងមិនអាចពឹងផ្អែកទាំងស្រុងលើធនធានធម្មជាតិ ឬកសិកម្មសម្រាប់ចិញ្ចឹមជីវិតបានទេ។ ទាល់តែមានជំនាញបន្ថែម ទើបយើងអាចធ្វើឱ្យជីវភាពរបស់យើងប្រសើរឡើង”។
ជាសមាជិកនៃជនជាតិដើមភាគតិចពូនងមួយរូប លោកស្រី គ្រឹង ណារី និងក្រុមរបស់នាង ធ្លាប់ប្រកបរបរធ្វើស្រូវចម្ការពនេចរ និងរស់នៅក្បែរដែនជម្រកសត្វព្រៃ។ កត្តានេះ បានកម្រិតនូវលទ្ធភាពរបស់ពួកក្នុងការធ្វើកសិកម្ម នៅលើដីដែលពួកគេកាន់កាប់ ប៉ុន្តែមិនអាចពង្រីកធំបាន។ ប៉ុន្តែ តាមរយៈគម្រោងខាងលើ ពួកគេបានរៀនពីរបៀបដាំសណ្តែកសៀង ហើយយកវាទៅផលិតចេញជាទឹកសណ្តែក សម្រាប់លក់ក្នុងសហគមន៍ ធ្វើឱ្យពួកគេមានក្តីសង្ឃឹមឡើងវិញ ជាមួយឱកាសក្នុងការកសាងអនាគតឱ្យបានប្រសើរឡើង។
បច្ចុប្បន្ន ក្រុមយុវជនលក់ទឹកសណ្តែកតាមការបញ្ជាទិញ។ សម្រាប់ថ្ងៃមុខ ពួកគេមានគម្រោងធ្វើការផ្សព្វផ្សាយទីផ្សារបន្ថែមទៀត ហើយនឹងពង្រីកមុខផលិតផលបន្ថែម ក្រៅពីទឹកសណ្តែក ដោយបន្ថែមទឹកផ្លែឈើធ្វើពីផ្លែប៉ាស្យុង, ធាងប្រទាល, ផ្លែស្រកានាគ, និងផ្លែឪឡឹក ផងដែរ។
លោកស្រី ណារី និង ណាងជ្រៀប ចង់ប្រាប់គេថា ក្រុមជនជាតិភាគតិច ក៏មានសមត្ថភាពសម្រេចកិច្ចការធំៗបានដូចគេដែរ។
លោកស្រី ណាងជ្រៀប មានប្រសាសន៍ថា៖ “ក្រុមរបស់យើងចង់ឱ្យប្រជាជនបានភ្លក្សរសជាតិចេកឆាបរបស់យើង និងចង់ឱ្យពួកគេដឹងថាជនជាតិដើមភាគតិចក៏មានសមត្ថភាពដែរ។ ជនជាតិដើមភាគតិចមិនមែននៅតែរស់តាមបែបប្រពៃណីរហូតដូចមុនៗ ដែលប្រពន្ធស្ពាយកាផា ហើយប្តីលីកាំបិតទៅវាលស្រែ ឬចម្ការ នោះទេ។ យើងចង់ឱ្យមនុស្សឯទៀតយល់ថាយើងជានរណា ហើយអាចធ្វើអ្វីបានខ្លះ។ ដូច្នេះ នៅពេលដែលពួកគេភ្លក្សរសជាតិអាហារកែច្នៃរបស់យើងហើយ ពួកគេនឹងលាន់មាត់ថា "អីយ៉ា! ឆ្ងាញ់តើ! ជនជាតិដើមភាគតិចអាចធ្វើអ្វីៗបានដូចគេដូចឯងដែរតើ!។”