សង្ខេបគោលៗ៖ · ការផ្តល់លទ្ធភាពទទួលបានដោយសមធម៌នូវសេវាសុខាភិបាល និងអាហារូបត្ថម្ភប្រកបដោយគុណភាព សម្រាប់ស្ត្រី និងកុមារក្នុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិត នៅតែជាបញ្ហាប្រឈម នៅក្នុងប្រទេសកម្ពុជា។ · តាមរយៈគម្រោងអាហារូបត្ថម្ភនៅកម្ពុជា រដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ប្រព័ន្ធសុខាភិបាល និងអាហារូបត្ថម្ភ ដើម្បីផ្តល់ឱ្យអាជ្ញាធរមូលដ្ឋាននូវសិទ្ធិសម្រេចច្រើនជាងមុន នៅក្នុងកិច្ចការគ្រប់គ្រង និងការផ្តល់សេវានៅក្នុងឃុំ សង្កាត់ និងភូមិរបស់ពួកគេ។ · គម្រោងនេះបានផ្តល់មូលនិធិសម្រាប់ការជ្រើសរើស និងបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលភូមិចំនួន ៤៤៥៩ នាក់ ក្នុងនោះស្ត្រីចំនួន ៣ ២៥៥ នាក់ និងគាំទ្រដល់ការផ្តល់សេវាមានគុណភាពខ្ពស់នៅទូទាំងខេត្តចំនួន ៩។ |
ឈឿម ស្រីរ័ត្ន សមាជិកក្រុមគាំទ្រសុខភាពភូមិ (ហៅកាត់ថា VHSGs) នៅភូមិចំបក់ផ្អែម នៅក្នុងខេត្តកំពង់ឆ្នាំង នៃភូមិភាគកណ្តាលប្រទេសកម្ពុជា។ នាងនិយាយថា៖ “ខ្ញុំពិតជារីករាយជាមួយនឹងការងាររបស់ខ្ញុំ ព្រោះវាជួយឱ្យខ្ញុំមានសុខភាពប្រសើរឡើង ហើយខ្ញុំអាចជួយស្ត្រីមានផ្ទៃពោះ ម្តាយដែលទើបឆ្លងទន្លេ ឬម្តាយដែលមានកូនដំបូង និងកូនក្មេងនៅក្នុងភូមិរបស់ខ្ញុំ ឱ្យយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ចំពោះសុខភាពរបស់ខ្លួន។”
ស្រីរ័ត្ន ជាសមាជិកក្រុមគាំទ្រសុខភាពភូមិ មួយរូបក្នុងចំណោមសមាជិកទាំងអស់ ៤៤៥៩នាក់ ក្នុងនោះ ៣២៥៥នាក់ជាស្ត្រី ដែលត្រូវបានជ្រើសរើសយកមកបណ្តុះបណ្តាល តាំងពីឆ្នាំ២០២១ ដើម្បីជួយក្រុម គ្រួសារកម្ពុជា ឱ្យចេះផ្សារភ្ជាប់ខ្លួនជាមួយសេវាសុខភាព និងអាហារូបត្ថម្ភ នៅក្នុងមូលដ្ឋាន។ ដោយទទួលស្គាល់ថា ១ ០០០ ថ្ងៃដំបូង - គឺគិតចាប់ពីពេលម្តាយមានផ្ទៃពោះដល់ខួបកំណើតទីពីររបស់កូន - ជាដំណាក់កាលមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍរបស់កូនក្មេង រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ននេះ កំពុខិតខំកែលម្អគុណភាព និងសមត្ថភាពនៃសេវាសុខភាពមាតា និងទារកនៅមូលដ្ឋាន តាមរយៈគម្រោង អាហារូបត្ថម្ភនៅកម្ពុជា ។
សហគមន៍គ្រប់គ្រងសុខុមាលភាពរបស់ខ្លួន
នៅខាងកើត ភូមិ ប៊ូស្រា ខេត្តមណ្ឌលគិរី ឯណោះវិញ ម្ដាយវ័យក្មេងមួយរូបឈ្មោះ ពុន ព្រឺត បានរៀបរាប់អំពីការគាំទ្រដែលនាងទទួលបាន បន្ទាប់ពីដឹងថានាងមានផ្ទៃពោះ។ “ក្រុមគាំទ្រសុខភាពភូមិ បានណែនាំខ្ញុំឱ្យញ៉ាំអាហារដែលមានជីវជាតិគ្រប់គ្រាន់ និងត្រូវទៅពិនិត្យផ្ទៃពោះមុនពេលសម្រាល និងញ៉ាំថ្នាំគ្រាប់ជាតិដែកឱ្យបានគ្រប់គ្រាន់។ ខ្ញុំបានទៅពិនិត្យសុខភាពតាមការណែនាំ។ ខ្ញុំយល់ថា ពួកគេពិតជាមានប្រយោជន៍ខ្លាំងណាស់”។
ភូមិ ប៊ូស្រា ស្ថិតនៅក្នុងស្រុក ពេជ្រាដា និងក្នុងឃុំមួយក្នុងចំណោមឃុំ/សង្កាត់រដ្ឋបាលជាង ៦០ នៅក្នុងខេត្តទាំងប្រាំបួន — មាន ខេត្តមណ្ឌលគិរី, រតនគិរី, ក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ, កំពង់ឆ្នាំង, កោះកុង, ពោធិ៍សាត់ និង បន្ទាយមានជ័យ — ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។ អ្វីដែលជាស្នូលនៃភាពជោគជ័យរបស់គម្រោងនេះ គឺរបៀបដែលលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) សហការគ្នាជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យរដ្ឋបាលមូលដ្ឋានខិតខំឱ្យកាន់តែមានប្រសិទ្ធភាពឡើង ក្នុងការប្រមូលផ្តុំសហគមន៍ និងធនធាន ក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម នី គឹមសាន នាយកគម្រោងអាហារូបត្ថម្ភកម្ពុជានៅក្នុង គជអប មានប្រសាសន៍ថា៖ “យើងមានមោទកភាពចំពោះវិធីដែលគម្រោងនេះបានជួយ ក្នុងការពង្រឹងការប្តេជ្ញាចិត្ត និងគណនេយ្យភាព ដើម្បីកែលម្អឱ្យប្រសើរនូវលទ្ធភាពមាន និងគុណភាពនៃសេវាសុខភាព និងអាហារូបត្ថម្ភជាអាទិភាព សម្រាប់សហគមន៍មូលដ្ឋាន។ បច្ចុប្បន្ននេះ យើងកំពុងធ្វើការតាមរយៈរចនាសម្ព័ន្ធរដ្ឋភិបាលក្នុងតំបន់ដែលមានស្រាប់ ដើម្បីកាត់បន្ថយភាពបែកខ្ញែកនៃសេវាកម្ម និងបង្កើននិរន្តរភាពរបស់វា។”
ស្របតាមគោលនយោបាយវិមជ្ឈការរបស់កម្ពុជា គម្រោងនេះលើកទឹកចិត្តឱ្យរដ្ឋបាលស្រុក និងក្រុង ឱ្យជួយក្រុមប្រឹក្សាឃុំ សង្កាត់ និងភូមិ ក្នុងការកំណត់បញ្ហាសុខភាព រួចរៀបចំផែនការ ថវិកា និងអនុវត្តសកម្មភាពនានា ដែលសំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន។ ឧទាហរណ៍ ក្រុមគាំទ្រសុខភាពភូមិ ជួយមណ្ឌលសុខភាពផ្តល់សេវាផ្សព្វផ្សាយដល់ប្រជាជននៅតាមតំបន់ចុងកាត់មាត់ញកដាច់ស្រយាល ដែលពិបាកទៅដល់ តាមរយៈការរៀបចំឱ្យមានផែនទីអំពីផ្ទះគ្រួសារស្ថិតក្នុងដំណាក់កាល ១០០០ថ្ងៃដំបូង។ ការធ្វើរបៀបនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់តាមដានការលូតលាស់របស់កុមារ, ការពិនិត្យរកមើលកង្វះអាហារូបត្ថម្ភ, ការប្រាស្រ័យទាក់ទងសម្រាប់ជូនដំណឹងអំពីទម្លាប់សុខភាព និងអាហារូបត្ថម្ភល្អប្រសើរ, និងការជំរុញឱ្យប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ដែលជាផ្នែកមួយនៃបេឡាជាតិរបបសន្តិសុខសង្គម ដែលរួមចំណែកដល់ការបង្កលទ្ធភាពឱ្យបានច្រើនសម្រាប់ការទទួលបាននូវសេវាថែទាំសុខភាពសំខាន់ៗ។
អ្នកស្រី ឃ្លោក កែវស៊ីងងាប ដែលជាសមាជិកក្រុមប្រឹក្សាឃុំប៊ូស្រាទទួលបន្ទុកបញ្ហាស្ត្រី និងកុមារ មានប្រសាសន៍ថា៖ “នៅក្នុងមួយភូមិ យើងមានបុគ្គលិកក្រុមគាំទ្រសុខភាពភូមិចំនួនពីរនាក់។ អ្នកទាំងនេះសុទ្ធតែត្រូវបានជ្រើសរើសដោយគណៈកម្មាធិការឃុំ ដើម្បីឱ្យជួយដោះស្រាយបញ្ហាសុខភាព និងអាហារូបត្ថម្ភនៅក្នុងភូមិ។ [តាមរយៈពួកគេ] យើងទទួលបានព័ត៌មានពាក់ព័ន្ធលឿនជាងមុន ហើយប្រសិនបើបញ្ហាណាមួយកើតឡើងដែលក្រុមមិនអាចដោះស្រាយបាន ពួកគេរកយើងឱ្យផ្តល់ដំបូន្មានថាតើគួរធ្វើដូចម្តេច។”
ជំនួយរបស់មូលដ្ឋានសម្រាប់គ្រួសារស្ថិតក្នុងដំណាក់កាល ១០០០ ថ្ងៃដំបូង
ក្រៅពីក្រុមគាំទ្រសុខភាពភូមិ គម្រោងក៏ជួយដល់មណ្ឌលសុខភាព ផងដែរ ក្នុងការកែលម្អគុណភាពនៃសេវាកម្មដែលពួកគេផ្តល់ ដើម្បីឱ្យម្តាយ និងកូនៗរបស់ពួកគេ ទទួលបានការថែទាំ និងព័ត៌មានអំពីសុខភាព និងអាហារូបត្ថម្ភ ដែលចាំបាច់សម្រាប់ពួកគេ។
លោកវេជ្ជបណ្ឌិត ឆាង ឃុន ប្រធានមណ្ឌលសុខភាព ពេជ្រាដា ក្នុងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា៖ “ឆ្មបណែនាំឱ្យមាតាបិតា ប្រើប្រាស់សេវារបស់យើងចាប់ពីថ្ងៃដំបូង។ ម្តាយដែលសម្រាលកូននៅមណ្ឌលសុខភាព ត្រូវបានបង្រៀនឱ្យដាក់ទារកទើបនឹងកើតនៅលើដើមទ្រូងរបស់ពួកគេ ក្នុងរយៈពេល ២៤ម៉ោងដំបូង និងឱ្យបំបៅកូនដោយទឹកដោះម្តាយសុទ្ធ ក្នុងអំឡុងពេលប្រាំមួយខែដំបូង។ ទឹកដោះម្តាយផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំរបស់ទារក និងការលូតលាស់ផ្នែកបញ្ញា និងផ្តល់នូវការការពារប្រឆាំងនឹងជំងឺផ្សេងៗ។”
តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យគុណភាពជាតិថ្មី ក្រសួងសុខាភិបាលបានបង្កើនការយកចិត្តទុកដាក់ លើគុណភាពនៃការផ្តល់ប្រឹក្សាមុនពេលសម្រាល និងក្រោយពេលសម្រាលសម្រាប់ម្តាយ, លើការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ, និងលើស្ថានភាពអាហារូបត្ថម្ភរបស់ម្តាយ និងកូន។ ក្រុមការងារថ្នាក់ស្រុក វាយតម្លៃការអនុវត្តរបស់គ្រឹះស្ថានសុខាភិបាល តាមរយៈការវាស់ស្ទង់ការអនុវត្តរបស់បុគ្គលិកសុខាភិបាល, ភាពមាននៃឱសថ និងឧបករណ៍បរិក្ខារសំខាន់ៗ និងកម្រិតនៃការពេញចិត្តរបស់អ្នកជំងឺ។ នៅពេលរកឃើញថាគ្រឹះស្ថានសុខាភិបាលណាមួយ បំពេញបានតាមគោលដៅកំណត់ ហើយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ក្រសួងសុខាភិបាលនឹងផ្តល់ជំនួយផ្តល់សេវា (service delivery grants) ដល់គ្រឹះស្ថាននោះ។ លទ្ធផលវាយតម្លៃបង្ហាញឱ្យឃើញថាមានការកែលម្អជាបន្តបន្ទាប់ ទាំងចំណេះដឹង និងជំនាញការងាររបស់បុគ្គលិកសុខាភិបាល និងការពេញចិត្តចំពោះសេវាសុខភាពមាតា និងទារក និងអាហារូបត្ថម្ភដែលផ្តល់ដល់សហគមន៍។
ភាពជាដៃគូដែលកសាងមូលធនមនុស្ស
គម្រោងមានតម្លៃ ៦២,៥ លានដុល្លារអាមេរិក នេះ ជាហិរញ្ញប្បទានរួមគ្នាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា, រដ្ឋាភិបាលអូស្ត្រាលី, ធនាគារអភិវឌ្ឍន៍ KfW របស់អាល្លឺម៉ង់ គ្រឹះស្ថានហិរញ្ញវត្ថុសកល និង សមាគម អភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាភ្នាក់ងារផ្តល់កម្ចីសម្បទានរបស់ក្រុមធនាគារពិភពលោក។