Skip to Main Navigation
រឿងពិសេស23 ឧសភា 2024

បទពិសោធន៍របស់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងត្រៀមខ្លួនសម្រាប់ភាពអាសន្ននាពេលអនាគត

The World Bank

អ្នកបច្ចេកទេសនៅមន្ទីរពិសោធន៍បង្អែកជាតិ ក្រសួងសុខាភិបាល កំពុងធ្វើតេស្តរកមេរោគកូវីដ-១៩។ ©ធនាគារពិភពលោក

នៅពេលដែលអង្គការសុខភាពពិភពលោកប្រកាសថា កូវីដ-១៩ ជាជំងឺរាតត្បាតសកល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ​ប្រទេសភាគច្រើន​មិន​​បានត្រៀមលក្ខណៈជាមុន​សម្រាប់ការ​ផ្ទុះឡើង​នៃមេរោគនេះទេ ដែលមិនយូរប៉ុន្មាន​បាន​រីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។ កម្ពុជាក៏ស្ថិតនៅក្នុងចំណោម​ប្រទេស​ភាគច្រើននោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលកម្ពុជាបានធ្វើ​ការ​ឆ្លើយតបភ្លាមៗ តាម​រយៈផែនការសកម្មភាពជាតិសម្រាប់​ទប់​ស្កាត់​មេរោគកូវីដ-១៩ ដែលដាក់ចេញនូវវិធានការនានាសម្រាប់​បង្កើន​ការ​រកឃើញ និងគ្រប់គ្រងករណីឆ្លងមេរោគ និងបង្កើនការ​បម្រុង​ស្តុកសម្រាប់​ការផ្គត់ផ្គង់សម្ភារ​ និងគ្រឿង​បរិក្ខារវេជ្ជសាស្ត្រសំខាន់ៗ។ ផែនការសកម្មភាពនេះ​ក៏បាននាំមកនូវ​វិធានការទូលំទូលាយជា​ច្រើន​ សម្រាប់​ពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជា ដែលសព្វថ្ងៃនេះកំពុងឈរលើមូលដ្ឋាន​រឹងមាំមួយសម្រាប់កម្ពុជាក្នុងការឆ្លើយ​តបទៅ​នឹង​ភាពអាសន្ននានា​ នៅពេលអនាគត។

  ផែនការសកម្មភាពជាតិ គឺជា​អភិក្រម​អនុវត្ត​នៅ​​គ្រប់​ផ្នែកទាំងអស់​នៃរាជរដ្ឋាភិបាល ក្នុង​ការ​​ឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ និងការខូចខាតដល់សេដ្ឋកិច្ចសង្គមដែលបង្កឡើងដោយជំងឺកូវីដ។ កិច្ចសហការអន្តរជាតិមានសារៈសំខាន់ណាស់​ក្នុង​ការ​ជួយ​ឱ្យ​ផែនការ​សកម្ម​ភាព​ជាតិ​អនុវត្ត​បាន​ជោគជ័យ​​ និងផ្តល់ការគាំទ្រទាន់ពេលវេលាដល់គោលដៅយុទ្ធសាស្ត្រទាំងបួនរបស់យុទ្ធសាស្រ្តនេះ ក្នុងនោះមាន ការកាត់បន្ថយ និងពន្យារពេលការឆ្លង, ការកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងកាត់បន្ថយការស្លាប់ពាក់ព័ន្ធជាមួយ​កូវីដ, ការ​ធានាឱ្យ​មាន​ជា​ប្រចាំ​នូវសេវាសុខភាពសំខាន់ៗ, និងកាត់បន្ថយផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច។

ជំនួយរបស់ធនាគារពិភពលោកដល់ក្រសួងសុខាភិបាល តាមរយៈ គម្រោងឆ្លើយតបបន្ទាន់របស់កម្ពុជាទៅនឹង​ជំងឺកូវីដ-១៩ ចំនួន ២៤,៦១ លានដុល្លារអាមេរិក បានជួយប្រទេសនេះបំពេញការ​ខ្វះ​ខាតសំខាន់ៗក្នុងការអនុវត្តផែនការសកម្មភាពជាតិ។ នៅក្នុង​នោះរួម​មាន ការបង្កើនសមត្ថភាពវិនិច្ឆ័យរោគ​សម្រាប់មន្ទីរពិសោធន៍នៅ​តាម​មន្ទីរពេទ្យបង្អែកខេត្តនិងក្រុងទាំង ១៤ និងការទិញបរិក្ខារ​ និងសម្ភារៈពេទ្យចាំបាច់នានាដូចជា បំពង់ខ្យល់, ម៉ាស៊ីនតាមដានស្ថានភាពអ្នកជំងឺ និងម៉ាស៊ីនថតកាំរស្មីអ៊ិច ជាដើម​។ កញ្ចប់ជំនួយ​នេះថែមលើជំនួយចំនួន ១៤លានដុល្លារអាមេរិក ដែលពេលនោះ​កំពុង​ត្រូវបានបញ្ចេញឱ្យ​កម្ពុជា​តាមរយៈ សមាសភាគសម្រាប់បម្រុង​ដើម្បឆ្លើយតបពេលមានអាសន្ន (CERC) នៃគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល។ សមាសភាគ CERC ត្រូវបានយកមកអនុវត្ត​ដើម្បីបង្កើនសមត្ថភាពរបស់មន្ទីរពិសោធន៍ជាតិចំនួនពីរឱ្យ​បាន​យ៉ាងឆាប់រហ័ស, សាងសង់ និងបំពាក់មន្ទីរពិសោធន៍ប្រចាំតំបន់ចំនួនពីរ សម្រាប់ការធ្វើតេស្តរកកូវីដ-១៩ និង ទិញរថយន្តសង្គ្រោះបន្ទាន់ និងគ្រឿងបរិក្ខារ​វេជ្ជសាស្ត្រសម្រាប់ការបញ្ជូន និងព្យាបាលអ្នកជំងឺ នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩។

The World Bank

គិលានុបដ្ឋាយិកាចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ឱ្យ​ក្មេងប្រុសម្នាក់ នៅ​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ យុទ្ធនាការបែបនេះជួយកម្ពុជាចាក់វ៉ាក់សាំងការពារមេរោគបាន ៩៥% នៃប្រជាជនសរុប។ © ធនាគារពិភពលោក

ជំនួយរបស់ធនាគារពិភពលោកក៏បានជួយបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ សម្រាប់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង និងការិយាល័យមន្ទីរសុខាភិបាលខេត្តទាំង ២៥។ ទាំងអស់នេះ​បានក្លាយជាចង្កោម​មជ្ឈមណ្ឌលដ៏សំខាន់សម្រាប់​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ជា​ប្រចាំ​ក្នុង​ការ​តាមដានករណី, តាមដានមើល​ស្ថានភាពនៃការផ្ទុះជំងឺ​ក្នុងសហគមន៍, ការបញ្ជូនបន្តទៅព្យាបាល​ និងការព្យាបាល។ គម្រោងនេះក៏បានផ្គត់ផ្គង់គ្រឿង​បរិក្ខារ​សម្រាប់​រក្សាវ៉ាក់សាំងទុក​ឱ្យត្រជាក់ក្នុងអំឡុងពេលដឹកជញ្ជូន និងការទុកដាក់ ព្រមទាំងសេរ៉ាំង ទឹកជូតអាល់កុល និងសម្ភារប្រើប្រាស់ផ្សេងទៀត ដែលជាតម្រូវ​ការចាំបាច់​សម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩។

កិច្ចខិតខំប្រឹងប្រែងរបស់​កម្ពុជា​ក្នុង​ការ​ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ជា​សក្ខី​កម្ម​បញ្ជាក់សារជាថ្មីថា ការសម្របសម្រួលរឹងមាំរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ជាកត្តា​សំខាន់​ក្នុង​ការពង្រាយ​ធនធានបានកាន់តែលឿន និងមានប្រសិទ្ធភាពជាងមុន។ ការពិគ្រោះយោបល់ជា​ប្រចាំ​រវាងរាជរដ្ឋាភិបាល ធនាគារពិភពលោក ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ឈាន​ទៅ​កំណត់បាន​យ៉ាងរហ័សនូវសកម្មភាពអាទិភាពនៅក្នុងផែនការសកម្មភាពជាតិ​សម្រាប់​ឆ្លើយ​តប​កូវីដ-១៩។ តាមរយៈនេះ វាបានបង្ក​លក្ខណៈងាយស្រួលឱ្យដៃគូអភិវឌ្ឍន៍អាចចៀសវាងបាននូវការ​ធ្វើ​សកម្ម​ភាពត្រួត​គ្នា ក្នុងការផ្តល់មូលនិធិ និងសម្របសម្រួលហិរញ្ញវត្ថុជាមួយរាជរដ្ឋាភិបាល។

ជាមួយ​អភិក្រម​ដែលមាន​ភាពបុរេសកម្ម មាន​ការ​សម្របសម្រួល និង​មានការទ្រទ្រង់ធនធានល្អ កម្ពុជាបាន​ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះការគំរាមកំហែងភ្លាមៗនៃជំងឺរាតត្បាតកូវីដ។ បច្ចុប្បន្ន ៩៥% នៃប្រជាជនបានទទួល​ការ​ចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគនេះរួចហើយ​។

លើសពីការឆ្លើយតបភ្លាមៗ រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមសកម្មភាពមួយចំនួន សំដៅបន្តពង្រឹងការត្រៀមខ្លួនរបស់ប្រទេសសម្រាប់គ្រោះអាសន្នផ្នែកសុខភាពនាពេលអនាគត។ រាជរដ្ឋា​ភិបាល​បានផ្តល់កិច្ចសន្យាឱ្យ​ក្រុម​ហ៊ុន​មួយ​ធ្វើ​ការ​ជួសជុល និងអាប់ក្រេដមន្ទីរពិសោធន៍បង្អែកជាតិ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីឱ្យ​ក្លាយជាមន្ទីរពិសោធន៍ជីវសុវត្ថិភាពកម្រិត ៣ ថ្នាក់ជាតិដំបូងគេ នៅ​ក្នុង​ប្រទេស។ វានឹងក្លាយជាមន្ទីរពិសោធន៍ថ្នាក់ជាតិដំបូងគេដែលមានសមត្ថភាពគ្រប់គ្រងបាក់តេរីបង្កជំងឺដែលមានហានិភ័យខ្ពស់ និងមេរោគឆ្លងកម្រិត​ខ្ពស់ រួមទាំងការពិនិត្យមើលនៃប្រភេទវីរុសរបស់​កូវីដ-១៩ ដែលអាចប៉ះពាល់ដល់កោសិការផ្សេងៗគ្នាផងដែរ។ នេះគឺជាធាតុផ្សំ​សំខាន់មួយនៅ​ក្នុងសមត្ថភាពរបស់ប្រទេសសម្រាប់​ការឃ្លាំមើល, ការតាមដានការផ្ទុះជំងឺ, ការធ្វើរោគវិនិច្ឆ័យជំងឺ និងការស្រាវជ្រាវសុខភាពសាធារណៈសំខាន់ៗ។ ជាមួយ​គ្នា​នេះដែរ នាយកដ្ឋាន​គ្រប់គ្រងជំងឺឆ្លង កំពុងបង្កើតប្រព័ន្ធគ្រប់គ្រងជំងឺរាតត្បាត មួយ​សម្រាប់ប្រមូលទិន្នន័យ, គ្រប់គ្រងទិន្នន័យ​ និងច្របាច់ទិន្នន័យ​បញ្ចូលគ្នាប្រកបដោយប្រសិទ្ធភាព។ វានឹងក្លាយជាប្រព័ន្ធ​ផ្ទាំង​ព័ត៌មាន​រូបភាព​មួយ​ដែល​អនុញ្ញាត​ឱ្យ​គេ​អាច​តាម​ដាន​ជំងឺ​ក្នុង​ពេលវេលាជាក់ស្តែង ជួយ​ធានាបាននូវការរៀបចំ និងការត្រៀមខ្លួនបាន​កាន់តែល្អ សម្រាប់ការគ្រប់គ្រងទិន្នន័យជំងឺរាតត្បាតនាពេលអនាគត។

លើសពីនេះ កម្ពុជាកំពុងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់, រៀបចំ និងឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺរាតត្បាតនាពេលអនាគត តាមរយៈអភិក្រម​ “សុខភាពតែមួយ” ដែលគិតគូរ​អំពីសុខភាពមនុស្ស សត្វ និងបរិស្ថាន ជាចង្កោម​រួមគ្នា​។ ផ្អែកលើជំនួយឥតសំណងរបស់មូលនិធិជំងឺរាតត្បាត គម្រោងស្តីពីការ​បង្ការជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតបរបស់កម្ពុជា មានគោលដៅ​ជំរុញ​ឱ្យ​មាន​វឌ្ឍភាព​ថែម​ទៀត​ពីលើ​កំណែទម្រង់ដែលបានកើតឡើងក្នុងអំឡុងពេលជំងឺរាតត្បាត ដើម្បីបង្កើនសមត្ថភាព និងសមត្ថភាពនៃការឃ្លាំមើល សេវាមន្ទីរពិសោធន៍ និងធនធានមនុស្ស របស់​កម្ពុជា​។

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image