- គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងគម្រោងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់ការផ្តល់សេវាតាមរយៈគម្រោងគណនេយ្យភាពសង្គម គឺបានគាំទ្រដល់រដ្ឋបាលមូលដ្ឋាន និងអ្នកផ្តល់សេវានិងអង្គការសង្គមស៊ីវិលនៅកម្ពុជាដើម្បីលើកកម្ពស់គុណភាពនិងការទទួលខុសត្រូវលើសេវាសាធារណៈដែលបានកំណត់តាមរយៈការផ្តល់ដំណឹងនិងការចូលរួមរបស់ប្រជាពលរដ្ឋ និងតាមរយៈការពង្រឹងនិងការចូលរួមរបស់ស្ថាប័នអនុវត្តគណនេយ្យភាពទៅក្នុងប្រព័ន្ធរដ្ឋបាលមូលដ្ឋាន។
- គម្រោងទាំងពីរបានផ្តោតអាទិភាពចំពោះការផ្តល់ជូនដល់ ស្រ្តី យុវជន ជនជាត់ដើមភាគតិច និងប្រជាជនដែលមានពិការភាពនៅថ្នាក់មូលដ្ឋាន។
- ចាប់តាំងពីឆ្នាំ២០២០ មក គម្រោងទាំងនេះបានជួយដល់សាលាបឋមសិក្សាចំនួនជិត ៣០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះមានសាលាបឋមសិក្សា អធិបតី ក្នុងខេត្តសៀមរាប ផងដែរ ដែលសាលានេះ បានទទួលយកកុមារមានពិការភាពកាន់តែច្រើនមកបង្រៀន។
នៅក្នុងថ្នាក់រៀននៅសាលាបឋមសិក្សាអធិបតី ក្មេងៗបង្ហាញទឹកមុខចង់រៀនតួអក្សរថ្មីពីគ្រូរបស់ខ្លួន ខ្លាំងណាស់។ អង្គុយជុំវិញតុរាងមូល និងតុរាងពងក្រពើ ពួកគេនាំគ្នាផ្ចង់ស្មារតីលើការរៀនព្យញ្ជនៈខ្មែរ។ ថ្នាក់នេះគឺជាថ្នាក់ពិសេសមួយ ដែលត្រូវបានរៀបចំឡើងសម្រាប់កុមារមានពិការភាព ដែលអាចរៀនមិនទាន់គេ ប្រសិនបើគេដាក់ឱ្យរៀននៅក្នុងថ្នាក់ធម្មតា ដូចគេដូចឯងដែរ។
សាលារៀននេះ មានទីតាំងស្ថិតនៅក្នុងស្រុកពួក ខេត្តសៀមរាប ហើយបានចូលរួមក្នុងការអនុវត្តគម្រោងគណនេយ្យភាពសង្គម Social Accountability projects ដែលគាំទ្រដោយធនាគារពិភពលោក តាំងពីឆ្នាំ២០២០ មកម្ល៉េះ។ គម្រោងនេះមានគោលដៅជួយបំពេញបន្ថែមដល់ការវិនិយោគលើវិស័យអប់រំ, សុខភាព, ទឹកស្អាត និងសេវាផ្សេងទៀត តាមរយៈការជូនដំណឹង និងការចូលរួមរបស់ពលរដ្ឋ និងពង្រឹងការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
លោក យូ ផល្លី នាយកសាលាអធិបតី ថ្លែងថា មុននឹងមានគម្រោងគណនេយ្យភាពសង្គមនេះ សាលាមិនបានដឹងថាតើកុមារមានពិការភាពនៅក្នុងសហគមន៍ដែលសាលានេះស្ថិតនៅ មានចំនួនសរុបប៉ុន្មាននាក់ទេ។ កុមារមានពិការភាពខ្លះបានចូលរៀន ប៉ុន្តែខ្លះទៀតនៅផ្ទះដោយសារឪពុកម្តាយគិតថា ពិការភាពធ្វើឱ្យពួកគេរៀនមិនចេះ ឬមួយគេគិតថាសាលារៀនក៏គ្មានជួយអ្វីកើតដែរដល់ក្មេងទាំងនោះ។ ឪពុកម្តាយខ្លះ ក៏មិនបានដឹងអំពីសិទ្ធិរបស់កូនៗរបស់ខ្លួនក្នុងការទទួលបានសេវាអប់រំដែរ ទោះបីជាពួកគេមិនអាចទៅសាលារៀនក៏ដោយ។
ចាប់តាំងពីបានចូលរួមក្នុងគម្រោង សាលាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន, អ្នកសម្របសម្រួលគម្រោង និងគណៈកម្មាធិការនានាបានបង្កើតជាដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពមួយ ដើម្បីជួយឱ្យកុមារមានពិការភាព មានលទ្ធភាពកាន់តែទូលំទូលាយ សម្រាប់ទទួលបានការអប់រំ។
លោកផល្លី បានធ្វើការជាមួយគណៈកម្មាធិការដែលបង្កើតឡើងដោយគម្រោងគណនេយ្យភាពសង្គម ក្នុងការពាំនាំដំណឹងដល់មាតាបិតា អំពីសារៈសំខាន់នៃការបញ្ជូនកុមារមានពិការភាពទៅសាលារៀន និងអំពីសេវាកម្មនានាដែលកុមារទាំងនោះអាចទទួលបានពីផ្ទះ។
លោកផល្លីមានប្រសាសន៍ថា៖ “យើងបានទទួលស្គាល់នូវភាពចាំបាច់ត្រូវផ្តល់ការអប់រំដល់កុមារមានពិការភាព ហេតុនេះយើងក៏បានផ្តួចផ្តើមធ្វើសកម្មភាពបន្ថែមទៀត ដើម្បីជំរុញឱ្យមានការទទួលចុះឈ្មោះកុមារមានពិការភាព ឱ្យចូលរៀននៅក្នុងសាលារបស់យើង”។
តាំងពីពេលនោះមក កុមារមានពិការភាពដែលបានចូលរៀន មានចំនួនកើនឡើងពី៩ ដល់ ១៣នាក់។ ឪពុកម្តាយរបស់កុមារទាំងនេះ បានកត់សម្គាល់ឃើញថា ពិតជាមានភាពខុសពីមុនលឿនណាស់។ ក្រៅពីបានជួយធ្វើឱ្យការសិក្សារបស់កូនៗមានការរីកចម្រើន កុមារទាំងនោះបង្កើនទំនាក់ទំនងក្នុងសង្គមនិងបំណិនជីវិត ដែលអនុញ្ញាតឱ្យពួកមានលទ្ធភាពចាត់ចែងជីវិតប្រចាំថ្ងៃរបស់ខ្លួនដោយឯករាជ្យ ជាងមុន។ ការផ្លាស់ប្តូរនេះ មិនត្រឹមតែផ្តល់ប្រយោជន៍ដល់កុមារទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលវិជ្ជមានសម្រាប់គ្រួសារផងដែរ ដោយធ្វើឱ្យជីវិតរបស់គ្រួសារទាំងមូលមានគុណភាពប្រសើរជាងមុន។
អ្នកស្រី ឡាំ តាំ ជាម្ដាយមានកូនពីរនាក់ដែលមានពិការភាពជើង មានមោទនភាពណាស់នៅពេលដែលឃើញកូនរបស់គាត់ មានភាពជឿជាក់លើខ្លួន និងចេះប្រាស្រ័យក្នុងសង្គម បានល្អជាងមុន។
អ្នកស្រី តាំ មានប្រសាសន៍ថា៖ “កាលមុន កូនៗហ្នឹងមិនហ៊ានចូលក្នុងចំណោមមនុស្សមានគ្នាច្រើនទេ។ ពួកវាមានអារម្មណ៍ខ្មាសគេ តែឥឡូវពួកគេមានចំណេះដឹងកាន់តែច្រើន និងស្គាល់សង្គមកាន់តែច្រើន។”
អ្នកស្រី នឿន ចាន់នឿម ជាម្តាយម្នាក់ទៀត មានកូនពិការភាពគ និងថ្លង់ ក៏បានកត់សម្គាល់ឃើញថា កូនគាត់មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងការសរសេរ និងសមត្ថភាពនិយាយស្តី បានល្អជាងមុន។
គម្រោងគណនេយ្យភាពសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញកង្វះខាតព័ត៌មានរវាងអ្នកផ្តល់សេវា និងសហគមន៍មូលដ្ឋាន។ ក្នុងវិស័យអប់រំ គម្រោងនេះធ្វើការផ្សព្វផ្សាយព័ត៌មានក្នុងចំណោមសហគមន៍ជនបទ និងដាច់ស្រយាល អំពីសារៈសំខាន់នៃការអប់រំសម្រាប់កុមារមានពិការភាព, សិទ្ធិរបស់កុមារទាំងអស់ក្នុងការទទួលបានការអប់រំ, ធនធានដែលមានសម្រាប់កុមារមានពិការភាព និងមកពីគ្រួសារមានចំណូលទាប និងស្តង់ដាបំពេញកិច្ចមួយចំនួន ដែលសាលារៀនគួរបំពេញតាមឱ្យបាន។
ដោយបំបាត់នូវគម្លាតព័ត៌មានទាំងនេះ និងការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ៗ រួមមាន អ្នកផ្តលសេវា សហគមន៍ និងមាតាបិតា គម្រោងនេះបាននាំឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយា ចំពោះកុមារមានពិការភាព។
លោក ផល្លី នាយកសាលាបឋមសិក្សា អធិបតី និយាយថា កន្លងមក គ្រូៗធ្លាប់មានអារម្មណ៍មិនស្រួលដែរ ក្នុងការបង្រៀនកុមារមានពិការភាព។ ប៉ុន្តែ ឆ្លងតាមរយៈការពិភាក្សា និងការប្រជុំដែលបានធ្វើជាបន្តបន្ទាប់ដើម្បីឆ្លើយតបចំពោះបញ្ហា និងកង្វល់របស់ពួកគេ លោកគ្រូអ្នកគ្រូបានយល់ដឹងច្រើនអំពីសេចក្តីត្រូវការរបស់កុមារ និងអំពីរបៀបដែលពួកគេអាចជួយក្មេងៗទាំងនោះនៅក្នុងការរៀនសូត្រ។ លោក ផល្លី បានបន្តថា ឥឡូវនេះ លោកគ្រូអ្នកគ្រូ មានចិត្តបើកទូលាយជាងមុន ក្នុងការបង្ហាត់បង្រៀនកុមារមានពិការភាព។
លោក មាឃ គា គ្រូបង្រៀនសិស្សមានពិការភាពនៅសាលាបឋមសិក្សាអធិបតី ក៏បានកត់សម្គាល់ឃើញថាគ្រូៗ ប្រកាន់ឥរិយាបថប្រសើរជាងមុន ចំពោះសិស្សមានពិការភាពទាំងនេះ។ លោកនិយាយថា គ្រូបង្រៀនបានឆ្លងកាត់កម្មវិធីអប់រំលើប្រធានបទនេះ ដែលធ្វើឱ្យពួកគេយល់កាន់តែច្បាស់អំពីពិការភាព។ ឥឡូវនេះ លោកគ្រូអ្នកគ្រូទទួលស្គាល់ថា សិស្សមានពិការភាព ក៏មានសិទ្ធិទៅសាលារៀន និងជាផ្នែកមួយនៃកម្លាំងពលកម្ម របស់ប្រទេសដែរ។
តាមរយៈមូលនិធិគាំទ្រពីធនាគារអភិវឌ្ឍន៍ KfW របស់ប្រទេសអាល្លឺម៉ង់, ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ប្រទេសអូស្ត្រាលី និងធនាគារពិភពលោក បាននឹងកំពុងផ្តល់ការគាំទ្រគម្រោងគណនេយ្យភាពសង្គមចំនួនពីរនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០២០ មកម្ល៉េះ។ គម្រោងទាំងនេះ ត្រូវបានអនុវត្តដោយគណៈកម្មាធិការជាតិសម្រាប់លេខាធិការដ្ឋាននៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៃក្រសួងមហាផ្ទៃ និងដោយអង្គការទស្សនៈពិភពលោកអន្តរជាតិដែលធ្វើការជាមួយគ្នាយ៉ាងជិតស្និតលើផែនការនិងការអនុវត្តរួម។ ពេលថ្មីៗនេះគម្រោងទាំងពីរទទួលបានហិរញ្ញវត្ថុបន្ថែមដែលអាចពង្រីកវិសាលភាពគ្របដណ្តប់ដល់៣៨៤៤សាលាបឋមសិក្សាទៀតនៅទូទាំងប្រទេសដល់បំដាច់ឆ្នាំ២០២៥។
តាំងពីឆ្នាំ២០២០ មក គម្រោងទាំងពីរនេះបានជួយដល់សាលាបឋមសិក្សាចំនួន ១៩៦ នៅក្នុងខេត្តសៀមរាប និង សរុបចំនួន ២ ៩៩៦ នៅទូទាំងប្រទេសកម្ពុជា។