លោក លី យ៉ានី្ន នាយកសាលាអនុវិទ្យាល័យសំប៉ាន ខេត្តកណ្តាល បានរំលឹកឡើងដូច្នេះថា៖ “កាលពីមុនៗ យើង ដាក់ទណ្ឌកម្មសិស្សដោយឱ្យពួកគេសរសេរចម្លងមេរៀនឡើងវិញមួយរយដង”។ ប្រសិនបើពួកគេមកយឺត យើងមិនអនុញ្ញាតឱ្យចូលសាលាទេ ហើយយើងស្តីបន្ទោសប្រសិនបើពួកគេប្រព្រឹត្តខុសឆ្គង។ យើងមិនបានជួយសិស្សឱ្យបន្តការសិក្សារបស់ខ្លួនទេ ផ្ទុយទៅវិញយើងបានបង្ខំគេដោយប្រយោលឱ្យបោះបង់ចោលការសិក្សាទៅវិញ ប្រសិនបើពួកគេរៀនមិនចេះ ឬមានអាកប្បកិរិយាល្អ”។
លោក យ៉ាន្នី បានធ្វើជាគ្រូបង្រៀន និងជានាយកសាលាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ នៅក្នុងរយៈកាលកន្លងមក គាត់បានអនុវត្តវិធីសាស្រ្តយ៉ាងតឹងរ៉ឹង ក្នុងគោលបំណងធ្វើឱ្យសិស្សរៀនពូកែ ដើម្បីទៅប្រកួតប្រជែងជាមួយសិស្សមកពីសាលាផ្សេងៗ នៅមូលដ្ឋានក្នុងស្រុក និងទូទាំងប្រទេស។ ប៉ុន្តែផ្ទុយទៅវិញ វិធីនេះបានបណ្តាលឱ្យចំនួនសិស្សនៃសាលារបស់លោកបានធ្លាក់ចុះជាលំដាប់អស់រយៈពេលជាច្រើនឆ្នាំ ពីសិស្សប្រហែល ៥០០ នាក់មកនៅត្រឹម ២៤០ នាក់ ដោយសារអាណាព្យាបាលនាំគ្នាបញ្ជូនកូនរបស់ពួកគេទៅរៀននៅសាលាក្បែរនោះវិញ។ ប្រការនេះ បានពញ្ញាក់ស្មារតីរបស់គាត់ថា ប្រសិនបើចំនួននៅតែបន្តធ្លាក់ចុះបែបនេះទៀត សាលារបស់គាត់អាចនឹងត្រូវបិទទ្វារជាមិនខាន។ គាត់ក៏បានពិគ្រោះយោបល់សុំដំបូន្មានពីសាលាផ្សេងទៀត ដែលមានការគាំទ្រពីគម្រោងកែលម្អគុណភាពការអប់រំមធ្យមសិក្សារបស់ធនាគារពិភពលោក ថាតើគួរធ្វើដូចម្តេច។
ដំបូន្មានអ្វីខ្លះទៅដែលគេផ្តល់ឱ្យគាត់? ជាជាងការដាក់ទណ្ឌកម្មសិស្ស “គួរតែសួរនាំពួកគេឱ្យបានកាន់តែច្រើននៅក្នុងសកម្មភាពបង្រៀន និងការរៀន, ស្វែងយល់ពីស្ថានភាពរស់នៅរបស់ពួកគេ, ពិគ្រោះគ្នាជាមួយឪពុកម្តាយ និងសហគមន៍ដើម្បីរកវិធីជួយពួកគេឱ្យកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពនៃការបង្រៀន និងបរិយាកាសក្នុងសាលាដើម្បីធ្វើឱ្យកុមារចង់មករៀន”។ ដំបូន្មាននេះបានជួយសាលាក្នុងការទាក់ទាញសិស្សរបស់ខ្លួនមកវិញ ដោយចំនួនអ្នកចុះឈ្មោះថ្មីបានកើនឡើងដល់ប្រហែលមួយរយនាក់នៅឆ្នាំនេះ។
លោកស្រី ផុន ចាន់ធឿន គ្រូបង្រៀនប្រវត្តិសាស្ត្រ និងភូមិវិទ្យានៅវិទ្យាល័យ ព្រែកតាទែន ក៏ធ្លាប់ដាក់ទណ្ឌកម្មទៅលើសិស្សដែរ ដោយជឿថា វិធីនេះនឹងធ្វើឱ្យពួកគេខិតខំរៀនសូត្រ និងយកចិត្តទុកដាក់លើការបង្រៀនរបស់លោកស្រីឱ្យកាន់តែខ្លាំងឡើង។ ប៉ុន្តែវាមិនបាននាំមកនូវលទ្ធផលដូចការចង់បានរបស់លោកស្រីឡើយ។ ផ្ទុយទៅវិញ លោកស្រីឃើញថា ពេលណាគាត់ធ្វើបែបនេះ សិស្សព្យាយាមស្តាប់ ប៉ុន្តែស្តាប់ទាំងភ័យខ្លាច ហើយមិនអាចផ្ចង់ស្មារីលើមេរៀនបានទេ។
កាលពីពីរឆ្នាំមុន លោកស្រី ចាន់ធឿន ចាប់ផ្ដើមប្រើវិធីបង្រៀនដែលផ្តោតលើសិស្សជាគោល។ ជាជាងបង្រៀនតាមបែបធ្វើបាឋកថាដល់សិស្ស លោកស្រីដាក់ប្រធានបទឱ្យសិស្សជជែកគ្នាជាក្រុម ហើយបន្ទាប់មកធ្វើបទបង្ហាញជូនថ្នាក់ទាំងមូល។ បច្ចុប្បន្ននេះ លោកស្រី ជារឿយៗ តែចាប់ផ្តើមការរៀនដោយសួរសិស្ស — ដែលច្រើនតែមកពីគ្រួសារក្រីក្រ — ឱ្យនិយាយចែករំលែកអំពីស្ថានភាពរបស់ពួកគេ។ វិធីបង្រៀនថ្មីនេះជួយឱ្យពួកគេរៀនចេះបានច្រើន កាន់តែរីករាយក្នុងថ្នាក់ ហើយថែមទាំងបង្កើតទំនាក់ទំនងកាន់តែប្រសើរឡើងរវាងសិស្ស និងគ្រូទៀតផង។
អាទិភាពមួយនៃគម្រោងអប់រំនេះ គឺកាត់បន្ថយចំនួនកុមារដែលបោះបង់ការសិក្សា តាមរយៈការជួយគាំទ្រដល់សិស្សមកពីគ្រួសារក្រីក្រ ឬគ្រួសារមានការបំពាន។ លោក ងាម ស៊ីដារ៉ា នាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ ជាមួយគ្រូបង្រៀន តែងតែចុះទៅដល់ផ្ទះរបស់សិស្សដែលខានចូលរៀនញឹកញាប់ ឬមានពិន្ទុមិនល្អ ដើម្បីសួរនាំអំពីមូលហេតុនៃបញ្ហាទាំងនេះ។ លោកនិយាយថា ការយល់ដឹងអំពីស្ថានភាពរបស់សិស្សដែលជួបការលំបាកគឺមានសារៈសំខាន់ខ្លាំងណាស់។ ឪពុកម្តាយខ្លះមិនចង់ឱ្យកូនទៅសាលារៀនទេ ដោយសារពួកគេត្រូវការឱ្យកូនជួយរកប្រាក់ រីឯសិស្សខ្លះទៀតជួបប្រទះការរំលោភបំពាននៅផ្ទះ។
លោកមានប្រសាសន៍ថា៖ “ពេលខ្លះយើងចំណាយពេលយូរក្នុងការបញ្ចុះបញ្ចូលឪពុកម្តាយ ជាពិសេសក្នុងគ្រួសារដែលមានការរំលោភបំពាន ឱ្យព្រមព្រលែងកូនរបស់ខ្លួនឱ្យទៅចូលរៀនវិញ”។ យើងប្រាប់គាត់ថាប្រសិនបើចង់ឱ្យកូនពួកគេមានជីវភាពធូរធារទៅថ្ងៃមុខ គាត់គួរតែអនុញ្ញាតឱ្យកូនបន្តការសិក្សា។ ជាធម្មតាពួកគេយល់ព្រមតាម។ ប៉ុន្តែក្នុងករណីខ្លះ យើងត្រូវនាំមេភូមិ ឬមេសហគមន៍ ឬព្រះសង្ឃទៅពិភាក្សាជាមួយឪពុកម្តាយមុននឹងយើងអាចបានក្មេងទៅចូលសាលាវិញ”។
លោក យ៉ាន្នី លោកស៊ីដារ៉ា និងស្រីចាន់ធឿន ស្ថិតក្នុងចំណោមនាយកសាលាជិត ៦០០ នាក់ និងគ្រូបង្រៀនជាង ២ ២០០ នាក់ ដែលបានចូលរួមក្នុងកម្មវិធីបង្កើនគុណវុឌ្ឍិភាពជាអ្នកដឹកនាំ និងជាគ្រូបង្រៀន ក្រោមគម្រោងនេះ។ កម្មវិធីទាំងនេះមិនត្រឹមតែបានផ្លាស់ប្តូរទម្លាប់អនុវត្តន៍ក្នុងការបង្រៀន និងការរៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរបៀបគ្រប់គ្រងសាលារៀនផងដែរ។
គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សិស្សជិត ៧០ ០០០ នាក់ដែលក្នុងនោះជាង ៣៤ ៦០០នាក់ជានារីនៅក្នុងសាលាគោលដៅចំនួន ១០០។ ដូចនៅអនុវិទ្យាល័យសំប៉ាន គម្រោងនេះក៏បានសាយភាយដល់សិស្សជាង ៣៨៧ ០០០នាក់នៅក្នុងសាលាបឋមសិក្សា និងមធ្យមសិក្សាដែលមិនមែនជាគោលដៅ ផងដែរ។