លោកស្រី យឹម សូនី ជាគ្រូបង្រៀនជីវវិទ្យាថ្នាក់ទី៩ និងថ្នាក់ទី១២ នៅខេត្តកណ្តាល។ តាំងពីពេលដែលការបង្រៀនក្នុងថ្នាក់ត្រូវបានផ្អាកដោយសារតែការរាតត្បាតជំងឺកូវីដ១៩ លោកស្រីបានងាកមកបន្តការបង្រៀនសិស្សពីចម្ងាយវិញ ។ អ្នកគ្រូកំពុងតាមដានមើលកិច្ចការផ្ទះរបស់សិស្សដែលផ្ញើតាមរយៈថ្នាលអនឡាញ។ បើទោះបីជាមុនដំបូង អ្នកគ្រូគ្មានជំនាញកុំព្យូទឺរ ឬចំណេះដឹងផ្នែកអនឡាញ ប៉ុន្តែការរាតត្បាតនៃជំងឺនេះបានបង្ខំឱ្យអ្នកគ្រូចេះរកវិធីផ្សេងទៀតដើម្បីអាចបន្តបង្រៀនសិស្សបាន។ ការព្យាយាមរៀនបណ្តើរធ្វើបណ្តើរ និងការយកចំណេះដែលទទួលបានតាមកម្មវិធីបណ្តុះបណ្តាលវគ្គចុងសប្តាហ៍នៃកម្មវិធីបង្កើនគុណវុឌ្ឍិគ្រូបង្រៀន(Teacher Upgrading Program/TUP) ក្រោម “គម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សាចំណេះទូទៅ” Secondary Education Improvement Project, ដែលជួយដោយធនាគារពិភពលោក មិនយូរប៉ុន្មានបានធ្វើឱ្យអ្នកគ្រូមានសមត្ថភាពអាចបំពេញកិច្ចការរបស់ខ្លួនបានកាន់តែប្រសើរជាងមុន។
កម្មវិធី TUP នេះ ក៏បានផ្តល់លទ្ធភាពឱ្យអ្នកគ្រូអាចភ្ជាប់បណ្តាញជាមួយគ្រូដទៃ គណៈគ្រប់គ្រងសាលា និងអ្នកជំនាញនានា ដែលជួយអ្នកគ្រូក្នុងការអភិវឌ្ឍខ្លួនជាលក្ខណៈអាជីពថែមទៀត ជាពិសេសនៅក្នុងការបង្រៀនពីចម្ងាយ ក៏ដូចជាក្នុងការប្រែក្លាយការបង្រៀនរបស់គាត់ពីរបៀបគោលវិធីគ្រូមជ្ឈមណ្ឌល ទៅប្រើគោលវិធីសិស្សមជ្ឈមណ្ឌល វិញនៅក្នុងការអប់រំ។
ក្នុងទឹកមុខញញឹម អ្នកគ្រូ សូនី មានប្រសាសន៍ថា៖ “វគ្គបណ្តុះបណ្តាលនេះជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ខ្ញុំ។ វាបានបើកចិត្តគំនិតរបស់ខ្ញុំកាន់តែធំទូលាយ ហើយខ្ញុំមានមោទនភាពណាស់ដែលបានទទួលការហ្វឹកហ្វឺននេះ។ តាមរយៈនេះខ្ញុំកសាងបានទំនាក់ទំនងកាន់តែជិតស្និទ្ធ ហើយពេលនេះខ្ញុំអាចផ្ទេរចំណេះដឹងបន្ថែមទៀតទៅដល់សិស្ស ទោះបីជាយើងបង្រៀនពីចម្ងាយក្តី ដែលខ្ញុំមិនដែលចេះធ្វើសោះពីមុនមក។”
អ្នកគ្រូ សូនី ធ្វើគ្រូបង្រៀនអស់ជាង ៣០ឆ្នាំហើយ។ ពេលនេះ កម្មវិធីធ្វើវិសិដ្ឋកម្មជំនាញបានបំពាក់ដល់គាត់នូវជំនាញថ្មីៗ ដូចជាជំនាញរៀបចំផែនការបង្រៀនសម្រាប់រយៈពេលខ្លី មធ្យម និងវែង ដើម្បីកែលម្អគុណភាពនៃលទ្ធផលការរៀនរបស់សិស្ស។ វិធីសាស្ត្រថ្មីនេះតម្រូវឱ្យសិស្សធ្វើតេស្តមុនចូលរៀនសិន ដែលជាវិធីស្ទង់សមត្ថភាពរៀនរបស់សិស្ស ដើម្បីដាក់ពួកគេទៅតាមក្រុមថ្នាក់ផ្អែកតាមកម្រិតនៃចំណេះដឹងសមស្រប។ កម្មវិធីសិក្សាបន្ថែម និងម៉ោងបង្រៀនថែមត្រូវបានរៀបចំសម្រាប់ជួយសិស្សដែលមានសមត្ថភាពរៀនយឺតជាងសិស្សដទៃ។
ដើម្បីកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសិស្ស គ្រូៗត្រូវបានតម្រូវឱ្យសរសេរករណីសិក្សាអំពីសិស្សដែល ជួបការលំបាកក្នុងការរៀន, មានអារម្មណ៍តានតឹង ឬក៏គ្មានលទ្ធភាពភ្ជង់ស្មារតីរបស់ខ្លួនទៅលើការសិក្សាបាន។ ក្នុងករណីបែបនេះ គ្រូត្រូវទៅមើលសិស្សដល់ផ្ទះ ជួបជាមួយអាណាព្យាបាលរបស់ពួកគេ ហើយបង្ហាញព័ត៌មាននៃករណីសិក្សាអំពីសិស្សទាំងនោះដល់ក្រុមគ្រូបង្រៀនដទៃ និងដល់បណ្តាញគណៈគ្រប់គ្រងសាលាឱ្យបានជ្រាបផងដែរ។
អ្នកគ្រូ សូនី ពោលបន្តដូច្នេះថា៖ “កាលមុន ខ្ញុំមកសាលាហើយគ្រាន់តែបង្រៀនប៉ុណ្ណោះ។ ខ្ញុំមិនដែលត្រៀមមេរៀនមុនទេ ហើយក៏មិនដែលវិភាគទៅលើសិស្សដែរ មិនតែប៉ុណ្ណោះខ្ញុំស្តីឱ្យសិស្សបើកាលណាពួកគាត់រៀនមិនចេះ។ តែឥឡូវនេះខ្ញុំមើលឃើញសារៈសំខាន់នៃការយល់អំពីអាកប្បកិរិយារបស់សិស្សនិងស្ថានភាពរបស់គ្រួសារគេ ជាពិសេសនៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដនេះតែម្តង។”
ក្នុងការបង្រៀនពីចម្ងាយ អ្នកគ្រូ សូនី ដាក់សិស្សដែលមានទូរស័ព្ទវៃឆ្លាតប្រើឱ្យនៅជាក្រុម ហើយបង្កើតមេរៀនអនឡាញសម្រាប់ពួកគេ។ ចំពោះសិស្សដែលអត់មានទូរស័ព្ទវៃឆ្លាត ឬ កុំព្យូទឺរប្រើ ពួកគេអាចមកសាលាពីរដងក្នុងមួយសប្តាហ៍ ដើម្បីយកសម្ភារទៅរៀននិងកិច្ចការទៅធ្វើនៅផ្ទះ។ នៅក្នុងការបង្រៀន គាត់ដាក់ប្រធានបទឱ្យសិស្សធ្វើការស្រាវជ្រាវជាមុន ហើយចង្អុលប្រាប់ពួកគេឱ្យទៅមើលវីដេអូបង្រៀនដែលក្រសួងអប់រំ យុវជន និងកីឡាបានផលិត។
វីដេអូទាំងនោះត្រូវបានផលិតឡើងតាមរយៈ“គម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សា” Higher Education Improvement, ដែលបានវិនិយោគទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិកទៅលើប្រព័ន្ធ e-learning តាំងពីដើមដំបូងនៃការផ្ទុះការរាតត្បាតជំងឺកូវីដ១៩ម្ល៉េះ។ ការវិនិយោគនេះបានជួយសិស្សកម្រិតមត្តេយ្យ កម្រិតបឋមសិក្សា និងកម្រិតមធ្យសិក្សាចំណេះទូទៅជាង ៣លាននាក់ ឱ្យមានលទ្ធភាពអាចរៀនពីផ្ទះបាន។ ជំនួយនេះក៏បានជួយផងដែរដល់ក្រសួងក្នុងការរៀបចំបង្កើនក្រដាសមេរៀនសម្រាប់សិស្ស និងផ្តល់ថវិកាដល់សាលាបឋមសិក្សានិងសាលាចំណេះទូទៅយកទៅបោះពុម្ពនិងថតចម្លងមេរៀនឱ្យសិស្សក្រីក្រយកទៅរៀននៅផ្ទះ។
លោកស្រី សូនី ស្ថិតក្នុងចំណោមគ្រូបង្រៀនជិត ២២០០នាក់ និងនាយក នាយករងសាលាជាង៥០០នាក់ទៀត ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលតាមរយៈ “គម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សាចំណេះទូទៅ”។ នៅក្នុងនោះ អ្នកជំនាញផ្នែកអប់រំជាង ១០០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលពីកម្មវិធីនេះរួចហើយ។
លោក ម៉ុក បូរ៉ា នាយកវិទ្យាល័យព្រែកដំបូងក្នុងខេត្តកំពង់ចាម ស្ថិតក្នុងចំណោមសិក្ខាកាមដំបូងគេដែលបានបញ្ចប់វគ្គហ្វឹកហ្វឺននេះ។ លោកបានឱ្យតម្លៃខ្ពស់ចំពោះកម្មវិធីនោះ ក៏ដូចជាការប្រែប្រួលជាវិជ្ជមានដែលវាបាននាំដល់សាលារបស់គាត់ដែរ។ តាំងតែពីពេលគាត់ត្រូវបានតែងតាំងជានាយកសាលាមក គាត់រមែងចង់ធ្វើការកែលម្អដល់លទ្ធផលសិក្សានិងការគ្រប់គ្រងសាលា ក៏ដូចជាការជំរុញឱ្យមានការគាំត្រពីសហគមន៍ ប៉ុន្តែគាត់មិនដឹងថាត្រូវធ្វើបែបណាទេ។ បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលមក គាត់មានគំនិតប្លែកៗជាងមុន ព្រមទាំងរៀនសូត្របានបទពិសោធន៍ពីនាយកមកពីសាលាផ្សេងៗទៀតនៅទូទាំងប្រទេស ដើម្បីយកទៅអនុវត្តផែនការរបស់គាត់ឱ្យបានសម្រេច។
នៅក្នុងបទសម្ភាសតាមទូរស័ព្ទ លោក បូរ៉ា និយាយដូច្នេះថា៖ “ខ្ញុំតែងតែឆ្ងល់ថាហេតុអីបានជាចំណាយពេលបង្រៀនអស់ជាង៣០ឆ្នាំហើយ លទ្ធផលរៀនរបស់សិស្សអត់បានគ្រាន់បើអីសោះ។ ឥឡូវនេះ ខ្ញុំរកឃើញរបៀបសម្រាប់ធ្វើការកែលម្អហើយ។ សាលារៀន សហគមន៍ និងអាជ្ញាធរមូលដ្ឋាន អាចអង្គុយជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយសម្រាប់យើងទាំងអស់គ្នា។ អានេះហើយដែលនាំឱ្យបានលទ្ធផលកាន់តែធំៗទៀត។”
លោកនាយកនិយាយថា តាំងពីពេលគាត់ចាប់ផ្តើមអនុវត្តផែនការរៀនថ្មីមក អត្រាសិស្សឈប់រៀននៅវិទ្យាល័យរបស់គាត់មានការថយចុះ រីឯអត្រានៃការប្រលងជាប់ក៏កើនឡើងច្រើនជាងមុនដែរ។ លទ្ធផលទាំងនេះបានធ្វើឱ្យវិទ្យាល័យរបស់គាត់ទទួលបានការគាំទ្រពីសហគមន៍ និងអាជ្ញាធរមូលដ្ឋាន កាន់តែខ្លាំងជាងមុន។
ផលសាយភាយ
“គម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សាចំណេះទូទៅ” ត្រូវបានអនុវត្តលើគោលដៅសាលាចំនួន ១០០ នៅទូទាំងប្រទេស។ ប៉ុន្តែ មកដល់ដើមឆ្នាំ២០២១ គេសង្កេតឃើញថា អនុវិទ្យាល័យចំនួន១០២ និងសាលាបឋមសិក្សាចំនួន១៦៦ ដែលសុទ្ធតែមិនមែនជាគោលដៅក្នុងគម្រោងនេះ បានទទួលផលសាយភាយវិជ្ជមានរបស់ការគ្រប់គ្រងតាមសាលា។ បានន័យថា សាលាដែលមិនមែនជាគោលដៅទាំងនេះកំពុងចាប់ផ្តើមអនុវត្តតាមគំរូគ្រប់គ្រងតាមសាលាដែរ ដោយមានការជំរុញលើកទឹកចិត្តពីការិយាល័យអប់រំស្រុក និងខេត្តផង។
អាជ្ញាធរបានយល់ព្រមជួយដល់សាលាមិនមែនគោលដៅទាំងនោះ ក្រោយពីបានមើលឃើញថាចំនួនសិស្សចូលរៀនចេះតែកើនឡើងនៅតាមសាលាគោលដៅនៃគម្រោង។ លទ្ធផលល្អប្រសើរនៃការរៀននិងការគ្រប់គ្រងតាមសាលា បានញ៉ាំងឱ្យមាតាបិតាព្យាយាមប្តូរសាលាឱ្យកូនទៅរៀននៅតាមសាលាគោលដៅវិញ។
លោក ប្រាក់ វុទ្ធី នាយកវិទ្យាល័យព្រែកតាទែននៃខេត្តកណ្តាល បានសង្កេតឃើញអំពីការប្រែប្រួលទាំងនេះ ហើយមានប្រសាសន៍ដូច្នេះថា៖ “ការណ៍ដែលសិស្សចង់មករៀននៅសាលាយើង ហើយឪពុកម្តាយរបស់គេចង់បញ្ជូនពួកគេឱ្យមករៀននៅទីនេះ សបញ្ជាក់ថាវិធីថ្មីនេះពិតជាមានប្រសិទ្ធភាព។ យើងមានសិស្សដែលកាន់តែចង់រៀន គ្រូដែលសប្បាយចិត្ត និងសហគមន៍ដែលកាន់តែពេញចិត្តពេញថ្លើមជាងមុន។ នេះហើយជាវឌ្ឍនភាពពិតៗ។”