លោកយាយ សុខ គីម អាយុ៧១ឆ្នាំ ដើរគ្មានស្បែកជើង ដៃម្ខាងដឹកដៃចៅ បោះជំហានយឺតៗ ជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយជាបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវមួយក្រុមដែលបានទៅដល់ភូមិររបស់គាត់កាលពីពេលថ្មីៗនេះ។
“ខ្ញុំប្រញិបប្រញាប់មកជួបអ្នកទាំងអស់គ្នាដើម្បីអរគុណចំពោះមណ្ឌលដែលអ្នកនឹងសាងសង់សម្រាប់ក្មេងៗរបស់យើង” -- លោកយាយមានប្រសាសន៍ដូច្នេះ មុននឹងគាត់ងាកទៅក្រោយរកមើលថាតើចៅបួននាក់ទៀតបានដើរតាមពីក្រោយគាត់ដែរឬអត់។
លោកយាយ គីម មើលចៅ៨នាក់ ដែលកូនរបស់គាត់បួននាក់មកទុកជាមួយគាត់នៅពេលដែលពួកគេទៅធ្វើការនៅរោងចក្រកាត់ដេរបាត់ៗ។ មណ្ឌលថែទាំកុមារនេះមិនទាន់ទាំងសង់នៅឡើយទេ តែលោកយាយប្រាកដក្នុងខ្លួនស្រេចទៅហើយថាវានឹងចេញជារូបរាងនៅពេលឆាប់ៗខាងមុខនេះជាមិនខាន។
“លោកមិនដឹងទេថា រាល់ល្ងាចពេលខ្ញុំឃើញចៅៗវានៅលេងតាមផ្លូវ ឬនៅផ្ទះអ្នកជិតខាង ខ្ញុំតែងតែស្រែកហៅពួកវាឱ្យចូលក្នុង។ ក្រោយមកខ្ញុំបិទរបង ព្រោះខ្ញុំខ្លាចគោរត់ជាន់ពួកវា។” -- លោកយាយនិយាយបណ្តើរសើចឮៗបណ្តើរ មុននឹងសម្រាក ហើយដកដង្ហើមយ៉ាងវែងមួយ។ បន្ទាប់មក លោកយាយពោលបន្តទៀតថា៖ “ពិបាកណាស់ ហើយខ្ញុំពិតជាមិនអាចមើលថែទាំពួកវាបានល្អទេ។”
លោកយាយ គីម រស់នៅក្នុងភូមិព្រៃចាប ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។ ទីនោះគ្រោងនឹងមានមណ្ឌលថែទាំកុមារមួយ ក្នុងចំណោមមណ្ឌល២២កន្លែងដែលនឹងត្រូវបានសាងសង់ឡើងក្រោម គម្រោងមណ្ឌលថែទាំកុមារនៅសហគមន៍សម្រាប់កម្មកររោងចក្រកាត់ដេរ។ គម្រោងនេះ ទទួលការឧបត្ថម្ភថវិកាពីមូលនិធិអភិវឌ្ឍន៍សង្គមប្រទេសជប៉ុន ចាត់ចែងដោយធនាគារពិភពលោក និងអនុវត្តដោយ អង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះថា Planète Enfants & Développement។
មណ្ឌលថែទាំកុមារនេះជាការរៀបចំថ្មីមួយសម្រាប់កុមារដែលជាកូនរបស់កម្មកររោងចក្រកាត់ដេរ។ មណ្ឌលនីមួយៗនឹងមានលទ្ធភាពទទួលមើលក្មេង២៥នាក់ អាយុពី៣ ដល់៣៦ខែ។ អ្នកមើលថែទាំបីនាក់ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ នឹងត្រូវបានជ្រើសរើសឱ្យមកធ្វើការនៅតាមមណ្ឌលនីមួយៗ។ អ្នកមើលថែទាំងអស់ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលជាចាំបាច់អំពីជំនាញការលូតលាស់, សុខភាពនិងអាហារូបត្ថម្ភ និងការរៀនសូត្ររបស់កុមារតាមការលេង។ តាមផែនការបច្ចុប្បន្ន ថ្លៃសោហ៊ុយថែទាំកុមារម្នាក់ក្នុងមួយខែគឺក្បែរ ៥០ដុល្លារអាមេរិក ហើយថ្លៃសោហ៊ុយនេះជាបន្ទុករួមគ្នារវាងម្ចាស់រោងចក្រនិងកម្មករ។ មណ្ឌលថែទាំបើកទ្វារដំណើរការប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីសម្រួលដល់កាលវិភាគនិងម៉ោងធ្វើការរបស់កម្មករម្នាក់ៗ។
គម្រោងនេះមានការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋមួយចំនួន ក្នុងនោះមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្ត ស្រុក និងឃុំផងដែរ។
លោកជំទាវ ឡុង ប៊ុណ្ណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យមន្ទីរពាក់ព័ន្ធក្នុងខេត្ត ស្រុក និងឃុំ ឱ្យផ្តល់ការគាំទ្រតាមភាពជាក់ស្តែងដើម្បីធ្វើឱ្យគម្រោងនេះមានដំណើរការទៅមុខដោយរលូន។
លោកជំទាវមានប្រសាសន៍ថា៖ “បើយើងចង់កសាងធនធានមនុស្សឱ្យសម្បូរបែប យើងគួរផ្តើមដោយវិនិយោគទៅលើកុមារទាំងនេះ។ មណ្ឌលថែទាំកុមារគឺជាកន្លែងល្អមួយសម្រាប់ការចាប់ផ្តើមបែបនេះ។”
លោកជំទាវបន្ថែមទៀតថា៖ “មណ្ឌលទាំងនេះផ្តល់ឱកាសល្អឱ្យក្មេងមកពីគ្រួសារដែលមិនសូវសម្បូរធនធាន ជាពិសេសគ្រួសារដែលជាកម្មកររោងចក្រកាត់ដេរ អាចទទួលបានការថែទាំនិងការអប់រំមានគុណភាព ដូចគ្នានឹងសេវាដែលគ្រួសារមានជីវភាពគ្រាន់បើ បានប្រើសម្រាប់កូនៗរបស់គេ។”
លោកជំទាវ ឡុង ប៊ុណ្ណារ៉េត ធ្វើការកត់សម្គាល់ថា ការមានលទ្ធភាពប្រើប្រាស់សេវារបស់បុគ្គលិកដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ អាចជួយស្ត្រីជាម្តាយឱ្យមានភាពជឿជាក់លើអនាម័យនិងសុវត្ថិភាពសម្រាប់កូនៗរបស់គេ និងបង្កលក្ខណៈឱ្យអ្នកឯទៀតអាចបន្តអាជីពវិញបានក្រោយសម្រាលកូន។
ការស្រាវជ្រាវមួយក្រោមចំណងជើងថា Tackling Childcare របស់ អង្គភាពសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានបង្ហាញថា កង្វះជម្រើសការថែទាំកុមារអាចបណ្តាលឱ្យមានអវត្តមាន និងការឈប់និងការរើសកម្មករជំនួស នៅក្នុងកម្រិតមួយខ្ពស់ ទន្ទឹមគ្នានោះការពេញចិត្តរបស់កម្មករចំពោះការងារ និងផលិតភាពរបស់ពួកគេក៏ធ្លាក់ចុះ ហើយម្ចាស់ក្រុមហ៊ុនក៏ជួបការលំបាកក្នុងការរកមនុស្សមានទេពកោសល្យខ្ពស់ឱ្យមកធ្វើការជាមួយដែរ។ ការមិនមាន ឬការគ្មានលទ្ធភាពបង់ថ្លៃសេវាថែទាំ អាចជះឥទ្ធិពលមិនល្អទៅលើជម្រើសរបស់អាណាព្យាបាលពាក់ព័ន្ធនឹងការងារ និងជាកង្វល់ធំមួយរបស់ស្ត្រី ដែលនៅទូទាំងសាកលលោកមានរហូតដល់ទៅ៧៥ភាគរយ ដែលជាអ្នកធ្វើការងារថែទាំគ្មានកម្រៃ។ និយាយម៉្យាងទៀតឱ្យស្រួលស្តាប់ ការផ្តល់លទ្ធភាពទទួលបានការថែទាំកុមារ នឹងជួយឱ្យស្ត្រីនិងបុរសអាចចូលរួមនៅក្នុងការងារមានកម្រៃ បានកាន់តែច្រើននាក់ថែមទៀត។
លោក សោម ណាឌី ប្រធានគ្រប់គ្រងរដ្ឋបាលនិងធនធានមនុស្សនៅរោងចក្រ Cerie Garment Factory ក្នុងខេត្តកំពង់ស្ពឺ និយាយថាក្រុមហ៊ុនរបស់លោកស្វាគមន៍គំនិតផ្តួចផ្តើមបង្កើតមណ្ឌលថែទាំកុមារនេះ។ លោកនិយាយថា ភាគច្រើនស្ត្រីដែលទើបនឹងមានកូនដំបូង ច្រើនតែឈប់ធ្វើការ ឬសុំច្បាប់សម្រាកមាតុភាពរយៈពេលយូរក្រោយសម្រាលកូនរួច ហើយបើទោះជាអ្នកខ្លះបានវិលមកធ្វើការវិញក៏ដោយ ពួកគេឧស្សាហ៍អវត្តមានណាស់ ព្រោះគ្មានអ្នកណាមើលថែទាំកូនជំនួសគេ។
លោកនិយាយថា៖ “ការសុំលាឈប់ ការសុំបន្តច្បាប់សម្រាកមាតុភាព និងអវត្តមាន ពិតជាប៉ះពាល់ទៅលើខ្សែច្រវាក់ផលិតកម្មរបស់យើង។ ពេលណាយើងត្រូវរើសកម្មករថ្មី យ៉ាងហោចណាស់ត្រូវចំណាយពេលមួយខែដែរទម្រាំនឹងកម្មករថ្មីនោះអាចធ្វើការទាន់គេ។”
នាងស្រ៊ុន សារ៉េន អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរម្នាក់រស់នៅភូមិចំបក់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពេលណាដែលនាងត្រូវទៅធ្វើការ នាងទុកកូនពីរនាក់របស់នាងឱ្យយាយរបស់នាងមើលការខុសត្រូវ។ លោកយាយរបស់នាងមានអាយុ៧៥ឆ្នាំ មិនសូវមានពេលគ្រប់គ្រាន់សម្រាប់មើលថែទាំចៅទេ ដោយគាត់ជាប់រវល់លក់ដូរបន្តិចបន្តួចនៅក្នុងភូមិដែរ។ ពេលនេះ នាងសារ៉េន ជិតសម្រាលកូនទីបីហើយៗនាងគ្រោងថានិងឈប់ធ្វើការនៅពេលណាទារកកើត ដោយសារតែគ្មាននរណាជួយមើលថែទាំកូនទាំងបីឱ្យបានគ្រប់គ្រាន់ទេ។
នាងមានក្តីត្រេកអរណាស់នៅពេលដែលនាងបានឮថា ភូមិរបស់នាងនឹងមានមណ្ឌលថែទាំកុមារមួយនៅថ្ងៃខាងមុខ។ នាងពោលទាំងមុខញញឹមថា៖ “ខ្ញុំត្រេកអរណាស់កាលណាឮដូច្នេះ ហើយខ្ញុំនឹងចូលរួមបង់វិភាគទានថ្លៃសោហ៊ុយមើលកូន។ មណ្ឌលនឹងជួយខ្ញុំបានច្រើនណាស់ កូនរបស់ខ្ញុំអាចរៀមសូត្រនិងមានសុខភាពល្អ ទុកពេលឱ្យខ្ញុំបន្តធ្វើការ។ ខ្ញុំមិនចង់ឈប់ទេព្រោះការងារនេះខ្ញុំទទួលបានប្រាក់កម្រៃគ្រាន់បើដែរ។”
មេភូមិរបស់នាង គឺលោក លី ឡាង និយាយថា ដីមួយកន្លែងត្រូវបានបម្រុងទុករួចជាស្រេចសម្រាប់សង់មណ្ឌលនេះឡើង បន្ទាប់ពីមានការពិភាក្សាគ្នាជាមួយអ្នកភូមិ កម្មកររោងចក្រកាត់ដេរ គណៈកម្មាធិការផ្តល់យោបល់ និងអាជ្ញាធរក្នុងមូលដ្ឋានរួចមក។ គណៈកម្មាធិការផ្តល់យោបល់ត្រូវបានបង្កើតឡើងនៅកម្រិតមូលដ្ឋាន ដើម្បីផ្តល់ប្រឹក្សា និងការគាំទ្រផ្ទាល់ដល់ការប្រតិបត្តិការរបស់មណ្ឌលថែទាំកុមារ។ គណៈកម្មាធិការនោះមានសមាសភាពជាមេឃុំ កម្មកររោងចក្រកាត់ដេរ អ្នកគ្រប់គ្រងរោងចក្រ និងសមាជិកសហគមន៍។
លោក លី ឡាង និយាយថា៖ “មណ្ឌលនោះនឹងផ្តល់អត្ថប្រយោជន៍ធំណាស់ដល់កម្មកររោងចក្រ និងក្មេងៗនៅក្នុងភូមិរបស់យើង។ យើងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រគម្រោងនេះ។”
ត្រឡប់មកភូមិព្រៃចាបឯណេះវិញ លោកយាយ សុខ គីម ផ្ទុះសំណើចនៅពេលដែលសួរគាត់ថា តើគាត់នឹងមានអារម្មណ៍ឯកាទេនៅពេលណាដែលចៅៗរបស់គាត់ចាប់ផ្តើមចូលមណ្ឌលថែទាំកុមារ។ លោកយាយមានប្រសាសន៍ថា៖ “កុំភ័យ ខ្ញុំមិនអីទេ។ កាលណាខ្ញុំនឹក ខ្ញុំដើរទៅមើលពួកវានៅឯមណ្ឌលក៏បានដែរ។”