ជាមួយដៃទាំងពីរកំពុងបីចៅអាយុប្រាំខែម្នាក់ លោកស្រី ឆាយ ឡេង អាយុ៦២ឆ្នាំ ដាក់ភ្នែកតាមឃ្លាំមើលជានិច្ចទៅលើចៅបួននាក់ផ្សេងទៀតដែលកំពុងតែលេងជាមួយគូកនរបស់គេនៅក្បែរផ្ទះ នៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកស្រីមានកូនស្រីប្រាំនាក់ និងកូនប្រុសពីរនាក់ ដែលមានប្តីប្រពន្ធរៀងៗខ្លួនអស់ហើយ។ កូនស្រីរបស់គាត់ទាំងប្រាំនាក់ធ្វើការនៅរោងចក្រកាត់ដេរ ហើយរៀងរាល់ថ្ងៃពួកគេតែងតែទុកកូនរបស់ខ្លួន អាយុពី ៨ខែ ដល់ ១០ឆ្នាំ ឱ្យលោកស្រីជាអ្នកមើលថែទាំ។ រៀងរាល់ថ្ងៃ លោកស្រី ឡេង ក្រោកពីគេងនៅម៉ោង ៤ភ្លឺ ដើម្បីចម្អិនអាហារពេលព្រឹកឱ្យបានរួចរាល់មុននឹងចៅទាំងប្រាំនាក់ត្រូវបានម្តាយរបស់គេយកមកទុកឱ្យនៅជាមួយគាត់ មុននឹងបន្តដំណើរទៅធ្វើការ។ ចៅដែលនៅតូចជាងគេបៅម៉្សៅទឹកដោះគោ ក្រៅពីនោះញ៉ាំបបរ ឬបាយជាមួយសាច់ជ្រូកចៀន និងទឹកស៊ីអ៊ីវ។
ក្រៅពីអាហារ លោកស្រី ឡេង ចំណាយ ៥០០០រៀល ក្នុងមួយថ្ងៃទៅលើចំណីផ្សេងៗ ដូចជា ស្ករគ្រាប់ នំក្រៀម ឬនំធ្វើអំពីអង្ករ ឱ្យចៅរបស់គាត់ញ៉ាំ ដោយមិនបានខ្វល់យកចិត្តទុកដាក់ប៉ុន្មានទេទៅលើការណ៍ថាតើចំណីទាំងនោះមានប្រយោជន៍ដល់សុខភាព ឬមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឬអត់។
ក្នុងមួយថ្ងៃៗ លោកស្រី ឡេង ត្រូវចំណាយពេល ១៤ ទៅ ១៥ម៉ោង ទៅលើការចិញ្ចឹមបីបាច់ថែទាំចៅទាំងប្រាំនាក់ ហើយដូច្នេះគាត់មិនសូវមានពេលសម្រាប់ទៅធ្វើកិច្ចការផ្សេងទៀតបានឡើយ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមិនចង់ទទួលយកអម្រែកនេះទេ ពីព្រោះវាជាបន្ទុកមួយធ្ងន់ណាស់។ ខ្ញុំពិតជាចង់មានពេលខ្លះសម្រាប់លំហែខ្លួនឯង ប៉ុន្តែបើខ្ញុំមិនជួយកូនរបស់ខ្ញុំ តើមានអ្នកណាមកជួយ?»
នៅឯភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯណោះវិញ នាង កាំង សុម៉ាល័យ អាយុ២៩ឆ្នាំ ជាម្តាយមានកូនពីរនាក់។ កាលពីពេលថ្មីៗ នាងត្រូវបង្ខំចិត្តលាឈប់ពីការងារជាកម្មការិនីនៅរោងចក្រកាត់ដេរមួយ ដោយសារតែគ្មានអ្នកណាមើលថែទាំកូនតូចរបស់នាងដែលពេលនេះមានអាយុ ៤ខែ និងកូនបងអាយុ ៧ឆ្នាំ ដែលទើបនឹងចូលរៀនថ្នាក់បឋមសិក្សា។ ក្រៅពីកូនរបស់ខ្លួនទាំងពីរ នាងក៏ត្រូវមើលថែទាំម្តាយអាយុ ៦៦ឆ្នាំ ដែលកំពុងមានជំងឺប្រចាំកាយ ផងដែរ។ នាងធ្លាប់រកបានចំណូលពីការងារបានពី ១៧០ ទៅ ២៦០ដុល្លារអាមេរិក ក្នុងមួយខែ តែពេលនេះនាងត្រូវពឹងផ្អែកទាំងស្រុងលើប្តីរបស់នាងដែលជាអ្នកបើកបររថយន្តមានចំណូលតែ ២០០ដុល្លារក្នុងមួយខែ ប៉ុណ្ណោះ។ ដូច្នេះ ប្រាក់ចំណូលបានក្លាយជាបញ្ហាចោទធំមួយសម្រាប់គ្រួសាររបស់នាង សុម៉ាល័យ។ នាងចង់ត្រឡប់ទៅធ្វើការវិញដើម្បីបានប្រាក់យកមកឧបត្ថម្ភការសិក្សារបស់កូន និងចាយវាយទៅលើការថែទាំសុខភាពរបស់ម្តាយនាងផង។ ទន្ទឹមគ្នានេះ នាងក៏ប្រាថ្នាចង់ឃើញដែរថាភូមិរបស់នាង ឬភូមិជិតខាង មានសេវាថែទាំទារកជាជម្រើសដែលនាងអាចប្រើប្រាស់បាន ដើម្បីបង្កលក្ខណៈឱ្យនាងអាចវិលទៅធ្វើការវិញ។
ថ្មីៗនេះ ធនាគារពិភពលោក តាមរយៈជំនួយហិរញ្ញប្បទានពីមូលនិធិជប៉ុនសម្រាប់អភិវឌ្ឍន៍សង្គម (Japan Social Development Fund) បានផ្តល់អំណោយថវិកាចំនួន ២,៧លានដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះជាភាសាបារាំងថា Planète Enfants & Development (PE&D) សម្រាប់យកទៅអនុវត្តគម្រោង «សេវាថែទាំកូនរបស់កម្មករកាត់ដេរនៅតាមសហគម» (Community-based Childcare for Garment Factory Workers Project)។ គម្រោងនេះនឹងបង្កើតមណ្ឌលថែទាំកុមារចំនួន ២២មណ្ឌល សម្រាប់ផ្តល់សេវាថែទាំកូនរបស់កម្មករកាត់ដេរនៅតាមសហគម ពីអាយុ ៣ខែ ដល់ ៣ឆ្នាំ។ ការផ្តល់សេវាថែទាំកុមារមានសុវត្ថិភាព អាចទុកចិត្តបាន និងក្នុងតម្លៃមួយសមរម្យ នឹងជួយបង្កលទ្ធភាពឱ្យកម្មករអាចធ្វើការបានដោយគ្មានរអាក់រអួល ឬអាចឆាប់បានវិលត្រឡប់ទៅកាន់ការងាររបស់ខ្លួនវិញក្រោយពីសម្រាកមាតុភាព និងជួយកាត់បន្ថយបាននូវអវត្តមានពីការងារដោយសារតែកូនឈឺ។
ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់ម្តាយ និងអ្នកថែទាំកូននៅក្នុងគ្រួសារ មណ្ឌលថែទាំកុមារទាំងនោះនឹងរួមចំណែកដល់ការអភិវឌ្ឍកុមារតូចតាមរយៈការផ្តោតទៅលើការលូតលាស់ប្រាជ្ញាយល់ដឹង, ជំនាញផ្នែកចលនា, ជំនាញផ្នែកសង្គម និងការរៀនសូត្រកម្រិតបឋម។ ជាមួយគ្នានេះ មណ្ឌលថែទាំនឹងផ្តល់ដល់កុមារទាំងនោះផងដែរនូវអាហារមានសុខភាពសម្រាប់ការលូតលាស់រាងកាយ និងតាមដានមើលការវិវឌ្ឍរបស់ក្មេងទាំងនោះឱ្យទទួលបានសុខភាពកាន់តែធំធាត់ប្រសើរថែមទៀត។
លោកស្រី ណាតាលី ឌុយប៉ុង នាយិកាប្រតិបត្តិរបស់អង្គការ PE&D បានចែករំលែកការយល់ឃើញរបស់គាត់អំពីគម្រោងនេះដោយនិយាយថា៖ «អាទិភាពមួយនៅក្នុងចំណោមឧត្តមអាទិភាពនានារបស់យើង គឺការកសាងឱ្យបាននូវភាពភាពទុកចិត្តក្នុងចំណោមក្រុមគ្រួសារដែលយើងនឹងផ្តល់សេវានេះទៅឱ្យ។ មណ្ឌលថែទាំកុមារទាំងនោះនឹងត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារ និងសម្ភារសិក្សាមានគុណភាព។ អ្នកថែទាំកុមារនឹងទទួលការបណ្តុះបណ្តាលយ៉ាងប្រុងប្រយ័ត្ន។ មណ្ឌលនីមួយៗនឹងស្ថិតនៅក្រោមការតាមដានជាប់ពីសំណាក់គណៈកម្មាធិការប្រឹក្សាយោបល់មួយ ដែលមានសមាសភាពជាថ្នាក់ដឹកនាំក្នុងមូលដ្ឋាន និងមាតាបិតារបស់កុមារផ្ទាល់។ យើងក៏នឹងជួយដល់មាតាបិតាផងដែរតាមរយៈសកម្មភាពអប់រំនានាស្តីពីអាហារូបត្ថម្ភ, ការចិញ្ចឹមបីបាច់កូនឱ្យបានល្អ, ការគ្រប់គ្រងថវិកា, វិធីសាស្ត្របង្រៀនក្មេងតូច និងការថែទាំសុខភាពកូនក្មេង។ គម្រោងនេះនឹងសម្រេចបានជោគជ័យប្រសិនបើក្មេងៗសប្បាយចិត្តក្នុងការទៅនៅមណ្ឌលថែទាំ ហើយឪពុកម្តាយរបស់គេទៅធ្វើការបានទាំងអារម្មណ៍ស្ងប់ចិត្ត។»
គម្រោងនេះទើបតែនឹងចាប់ផ្តើមដំណើរការ មានរយៈពេលបួនឆ្នាំ ហើយត្រូវបានរំពឹងទុកថានឹងនាំប្រយោជន៍ដល់ពលរដ្ឋប្រមាណជា ៣១២៥គ្រួសារ ភាគច្រើននៅក្នុងខេត្តកំពង់ស្ពឺ ដែលមានរោងចក្រកាត់ដេរជាង១២០រោងចក្រ និងផ្តល់ការងារមានប្រាក់កម្រៃដល់កម្មករជាង ១១២ ០០០ នាក់ ក្នុងនោះ ៨៤ភាគរយ ជាស្រ្តី។ គម្រោងអាចនឹងបញ្ចូលរោងចក្រផ្សេងទៀតដែរ អាស្រ័យទៅលើការចូលរួមពាក់ព័ន្ធរបស់រោងចក្រទៅថ្ងៃខាងមុខ។
កន្លងមកបណ្តារោងចក្រដែលបានផ្តល់ការគាំទ្រផ្នែកថែទាំកុមារដល់កម្មកររបស់ខ្លួន គឺបានធ្វើដូច្នោះមែនតាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភក្នុងចំនួនតិចតួច។ នៅក្រោមគម្រោងនេះ បណ្តារោងចក្រដែលចូលរួមជាដៃគូ នឹងផ្តល់ហិរញ្ញប្បទានទៅឱ្យមណ្ឌលថែទាំកុមារតែម្តង ដែលជាវិធីមួយជួយកាត់បន្ថយបន្ទុកចំណាយថ្លៃដើមទៅលើកម្មករបានផង។ ក្រុមហ៊ុនបញ្ជាទិញចំនួនពីរ គឺក្រុមហ៊ុន VF Corporation និង Clarks Shoes កំពុងតែនាំមុខគេដោយបានសន្យាថានឹងធ្វើជាដៃគូជាមួយគម្រោងនេះ និងជំរុញលើកទឹកចិត្តរោងចក្រដែលផ្គត់ផ្គង់ទំនិញដល់គេ ឱ្យចូលរួមនៅក្នុងគម្រោងនេះដែរ។ ការចូលរួមរបស់វិស័យឯកជនដែលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាសមាជិកមួយរបស់ធនាគាពិភពលោក កំពុងធ្វើការសម្របសម្រួល ពិតជាមានសារៈសំខាន់ណាសក្នុងការធានាធ្វើយ៉ាងណាឱ្យមណ្ឌលថែទាំកុមារទាំងនេះមានចីរភាពក្នុងដំណើរការ និងលទ្ធភាពពង្រីកវិសាលភាពរបស់វាទៅអនាគត។ ការស្រាវជ្រាវមួយរបស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានឱ្យដឹងឃើញនូវអត្ថប្រយោជន៍ច្រើនដែលធុរកិច្ចអាចទទួលបានតាមរយៈការចូលរួមគាំទ្រដល់ការថែទាំកុមារ ក្នុងទម្រង់ជាការកាត់បន្ថយនូវអត្រារើសកម្មករថ្មីមកជំនួសកម្មករដែលលាឈប់, កម្មករលែងសូវអវត្តមាន, កម្មករផ្ចង់ស្មារតីកាន់តែខ្ពស់ និងបង្កើនផលិតភាពក្នុងការងារបានកាន់តែប្រសើរ។