Skip to Main Navigation
រឿងពិសេស 23 មីនា 2020

សហគមន៍ក្រីក្រនៅកម្ពុជា រកចំណូលបានច្រើនតាមរយៈសហគមន៍កសិកម្ម និងការដាំដំណាំសរីរាង្គ

Image

រូបថត៖ សាជីវកម្មកសិកម្មកម្ពុជា


អត្ថបទថ្មីៗ

  • ផ្ទៃដីទំហំ ១៧០០០ហិកតា សម្រាប់សង់លំនៅឋាននិងធ្វើកសិកម្ម ត្រូវបានផ្តល់ជូនគ្រួសារដែលគ្មានដីធ្លី និងគ្រួសារខ្វះដីធ្លីចំនួន ៥១៤១គ្រួសារ នៅតាមគោលដៅគម្រោងទាំង១៤ តាមរយៈគម្រោង ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជំហានទី២» (LASED II)។
  • តាមរយៈគម្រោងនេះ សហករណ៍កសិកម្មចំនួន៦កន្លែង ត្រូវបានបង្កើតឡើង ដោយមាន ៤៥២គ្រួសារជាសមាជិក មកទល់បច្ចុប្បន្ននេះ។
  • ក្នុងចំណោមនោះ សហករណ៍ចំនួន៤កន្លែង បានទទួលវិញ្ញាបនបត្របញ្ជាក់ដំណាំសរីរាង្គ និងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជនចំនួន២ ដើម្បីធ្វើការផ្គត់ផ្គង់ដំឡូងមី ល្ង និងសណ្តែកដីសរីរាង្គ។

ធី ធា​ ជា​កសិករម្នាក់មានអាយុ៣៩ឆ្នាំ មាន​បង្ហាញសេចក្តីរីករាយ​ក្រោយពី​បាន​ចុះកិច្ច​សន្យា​ជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីផ្គត់ផ្គង់ផលិតផល​​ដំឡូងមី​សរីរាង្គរបស់​គាត់។ ​ឆ្នាំនេះ គាត់​ប្រមូលផល​បាន​ ៣២តោន (ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណជា ៣០០០​ដុល្លារ​អាមេរិក) នៃដំឡូងមីដែលគាត់ដាំនៅតាមចន្លោះដើម​ ​ស្វាយចន្ទី​សរីរាង្គ​ នៅ​លើ​ផ្ទៃដី​របស់​គាត់ដែលមានទំហំ២ហិកតា។ គាត់រំពឹងដែរថា​នឹង​ទទួលបានចំណូល​បន្ថែមទៀត ពីការ​ប្រមូលផលគ្រាប់ស្វាយចន្ទី ដែលអាច​នឹង​​បេះ​បាន​ហើយ​នាពេលឆាប់ៗ​ខាងមុខ។

«ខ្ញុំលែងបារម្ភអំពីរឿងទីផ្សារ​សម្រាប់​ផលិតផល​សរីរាង្គ​របស់​ខ្ញុំទៀតហើយ» --​ លោក ធា មាន​ប្រសាសន៍​ដូច្នេះ ដោយ​បាន​ភ្ជាប់​ទៅ​នឹង​​កិច្ច​សន្យាមួយ​ដែល​សហករណ៍កសិកម្ម (AC) របស់​គាត់​ បាន​ចុះ​ហត្ថ​លេខា​ជាមួយ​ ក្រុមហ៊ុនសាជីវកម្ម​កសិកម្ម​កម្ពុជា (Cambodian Agriculture Cooperative Corporation, Plc./CACC)។ លោក ធា ពោល​បន្ថែមទៀតដូច្នេះថា៖ «នៅពេលណាដំណាំរបស់​យើង​គ្រប់​អាយុ​ដែល​ត្រូវ​ប្រមូលផល​ហើយ ក្រុមហ៊ុនចុះ​មក​ដល់ភូមិមកទិញពីយើង​ផ្ទាល់តែម្តង។ វា​មិន​ដូចមុនទៀតទេ ដែល​យើង​ត្រូវ​ដឹក​ផលិត​ផល​របស់យើងទៅឱ្យឈ្មួញកណ្តាលនៅឆ្ងាយពីភូមិរបស់យើងនោះ។»

លោកស្រី អៀង ផាង អាយុ​៤០ឆ្នាំ ដែល​ជា​អ្នក​ភូមិជាមួយ ​លោក ធា ដែរ រកចំណូល​បាន​ជាង ៣៣០០ដុល្លារ​អាមេរិក ពី​ការ​លក់​ដំឡូងមីសរីរាង្គ​ជាង​ ៣៤តោន នៅ​ក្នុង​ឆ្នាំនេះ។ ដោយឃើញ​ថា​ឆ្នាំនេះគាត់រក​ចំណូល​បាន​គ្រាន់​បើ​ជាង​មុន គាត់​បាន​សម្រេច​ចិត្ត​ចុះ​កិច្ច​សន្យា

ដាំដំឡូងមីសរីរាង្គ​បន្តទៀត នៅ​​រដូវខាងមុខ។ លោកស្រីក៏សង្កេតឃើញដែរ​ថា មានគ្រួសារច្រើនទៀត​ដែល​មាន​បំណងចូលរួម​ក្នុ​ង​សហគមន៍​របស់​គាត់។     


"«ខ្ញុំលើកទឹកចិត្តឱ្យអ្នកភូមិយើងចូលរួមក្នុងសហករណ៍កសិកម្មនេះ ពីព្រោះយើងអាចលក់បានលុយច្រើនជាងមុន ហើយសុខភាពរបស់យើងក៏មានសុវត្ថិភាពដែរ។»"
អៀង ផាង
កសិករវ័យ៤០ឆ្នាំ

លោកស្រី ផាង មាន​ប្រសាសន៍ថា៖ «ខ្ញុំលើកទឹកចិត្ត​ឱ្យ​អ្នក​ភូមិយើង​ចូលរួម​ក្នុង​សហករណ៍​កសិកម្មនេះ ពីព្រោះ​យើងអាច​លក់​បានលុយ​ច្រើន​ជាង​មុន ហើយ​សុខភាព​របស់​យើង​ក៏​មាន​សុវត្ថិ​ភាព​ដែរ។»     

លោក ធា និង​លោកស្រី ផាង ជា​សមាជិក​សហគមន៍កសិកម្ម​ នៅ​ក្នុង​ឃុំ​ទីប៉ូ នៃ​ខេត្ត​កំពង់ធំ។ ពួកគាត់​ធ្លាប់​ស្ថិត​នៅ​ក្នុង​ចំណោម​គ្រួសារក្រីក្រគ្មានដីធ្លី​និង​ខ្វះដីធ្លី ហើយក្រោយមកទទួល​បាន​ដី​ និង​ជំនួយទ្រទ្រង់មុខរបរ តាម​រយៈគម្រោង ការបែងចែកដីសម្រាប់ការអភិវឌ្ឍ​សង្គមនិងសេដ្ឋកិច្ច ជំហានទី២»  (LASED II)។ គម្រោង​នេះបាន​ទទួល​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពីសំណាក់ធនាគារពិភពលោក និង​អង្គការ​សហប្រតិបត្តិការអន្តរជាតិ​អាល្លឺម៉ង់(GIZ)សម្រាប់ជំនួយបច្ចេកទេស ។ 

គម្រោងនេះបង្កើតសហគមន៍កសិកម្ម និង​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​ជំនួយឥតសំណងទៅឱ្យ​គ្រួសារ​ក្រី​ក្រ ដើម្បីជួយពួកគាត់ក្នុងការប្រមូលផ្តុំគ្នា និង​កែលម្អ​ប្រព័ន្ធផលិតកម្ម​កសិកម្ម ធ្វើ​ឱ្យជីវភាព​រស់​នៅ​កាន់តែមានភាពប្រសើរ និង​បង្កើន​សន្តិសុខស្បៀង និង​កម្រិត​អាហារូបត្ថម្ភ​របស់ខ្លួន​​ ឱ្យ​កាន់​តែខ្ពស់ឡើង។ គម្រោងនេះ​ក៏គាំទ្រផងដែរ​ដល់​ការ​ធ្វើសមាហរណកម្មទីផ្សារ ដែល​ជួយធ្វើឱ្យការរកចំណូល​បាន​កាន់​តែ​មាន​ចីរភាព។

លោក ថាត ផាលិត អនុប្រធានគ្រប់គ្រង់គម្រោង​របស់​អង្គការ GIZ មាន​ប្រសាសន៍ថា មុន​នឹង​រកក្រុមហ៊ុន​ឱ្យ​ធ្វើ​កិច្ច​សន្យា​ទិញកសិផល​សរីរាង្គ អង្គការរបស់លោក​ជួយក្រុម​សហគមន៍ឱ្យ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ផលិតផលសរីរាង្គជាមុនសិន ពិសេស​ពី​ស្ថាប័នអន្តរជាតិ មានដូចជា សហជីពត្រួតពិនិត្យ​ស្តង់ដា​និង​បញ្ញត្តិស្តីពីវិញ្ញាបនបត្រ​ផលិតផល​នៃ​សហភាពអឺរ៉ុប (Control Union Certifications Production Standards and Regulation of the European Union) និង​កម្មវិធីសរីរាង្គជាតិនៃសហរដ្ឋអាមេរិក (U.S. National Organic Program)។  

បច្ចុប្បន្ននេះ មាន​សហគមន៍ចំនួន៤​នៅក្រោមគម្រោង LASED II បាន​ចុះ​កិច្ច​សន្យា​ជាមួយក្រុមហ៊ុនពីររួចហើយ គឺក្រុមហ៊ុន CACC និងក្រុមហ៊ុន Signature of Asia។ ក្រុមហ៊ុន Signature of Asia ទិញគ្រាប់ល្ង និង​សណ្តែកដីសរីរាង្គ ពីសហគមន៍ពីរកន្លែងនៅក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ។ ចំណែកឯ ក្រុមហ៊ុន CACC វិញ គេទិញដំឡូងមីសរីរាង្គ​ពី​ក្រុម​សហគមន៍នៅ​ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ។

នៅឃុំដា ដែល​ជាគោលដៅមួយរបស់គម្រោង LASED II ក្នុង​ខេត្ត​ក្រចេះ លោកស្រី ឃុន ម៉ាលីស អាយុ៣១​ឆ្នាំ ប្រមូលផល​ដំឡូងមីសរីរាង្គ​បានជាង ៨តោន ពីផ្ទៃដីជិតមួយហិកតារបស់គាត់។ តាមរយៈក្រុមសហគមន៍ គាត់​អាច​លក់​ផលិតផលរបស់គាត់​បានក្នុងថ្លៃមួយគុណជាពីរ ធៀបទៅនឹង​ពេលមុនៗដែលគាត់ធ្លាប់យកទៅលក់ឱ្យឈ្មួញកណ្តាល។

លោកស្រីនិយាយថា ការកំណត់ថ្លៃទិញជាមុន និងការបង្កើនទិន្នផល​ឱ្យ​កាន់តែប្រសើរ បានក្លាយជាចំណុចទាក់​ទាញ​ដល់​គ្រួសារកាន់តែច្រើន​ឱ្យ​មកចូលរួម​ក្នុង​ក្រុម​សហករណ៍។ ក្នុងឆ្នាំនេះ ចំនួន​សមាជិក​បាន​កើនឡើងដល់ ៧២គ្រួសារ ពី២៥គ្រួសារ ហើយ​នៅមានក្រុមគ្រួសារច្រើនទៀត​នឹង​មក​ចូលរួមដែរ​នៅ​ពេលឆាប់ៗខាងមុខ។

ទោះបីជាមានក្រុមគ្រួសារកាន់តែច្រើនចូលរួមក្នុងក្រុមសហករណ៍ក្តី ផលិតកម្ម​ដំឡូងមីសរីរាង្គឆ្នាំនេះនៅមិនទាន់សម្រេចបានដល់គោលដៅនៅឡើយទេ។ លោក កាន់ គន្ធី នាយកគ្រប់គ្រងក្រុមហ៊ុន CCAC ដែល​បាន​ចុះកិច្ច​សន្យា​ជាមួយ​ក្រុម​សហគមន៍​ក្រោម​គម្រោង LASED II នេះ និយាយថា អ្វីដែលចាំបាច់ដើម្បីបង្កើន​ទិន្នផល​ គឺ​ត្រូវកែលម្អគុណភាពដី និង​ពូជ ហើយសមាជិក​សហគមន៍​ត្រូវ​មាន​ការ​សម្របសម្រួលគ្នា​ឱ្យ​កាន់តែល្អឡើង។

បណ្ឌិត ដុក ដូម៉ា នាយកគម្រោង LASED II បានប្តេជ្ញាចិត្តថា​នឹងបន្តគាំទ្រ និង​ពង្រឹង​ក្រុមសហគមន៍ថែមទៀត ដើម្បី​បង្កើនផលិតផល​ដំឡូងមីសរីរាង្គ ហើយនឹង​លើកទឹកចិត្ត​ឱ្យអ្នកទទួលផល​គម្រោងចូលរួម​កាន់​តែ​ច្រើនឡើងនៅក្នុងកម្មវិធីនេះ។

លោកដូម៉ាមានប្រសាសន៍ថា៖ «ពេលនេះ យើង​ត្រូវ​តែខិតខំថែមទៀត​ដើម្បីជួយពួកគាត់​ឱ្យ​បង្កើន​ផលិតផលសរីរាង្គរបស់ខ្លួន តាមរយៈការផ្តល់ជូនពួកគាត់នូវបច្ចេកទេសដាំដុះ ក្នុងនោះ​មាន​ទម្លាប់អនុវត្តកសិកម្មវៃឆ្លាតផ្នែកអាកាសធាតុផង និង​ផ្តល់មូលនិធិជាលក្ខណៈវិលជុំ ឱ្យពួកគាត់យកទៅប្រើ​ប្រាស់​ក្នុង​ការកែលម្អគុណភាពពូជ និង​ដី។»


Api
Api