គម្រោង«ការគ្រប់គ្រងធនធានទឹកចម្រុះនៃទន្លេងមេគង្គ» ដំណាក់កាលទី៣ (MIWRM3) ជាគម្រោងដែលទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារពិភពលោក ចាប់ផ្តើមតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយជួយបង្កើតឡើងនូវសហគមន៍នេសាទចំនួន៧០ នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ជាពិសេសសហគមន៍នៅតាមដងទន្លេមេគង្គ។ គម្រោងនេះជួយសហគមន៍នេសាទឱ្យចេះរៀបចំផែនការគ្រប់គ្រង, កំណត់ព្រំប្រទល់តំបន់នេសាទ និងតំបន់អភិរក្សត្រី,រឹតបន្តឹងការអនុវត្តបទប្បញ្ញត្តិនេសាទ និងធ្វើការវាយតម្លៃផែនការគ្រប់គ្រង របស់ខ្លួន។
លោក ទុំ នីរ៉ូ និយាយថា៖ «គម្រោងនេះបានមកដល់ចំពេលវេលាល្អណាស់។ បច្ចុប្បន្ននេះ សហគមន៍នេសាទកាន់តែមានភាពសកម្មជាងមុន ដោយសហការជាមួយយើងនៅក្នុងការបង្រ្កាបសកម្មភាពនេសាទខុសច្បាប់គ្រប់រូបភាពនៅក្នុងសហគមន៍របស់ខ្លួន។ ខ្ញុំត្រេកអរណាស់ដោយបានឃើញពួកគាត់មានភាពជាម្ចាស់រឹងមាំបែបនេះ។»
តាមរយៈការគាំទ្ររឹងមាំពីសំណាក់អាជ្ញាធរខេត្ត និងមូលដ្ឋាន និងពីសំណាក់សហគមន៍ប្រជានេសាទផ្ទាល់ សកម្មភាពនេសាទខុសច្បាប់ត្រូវបានកាត់បន្ថយបានជិត ៣០ភាគរយ។
គម្រោងក៏បានជួយផងដែរនៅក្នុងការសាងសង់កន្លែងភ្ញាស់កូនត្រីមួយកន្លែង ដែលអាចភ្ញាស់កូនត្រី បានប្រហែលជា ៣លានកូន ក្នុងមួយឆ្នាំ។ កាលណាធំល្មម កូនត្រីទាំងនោះត្រូវបានយកទៅលែងនៅក្នុងអាងធម្មជាតិ ព្រែក និងទន្ល និងព្រមទាំងត្រូវបានយកទៅចែកជូនកសិករទាំងឡាយណាដែលចង់ចិញ្ចឹមត្រី ដោយមានការជួយជ្រោមជ្រែងផ្នែកបច្ចេកទេស។
គម្រោងនេះក៏ផ្តល់អំណោយថវិកាខ្នាតតូចផងដែរដល់គ្រួសារក្រីក្រ ដែលបានចូលរួមនៅក្នុងសហគមន៍នេះ សម្រាប់ឱ្យពួកគេយកទៅប្រើប្រាស់ក្នុងការបង្កើតប្រភពរបរចិញ្ចឹមជីវិតឱ្យបានច្រើនមុខ។ បន្ថែមលើការផ្តល់អំណោយថវិកា គម្រោងក៏ជួយសាងសង់ហេដ្ឋរចនាសម្ព័ន្ធខ្នាតតូច ដូចជាស្រះទឹកនិងលូបង្ហូរទឹក សហគមន៍ជាដើម ផងដែរ។ គ្រួសារដែលទទួលបានជំនួយថវិកា បានយកជំនួយនេះទៅប្រើប្រាស់សម្រាប់ចិញ្ចឹមត្រី មាន់ ជ្រូក និងគោ ដើម្បីបង្កើតចំណូលបន្ថែមសម្រាប់ទ្រទ្រង់គ្រួសារ។
ក្រៅពីនេះ គម្រោងបានជួយឧបត្ថម្ភដល់ការគ្រប់គ្រងធនធានទឹកឱ្យមានប្រសិទ្ធភាព តាមរយៈការផ្តល់ហិរញ្ញវត្ថុគាំទ្រដល់ដំណើរការរបស់ស្ថានីយ៍តាមដានស្ថានភាពជលសាស្ត្រ និងឧតុនិយម, ការចុះអង្កេតតាមទីតាំងផ្ទាល់, ការរៀបចំបង្កើតម៉ូដែលធនធានទឹក, ការសិក្សាប្រវត្តិអាងទឹក និងកម្មវិធីតាមដាននិងវាយតម្លៃធនធានទឹក។ ទន្ទឹមគ្នានេះ គម្រោងបានជួយពង្រឹងសមត្ថភាពរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា, ក្រសួងធនធានទឹកនិងឧតុនិយម, និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ក្នុងការគ្រប់គ្រងធនធានទឹក និងសកម្មភាពគ្រប់គ្រងធនធានទឹកឆ្លងព្រំប្រទល់។
មកទល់ពេលនេះ គម្រោងបានបង្កើតបានសហគមន៍ប្រជានេសាទចំនួន៧០, សង់សំណង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចបាន១១កន្លែង, ផ្តល់ទូកមានម៉ាស៊ីនចំនួន១០០គ្រឿង និងគ្រឿងបរិក្ខារដល់សហគមន៍ប្រជានេសាទ ផ្តល់អំណោយថវិកាខ្នាតតូចដល់គ្រួសារក្រីក្របំផុតចំនួន៣៣០ក្នុងចំណោម៥០០គ្រួសារនៃសហគមន៍ប្រជានេសាទ (មួយគ្រួសារទទួលបាន២៩៥ដុល្លារសហរដ្ឋអាមេរិកសម្រាប់យកទៅចិញ្ចឹមត្រី មាន់ ជ្រូក ឬគោ) និងជ្រើសរើសស្ត្រី ៣០ភាគរយឱ្យមានវត្តមានជាសមាជិកនៅក្នុងគណៈកម្មាធិការសហគមន៍ប្រជានេសាទ សម្រាប់ធ្វើការអនុម័តលើហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងមុខរបរចិញ្ចឹមជីវិត ខ្នាតតូច។
លោក ទុំ នីរ៉ូ បានអំពាវនាវឱ្យប្រជាជនក្នុងសហគមន៍ទាំងអស់សហការគ្នាឱ្យបានល្អក្នុងការខិតខំការពារត្រីជិតផុតពូជ និងតំបន់ត្រីពង បើមិនដូច្នោះទេ បរិមាណត្រីនេះនឹងបន្តធ្លាក់ចុះជាមិនខាន។
លោក ទុំ នីរ៉ូ បានពោលពាក្យក្រើនរំឭកដូច្នេះថា៖ «ទោះបីជាអ្នកមានឋានៈខ្ពស់ដល់ណាក៏ដោយ ឲ្យតែត្រីមេពូជដែលជិតផុតពូជនេះមិនត្រូវបានការពារទេ អ្នកនឹងគ្មានត្រីធម្មជាតិសម្រាប់ហូបទៀតទេ។»