Skip to Main Navigation
រឿងពិសេស 18 មិថុនា 2019

លើកកម្ពស់សុខភាពរបស់ពលរដ្ឋកម្ពុជា តាមរយៈការជួយឧបត្ថម្ភដល់សហគមន៍ និងមណ្ឌលសុខភាព

Image

Saroeun Bou/World Bank


អត្ថបទថ្មីៗ

  • រៀងរាល់ឆ្នាំ មូលនិធិសមធម៌សុខាភិបាល (HEF) ជួយពលរដ្ឋក្រីក្របំផុតជាង ២,៦លាននាក់ ឱ្យទទួលបានសេវាពិនិត្យសុខភាព និងជាង ១៩០០០០នាក់ផ្សេងទៀត ឱ្យចូលសម្រាកក្នុងមន្ទីរពេទ្យនៅទូទាំងប្រទេសកម្ពុជាដើម្បីទទួលការព្យាបាលជំងឺ។
  • មូលនិធិសមធម៌សុខាភិបាល (HEF) ជំរុញលើកទឹកចិត្តដល់ពលរដ្ឋក្រីក្រឱ្យងាកមកប្រើប្រាស់សេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ដែលកាលពីមុនពួកគាត់គ្មានលទ្ធភាពទទួលបានដោយសារគ្មានប្រាក់បង់។
  • ក្រៅពីមូលនិធិសមធម៌សុខាភិបាល (HEF) គម្រោងបានបង្កើតកញ្ចប់ជំនួយថវិកាសម្រាប់ការផ្តល់សេវា សំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពក្នុងប្រទេស។

«គ្រូពេទ្យ​រួសរាយណាស់។ ពួកគាត់​ប្រើ​សម្តី​ទន់​ភ្លន់​ជួយ​កុំឱ្យខ្ញុំភ័យ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឈឺពោះខ្លាំង។» ដាំ ស៊ីវលាន អាយុ ១៨ឆ្នាំ ពោល​ដូច្នេះ​ក្នុង​ទឹក​មុខ​ញញឹម​ នៅ​ពេល​ដែល​នាងកំពុង​បំបៅដោះកូន​ប្រុស​អាយុ​បីថ្ងៃ នៅ​ក្នុងផ្ទះឈើមួយ​ដែល​នា​ង​កំពុង​រស់​នៅ​ជា​មួ​យប្តី​របស់​នាង​ នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។ ​

ទារក​នោះ​គឺ​ជាកូន​ដំបូង​របស់​នាង ដែល​នាង​បាន​ប្រសូត​នៅ​ក្នុង​មណ្ឌល​សុខភាព​ពេជ្រដា ​ក្នុង​ខេត្ត​មណ្ឌលគិរី។ គ្រួសារ​របស់​នាង​ជា​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ហើយ​ក៏​ស្ថិត​ក្នុង​ចំណោម​គ្រួសារ​​ក្រី​ក្រ​ជាង​គេ​​នៅ​ក្នុង​សហ​គមន៍​នោះ​ដែរ។ ពួកគេ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយធ្វើ​ចម្ការស្រូវ ក៏ប៉ុន្តែ​ទិន្ន​ផល​ដែល​ទទួល​បាន​អាច​ឱ្យ​គ្រួសារ​បរិភោគ​បាន​តែ​បួន​ទៅ​ប្រាំ​ខែ​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។ នាង​ ស៊ីវលាន និង​ប្តីរបស់​នាង ស៊ី​ឈ្នួល​ពលកម្ម​ឱ្យ​អ្នក​ជិត​ខាង​របស់​នាង​នៅ​ពេល​ណា​ដែល​ពួក​គាត់​មាន​ឱកាស ដោយ​រក​បាន​ប្រហែល​ ២០០០០រៀល តែប៉ុណ្ណោះ​ក្នុងមួយ​ថ្ងៃ។

​ដោយ​សារ​តែ​មាន​ចំណូល​ទាប​ដូច្នេះ គ្រួសារ​របស់​នាង​ ស៊ីវលាន ទទួល​បាន​​ប័ណ្ណ​ក្រីក្រ​មួយ​សន្លឹក ដែលអនុញ្ញាត​ឱ្យ​សមាជិក​គ្រួសារ​​អាច​ទទួល​បានការ​ឧបត្ថម្ភ​ពី​មូលនិធិ​សមធម៌សុខាភិបាល (HEF) ​សម្រាប់​ទទួល​បាន​សេវា​ពិនិត្យ​សុខភាព​និង​ព្យា​បាល​ជំងឺ​ដោយ​ឥតគិតថ្លៃ។ មូលនិធិ​សមធម៌សុខាភិបាលនេះបាន​ទទួល​រ៉ាប់រង​ថ្លៃចំណាយ​ទាំង​អស់​​ ជុំវិញ​ការសម្រាល​កូន​របស់​នាង​នៅ​មណ្ឌល​សុខភាព​ពេជ្រដា។ ប្រសិនបើ​គ្មាន​មូលនិធិនេះជួយ​ទេ នាង​ប្រាកដ​ជា​នឹង​ត្រូវ​ទៅខ្ចីបុល​​ពី​អ្នក​ចង​ការ​ប្រាក់​នៅ​ក្នុងភូមិដែល​តែង​តែ​យក​ការ​ប្រាក់​យ៉ាង​ខ្ពស់ ជា​មិន​ខានឡើយ។

លោក ចាង គុណ ប្រធាន​មណ្ឌលសុខភាពពេជ្រដា មាន​ប្រសាសន៍ដូច្នេះថា៖ «ប្រជា​ជន​នៅ​ក្នុ​ងតំបន់​នេះ​សុទ្ធ​តែ​ជា​ជន​ជាតិ​ដើមភាគតិច​ ហើយ​ភាគ​ច្រើន​ជាអ្នក​ក្រ​ទៀត។ មូលនិធិ​សមធម៌សុខាភិបាលនេះ​ផ្តល់​គុណ​ប្រ​យោជន៍​ធំធេង​ណាស់​ដល់​ពួកគាត់ និង​ជួយកាត់​បន្ថយ​អត្រាឈឺ និង​ស្លាប់នៅ​ក្នុង​សហគមន៍​នេះ​ទៀត​ផងដែរ។» លោក​ប្រធាន​មណ្ឌល​សុខភាពរូបនេះ​បាន​បន្ថែម​ទៀត​ថា មូលនិធិសមធម៌សុខាភិបាលបានជំរុញ​លើកទឹកចិត្តដល់​ពលរដ្ឋ​ក្រីក្រឱ្យងាក​មក​ប្រើប្រាស់សេវាសុខាភិបាលនៅមណ្ឌលសុខភាព ដែលកាលពីមុនពួកគាត់គ្មានលទ្ធភាព​ទទួល​បានដោយសារគ្មានប្រាក់បង់។

មូលនិធិសមធម៌សុខាភិបាល គឺ​ជា​ផ្នែកមួយ​នៃ«គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល»  Health Equity and Quality Improvement Project (H-EQIP), ដែលមាន​គោលដៅ​លើក​កម្ពស់​លទ្ធភាព​របស់​ជន​ក្រី​ក្រ​ក្នុង​ការ​ទទួល​បាន​សេវា​សុខភាព​ប្រកប​ដោយ​គុណភាព។ រៀងរាល់ឆ្នាំ មូលនិធិសមធម៌សុខាភិបាល ជួយពលរដ្ឋក្រីក្រ​បំផុត​ជាង​២,៦ លាន​នាក់ ឱ្យទទួលបានសេវា​ពិនិត្យសុខភាព និងជាង១៩០០០០នាក់ផ្សេងទៀត ឱ្យចូលសម្រាក​ក្នុង​មន្ទីរពេទ្យនៅទូទាំងប្រទេសកម្ពុជាដើម្បីទទួលការព្យាបាលជំងឺ។


Image

Dominic Chavez/Global Financing Facility


កញ្ចប់ថវិកាទ្រទ្រង់​ការ​ផ្តល់​សេវា​សុខភាពដោយផ្នែកលើស្នាដៃការងារ

បន្ថែម​ពីលើក​ការ​ជួយ​ឧបត្ថម្ភដល់​ពលរដ្ឋ​​ក្រីក្របំផុត​ឱ្យ​មាន​លទ្ធភាព​ទទួល​បាន​សេវាថែទាំសុខភាព  គម្រោងបាន​ផ្តល់មូលនិធិផ្តល់សេវាសម្រាប់ទ្រទ្រង់​មណ្ឌលសុខភាពក្នុងប្រទេសថែម​ទៀត​ សម្រាប់​យក​ទៅ​រៀបចំកែលម្អ​គុណភាព​សេវា​របស់​ខ្លួនឱ្យ​បាន​កាន់​តែប្រសើរឡើង​។

វេជ្ជបណ្ឌិត សុខ ប៉ូ អនុប្រធាននាយកដ្ឋាន​សេវាកម្ម​មន្ទីរពេទ្យ​នៃក្រសួង​សុខាភិបាល មានប្រសាសន៍ថា ​កញ្ចប់ថវិកាសម្រាប់ប្រតិបត្តិការពង្រឹងគុណភាពនិងលើកកម្ពស់សមធម៌សេវាសុខាភិបាល និងកញ្ចប់​ថវិកាផ្អែកលើលទ្ធផលការងារ ត្រូវ​បាន​ផ្ទេរ​តាម​ប្រព័ន្ធ​អេឡិចត្រូ​និច​ចូល​ទៅក្នុង​គណនី​ធនាគារ​របស់​​មណ្ឌល​សុខភាព​នីមួយៗ​បាន​ទាន់​ពេលវេលា​សម្រាប់​យក​ទៅប្រើ​ប្រាស់។

ImageImageរៀង​រាល់​មួយ​ត្រីមាស​ម្តង កញ្ចប់ថវិកាសម្រាប់ប្រតិបត្តិការពង្រឹងគុណភាពនិងលើកកម្ពស់សមធម៌សេវា​សុខាភិបាល ត្រូវ​បាន​ផ្ទេរ​ចូល​គណនី​របស់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​សម្រាប់​យក​ទៅ​បែងចែក​ដើម្បី​ចំណាយ​លើ​ការ​ថែទាំ និង​ជួស​ជុល​គ្រឿងបរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធ ឬ​ទិញ​ថ្នាំជាំ​​បន្ទាន់​នៅ​ពេល​ជួប​ការ​ខ្វះ​ខាត។ ​ផ្ទុយ​ទៅវិញ កញ្ចប់​ថវិកាផ្អែកលើលទ្ធផលការងារ ​ត្រូវ​បាន​ផ្តល់​ជូន​ដល់​មណ្ឌល​សុខភាព ដោយ​យោង​ទៅ​តាមការ​វាយ​តម្លៃលើ​​​គុណភាព​របស់​សេវា​សុខាភិបាល ហើយ​វា​ក៏​ត្រូវ​បាន​ប្រើ​​ជា​ថវិកា​លើក​ទឹក​ចិត្ត និង​រង្វាន់​សម្រាប់​បុគ្គលិក​ដែល​បា​ន​បំពេញ​កិច្ច​សុខា​ភិបាល​បាន​ល្អដែរ។

លោកស្រី​វេជ្ជបណ្ឌិត ពុយ ពិសី ជា​ប្រធាន​មន្ទីរ​ស្រុកប្រតិបត្តិ​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី និង​ក៏​ជា​អ្នក​វាយ​តម្លៃ​ស្រុក​ប្រតិបត្តិមួយរូបផងដែរ។ បន្ទាប់​ពី​បាន​​ធ្វើ​ការ​វាយ​តម្លៃ​មណ្ឌល​សុខភាព​ចំនួន​១២រួចមក លោក​ស្រី​ពន្យល់​ថា នៅ​ក្នុង​ជុំ​ទីមួយ​នៃ​ប្រតិបត្តិការ​​វាយ​តម្លៃនៅ​ក្នុង​ឆ្នាំ​២០១៧ មណ្ឌល​សុខភាពទាំងនោះ​ទទួល​បាន​ពិន្ទុ​ទាបណាស់​ គឺ​បាន​ត្រឹម​តែ​ពី ២១% ទៅ​៤៣% ​តែប៉ុណ្ណោះ ប្រៀប​ធៀប​ទៅនឹង​ពិន្ទុ​៦០% ដែលក្រសួង​សុខាភិបាលបាន​កំណត់​ថា​ជាពិន្ទុអប្បបរមា​។ ប៉ុន្តែ ពីរឆ្នាំក្រោយ​មកនេះ មណ្ឌលសុខភាពទាំងនេះ​មាន​ការ​កែលម្អ​បាន​ច្រើន​រហូត​ទទួល​ ​ពិន្ទុបាន​ពី ៨០% ទៅ ៩២% ឯណោះ។

លោកស្រី​វេជ្ជបណ្ឌិត ពុយ ពិសី មាន​ប្រសាសន៍ដូច្នេះថា៖ «​ពួកគេ​កែលម្អ​បាន​​ប្រសើរ​ច្រើន​ជាង​មុន​ច្រើន​ណាស់។ ក្នុង​នាម​ជា​អ្នក​វាយ​តម្លៃមួយរូប ខ្ញុំ​ពិត​ជាមាន​មោទនភាពអំពី​សមិទ្ធផល​នេះ​មែនទែន។»

ការ​វាយ​តម្លៃពិនិត្យមើល​ទៅលើ​បញ្ហា​ជា​ច្រើន មាន​ដូច​ជា ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ការ​គ្រប់​គ្រង​មូលនិធិសមធម៌​សុខា​ភិបាល ការ​គ្រប់​គ្រង​ការ​ឆ្លង​មេរោគ អនាម័យ និងការ​ចោលសំណល់​វេជ្ជសាស្ត្រ ជាដើម។ បន្ថែមលើនេះ​ អ្នក​វាយ​តម្លៃធ្វើ​ការ​ចុះ​សាក​សួរ​​មតិ​អ្នក​ជំងឺ​ចោះៗ​ ដើម្បី​ប្រមូល​ព័ត៌មាន​យក​មក​វាយ​តម្លៃ​អំពី​ការ​ពេញ​ចិត្ត​របស់​អតិថិជន និង​អំពី​គុណផល​ការ​ងារ​របស់​អ្នក​ផ្តល់​សេវា។

គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដែល​មានតម្លៃទឹកប្រាក់​សរុប​ ១៧៥,២លានដុល្លារ​អាមេរិក គឺ​ជាគម្រោង​សហការ​គ្នា​រវាង​រាជរដ្ឋា​ភិបាល​កម្ពុជា និង​ដៃគូអភិវឌ្ឍន៍ ដែល​ក្នុងនោះ​មាន ធនាគារពិភព​លោក រដ្ឋាភិបាល​អាល្លឺម៉ង់ (តាម​រយៈ​ Kreditanstalt fur Wiederaufbau, KfW) រដ្ឋាភិបាលសាធារ​ណរដ្ឋ​កូរ៉េ (តាមរយៈ ទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិកូរ៉េ KOICA) និង​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​មូលនិធិត្រាស់សម្រាប់​អភិវឌ្ឍគោលនយោបាយ​និង​ធន​ធានមនុស្ស (Policy and Human Resources Development Trust Fund)។



Api
Api