រយៈពេលពីរឆ្នាំកន្លងទៅ អ្នកគ្រូមត្តេយ្យ ឆេ អ៊ាង អាយុ ៤០ ឆ្នាំ បានបង្ហាញដល់សហគមន៍របស់គាត់នូវជម្រើសមួយគឺ សាងសង់សាលារៀនមួយដែលមានសុវត្ថិភាពជាងមុនសម្រាប់សិស្សតូចៗចំនួន ៣០នាក់ដែលគាត់បានបង្រៀន ឬគាត់នឹងឈប់បង្រៀនប្រសិនបើគ្មានសាលាសមរម្យ។
អ្នកគ្រូ ឆេ អ៊ាង បានចង្អុលទៅផ្ទះមួយនៅក្បែរនោះដែលបានសុំម្ចាស់ផ្ទះធ្វើជាសាលាសម្រាប់បង្រៀនកុមារតូច ក្នុងសហគមន៍របស់គាត់ រួចមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ពួកគាត់ថា ខ្ញុំឈប់បង្រៀនហើយ ព្រោះវាមានការលំបាកខ្លាំងណាស់។” រួចអ្នកគ្រូបានរៀបរាប់ពីភាពលំបាកៗជាច្រើនដែលគាត់ជួបប្រទះ (ពីភ្លៀងសាច ធូលីហុយ ក្រោមផ្ទះគេគ្មានជញ្ជាំង និងឆ្កែកាចដែលបានខាំកូនសិស្សម្នាក់របស់គាត់ផងដែរ) ទាំងអស់នេះគឺវាគ្រប់គ្រាន់ល្មមហើយសម្រាប់អ្នកគ្រូ ឆេ អ៊ាង ដែលទទួលរងសម្ពាធដ៏ខ្លាំងនេះ។
សព្វថ្ងៃ អ្នកគ្រូ ឆេ អ៊ាង កំពុងបង្រៀននៅសាលាថ្មីនៅក្នុងសហគមន៍របស់គាត់ស្ថិតក្នុងភូមិ ភ្នំប្រាសាទ ខេត្តបន្ទាយមានជ័យ ។ អ្នកគ្រូសង្ឃឹមថា កូនសិស្សរបស់គាត់នឹងមានអនាគតល្អប្រសើរ។
សាលាមត្តេយ្យសហគមន៍ភ្នំប្រាសាទ គឺជាសាលាមត្តេយ្យមួយក្នុងចំណោមសាលាមត្តេយ្យសហគមន៍ចំនួន ៥០០ នៅទូទាំងប្រទេសដែលបានសាងសង់ដោយសហគមន៍ខ្លួនឯងផ្ទាល់ ក្រោមការទទួលបានការគាំទ្រពីគម្រោងអប់រំកុមារតូច។ គម្រោងនេះ គាំទ្រដោយមូលនិធិពហុភាគីពីកម្មវិធីភាពជាដៃគូសកលសម្រាប់ការអប់រំ និងគ្រប់គ្រងដោយធនាគារពិភពលោក សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
គ្រប់សហគមន៍គឺតែងតែចង់បានសាលាមត្តេយ្យសហគមន៍។ ឧទាហរណ៍ដូចជានៅភូមិ ភ្នំប្រាសាទនេះ ឪពុកម្តាយ មានការស្ទាក់ស្ទើរក្នុងការបញ្ជូនកូនរបស់ខ្លួនឲ្យទៅរៀននៅសាលាមត្តេយ្យរដ្ឋ ព្រោះត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ ដែលជាការធ្វើដំណើរមួយប្រកបដោយគ្រោះថ្នាក់។ ឪពុកម្តាយជាច្រើនបាននិយាយថា សហគមន៍ គួរតែមានសាលាមត្តេយ្យនៅក្នុងភូមិ ហើយសហគមន៍អាចសាងសង់វាបាន។ តាមរយៈគម្រោងនេះ តំណាងជាច្រើនរបស់ឃុំ ត្រូវបានបណ្តុះបណ្តាលដើម្បីឲ្យចេះត្រួតពិនិត្យមើលការសាងសង់សាលារៀន។
លោកស្រី ទិត សុខុន នាយកសាលាមត្តេយ្យធនធានរបស់រដ្ឋ ស្ថិតនៅក្នុងស្រុក សូត្រនិគម ខេត្តសៀមរាប បានរៀបរាប់អំពីអត្ថប្រយោជន៍ ៥យ៉ាង នៃការចូលរៀនថ្នាក់មត្តេយ្យ៖ ការអភិវឌ្ឍជំនាញ ការហាត់ប្រាណនិងអនាម័យខ្លួនប្រាណ ការរៀនសូត្រអំពីសីលធម៌និងការគោរព សកម្មភាពនានាដែលលើកទឹកចិត្តក្មេងឲ្យមានគំនិតសហការគ្នា អភិវឌ្ឍជំនាញក្នុងការគិត និងសមត្ថភាពក្នុងការរៀនអក្សរខ្មែរ។
សិស្សបានរៀនចប់ថ្នាក់មត្តេយ្យ គឺជាក្តីប្រាថ្នាចង់បានយកទៅបង្រៀនរបស់គ្រូដែលបង្រៀនថ្នាក់ទី១ តួយ៉ាងដូចជាអ្នកគ្រូ វ៉ៃ ចន្ធី ដែលកំពុងបង្រៀននៅសាលាបឋមសិក្សាគម្រូ។ អ្នកគ្រូ ចន្ទី បានមានប្រសាសន៍ថា “សិស្សដែលបានរៀនចប់ថ្នាក់មត្តេយ្យ មានភាពវ័យឆ្លាត និងយល់មេរៀនបានលឿនណាស់”។ អ្នកគ្រូបន្តថា សិស្សដែលឆ្លងកាត់មត្តេយ្យបានឡើងថ្នាក់ជាបន្តបន្ទាប់។ ផ្ទុយទៅវិញ មានតែ ៥០ភាគរយប៉ុណ្ណោះនៃសិស្សដែលមិនបានឆ្លងកាត់មត្តេយ្យ បានប្រឡងជាប់ឡើងពីថ្នាក់ទី១ ហើយពួកគេ មានការលំបាកក្នុងការសិក្សាក្នុងរយៈពេលពីរបីខែដំបូង។
ក្រៅពីការសាងសង់សាលារៀន គម្រោងអប់រំកុមារតូចនេះ បានផ្តល់នូវវគ្គបណ្តុះបណ្តាលដល់ម្តាយដែលមានផ្ទៃពោះ ដោយបង្រៀនពួកគាត់អំពីការជួយសង្គ្រោះបឋម ការចម្អិនអាហារដែលមានជីវជាតិ និងអនាម័យខ្លួនប្រាណដែលត្រឹមត្រូវ ដូចជា ការលាងសម្អាតដៃ និងការផ្តល់យោបល់ដែលមានប្រយោជន៍សម្រាប់ការមានផ្ទៃពោះនិងការចិញ្ចឹមកូនឲ្យមានសុខភាពល្អផងដែរ។