រឿងរបស់អ្នកស្រី ស៊ីវ ម៉ៅ
នៅក្នុងភូមិដ៏តូចមួយស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ស្រ្តីក្មេងម្នាក់ អាចនិយាយអរគុណដល់ម្តាយក្មេកដែលមានការគិតគូរបានរហ័ស និងអរគុណដល់មន្ទីរពេទ្យថ្មីនៅទីរួមខេត្ត ដែលបានជួយសង្គ្រោះអាយុជីវិតគាត់និងទារករបស់គាត់។ ដោយសារភាពប្រសើរឡើងដល់ផ្នែកថែទាំសុខភាព អត្រាស្លាប់របស់មាតានៅក្នុងប្រទេសកម្ពុជាបានថយចុះប្រហែលពីរភាគបី ចាប់តាំងពីឆ្នាំ១៩៩០មក។ អ្នកស្រី ស៊ីវ ម៉ៅ ត្រូវបានគេកត់ត្រានៅក្នុងស្ថិតិ។
កាលពីមួយឆ្នាំមុន អ្នកស្រី ស៊ីវ ម៉ៅ ដែលមានអាយុ ២៦ឆ្នាំ បានទទួលការវះកាត់យកទារកចេញ នៅឯមន្ទីរពេទ្យ ១៦មករា ក្រោយពីឆ្មបបុរាណមិនអាចជួយគាត់បង្កើតទារករបស់គាត់នៅផ្ទះបាន។ អ្នកស្រី ម៉ៅ និងប្តីរបស់គាត់ ឈ្មោះ រ៉ា រេត អាយុ ២៧ឆ្នាំ និងកូនប្រុសរបស់ពួកគាត់ រស់នៅជាមួយម្តាយក្មេករបស់គាត់នៅភូមិចារ ក្នុងខេត្តព្រះវិហារ ចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
“ការងាររបស់ខ្ញុំគឺធ្វើស្រែ។ ខ្ញុំរស់នៅជាមួយម្តាយក្មេករបស់ខ្ញុំ។ សុខភាពរបស់ខ្ញុំធម្មតាទេ ក៏ប៉ុន្តែ កាលពីឆ្នាំមុនរហូតមកដល់ខ្ញុំមានផ្ទៃពោះចុងក្រោយនេះ ខ្ញុំបានឃើញថា ខ្ញុំមានធ្លាក់ឈាម។ ខ្ញុំភ័យខ្លាចខ្លាំងណាស់។ ខ្ញុំព្រួយបារម្ភអំពីជីវិតរបស់ខ្ញុំ និងកូនរបស់ខ្ញុំ។ ខ្ញុំនៅផ្ទះតែម្នាក់ឯង។ ម្តាយខ្ញុំនិងប្តីរបស់ខ្ញុំបានទៅធ្វើស្រែបាត់ហើយ។ នៅពេលនោះ ខ្ញុំបានហៅពួកគាត់ឲ្យត្រឡប់មកវិញ។
“អ្នកជម្ងឺមួយចំនួន ប្រើឱសថបុរាណ ក៏ប៉ុន្តែ អ្នកខ្លះទៀតបានទៅមណ្ឌលសុខភាព។ ប្រសិនបើ យើងគ្មានប្រាក់ យើងខ្ចីពីសាច់ញាតិ្ត។ ខ្ញុំត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាព។ នៅទីនោះ គ្រូពេទ្យដាក់សេរ៉ូមឲ្យខ្ញុំ ក៏ប៉ុន្តែឈាមធ្លាក់ឥតឈប់សោះ។ ពួកគាត់បាននិយាយថា ពួកគាត់មិនអាចព្យាបាលខ្ញុំបានទេ រួចក៏បញ្ជូនខ្ញុំមកមន្ទីរពេទ្យខេត្ត។ នៅទីនោះហើយ ដែលវេជ្ជបណ្ឌិតជាច្រើននាក់បានធ្វើការវះកាត់បង្កើតកូនរបស់ខ្ញុំ។ កូនរបស់ខ្ញុំឥឡូវនេះ មានអាយុមួយឆ្នាំហើយ។ វាមានឈ្មោះ ឫទ្ធិ សំណាង។ យើងទាំងអស់គ្នាមាន សំណាងណាស់។ កូនខ្ញុំមានសុខភាពល្អទេ។”
អ្នកស្រី ស៊ិន សាវី អាយុ ៥៨ ម្តាយក្មេករបស់អ្នកស្រី ស៊ីវ ម៉ៅ រំឮករឿង .....
“នៅពេលដែលយើងបានទៅដល់មន្ទីរពេទ្យនោះ វេជ្ជបណ្ឌិតជាច្រើនបាននិយាយប្រាប់ខ្ញុំថា ប្រសិនបើកូនរបស់ខ្ញុំត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យយឺតជាងនេះតែពីរថ្ងៃ នាងនឹងស្លាប់ហើយ។ វេជ្ជបណ្ឌិត បាននិយាយប្រាប់ខ្ញុំថា ពួកគេនឹងធ្វើការវះកាត់កូនរបស់ខ្ញុំនៅថ្ងៃបន្ទាប់។ ខ្ញុំសប្បាយចិត្តណាស់ដោយឮថា កូនប្រសារស្រីរបស់ខ្ញុំបានរស់រានមានជីវិត។ កូនប្រុសរបស់ខ្ញុំមានការព្រួយបារម្ភ ក៏ប៉ុន្តែ ខ្ញុំបានប្រាប់គេថាមានវេជ្ជបណ្ឌិតល្អៗច្រើននៅទីនេះ ហើយពួកគាត់អាចជួយសង្គ្រោះជីវិតប្រពន្ធកូនឯងបាន។
“ខ្ញុំបានថ្លែងអំណរគុណ និងអង្គការដែលបានជួយពួកយើង។ សព្វថ្ងៃនេះ ចៅប្រុសរបស់ខ្ញុំមានសុខភាពល្អទេ។ ខ្ញុំក៏ជាឆ្មបដែលទទួលបានការបណ្តុះបណ្តាលម្នាក់ដែរ ក៏ប៉ុន្តែ នៅពេលដែលខ្ញុំបានឃើញស្ថានភាពកូនប្រសារស្រីខ្ញុំដូច្នោះ ខ្ញុំមានការព្រួយបារម្ភណាស់ ពីព្រោះ ខ្ញុំមិនដែលបានជួបករណីបែបនេះទេ។ កូនខ្ញុំមានសំណាង ដោយមានអង្គការ និងមន្ទីរពេទ្យជួយនាង និងមួយវិញទៀតគឺយើងមានផ្លូវល្អ ដែលអាចឲ្យយើងនាំនាងដល់មន្ទីរពេទ្យបានយ៉ាងឆាប់។
ប្រសិនបើគ្មានការគាំទ្រពីអង្គការ និងគ្មានមន្ទីរពេទ្យថ្មីព្រមទាំងមានវេជ្ជបណ្ឌិតជំនាញទេនោះ ខ្ញុំនឹងចំណាយអ្វីៗទាំងអស់ ដើម្បីជួយសង្គ្រោះនាង (សូម្បីតែលក់ផ្ទះ ឬលក់ដីរបស់ខ្ញុំ ក៏ខ្ញុំត្រូវតែលក់ដែរ) ពីព្រោះខ្ញុំស្រឡាញ់កូនប្រសារខ្ញុំណាស់។
រឿងរបស់អ្នកស្រី ចេត ដុក
អ្នកស្រី ចេត ដុក អាយុ ៦៦ឆ្នាំ ដែលរស់នៅក្នុងភូមិគូលេនខាងជើង នៃខេត្តព្រះវិហារ ទទួលបានការព្យាបាលនៅមន្ទីរពេទ្យនេះ។ ប្តីរបស់គាត់ឈ្មោះ អិន តែល អាយុ ៦៥ឆ្នាំ ពិការភ្នែដោយការផ្ទុះគ្រាន់មីនកប់ក្រោមដីក្នុងកំឡុងសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៨៩។
“ខ្ញុំឈ្មោះ ចេត ដុក។ ខ្ញុំមានកូន៦នាក់ (កូនប្រុស៤នាក់ និងកូនស្រី២នាក់)។ កូនទាំងអស់បានរៀបការអស់ហើយ ហើយពួកគេរស់នៅជាមួយគ្រួសាររបស់គេរៀងៗខ្លួនអស់។ ខ្ញុំរស់នៅជាមួយប្តីរបស់ខ្ញុំ។ កូនរបស់ខ្ញុំជួយទំនុកបំរុងពួកយើង។ យើងធ្លាប់ធ្វើស្រែក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំធ្វើស្រែលែងកើតហើយ។ យើងគ្មានក្របី ឬគោ សម្រាប់ភ្ជួរនឹងគេទេ ដូច្នេះ យើងធ្វើស្រែដោយកម្លាំងខ្លួនឯង។ សុខភាពរបស់ខ្ញុំមិនល្អទេ។ មុននឹងមន្ទីរពេទ្យ ឬមណ្ឌលសុខភាពត្រូវបានសាងសង់ឡើង គ្រូឱសថបុរាណខ្មែរព្យាបាលជម្ងឺរបស់ពួកយើង។
“មុននឹងខ្ញុំត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ កូនរបស់ខ្ញុំបានចំណាយប្រាក់អស់ច្រើនណស់ដើម្បីទិញឱសថ បុរាណយកមកព្យាបាលខ្ញុំ។ ពួកគេបានខ្ចីប្រាក់ដើម្បីទិញថ្នាំ ក៏ប៉ុន្តែជម្ងឺរបស់ខ្ញុំនៅតែមិនបានធូរស្បើយ។ បន្ទាប់មកប្តីរបស់ខ្ញុំបានប្រាប់ឲ្យកូនខ្ញុំឈប់ប្រើឱសថបុរាណខ្មែរព្យាបាលខ្ញុំទៀត។ គាត់បានឲ្យកូនរបស់ខ្ញុំយកខ្ញុំទៅមន្ទីរខេត្ត។ ខ្ញុំសំណាងហើយដែលគាត់បានស្នើឲ្យធ្វើដូច្នេះ។
“កូនខ្ញុំបានជួលមធ្យោបាយដឹកជញ្ជូនគេមួយក្នុងតម្លៃ ១០០.០០០រៀល (២៥ដុល្លារ) និងបានខ្ចីប្រាក់គេចំនួន ១លានរៀល (២៥០ដុល្លារ) បន្ថែមទៀត ដើម្បីបញ្ជូនខ្ញុំទៅមន្ទីរពេទ្យ។ នៅក្នុងមន្ទីរពេទ្យ ខ្ញុំអត់ដឹងខ្លួនអស់រយៈបីថ្ងៃ។ នៅពេលដែលខ្ញុំបានដឹងខ្លួនឡើង រឿងទីមួយដែលខ្ញុំបានធ្វើនោះគឺ ខ្ញុំបានសួរកូនរបស់ខ្ញុំថា តើយើងត្រូវបង់ថ្លៃពេទ្យអស់ប៉ុន្មានទៅ? កូនរបស់ខ្ញុំបានប្រាប់ខ្ញុំវិញថា មូលនិធិសមធម៌សុខភាព បានចេញថ្លៃចំណាយលើការព្យាបាលទាំងអស់រួចហើយ ព្រមទាំងថ្លៃធ្វើដំណើរផងដែរ។
“កូនរបស់ខ្ញុំក៏បានប្រាប់ខ្ញុំផងដែរថា វេជ្ជបណ្ឌិតបានយកចិត្តទុកដាក់ថែទាំខ្ញុំណាស់។ ខ្ញុំបានប្រាប់កូនរបស់ខ្ញុំថា ដោយសារតែខ្ញុំទទួលបានការថែទាំនេះហើយ ទើបខ្ញុំបានរស់រានមានជីវិតវិញ។ បន្ទាប់មក ខ្ញុំបានបួងសួងនិងជូនពរដល់វេជ្ជបណ្ឌិតទាំងអស់ឲ្យមានសុខភាពល្អ ដើម្បីឲ្យពួកគាត់អាចនៅព្យាបាលខ្ញុំម្តងទៀត។”
“មុននឹងទទួលបានការព្យាបាល ខ្លួនរបស់ខ្ញុំញ័រគ្រប់ពេលទាំងអស់។ ខ្លួនរបស់ខ្ញុំ មានការ ឈឺចុកចាប់ ខ្ញុំដេកមិនបានទេ។ ឥឡូវនេះ ខ្ញុំមានសុខភាពល្អប្រសើរជាងមុន។ ខ្ញុំអាចដើរបាន និងអាចយួរទឹកបានខ្លះ។ ពីមុន ខ្ញុំមិនអាចកាន់យួរអ្វីបានទេ សូម្បីតែចានមួយកាន់មិនជាប់ផង។“