នៅពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិដី អ្នកស្រី កុយ ធឿន បាននិយាយក្នុងនាមជាតំណាងដល់គ្រួសារដទៃទៀតដែលបានទទួលប័ណ្ណកម្មសិទ្ធិដីដែរ ថា “ថ្ងៃនេះ ពួកយើងមានក្តីសប្បាយរីករាយណាស់ ពីព្រោះក្តីសុបិនរបស់ពួកយើងបានក្លាយជាការពិតហើយ។”
អ្នកស្រី ធឿន និងអ្នកភូមិដទៃទៀតនៅក្នុងភូមិ ស្រីលើសែនជ័យ នៅក្នុងឃុំ ចាំក្រវៀន នៃខេត្ត ត្បូងឃ្មុំ មានក្តីសុបិនថា ថ្ងៃណាមួយ ពួកគាត់នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់។ ជាគ្រួសារក្រីក្រមួយនិងគ្មានដីធ្លីសម្រាប់សង់ផ្ទះនៅ ឬធ្វើស្រែចំការ អ្នកស្រី ធឿន គឺជាគ្រួសារមួយក្នុងចំណោម ២៥០គ្រួសារដំបូងដែលបានទទួលប័ណ្ណកម្មសិទ្ធិដីពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច (ឡាសេដ)ដែលគាំទ្រដោយធនាគារពិភពលោក។
ក្រៅពីទទួលបានដីសម្រាប់សាងសង់លំនៅដ្ឋាន គ្រួសារនីមួយៗក៏ទទួលបានដីសម្រាប់ធ្វើកសិកម្មទំហំចន្លោះពី ២ ទៅ ២ហិកតាកន្លះ ផងដែរ។ ការបែងចែកដីកសិកម្មនេះ អាស្រ័យទៅលើចំនួនសមាជិកនៅក្នុងគ្រួសារនីមួយៗ។ គ្រួសារទាំងអស់ ក៏ទទួលបានការគាំទ្រលើកកម្ពស់ជីវភាពរស់នៅពីគម្រោងនេះផងដែរ ដូចជា ស្បៀងអាហារ គ្រាប់ពូជដំណាំ និងសម្ភារៈមួយចំនួនសម្រាប់សាងសង់ផ្ទះរបស់ពួកគាត់។
អ្នកស្រី ធឿន និងអ្នកភូមិដទៃទៀត បានមកតាំងទីលំនៅនៅលើទីតាំងនៃគម្រោងនេះអស់រយៈពេលជាង ៥ឆ្នាំ កន្លងមកហើយ។ ស្ទើរគ្រប់គ្រួសារទាំងអស់ បានដាំដំឡូងមី ពោត ល្ង ស្វាយចាន់ទី និងដំណាំផ្សេងៗ
ទៀត។ បច្ចុប្បន្ននេះ អ្នកស្រី ធឿន អាចរកប្រាក់ចំណូលបានចន្លោះពី ៩ ទៅ ១០លានរៀល (២.២៥០ - ២.៥០០ដុល្លារ) ក្នុងមួយឆ្នាំ ហើយប្រាក់ចំណូលទាំងនេះ បានកំពុងធ្វើឲ្យជីវភាពរស់នៅរបស់គ្រួសារគាត់មានភាពកាន់តែល្អប្រសើរឡើង។