សង្ខេបលទ្ធផលសំខាន់ៗ
- នៅក្នុងអាងស្ទឹងខេត្តពោធិសាត់ អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីធនធានព្រៃឈើដែលគ្មានរងការខូចខាត (តម្លៃប៉ាន់ស្មានជាទឹកប្រាក់ ៩៩លានដុល្លារអាមេរិក) មានទំហំប្រាំដងច្រើនជាងផលដែលបានមកពីការកាប់បំផ្លាញព្រៃឈើដើម្បីយកដីធ្វើកសិកម្មខ្នាតតូចនិងធ្វើអាជីវកម្មដុតធ្យូង ដែលផ្តល់ផលគិតជាទឹកប្រាក់សរុបមានត្រឹមប្រមាណជា ២២លានដុល្លារអាមេរិក ប៉ុណ្ណោះ។
- ថ្លៃចំណាយតិចទៅលើការថែរក្សាព្រៃឈើ គឺ ២០ដង ទាបជាងអត្ថប្រយោជន៍ដែលព្រៃឈើអាចផ្តល់ចំពោះផ្នែកនានានៃសេដ្ចកិច្ច។ ព្រៃឈើនៅក្នុងអាងស្ទឹងខេត្តពោធិសាត់ផ្តល់អត្ថប្រយោជន៍មានតម្លៃប៉ាន់ស្មានប្រមាណជា ៨,២លានដុល្លារអាមេរិក ពីសកម្មភាពទេសចរណ៍ធម្មជាតិ និងពីការគ្រប់គ្រងរបបកាបោន និងរំហូរទឹកនិងកំណដី។ រដ្ឋាភិបាលចំណាយប្រហែល ៤០០.០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំទៅលើការការពារព្រៃឈើនៅក្នុងខេត្តពោធិសាត់។ ការណ៍នេះសបញ្ជាក់ឱ្យឃើញថា ផលដែលបានមកពីការចំណាយទៅលើកិច្ចការពារព្រៃឈើ គឺជាការប្រើប្រាស់ប្រកបដោយស័ក្តិសិទ្ធនូវថវិការបស់រដ្ឋ។
- ឱកាសមានច្រើនសម្រាប់ការរកចំណូលពីប្រភពធនធានវិស័យឯកជន និងពីអន្តរជាតិដើម្បីយកទៅបម្រើការថែរក្សាព្រៃឈើ ដែលនៅទីបំផុតអាចមានន័យថា គ្មានភាពចាំបាច់យកថវិការដ្ឋទៅចំណាយទៅលើការថែរក្សាព្រៃឈើទៀតឡើយ ទៅថ្ងៃអនាគតយូរអង្វែង។
អនុសាសន៍សំខាន់ៗ
- ផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំការពារនិងស្តារព្រៃឈើឡើងវិញនៅតាមទីជម្រាលទឹកខ្ពស់ ក្នុងដែនទេសភាពតំបន់ការពារជួរភ្នំក្រវាញ ដើម្បីបង្កើនភាពធន់របស់ធនធានទឹក។ កិច្ចការនេះអាចសម្រេចបានដោយ៖
- ធ្វើអាទិភាពការកំណត់តំបន់និងការរៀបចំបង្កើតផែនការគ្រប់គ្រងតំបន់ការពារក្នុងដែនជម្រកសត្វព្រៃសំកុស និងច្រករបៀងអភិរក្សជីវៈចម្រុះ;
- វាយតម្លៃកាលានុវត្តភាពសម្រាប់អភិវឌ្ឍកសិរុក្ខកម្មនៅលើដីកសិកម្មបច្ចុប្បន្ន និង
- រៀបចំបង្កើតកិច្ចអន្តរាគមន៍នានាសម្រាប់កាត់បន្ថយសម្ពាធលើធនធានព្រៃឈើពីការធ្វើអាជីវកម្មធ្យូង រួមមានការផលិតធ្យូងតាមបែបដែលមានចីរភាព និងជម្រើសដែលមានមេត្រីភាពបរិស្ថាន ជំនួសឱ្យការកាប់ឈើយកទៅធ្វើធ្យូង ផងដែរ។
- សិក្សារកលទ្ធភាពទាក់ទាញហិរញ្ញវត្ថុពីវិស័យឯកជនមកជួយគាំទ្រដល់ការគ្រប់គ្រងតំបន់ការពារ។
- រៀបចំបង្កើតផែនទីបង្ហាញផ្លូវមួយសម្រាប់ពង្រីកការវាយតម្លៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីសេវាកម្មអេកូឡូស៊ីទូទាំងប្រទេសកម្ពុជា ដោយប្រើអភិក្រម គណនេយ្យភាពទុនធម្មជាតិ Natural Capital Accounting (NCA)។