សង្ខេបព័ត៌មានសំខាន់ៗ៖
· ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។ សេដ្ឋកិច្ចត្រូវបានព្យាករថានឹងរួញទំហំប្រមាណជាដក ២ភាគរយក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថានឹងងើបឡើងវិញហើយលូតលាស់បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១។
· ដោយវិធានការរក្សាសុវត្ថិភាពសង្គមមានសភាពធូរស្រាលបន្តិច សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។ អន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់រដ្ឋាភិបាល បានជួយមួយផ្នែកក្នុងការទ្រទ្រង់ដល់ផ្នែកទទួលទានប្រើប្រាស់ឱ្យនៅស្ថិតស្ថេរ ហើយអតិផរណាក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។
· យោងតាមរបាយការណ៍នេះ លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង ទំនងជាដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់។
· ទោះបីជាការនាំចេញសរុបនៃផលិតផលកមន្តសាលបានរងការប៉ះទង្គិចពីការរាតត្បាតជំងឺនេះក៏ដោយ ក៏កំណើននៅតែបន្តមានក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀត មានកង់, គ្រឿងបង្គុំអគ្គិសនី, និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា ហើយការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតនៅមានសន្ទុះខ្លាំងក្លា។ ជាមួយគ្នានេះ ទេសចរណ៍ក្នុងស្រុកបានជួយមួយផ្នែកក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍និងការធ្វើដំណើរ កម្រើកឡើងវិញ។
· រដ្ឋាភិបាលបានធ្វើអន្តរាគមន៍ក្នុងទំហំមួយមិនធ្លាប់មានពីមុនមក ដោយចំណាយថវិកាប្រមាណជា ៥ភាគរយនៃផ.ស.ស ទៅជួយគាំពារដល់ក្រុមប្រជាជនដែលរងការប៉ះពាល់ពីការរាតត្បាតជំងឺ ក្នុងនោះក៏មានផងដែរនូវការចំណាយពាក់ព័ន្ធផ្នែកសុខាភិបាល, ជំនួយទ្រទ្រង់ចំណូលគ្រួសារ, ការចាក់បន្ថែមទុនទៅក្នុងសេដ្ឋកិច្ច, ការធានាលើកម្ចី, ការចំណាយលើការអភិវឌ្ឍ និងការអនុគ្រោះពន្ធ។
· ការស្ទង់មតិតាមទូរស័ព្ទដែលធនាគារពិភពលោកបានធ្វើពីរដងរយៈកន្លងទៅ បានឱ្យដឹងថា៖
o ចំនួនអ្នកផ្តល់ចម្លើយដែលកំពុងធ្វើអាជីវកម្មក្នុងពេលស្ទង់មតិ មានការធ្លាក់ចុះពី៨២ភាគរយនៅមុនមានការផ្ទុះជំងឺកូវីដ១៩ មកនៅត្រឹម៧១ភាគក្នុងខែឧសភា ឆ្នាំ២០២០ ហើយតួលេខនេះហាក់ដូចជានៅដដែលក្នុងខែសីហា ឆ្នាំ២០២០។
o ការរាតត្បាតជំងឺនេះនៅតែបន្តជះផលអវិជ្ជមានទៅលើសកម្មភាពធុរកិច្ចដែលមិនមែនជាការដាំដុះ ប៉ុន្តែក្នុងសភាពមួយដែលមិនសូវធ្ងន់ធ្ងរណាស់ណាទេបើប្រៀបធៀបទៅនឹងពេលដែលវិបត្តិនេះបានផ្ទុះឡើងភ្លាមៗ។
o ការបាត់បង់ចំណូលនៅតែមានទំហំធំធេងនៅឡើយ បើទោះជាការធ្លាក់ចុះចំណូលគ្រួសារថយល្បឿនបន្តិចវិញក្រោយពីរដ្ឋាភិបាលបានដាក់ចេញកម្មវិធីថ្មីមួយសម្រាប់ផ្ទេរសាច់ប្រាក់ទៅជួយគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ការស្ទង់មតិបានបង្ហាញថា ជិត៩០ភាគរយនៃក្រុមគ្រួសារដែលត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកក្រ បានរាយការណ៍ថាបានទទួលប្រាក់សង្គ្រោះនៅក្នុងខែសីហា និងកញ្ញា។
· ហានិភ័យដែលកម្ពុជាត្រូវប្រឈមរួមមាន ការផ្ទុះនៃការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍, ការអូសបន្លាយនៃការធ្លាក់ចុះភ្ញៀវទេសចរណ៍ដោយសារតែការឆ្លងរាតត្បាតជាសាកលនៅរ៉ាំរ៉ៃ, ការក្រមកដល់របស់ថ្នាំវ៉ាក់សាំងសម្រាប់ចាក់ឱ្យពលរដ្ឋទូទៅ និងការកើនភាពតានតឹងក្នុងផ្នែកពាណិជ្ជកម្មនិងនយោបាយគាំពារ ទូទាំងសាកលលោក។
· ក្នុងគោលបំណងជួយកម្ពុជាឱ្យឆាប់រើខ្លួនចេញពីការរាតត្បាតជំងឺនេះ ជាអនុសាសន៍ របាយការណ៍បានស្នើឱ្យ៖
o បង្កើនការវិនិយោគសាធារណៈសម្រាប់ជួយដល់ជនក្រីក្រី និងសម្រាប់ជំរុញកំណើន រួមមានទាំងកម្មវិធីបង្កើតការងារជាថ្នូរយកប្រាក់កម្រៃប្រចាំថ្ងៃ (cash-for-work projects) ផង ព្រមទាំងលើកកម្ពស់វិស័យអតិពលកម្មនានាដើម្បីបង្កើតការងារក្នុងឱកាសដែលមានការរើបឡើងវិញឆាប់រហ័សក្នុងតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក។
o សម្រួលការពង្រីកការវិនិយោគក្នុងស្រុកនិងពីបរទេស ដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ក្នុងពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
o រៀបចំបង្កើតឱ្យមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំមួយសម្រាប់វ៉ាក់សាំងកូវីឌ១៩ ក៏ដូចជាការតាមដានឱ្យបានដិតដល់ផងដែរនូវភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចដែលអាចបង្កដោយកំណើនអូសបន្លាយយូរពេករបស់វិស័យសំណង់ និងអចលនទ្រព្យ។