ដំណើរការផលិតកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺជាផ្នែកដែលរកផលប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងជាងគេពីសំណាក់ការរាតត្បាតជំងឺកូវីដ-១៩។
· មុននឹងមានការផ្ទុះជំងឺរាតត្បាតនេះ កម្ពុជាគឺប្រទេសឈានមុខមួយលើពិភពលោក ខាងផ្នែកកំណើនសេដ្ឋកិច្ច និង ការកាត់បន្ថយភាពក្រីក្រ។ ប្រទេសនេះធ្លាប់រក្សាបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ ក្នុងចន្លោះឆ្នាំ១៩៩៥ និងឆ្នាំ២០១៩ ដូច្នេះចំណូលសម្រាប់មនុស្សម្នាក់ក៏កើនទៅតាមនោះដែរ។
· ចំណូលសម្រាប់មនុស្សម្នាក់កើនពី ៣២៣ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៥ ទៅដល់ ១៦២១ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ហើយតាមរយៈនេះ កម្ពុជាបានឈានឡើងឋានៈជាប្រទេសមានចំណូលមធ្យមទាបនៅឆ្នាំ២០១៥។ អត្រាភាពក្រីក្របានធ្លាក់ចុះពី៤៧,៨ភាគរយក្នុងឆ្នាំ២០០៧ មកនៅត្រឹម១៣,៥ភាគរយក្នុងឆ្នាំ២០១៤។
· ការថមថយកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០ ដោយសារមកពីការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធ្ងន់ធ្ងរក្នុងចំណោមការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា។ កំណើនធ្លាក់ចុះប្រហែល ១០,១ភាគរយពីអត្រាកំណើនដែលធ្លាប់មាននៅមុនមានវិបត្តិកូវីដ។
· ការធ្លាក់ចុះយ៉ាងគំហុកនៃកំណើននេះ គឺដោយសារតែសេដ្ឋកិច្ចពឹងផ្អែកលើផលិតផល, ទីផ្សារ និងកត្តាធាតុចូលដែលមានមូលដ្ឋានតូចចង្អៀតពេក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលចំនួនប្រាំមុខមានទំហំ៨០ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា, ទីផ្សារធំចំនួនពីរប៉ុណ្ណោះដែលស្រូបយក៦៩ភាគរយនៃបរិមាណទំនិញនាំចេញទាំងនោះ ហើយទុនពីបរទេសមានទំហំ៧២ភាគរយនៃទុនវិនិយោគសរុបក្នុងឆ្នាំ២០១៨។
ការធ្វើពិពិធកម្មសេដ្ឋកិច្ចជួបបញ្ហានៅត្រង់ថាផលិតភាពមានកម្រិតទាបហើយកាន់តែធ្លាក់ចុះថែមទៀត, ការតភ្ជាប់បណ្តាញក្នុងការនាំចេញមានគុណភាពទាបហើយខ្សោយ, ឯការវិនិយោគផ្ទាល់ពីបរទេសមានកម្រិតខ្ពស់ (FDI) នៅពេលដែលការវិនិយោគក្នុងស្រុកមានកម្រិតទាប។
· បញ្ហាកង្វះសមត្ថភាពរបស់កម្ពុជាក្នុងការពង្រីកកន្ត្រកផលិតផលក្នុងសេដ្ឋកិច្ច អាចពន្យល់បានតាមរយៈផលិតភាពទាបនៃកម្លាំងពលកម្ម ឬនិយាយម៉្យាងទៀតថា ទិន្នផលក្នុងពលករម្នាក់ ដែលនៅយឺតសឹងតែជាងគេបង្អស់ក្នុងចំណោមប្រទេសលើពិភពលោកដែលមានកម្រិតអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នានឹងកម្ពុជានាពេលបច្ចុប្បន្ន។ ផលិតភាពពលកម្មទាប មួយផ្នែកណាមួយនោះ ឆ្លុះបញ្ចាំងនូវគុណភាពធនធាមនុស្សទាបដែរ។ ប៉ុន្តែ អ្វីដែលជាកត្តារួមចំណែកនាំឱ្យមានបញ្ហាប្រឈមត្រង់ចំណុចនេះ គឺ កត្តាផលិតភាពសរុប (TFP) ទាបស្រាប់ហើយកាន់តែធ្លាក់ចុះថែមទៀត។
· សមត្ថភាពប្រកួតប្រជែងនៅទាប រីឯការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសាកល (GVCs) ក៏នៅមានកម្រិត ធ្វើឱ្យលទ្ធភាពទីផ្សារនិងការធ្វើពាណិជ្ជកម្មមិនអាចសាយភាពបានទូលំទូលាយ។ ឧបសគ្គដល់ការធ្វើពិពិធកម្ម និងបង្កើនពាណិជ្ជកម្មរបស់កម្ពុជាគឺមកពីគុណភាពរបស់ការវិនិយោគផ្ទាល់ពីបរទេស, សមត្ថភាពទាបរបស់ក្រុមហ៊ុននិងពលករ, របារបទប្បញ្ញត្តិដែលនាំឱ្យមានការចំណាយខ្ពស់ក្នុងការធ្វើពាណិជ្ជកម្ម (ជាពិសេសប៉ះពាល់លើផលិតផលកសិកម្ម), ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់សម្រាប់ការធ្វើពាណិជ្ជកម្ម, និងអ្នកនាំចេញមិនទាន់មានបទពិសោធន៍ច្រើនក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់សម្រាប់ជួយដល់ការពង្រីកទីផ្សារសម្រាប់ការនាំចេញ។
· អត្រាសន្សំប្រាក់ក្នុងស្រុកនៅទាប ហើយតាមរយៈនេះការវិនិយោគក្នុងស្រុកក៏មានកម្រិតទាប ធ្វើឱ្យកម្ពុជាត្រូវពឹងផ្អែកខ្លាំងទៅលើធនធានហិរញ្ញវត្ថុនៅក្រៅប្រទេស។ ការដែលមានគ្រួសារប៉ុន្មានខ្នងផ្ទះសន្សំប្រាក់ ហើយសន្សំបានប៉ុន្មាននោះវាជារឿងសំខាន់ហើយ តែអ្វីដែលកាន់តែសំខាន់ទៅទៀតនោះគឺនៅត្រង់ថាតើគ្រួសារនានាសន្សំប្រាក់ដោយរបៀបណា ហើយត្រង់នេះឯងទំនងជាកត្តាគន្លឹះដែលនាំឱ្យមានឧបសគ្គធំដល់ការវិនិយោគក្នុងស្រុក។
មានភាពចាំបាច់បីយ៉ាងដែលត្រូវធ្វើបរិវត្តន៍ទើបអាចពង្រឹងដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច និងជួយប្រទេសឱ្យវិលទៅរកគន្លងផ្លូវមានកំណើនសេដ្ឋកិច្ចទៀងទាត់ឡើងវិញ។
· ភាពចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើក្រុមហ៊ុនអាជីវកម្ម និងពលករ គឺជាគន្លឹះនាំទៅបង្កើនផលិតភាព។ ការកែទម្រង់គោលនយោបាយនៅតាមផ្នែកគោលដៅមួយចំនួន អាចជួយប្រទេសឱ្យសម្រេចបានសក្តានុពលរបស់ខ្លួន ក្នុងនោះរួមមាន៖ ការវិនិយោគលើមូលធនមនុស្សតាមរយៈការលើកកម្ពស់ផ្នែកសុខភាព និង ការអប់រំ, ការទ្រទ្រង់ឱ្យមានការបែងចែកប្រកបដោយប្រសិទ្ធផលខ្ពស់នូវធនធានតាមរយៈការកែលម្អស្ថាប័នទីផ្សារនិងការគ្រប់គ្រងព័ត៌មានអំពីផលិតផល (PIM), សម្រួលភាពស្មុគស្មាញផ្នែកបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនដើម្បីឈានទៅកាត់បន្ថយបន្ទុកចំណាយក្រៅផ្លូវការ និងផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើអាជីវកម្ម, និងកែលម្អការបំពេញមុខងារនៅតាមសេវាកម្មធាតុចូលសំខាន់ ដើម្បីពង្រឹងការតភ្ជាប់បណ្តាញនៅក្នុងស្រុក។
· ការធ្វើពិពិធកម្មនៃការនាំចេញអាចបន្តជំរុញកំណើននៅក្នុងដំណើរស្តារសេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ-១៩។ របៀបវារៈគោលនយោបាយប្រទាក់ក្រឡានិងមានរយៈពេលមធ្យមមួយសម្រាប់ធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា គួរត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងក្នុងគោលដៅជំរុញខ្សែច្រវាក់តម្លៃសាកលក្នុងផ្នែកឧស្សាហកម្មផលិត ដោយបង្កើតឡើងនូវតម្លៃបន្ថែមក្នុងវិស័យកសិកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងដើម្បីនាំចេញនូវសេវាកម្មទំនើបៗ។
· ការប្រើប្រាស់ការវិនិយោគក្នុងស្រុកអាចជួយផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ការជំរុញកំណើននៅដំណាក់កាលខាងមុខ។ ផ្នែកគោលនយោបាយពាក់ព័ន្ធមាន ការលើកទឹកចិត្តឱ្យមានការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងវិស័យផលិតកម្មនិងនាំចេញ, ការជំរុញលើកទឹកចិត្តឱ្យមានការសន្សំប្រាក់ក្នុងស្រុកកាន់តែមានកម្រិតខ្ពស់, លើកកម្ពស់ភាពបរិយាបន្នហិរញ្ញវត្ថុតាមរយៈការបង្កើនលទ្ធភាពរកបានឥណទានពីស្ថាប័នសន្សំប្រាក់, ផ្តល់ការគាំទ្រដល់លទ្ធភាពទទួលបានសេវាឌីជីថលតាមរយៈបច្ចេកវិទ្យាឌីជីថល, ការបន្ទាបថ្លៃសេវាសម្រាប់គណនីសន្សំ, និងការជួយរក្សាស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុ និង ការអភិវឌ្ឍឱ្យបានកាន់តែទូលំទូលាយថែមទៀត។
ចាំបាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ដើម្បីជួយដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ តាមរបៀបមួយដែលឆ្លើយតបទៅនឹងបញ្ហាធ្វើពិពិធកម្ម ដើម្បីការកសាងសេដ្ឋកិច្ចឡើងវិញកាន់តែមានភាពរឹងមាំជាងមុន។
· ចាំបាច់ត្រូវមានរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាមួយ — គឺរបៀបវារៈដែលផ្តោតលើការកែលម្អសមត្ថភាពឱ្យប្រសើរឡើង, ការពង្រឹងបទប្បញ្ញត្តិ, និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។
គំហើញនៅក្នុងជំនួយស្មារតីនេះត្រូវបានធ្វើឡើងតាមរយៈការវិភាគស៊ីជម្រៅ និងការពិគ្រោះយោបល់ល្អិតល្អន់ជាមួយតួអង្គពាក់ព័ន្ធយ៉ាងទូលំទូលាយ។
· ជំនួយស្មារតីស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា (CEM) គឺជារបាយការណ៍មួយដែលធនាគារពិភពលោកបានធ្វើឡើងតាមរយៈការពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធនានា។ របាយការណ៍នេះបានពិនិត្យមើលឡើងវិញនូវគំរូកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមក ក្នុងគោលបំណងកំណត់អត្តសញ្ញាណឧបសគ្គ និង កាលានុវត្តភាពនានាសម្រាប់ការរក្សាកំណើន និង លើកឡើងនូវជម្រើសអនុសាសន៍សម្រាប់ឆ្លើយតបទៅថ្ងៃមុខ។