Skip to Main Navigation
publication 31 មីនា 2022

កម្ពុជា៖ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនាំយកការផ្តល់សេវាកម្មសាធារណៈទៅជិតប្រជាជន

Image

ប្រជាជនកំពុងរង់ចាំបើកថ្នាំពេទ្យនៅមុខបញ្ជរនៅមន្ទីរពេទ្យនៃខេត្តព្រះវិហារ

រូបថត៖ លោក ប៊ូ សារឿន / ធនាគារពិភពលោក


 

សារៈសំខាន់

រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តបន្តកែលម្អការផ្តល់សេវាសាធារណៈ ដោយបង្ខិតរដ្ឋាភិបាលឱ្យកាន់តែជិតជាមួយប្រជាពលរដ្ឋ តាមរយៈកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ (D&D)។ ក្រោមកំណែទម្រង់ D&D នេះ ទំនួលខុសត្រូវក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល កំពុងត្រូវបានផ្ទេរជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរដ្ឋបាល ឃុំ/សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានីខេត្ត។ ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ គឺជាគន្លឹះនៃភាពជោគជ័យនៃរបៀបវារៈកំណែទម្រង់នេះ។ 

 

របាយការណ៍ស្តីពី “ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរអន្តររដ្ឋបាលនៅកម្ពុជា” បានផ្តល់នូវគំនិតសំខាន់ៗដូចខាងក្រោម៖

១- បន្តធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលរវាងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ជាមួយនឹងកម្មវិធីជាតិសម្រាប់កំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិទៅជាអ្នកផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

២-  កំណត់ និងបញ្ជាក់ឱ្យកាន់តែច្បាស់នូវទស្សនាទានសំខាន់ៗ ដូចជាទស្សនាទានស្តីពី រដ្ឋបាលឯកភាព និងភាពខុសគ្នារវាង មុខងារជាកាតព្វកិច្ច និង មុខងារជាជម្រើស។

៣- បន្តធ្វើវិមជ្ឈការថវិកាបន្ថែម ជូនទៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រដល់ការកែលម្អការផ្តល់សេវាសាធារណៈ។ ទោះការផ្តល់សេវាសង្គមសំខាន់ៗ ដូចជាវិស័យអប់រំ និងសុខាភិបាល បានអនុវត្តវិមជ្ឈការបានច្រើនហើយក៏ដោយ សេវាសំខាន់ៗផ្សេងទៀតជាពិសេសនៅក្នុងវិស័យសង្គមកិច្ច នៅមានការគ្រប់គ្រងបែបមជ្ឈការច្រើននៅឡើយ។ 

៤- បង្កើនចំណែកនៃចំណាយសាធារណៈរបស់ថ្នាក់ក្រោមជាតិ។ ការបែងចែកថវិកាសម្រាប់ថ្នាក់ ថ្នាក់ក្រោមជាតិ មានការកើនឡើងចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែថវិកានោះមានប្រហែលត្រឹម ១០ ភាគរយ ប៉ុណ្ណោះនៃថវិកាជាតិសរុប។ សម្រាប់រដ្ឋបាលថ្នាក់ស្រុក ក្រុង ខណ្ឌ ទោះត្រូវមានមុខងារសំខាន់ក្នុងការផ្តល់សេវាសាធារណៈក៏ដោយ តែរដ្ឋបាលកម្រិតនេះនៅទទួលបានថវិកាក្នុងកម្រិតតិចតួច។

៥- បន្តកែសម្រួលយន្តការផ្ទេរថវិកាសម្រាប់ថ្នាក់ក្រោមជាតិ ដើម្បីឆ្លុះបញ្ចាំងនូវការផ្ទេរមុខងារ និងដើម្បីជម្រុញការផ្តល់ថវិកាឱ្យបានកាន់តែច្រើនជាងមុនទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

៦- ការពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិបន្ថែមទៀត នៅពេលដែលកំណែទម្រង់ D&D ឆ្ពោះទៅមុខ។

 

ការសិក្សាក៏បានផ្តល់អនុសាសន៍ផងដែរ អំពីវិធីសាស្រ្តក្នុងការផ្តល់សិទ្ធិសម្រេចបន្ថែមទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ការកំណត់តួនាទីការផ្តល់សេវានៅកម្រិតក្រុង ស្រុក ខណ្ឌ និងការបញ្ជាក់ពីនីតិវិធីគ្រប់គ្រងថវិកាសម្រាប់ការផ្ទេរថវិកាពីក្រសួងសាមីទៅកាន់រដ្ឋបាលថ្នាក់ស្រុក ក្រុង ខណ្ឌ។