ការវិនិច្ឆ័យស្ថានភាពប្រទេសជាលក្ខណៈប្រព័ន្ធដំណាក់កាលទី២ (Country Diagnostic Update-SCD2) ផ្តល់បច្ចុប្បន្នភាពអំពី SCD1 សម្រាប់កម្ពុជា។ ការធ្វើបច្ចុប្បន្នភាពនៅក្នុង SCD2 នឹងផ្តល់មូលដ្ឋានព័ត៌មាន សម្រាប់ការរៀបចំក្របខណ្ឌភាពជាដៃគូប្រចាំប្រទេស (CPF) របស់ធនាគារពិភពលោក សម្រាប់ឆ្នាំ ២០២៥-២០២៩ និងរួមចំណែកដល់ការពិភាក្សាគោលនយោបាយនៅកម្ពុជា។ SCD2 សង្ខេបជូននូវគំហើញសំខាន់ៗតាមរយៈការវិភាគថ្មីៗរបស់ធនាគារពិភពលោក និងការពិគ្រោះយោបល់យ៉ាងទូលំទូលាយ ដើម្បីរៀបចំសំណុំលទ្ធផល, ផ្នែកនៃការអភិវឌ្ឍ និងបណ្តាអាទិភាពគោលនយោបាយ ដែលគួរឱ្យចង់បាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រកបដោយបរិយាបន្ន របស់កម្ពុជា។
ចាប់តាំងពីមានការធ្វើវិនិច្ឆ័យស្ថានភាពប្រទេសជាលក្ខណៈប្រព័ន្ធលើកដំបូង (SCD1) សេដ្ឋកិច្ចរបស់កម្ពុជាបានបន្តទទួលបានកំណើនរឹងមាំ ដែលធ្វើឱ្យភាពក្រីក្រកាន់តែធ្លាក់ចុះ ហើយបង្កើនវិបុលភាពរួមកាន់តែទូលំទូលាយនៅក្នុងប្រទេស។ ជារួម កំណើននៅតែបន្តមានដោយសារកំណើនតាមផ្នែកនៃតួអង្គសេដ្ឋកិច្ច (factor accumulation) នៅពេលដែលមានការរួមចំណែកតិចតួចពីផ្នែកផលិតភាពរបស់កម្លាំងពលកម្ម ដែលធ្វើឱ្យកំណើននេះគ្មានចីរភាពយូរអង្វែងបាន។ ការធ្វើបច្ចុប្បន្នភាពនៅក្នុង SCD2 នេះ រកឃើញថា នៅក្នុងការអនុវត្តក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កន្សោមអាទិភាពភាគច្រើននៅក្នុង SCD1 សម្រេចបានវឌ្ឍនភាពកម្រិតមធ្យម លើកលែងតែការកសាងមូលធនមនុស្ស (កន្សោមអាទិភាពទី ២) ដែលទទួលបានវឌ្ឍនភាពតិចតួចប៉ុណ្ណោះ។ វឌ្ឍនភាពកម្រិតមធ្យមនៅក្នុងកន្សោមអាទិភាពទី១ បានមកដោយសារការធ្វើពិពិធកម្មផលិតផលនាំចេញយ៉ាងខ្លាំង ព្រោះតែអំណោយផលពីភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម សម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងដោយសារភាពប្រសើរឡើងតិចតួចដែរ នៅក្នុងការប្រកួតប្រជែងអន្តរជាតិ។ រីឯនៅក្នុងកន្សោមអាទិភាពទី៣ វឌ្ឍនភាពមានកម្រិតមធ្យមដែលបានមកតាមរយៈការធ្វើឱ្យប្រសើរឡើងនូវភាពធន់សម្រាប់ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងផលវិជ្ជមានខ្លះៗពីសមិទ្ធកម្មផ្នែកបរិស្ថាន និងការអភិវឌ្ឍទីក្រុង។ កម្ពុជាសម្រេចបានវឌ្ឍនភាពមធ្យមដែរ នៅក្នុងការកែលម្អវិស័យអភិបាលកិច្ចសាធារណៈ និងសមត្ថភាព (អាទិភាពអន្តរវិស័យទី៤) ប៉ុន្តែ ភាពប្រសើរឡើងទាំងនោះចេញមកពីមូលដ្ឋានទន់ខ្សោយស្រាប់រួចទៅហើយ ដូច្នេះចាំបាច់ត្រូវមានការកែទម្រង់កាន់តែស៊ីជម្រៅថែមទៀត។ ផ្ទុយទៅវិញ កន្សោមអាទិភាពទី២ ដែលមានវឌ្ឍនភាពតិចតួច ក៏ដោយសារការវិវឌ្ឍមានទិដ្ឋភាពចម្រុះ នៅតាមផ្នែកសុខាភិបាល, ការអប់រំ និងកិច្ចគាំពារសង្គមដែរ ដោយក្នុងនោះគេសង្កេតឃើញថា ថ្វីបើលទ្ធភាពទទួលបានសេវាទាំងនោះមានភាពប្រសើរមែនក្តី តែវាមិនបាននាំមកនូវលទ្ធផលជាដុំកំភួន និងជាប្រចាំ ដូចតាមការរំពឹងទុកទេ។
លើកនេះ SCD2 ធ្វើការរៀបចំឡើងវិញនូវសំណុំលទ្ធផល, ផ្នែកនៃការអភិវឌ្ឍ និងអាទិភាពគោលនយោបាយមួយចំនួន ក្នុងគោលដៅជួយធ្វើយ៉ាងណាឱ្យកម្ពុជាអាចរក្សាបានកំណើនរឹងមាំ, ប្រកបដោយបរិយាបន្ន និងមានចីរភាព ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ នៅក្នុងនោះ ការអាប់ក្រេដហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អបរិយាកាសធុរកិច្ចឱ្យប្រសើរឡើងថែមទៀត គឺជាអាទិភាពខ្ពស់បំផុត នៅក្រោម ផលរំពឹងទុកកម្រិតខ្ពស់ទី១៖ លទ្ធភាពទទួលបានការងារមានគុណភាពខ្ពស់ក្នុងប្រព័ន្ធរៀបរយត្រូវបានធ្វើឱ្យប្រសើរឡើង/High-Level Outcome (HLO) I: Improved access to high-quality formal jobs។ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច, ការងារ និងប្រាក់កម្រៃ ដែលរឹងមាំនិងមានគុណភាពខ្ពស់ ចាំបាច់ត្រូវមានការកែទម្រង់ស៊ីជម្រៅ ដើម្បីបង្កើនការប្រកួតប្រជែងសេដ្ឋកិច្ច, ការធ្វើពិពិធកម្ម និងផលិតភាព នៃសេដ្ឋកិច្ចកម្ពុជា។ អាប់ក្រេដជំនាញនៃកម្លាំងពលកម្ម នៅតែជាអាទិភាពខ្ពស់បំផុត នៅក្រោម ផលរំពឹងទុកកម្រិតខ្ពស់ទី២៖ មូលធនមនុស្សត្រូវបានអាប់ក្រេដ និងត្រូវបានការពារកាន់តែល្អ/HLO II: Upgraded and better protected human capital។ ការអាប់ក្រេដ និងការការពារឱ្យកាន់តែប្រសើរនូវមូលធនមនុស្សរបស់ប្រជាជនកម្ពុជា បានក្លាយជាបញ្ហាកាន់តែបន្ទាន់មួយ ដោយសារកត្តាមួយចំនួន ដូចជា ការអភិវឌ្ឍមូលធនមនុស្សចាប់ផ្តើមមកពីចំណុចខ្សោយស្រាប់ទៅហើយ ដោយមានវឌ្ឍនភាពតិចតួចប៉ុណ្ណោះតាំងពី SCD1 មក, កង្វះកាន់តែច្រើននូវពលកម្មមានជំនាញ, និងការធ្លាក់ចុះកំណើននៃផលិតភាពរបស់ពលកម្ម។ ការអភិរក្ស និងពង្រឹងភាពធន់របស់បរិស្ថានធម្មជាតិ នៅតែជាអាទិភាពខ្ពស់ នៅក្រោម ផលរំពឹងទុកកម្រិតខ្ពស់ទី៣៖ បង្កើនភាពអាចរស់នៅបាន និងភាពធន់/HLO III: Enhanced livability and resilience។ បង្កើនភាពអាចរស់នៅបាន និងភាពធន់នៃបរិស្ថានធម្មជាតិ និងបរិស្ថានក្នុងទីក្រុងរបស់កម្ពុជា នៅតែជាបញ្ហាសំខាន់មួយ សម្រាប់រក្សាឱ្យបាននូវលំនាំកំណើនសេដ្ឋកិច្ច នៅក្នុងស្ថានភាពបច្ចុប្បន្នដែលប្រទេសនេះមានភាពប្រឈមខ្លាំងទៅនឹងហានិភ័យពីគ្រោះធម្មជាតិ និងដោយសារតែមានសមិទ្ធកិច្ចខ្សោយ នៅក្នុងការគ្រប់គ្រងបរិស្ថាន និងក្នុងការអភិវឌ្ឍក្រុង។ ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពនៃវិស័យសាធារណៈ នៅតែជាអាទិភាពអន្តរវិស័យមួយដ៏សំខាន់ សម្រាប់ទ្រទ្រង់ដល់ការឈានទៅសម្រេចផលរំពឹងទុកកម្រិតខ្ពស់ទាំងបី នៅខាងលើ។ ទោះបីជាសម្រេចបានវឌ្ឍនភាពគួរសមចាប់តាំងពី SCD1 ក៏ដោយ ក៏កម្ពុជានៅតែបន្តជាប់ចំណាត់ថ្នាក់អន់នៅឡើយ បើធៀបទៅនឹងប្រទេសមានរចនាសម្ព័ន្ធប្រហាក់ប្រហែល និងបើធៀបទៅនឹងកម្រិតសកល (ទីពីររាប់ពីក្រោម) នៅលើរង្វាស់ភាគច្រើនលើផ្នែកអភិបាលកិច្ច និងសមត្ថភាពនៃវិស័យសាធារណ.
SCD2 ចែកចេញជាពី ៣ ជំពូក៖
- ជំពូកទី១ ផ្តល់បច្ចុប្បន្នភាពអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល ៥ឆ្នាំ ចាប់តាំងពី SCD1 (២០១៧ ដល់ ២០២២) និងវាយតម្លៃវឌ្ឍនភាព ឆ្ពោះទៅរកការសម្រេចគោលដៅរបស់ធនាគារពិភពលោក ក្នុងការបញ្ចប់ភាពក្រីក្រខ្លាំង និងការជំរុញវិបុលភាពរួមគ្នានៅលើភពផែនដីដែលអាចរស់នៅបាន (ឧទាហរណ៍ បេសកកម្ម “បីប៉េ/3P” របស់ធនាគារពិភពលោក គឺ ភាពក្រីក្រ (Poverty), វិបុលភាព (Prosperity) និងភពផែនដី (Planet))។
ជំពូកទី២ វាយតម្លៃវឌ្ឍនភាពតាមផ្នែកអភិវឌ្ឍន៍ និងអាទិភាពគោលនយោបាយ ដែលមានចែងក្នុង SCD1, កត្តាជំរុញរបស់វា និងពិនិត្យមើលតើអ្វីខ្លះដែលជាឧបសគ្គរារាំងដល់លទ្ធផល។ ជំពូកនេះក៏វាយតម្លៃផងដែរ លើវឌ្ឍនភាពទល់នឹងហានិភ័យសំខាន់ៗដែល SCD1 រកឃើញថាអាចមានសក្តានុពល ក្នុងការធ្វើការបំផ្លាញការអភិវឌ្ឍរបស់កម្ពុជា ពោលគឺការគំរាមកំហែងដល់៖ (i) កំណើន ជាពិសេសដោយសារកង្វះនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច; (ii) ស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ជាពិសេសសារការផ្តល់ប្រាក់កម្ចីមានការកើនឡើងខ្ពស់; (iii) និរន្តរភាពសង្គម ជាពិសេសដោយសារការព្រងើយកន្តើយចំពោះក្រុមជនងាយរងគ្រោះ; និង (iv) ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសដោយសារកត្តាគួបផ្សំនៃការរេចរឹលនៃមូលធនធម្មជាតិ, ហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ និងការរៀបចំផែនការទីក្រុងមិនបានល្អ។
ជំពូកទី៣ ផ្តល់សេចក្តីសង្ខេបស្តីពីសំណុំលទ្ធផល, ផ្នែកនៃការអភិវឌ្ឍ និងបណ្តាអាទិភាពគោលនយោបាយ សម្រាប់ជួយកម្ពុជាឱ្យបន្តសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ, ប្រកបដោយបរិយាបន្ន និងចីរភាព ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
អមជាមួយ SCD2 ដែលជារបាយការណ៍គោល នៅមាន Cambodia SCD2 Update Background Paper ដែលជាកម្រងអត្ថបទសាវតារខ្លីៗ ដែលចងក្រងនូវភស្តុតាង និងការវិភាគរឹងមាំ អំពីការវាយតម្លៃវឌ្ឍនភាពនៃតាមកន្សោមអាទិភាពនីមួយៗក្រោម SCD1 និងឧបសម្ព័ន្ធមួយស្តីពីកង្វះខាតផ្នែកចំណេះដឹង។