របាយការណ៍ចុងក្រោយដែលមានឈ្មោះថា “ការវាយតម្លៃភាពក្រីក្រឆ្នាំ២០២២៖ ស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន” (Cambodia Poverty Assessment 2022: Toward a More Inclusive and Resilient Cambodia) បង្ហាញថាកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែនាពេលថ្មីៗនេះសមិទ្ធផលមួយចំនួនត្រូវបានរងការគំរាមកំហែងទៅវិញ ដោយសារតែផលប៉ះទង្គិចពីការរាតត្បាតជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច។
របាយការណ៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើបន្ទាត់ភាពក្រីក្រថ្មី នៅក្នុងការស្ទង់សេដ្ឋកិច្ចសង្គមកម្ពុជា (CSES) ឆ្នាំ២០១៩-២០២ ដែលក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់បន្ទាត់ភាពក្រីក្រអប្បបរមាជាតិដែលមានតម្លៃជាទឹកប្រាក់ចំនួន ១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ។
ការវាយតម្លៃភាពក្រីក្រកម្ពុជាឆ្នាំ២០២២ បានទាញយកព័ត៌មានពីច្រើនប្រភពមកធ្វើការវាយតម្លៃអំពីនិន្នាការនិងកត្តាជំរុញការកាត់បន្ថយភាពក្រីក្រ, ផលប៉ះទង្គិចរបស់ជំងឺកូវីដ-១៩ទៅលើផលផ្នែកសង្គមសេដ្ឋកិច្ច និងបញ្ហាជំពាក់ទាក់ទងនៅក្នុងប្រព័ន្ធសារពើពន្ធកម្ពុជាក្នុងឆ្នាំ២០១៩។ ប្រភពទិន្នន័យរួមមាន CSES ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិកម្ពុជា, ការស្ទង់មតិតាមទូរស័ព្ទញឹកញាប់នៅកម្ពុជា និងទិន្នន័យរដ្ឋបាលពីក្រសួង នាយកដ្ឋាន និងទីភ្នាក់ងារនានារបស់រដ្ឋាភិបាល។
សង្ខេបសំខាន់ៗ៖
· អត្រាភាពក្រីក្រនៅប្រទេសកម្ពុជាបានធ្លាក់ចុះសឹងតែពាក់កណ្តាលក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែវឌ្ឍនភាពមួយចំនួនត្រូវបានបំផ្លាញទៅវិញដោយសារតែការរាតត្បាតជំងឺកូវីដ-១៩កាលពីពេលថ្មីៗនេះ។
· ជំងឺកូវីដ-១៩ បានលាតត្រដាងឱ្យកាន់តែឃើញច្បាស់នូវភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចមួយចំនួនដែលកម្ពុជាមានពីមុនមក។ មុនជំងឺរាតត្បាតមកដល់ គ្រួសារកម្ពុជាជាច្រើនកំពុងរស់នៅក្នុងជីវភាពខ្វះលំនឹងរួចស្រេចទៅហើយ។
· កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ គួបផ្សំជាមួយនឹងការផ្លាស់ប្តូរជារចនាសម្ព័ន្ធផង បានជួយធ្វើឱ្យប្រាក់ចំណូលរបស់ពលកម្មកើនឡើង និងភាពក្រីក្រកាន់តែធ្លាក់ចុះ។
· កម្រិតជីវភាពមានភាពប្រសើរឡើង ដោយរួមចំណែកធ្វើឱ្យគម្លាតរវាងទីក្រុងនិងជនបទនៅកម្ពុជាកាន់តែរួមតូចជាងមុន ប៉ុន្តែក្រុមគ្រួសារដែលមានប្រាក់ចំណូលទាបនិងនៅតាមទីជនបទ នៅតែចាញ់ប្រៀបគេនៅឡើយ បើនិយាយអំពីលទ្ធភាពទទួលបានសេវាជាមូលដ្ឋាន និងឱកាសរកប្រាក់ចំណូល។
· កំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ និងការកាត់បន្ថយភាពក្រីក្រដែលកម្ពុជាសម្រេចបានកន្លងមក កើតឡើងនៅក្នុងបរិយាកាសដែលមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្ន។
· ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជារក្សាបាននូវអត្រាការងារខ្ពស់ និងកំណើនប្រាក់ចំណូល ខណៈដែលកំណើនប្រជាជនយឺតក៏បានជួយលើកកម្ពស់ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់បន្ថែមទៀតដែរ។
· បរិវត្តកម្មជារចនាសម្ព័ន្ធមានសារៈសំខាន់ដល់ភាពជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រ។ ការវិនិយោគ និងពាណិជ្ជកម្មបានជំរុញការផ្លាស់ប្តូរជារចនាសម្ព័ន្ធរបស់កម្ពុជាចេញពីវិស័យកសិកម្មឆ្ពោះទៅរកសកម្មភាពសេដ្ឋកិច្ចមានតម្លៃបន្ថែមខ្ពស់ជាងមុន។
· ពលករកម្ពុជាកំពុងងាកចេញបណ្តើរៗពីវិស័យកសិកម្មទៅរកការងារក្នុងវិស័យផលិតកម្មនិងសេវាកម្ម, ទៅរកវិស័យដែលមានផលិតភាពខ្ពស់ និងប្រាក់ឈ្នួលគ្រាន់បើជាងមុន។ ពលករមិនត្រឹមតែផ្លាស់ការងារពីវិស័យមួយទៅវិស័យមួយទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើបម្លាស់ទីពីជនបទទៅកាន់ទីប្រជុំជននានាផងដែរ។ កំណើននៃប្រាក់ចំណូលក្នុងការងារមិនមែនកសិកម្ម គឺជាកត្តាចម្បងក្នុងការកាត់បន្ថយភាពក្រីក្រ។
· ក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ រដ្ឋាភិបាលបានប្រើប្រាស់បញ្ជីឈ្មោះ IDPoor សម្រាប់ធ្វើការផ្ទេរប្រាក់ជំនួយដល់គ្រួសារដែលកាន់ប័ណ្ណ IDPoor។ កម្មវិធីផ្ទេរសាច់ប្រាក់នេះបានផ្តល់ការគាំទ្រប្រាក់ចំណូលដ៏មានតម្លៃដល់គ្រួសារក្រីក្រក្នុងអំឡុងពេលមានជំងឺរាតត្បាត និងទប់ស្កាត់ការកើនឡើងនៃភាពក្រីក្រ និងវិសមភាព។ អន្តរាគមន៍នេះត្រូវបានពង្រីកយ៉ាងឆាប់រហ័សក៏ពិតមែន ប៉ុន្តែក៏គួរតែធ្វើឱ្យប្រសើរឡើងថែមទៀតដែរ ជាពិសេសវិសាលភាពគ្របដណ្តប់របស់ការផ្ទេរសាច់ប្រាក់។
ខាងក្រោមគឺជាហានិភ័យ បញ្ហាប្រឈម និងឱកាសមួយចំនួន សម្រាប់អ្នករៀបចំគោលនយោបាយរបស់កម្ពុជាយកទៅពិចារណា៖
· ក្រុមគ្រួសារជាច្រើននៅប្រឈមនឹងហានិភ័យនៃភាពក្រីក្រច្រើននៅឡើយ ទោះបីជាសេដ្ឋកិច្ចកំពុងងើបឡើងវិញក៏ដោយ។
· បញ្ហាប្រឈមនៃការអភិវឌ្ឍរួមមាន វិសមភាពភូមិសាស្រ្តក្នុងភាពក្រីក្រ និងការអភិវឌ្ឍមនុស្សដែលនៅមានកម្រិតទាប។
· ផលិតភាពនៅមានកម្រិតមធ្យមនិងវិស័យសេដ្ឋកិច្ចខ្វះភាពសម្បូរបែប អាចកាត់បន្ថយកំណើនរយៈពេលវែងនិងសក្តានុពលកាត់បន្ថយភាពក្រីក្រ។
· ការផ្លាស់ប្តូររចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ និងការប្រែប្រួលផ្នែកប្រជាសាស្រ្តនឹងជំរុញកំណើនទៅមុខ ប្រសិនបើមានការវិនិយោគទៅលើមនុស្ស និងទៅលើក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ។
អនុសាសន៍គោលនយោបាយ
អន្តរាគមន៍ដើម្បីជួយដល់ការស្តារឡើងវិញប្រកបដោយបរិយាបន្ននិងមានភាពកាន់តែធន់ គួរតែផ្តោតលើវិស័យចំនួនប្រាំ៖
· បន្តជំរុញទៅមុខនូវកម្មវិធីផ្ទេរសាច់ប្រាក់ ដើម្បីសម្រាលការលំបាកចំពោះមុខរបស់ក្រុមគ្រួសារ និងដើម្បីជួយពួកគេក្នុងការស្តារជីវភាពឡើងវិញ និងបង្កើនភាពធន់បានយូរអង្វែងទៅមុខ។
· ពង្រឹងប្រព័ន្ធគាំពារសង្គមនៅកម្ពុជាក្រោយសម័យជំងឺរាតត្បាត និងបង្កើតប្រព័ន្ធសម្របខ្លួនមួយសម្រាប់លៃលកជាមួយវិបត្តិនាពេលអនាគត។
· ការកែលម្អធនធានមនុស្សតាមរយៈការវិនិយោគលើវិស័យសុខាភិបាល និងអប់រំ។
· ធ្វើពិពិធកម្មគំរូនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
· ពង្រឹងប្រសិទ្ធភាពនៃការពង្រាយគោលនយោបាយសារពើពន្ធ និងការធ្វើហិរញ្ញប្បទានសម្រាប់យុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ឱ្យបានទៀងទាត់។