Skip to Main Navigation
publication19 កក្កដា 2022

ទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ

ប្រទេសកម្ពុជាពេលនេះកំពុងត្រូវប្រឹងពុះពារឆ្លងកាត់វិបត្តិប្រេងឥន្ធនៈឡើងថ្លៃ ខណៈដែសេដ្ឋកិច្ចទើបនឹងបានចាប់ផ្តើមងើបឡើងវិញមិនទាន់ប៉ុន្មានផង ក្រោយពីមានការសម្រាលវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

កម្ពុជានាំចូលផលិតផលប្រេងពីក្រៅ ១០០ភាគរយ ហើយការធ្វើ​ពាណិជ្ជកម្មរបស់ខ្លួនបានជួបស្ថាន​ភាពកាន់តែអាក្រក់ទៅៗ ដោយសារតែតម្លៃប្រេងកើនឡើងឥតស្រាកស្រាន្ត។ មិនដូចឆ្នាំមុន នៅពេលដែលឱនភាពគណនីចរន្តកើនឡើងយ៉ាងខ្លាំងដោយសារតែការកើនឡើងនៃការនាំចូលមាស ស្ថានភាពអវិជ្ជមានសម្រាប់​ការធ្វើ​ពាណិជ្ជកម្មនៅឆ្នាំនេះ ដោយសារតែការកើនឡើងថ្លៃប្រេង ទំនងជាធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងប្រាក់ចំណេញរបស់​អាជីវកម្ម ដែលជះឥទ្ធិពេលលើតម្រូវការសរុប។

ផលប៉ះទង្គិចអវិជ្ជមានទៅលើសេដ្ឋកិច្ចពីសំណាក់ការឡើងថ្លៃប្រេងឥន្ធនៈ មានសភាព​កាន់តែអាក្រក់​ថែម​ទៀត នៅពេលដែលអតុល្យភាពជញ្ជីងពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជាមានទំហំធំរួចទៅហើយ។ ការនាំចូលប្រេងចម្រាញ់មានទំហំស្មើនឹង ៦,២ភាគរយនៃ ផ.ស.ស ក្នុង​ឆ្នាំ២០២១ -- ដែលជាទំហំធំជាងការនាំចូលប្រេងរបស់​ប្រទេសភាគច្រើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក -- ហើយវាសឹងតែស្មើនឹង ១១ភាគរយនៃការនាំចូលសរុបរបស់​ប្រទេស។ មុននេះ ឱនភាពពាណិជ្ជកម្មបានរួមតូចបន្តិចហើយ ដោយសារការនាំចូលមាសបានធ្លាក់ចុះ។ ទោះ​ជាយ៉ាងណាក៏ដោយ តម្លៃប្រេងខ្ពស់កំពុងប៉ះប៉ូវបំពេញការធ្លាក់ចុះនេះបានមួយផ្នែក ដោយបង្វែរហានិភ័យដើមខ្សែទៅលើឱនភាពគណនីចរន្តវិញ។ ជាងនេះទៅទៀត ការផ្តល់ហិរញ្ញប្បទានសម្រាប់​បំពេញឱនភាពនេះតាមរយៈការហូរចូលនៃមូលធន កំពុងជួបឧសគ្គដោយសារគោលនយោបាយសូន្យកូវីដ-១៩នៅក្នុងប្រទេសចិន ដែលជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រាប់កម្ពុជា។ សម្ពាធពីខាងក្រៅទំនងជានឹងបន្តមានទៅមុខ​ទៀត ថ្វីត្បិតតែពេលនេះទុនបំរុងអន្តរជាតិរបស់កម្ពុជានៅតែមានកម្រិតខ្ពស់ អាចទ្រទ្រង់ស្ថានការណ៍បានប្រហែល ៨ ខែនៃការនាំចូល ក៏ដោយ។

ការឡើងថ្លៃទំនិញ​និង​ប្រេងឥន្ធនៈ បានធ្វើឲ្យក្រុមគ្រួសារបាត់បង់លទ្ធភាពទិញបន្តិចម្តងៗទៅវិញ។ ការឡើងថ្លៃប្រេងនៅលើទីផ្សារ​អន្តរជាតិ ជះឥទ្ធិពលផ្ទាល់ធ្វើឲ្យថ្លៃទំនិញក្នុងស្រុកឡើងដែរ។ ការកើនឡើងថ្លៃជីកសិ​កម្ម​ និងអាហារបានថែមសម្ពាធទៅលើអតិផរណា។ សមាសភាគថ្លៃដឹកជញ្ជូនដែលស្មើនឹង ១២ភាគរយនៃកញ្ចប់​ទំនិញប្រើប្រាស់សរុបនៅក្នុង​សន្ទស្សន៍តម្លៃ (CPI) ជាបន្ទុកមួយធ្ងន់គួរសម ដែលធ្វើឲ្យផលប៉ះពាល់អវិជ្ជមានទាំងនេះមានសភាពកាន់តែធ្ងន់ធ្ងរទៅទៀត។ អតិផរណាបានហក់ឡើងយ៉ាងរហ័សដល់ ៧,២ភាគរយ ក្នុងខែឧសភា ឆ្នាំ២០០២ ពីកម្រិត ៣ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយវាជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៣ឆ្នាំ នេះ។ ក្រុម​គ្រួសារដែលងាយរងគ្រោះ និងក្រីក្រនៅកម្ពុជា កំពុងរងទម្ងន់សម្ពាធនេះច្រើន​ជាងគេ ពីព្រោះពួកគេមិនសូវមានធនធាន​សម្រាប់​សន្សំបាន។ អាស្រ័យ​ហេតុនេះ កម្មវិធីផ្ទេរសាច់ប្រាក់ ដែលជាធាតុផ្សំដ៏ធំបំផុតនៃកញ្ចប់អន្តរាគមន៍របស់រដ្ឋាភិបាលកន្លងមក ចាំបាច់​ត្រូវបន្តមានតទៅទៀត។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ កម្មវិធីនេះបានគ្របដណ្តប់លើគ្រួសារចំនួន ៦៩០ ០០០គ្រួសារ (ស្មើនឹងបុគ្គលចំនួន ២,៧លាននាក់) ឬប្រហែល ១៩ភាគរយនៃក្រុមគ្រួសារទូទាំងប្រទេស។ ចាប់តាំងពីបើកដំណើរការក្នុងខែមិថុនា ឆ្នាំ២០២០រហូតមកដល់ពេលនេះ កម្មវិធីនេះបានជួយសម្រាលផលប៉ះពាល់អវិជ្ជមានលើក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការផ្តល់​សាច់ប្រាក់អស់ចំនួន ៥៩៣លានដុល្លារអាមេរិក។

ការឡើងថ្លៃទំនិញកាន់តែខ្ពស់ដោយសារសង្រ្គាមនៅប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងនាំឱ្យមានផលប៉ះពាល់ធំគួរសមទៅលើស្ថានភាពសារពើពន្ធ។ ទីមួយ អាចមានភាពចាំបាច់ត្រូវធ្វើការចំណាយថវិកាបន្ថែម ដើម្បីសម្រាលផលប៉ះពាល់នៃការប្រែប្រួលតម្លៃទំនិញ ជាពិសេសសម្រាប់ក្រុមគ្រួសារ និងក្រុមហ៊ុនដែលងាយរងគ្រោះ។ ទីពីរ ការប្រមូលចំណូលអាចរំពឹងទុកថានឹងធ្លាក់ចុះដែរ ដោយសារតែកំណើនអវិជ្ជមានបណ្តាលមកពីអតិផរណាខ្ពស់ និងការធ្លាក់ចុះតម្រូវការសរុប។ ទីបី ខណៈដែលថវិកាប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២២ បាន​គិតគូរពីការទ្រទ្រង់ផ្នែកសារពើពន្ធក្នុងស្ថានភាពដែលឱនភាពសារពើពន្ធត្រូវបានព្យាករថាមានចំនួនកម្រិត ៦,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ការសម្រេចឲ្យបាននូវគោលបំណង និងគោលដៅនៃថវិកានេះ​កំពុងតែជួបបញ្ហាប្រឈមកាន់តែខ្លាំង នៅពេលដែលថ្លៃទំនិញ និងថ្លៃសេវាកម្មចេះតែឡើង។ ការចំណាយលើកគម្រោង​វិនិយោគសាធារណៈទំនងជានឹងត្រូវលើសទំហំថវិកាដើមហើយ ដោយសារតែអតិផរណាចេះតែកើន អមដោយការកើនឡើងនៃថ្លៃដើមរបស់ធាតុចូល មានដូចជា សម្ភារៈសំណង់ កម្លាំងពលកម្ម និងគ្រឿងចក្រ ជាដើម។ គេរំពឹងថា ការកង្វះថវិកាកាន់តែខ្លាំង ប្រហែលជានឹងត្រូវបំពេញហិរញ្ញប្បទានមកវិញ​តាមរយៈការដកប្រាក់បញ្ញើរបស់រដ្ឋាភិបាល (ទុនបម្រុងសារពើពន្ធ) ដែលមានចំនួន ១៧ភាគរយនៃផ.ស.ស គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ដែលតិចជាងធៀបទៅនឹង ២២,៥ភាគរយក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន និងតាមរយៈ​ការខ្ចីបុលន្ថែមពីក្រៅប្រទេស។

ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចបើកដំណើរការឡើងវិញតាំងពីចុងឆ្នាំ២០២១ មក។ ការធ្វើដំណើរអន្តរជាតិត្រូវបានសម្រួលបន្ថែមទៀតតាមរយៈការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវកម្មវិធីផ្តល់ទិដ្ឋាការពេលមកដល់ និងការដកចេញ កាលពីខែមីនា ឆ្នាំ២០២២ នូវលក្ខខណ្ឌតម្រូវឲ្យមានលទ្ធផលតេស្តកូវីដ-១៩អវិជ្ជមាន មុនពេលមកដល់ប្រទេសកម្ពុជា។ ការសម្រាលវិធានការរឹតបន្តឹងទាំងនេះ អាចធ្វើ​ទៅបានដោយសារតែជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារទូទាំប្រទេស។ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ប្រហែល៨៥ភាគរយនៃចំនួនប្រជាជនសរុប បានចាក់វ៉ាក់សាំងការពារការឆ្លងកូវីដ-១៩ ចំនួន ២ដង រួចហើយ។ ការឆ្លងមានការស្ទុះខ្លាំងបណ្តាលមកពីវីរុសបំប្លែង Omicron ប៉ុន្តែវាបានស្រកចុះវិញហើយ​តាំងពីខែមេសា ឆ្នាំ២០២២ រហូតមក។

ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែមិនមានភាពស្មើគ្នានៅ​គ្រប់ផ្នែកទេ។ ក្បាលម៉ាស៊ីនជំរុញកំណើនបែបប្រពៃ​ណី ជាពិសេសវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងឧស្សាហកម្មផលិតស្បែកជើង ចេះតែបន្តរីលូតលាស់។ ការនាំចេញផលិតផលផលិតកំពូលទាំងបីនេះ ដែលផ្គួបគ្នាមានទំហំ ៦៥,៤ភាគរយ នៃការនាំចេញទំនិញសរុប (មិនរាប់បញ្ចូលមាស) បានកើនឡើងចំនួន ២៥,១ភាគរយនៅក្នុងខែមីនា ឆ្នាំ២០២២។ ឧស្សាហកម្មផលិតគ្រឿងអគ្គិសនី, គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត កំពុងស្ទុះងើបឡើងវិញតែយឺតៗ។ ផលិតកម្មស្រូវ ដែលជាដំណាំចម្បងរបស់កម្ពុជាហើយមានទំហំជិត ៦០ភាគរយនៃផ.ស.សរបស់ផ្នែកកសិកម្ម បានកើនឡើង ៩,៣ភាគរយ ក្នុងរដូវធ្វើស្រូវឆ្នាំ ២០២១-២០២២ គឺសម្រេចបានទិន្នផលសរុបចំនួន១២,២លានតោន។ វិស័យសេវាកម្ម ជាពិសេសឧស្សាហកម្មធ្វើដំណើរ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច កំពុងស្ទុះងើបឡើងវិញ ដោយសារការរស់ឡើងវិញនៃតម្រូវការ និងទេសចរណ៍ក្នុងស្រុក ប៉ុន្តែនៅតែមានកម្រិតទាបជាងកម្រិតមុនការផ្ទុះកូវីដ-១៩ នៅឡើយ។

វិស័យសំណង់ ដែលជាកត្តាជំរុញកំណើនមួយនៅមុនពេលមានការរាតត្បាតជំងឺ ក៏នៅតែស្ថិតក្រោមសម្ពាធនៅឡើយដែរ។ នៅខែមីនា ឆ្នាំ២០២២ តម្លៃ និងផ្ទៃដីដែលទទួល​បាន​ការអនុញ្ញាតឲ្យធ្វើការសាងសង់ បានធ្លាក់ចុះ ៦៦ភាគរយ និង ៦៧,៩ភាគរយ រៀងៗខ្លួន។ ក្នុងអំឡុងពេលដូចគ្នានេះ ការនាំចូលស៊ីម៉ង់ត៍ និងដែកថែប ដែលប្រើប្រាស់ជាចម្បងសម្រាប់ឧស្សាហកម្មសំណង់ បានធ្លាក់ចុះ ៧១ភាគរយ និង១៥,៦ភាគរយ រៀងៗខ្លួន។

ស្ថានភាពរូបិយវត្ថុបានបន្តរក្សា​បាន​ស្ថានភាពល្អនៅឡើយ។ កំណើនសាច់ប្រាក់ទូទៅមានសភាព​ថម​ថយ​បន្តិច ដោយកើនបាន ១៣,៨ភាគរយក្នុងខែមីនា ឆ្នាំ២០២២ ធ្លាក់ចុះពី២០,៣ភាគរយក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់បញ្ញើរបស់វិស័យឯកជនបានបន្តកើនឡើងបាន ១៥,៣ភាគរយ។ ជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចនេះដែរ​ កំណើនឥណទានក្នុងស្រុកបានឡើងដល់ ២២,៤ភាគរយនៅក្នុងខែមីនា ឆ្នាំ២០២២ គឺកើនឡើងពី ២១,១ភាគរយក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរយៈការគាំទ្រដោយប្រតិបត្តិការទីផ្សារបើកចំហរបស់ធនាគារកណ្តាល អត្រាប្តូរប្រាក់នៅបន្តរក្សា​បានស្ថិរភាពជារួម ក្នុងតម្លៃ ៤១០០រៀលក្នុងមួយដុល្លារអាមេរិក។ ទុនបម្រុងអន្តរជាតិសរុបបានកើនឡើងតិចតួច ដល់ចំនួន ២០,៣ប៊ីលានដុល្លារអាមេរិក (សមមូលទៅនឹង៨ខែនៃការនាំចូល) ក្នុងខែមីនា ឆ្នាំ២០២២  ដែលកាលពីឆ្នាំកន្លងទៅមាន ២០,២ប៊ីលានដុល្លារអាមេរិក ក្នុងអំឡុងពេលដូចគ្នា។

ទស្សនវិស័យសម្រាប់អនាគត

កំណើនពិតប្រាកដរបស់កម្ពុជាត្រូវបានព្យាករថានឹងមានកម្រិត ៤,៥ភាគរយ ក្នុងឆ្នាំ២០២២។ ការព្យាករនេះធ្វើឡើងដោយប្រុងប្រយ័ត្ន ហើយឆ្លុះបញ្ចាំងពីផលប៉ះពាល់ដែលរំពឹងថានឹងមានជាអវិជ្ជមានទៅលើការធ្វើ​ពាណិជ្ជកម្មដែលបណ្តាលមកពីប្រេងឡើងថ្លៃ, វដ្តនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ លើសពីនេះទៀត ដំណើរទៅមុខរបស់សេដ្ឋកិច្ចនៅតែចំណុះទៅតាមការវិវត្តរបស់វីរុសកូវីដ។ ប៉ុន្តែ ដោយសារ​មានវឌ្ឍនភាពនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារ ការ​បន្ធូរបន្ថយវិធានការរឹតត្បិតលើការធ្វើដំណើរ នឹងជួយបន្តរួមចំណែកផ្តល់​អំណោយផលដល់​សកម្មភាពសេដ្ឋកិច្ច និង​ការ​បង្កើត​ការ​ងារធ្វើ។ សកម្មភាពសេដ្ឋកិច្ច​ក្នុង​ស្រុក និង​ការនាំចេញទំនិញកសិផល​ ត្រូវ​បាន​រំពឹងទុក​ថា​នឹងបន្តប្រព្រឹត្តទៅដោយស្វាហាប់ រួមចំណែកដល់ការស្តារឡើងវិញរបស់សេដ្ឋកិច្ច។

ក្នុង​រយៈ​ពេល​មធ្យម សេដ្ឋកិច្ច​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​និន្នាការ​ត្រឡប់​ទៅមានសក្ដានុពលឡើង​វិញ ដោយ​មាន​កំណើន​ប្រហែល ៦ ភាគរយ។ ច្បាប់វិនិយោគថ្មី រួមជាមួយនឹងកិច្ចព្រមព្រៀងកម្ពុជា-ចិនស្តីពីពាណិជ្ជកម្មសេរី និងភាពជាដៃគូរួមផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ដែលទើបនឹងទទួល​បានសច្ចាប័ន ត្រូវបានគេរំពឹងថានឹងបង្កើនការវិនិយោគ និងពាណិជ្ជកម្មថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ។ ដូចគ្នានេះដែរ ការធ្វើ​ពាណិជ្ជកម្ម និងការវិនិ​យោគ នឹងត្រូវបានជំរុញបន្ថែមទៀតនៅពេលណាដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ទទួលបានការផ្តល់សច្ចាប័ន។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់អវិជ្ជមានពីសំណាក់​មេរោគកូវីដ-១៩ ទៅលើការងារ និងសុខុមាលភាព ត្រូវបានគេរំពឹងថានៅតែបន្តមាន ហើយជាមួយគ្នានោះ ផ្នែកសេវាកម្ម ជាពិសេសឧស្សាហកម្មធ្វើដំណើរ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅតែបន្តប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ទៀត។

បញ្ហាប្រឈម និងហានិភ័យ

តាមការព្យាករ ទំនងជានឹងមានហានិភ័យខាតបង់ផ្នែកសេដ្ឋកិច្ច។ ថ្វីបើមានសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកមានសភាពស្វាហាប់ជាងមុនដោយសារតែមានការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរក៏ដោយ ក៏ការស្ទុះងើបឡើងវិញបានថមថយសន្ទុះរបស់វាដោយសារតែការធ្លាក់ចុះនៃតម្រូវការសកល និងការឡើងថ្លៃទំនិញលើទីផ្សារសកល។ ការរើបឡើងវិញនៃវីរុសបំប្លែង Omicron ឬវីរុសបំប្លែងប្រភេទថ្មីទៀត បើគ្រប់គ្រង​មិន​បាន​ល្អ អាចបង្កភាពអាក់ខានដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាថ្មីម្តងទៀត។ ថ្វីត្បិតតែកម្ពុជានៅមានលំហគោលនយោបាយដែលខ្លួនអាចយកទៅប្រើប្រាស់បានក៏ដោយ​ក្នុងករណីដែលហានិភ័យទាំងនេះលេចចេញជារូបរាង ទ្រនាប់​ផ្នែកសារពើពន្ធរបស់ខ្លួនបានរួញមាឌបន្តិចទៅហើយ បន្ទាប់ពីរដ្ឋាភិបាល​បាន​ធ្វើអន្តរាគមន៍ផ្នែកសារពើពន្ធក្នុងពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះ កំណើនឥណទានខ្ពស់ និងការប្រមូលផ្តុំឥណទានក្នុងស្រុកច្រើននៅ​ក្នុងវិស័យ​សំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យដ៏ធំមួយសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។

ជម្រើសគោលនយោបាយ

ដើម្បីរក្សាឲ្យបាននូវសន្ទុះនៃការស្តារសេដ្ឋកិច្ច​ឡើងវិញ កិច្ច​ខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ត្រូវតែបន្តអនុវត្តឲ្យខ្ជាប់ខ្ជួន។ ជាមួយនឹងការគាំទ្រពីសំណាក់​អង្គការសុខភាពពិភពលោក អាជ្ញាធរកំពុងបង្កើតការឃ្លាំមើលជាមួយនឹងការចូលរួមរបស់សហគមន៍ ដើម្បីពង្រឹងការរកឃើញករណីឆ្លងឲ្យបានទាន់ពេលវេលា។ លើសពីនេះ គោលការណ៍ណែនាំស្តីពីការរួមបញ្ចូលសេវាកូវីដ-១៩ទៅក្នុងប្រព័ន្ធថែទាំសុខាភិបាលតែមួយ ត្រូវបានដាក់ឲ្យប្រើ ហើយគ្រប់កន្លែងថែទាំសុខភាពត្រូវបានណែនាំឱ្យប្រតិបត្តិតាមគោលការណ៍នេះទូទាំងប្រទេស។

ដោយសារលក្ខខណ្ឌតម្រូវការនៅខាងក្រៅនៅតែមានសភាពស្រពេចស្រពិល កិច្ចការចំពោះមុខគឺត្រូវ​ពង្រឹងទំនុកចិត្តរបស់​ទីផ្សារក្នុងស្រុកបន្ថែមទៀត។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិននៅក្នុងស្រុក ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុង។ ការទាញអត្ថប្រយោជន៍ពីបណ្តាញផ្លូវថ្នល់ដែលទើបនឹងជួសជុលថ្មីៗនៅក្នុងខេត្តសៀមរាប និងក្រុងព្រះសីហនុ ក៏ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (ដែលរំពឹងថានឹងបញ្ចប់ និងដាក់ឱ្យដំណើរការនៅឆមាសទីពីរឆ្នាំ២០២២), ការទាក់ទាញការវិនិយោគឯកជនក្នុងវិស័យទេសចរណ៍បន្ថែមទៀត អមដោយការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ដូចជាផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបសម្រាប់ឆ្នាំ២០២១-២០៣៥ ជាដើម​ ចំណាត់ការទាំងអស់នេះអាចនឹងជួយបាន។ ដរាប​ណាកម្ពុជានៅតែបន្តបន្ធូរបន្ថយវិធានការរឹតត្បិតលើការធ្វើដំណើរទាំងអស់ រួមទាំងការសម្រួលទិដ្ឋាការក្នុងករណីគ្មានការរាលដាលជំងឺកូវីដ-១៩នេះសាជាថ្មី ចំនួនមកដល់របស់ភ្ញៀវបរទេសនឹងកើនឡើងវិញ រួមចំណែកដល់ការរស់ឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។

កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតចាំបាច់ត្រូវតែធ្វើដើម្បីលើកកម្ពស់ការនាំចេញទំនិញកសិកម្ម ក្នុងគោលដៅទាញយកឲ្យបានជាអតិបរមានូវអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលបានផ្តល់សច្ចាប័នកាលពីពេលថ្មីនេះ ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងភាពជាដៃគូរួមផ្នែកសេដ្ឋកិច្ចក្នុងតំបន់ (RCEP)។ ក្នុងន័យនេះ ប្រការលើកទឹកចិត្តដែលត្រូវបានដាក់ចេញនាពេលថ្មីៗនេះក្រោមច្បាប់វិនិយោគថ្មី ដើម្បីគាំទ្រដល់ការកែច្នៃកសិផល និងខ្សែចង្វាក់តម្លៃកសិកម្ម អាចដើរតួនាទីយ៉ាងសំខាន់។ តម្លៃទំនិញកសិផលរបស់កម្ពុជានៅកៀកកន្លែងផលិតនៅតែមានការប្រកួតប្រជែងក៏ពិតមែន ប៉ុន្តែអត្រាការប្រាក់លើប្រាក់កម្ចី, ថ្លៃថាមពលសម្រាប់ឧស្សាហកម្មកែច្នៃកសិផល និងថ្លៃដឹកជញ្ជូន និងការដឹកជញ្ជូនសម្រាប់ការនាំចេញទំនិញកសិកម្ម នៅតែមិនទាន់មានលក្ខណៈអំណោយផលនៅឡើយទេ។ មិនដូចគ្រឿងអេឡិចត្រូនិក, គ្រឿងបរិក្ខារ និងគ្រឿងបន្លាស់ទេ ទំនិញកសិផលគឺជាទំនិញធ្ងន់ និងមានតម្លៃថោកគួរសម ដែលបានរងផលប៉ះពាល់មិនសមាមាត្រសោះរួចទៅហើយ​ពីការឡើងថ្លៃដឹកជញ្ជូនតាមសមុទ្រ។ ដូច្នេះ ត្រូវតែមានកិច្ចខិតខំថែមទៀត ដើម្បីពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ទន្ទឹមគ្នានឹងការអនុវត្តការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ។ ចំណុចនេះមានសារៈសំខាន់ជាពិសេសសម្រាប់ការនាំចេញទំនិញកសិកម្មរបស់កម្ពុជា ប្រសិនបើប្រទេសនេះចង់ទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀង CCFTA និង RCEP។ (សូមមើលផ្នែកផ្តោតពិសេសលើការរំខាននៃខ្សែច្រវាក់​ផ្គត់ផ្គង់ក្រោយជំងឺរាតត្បាត៖ យុទ្ធសាស្ត្រកាត់បន្ថយថ្លៃដឹកជញ្ជូន។ )

ទន្ទឹមនឹងនេះ វាជាការចាំបាច់ដែលត្រូវបន្តដោះស្រាយការរាំងស្ទះផ្នែកផ្គត់ផ្គង់ ដោយត្រូវ​កាត់បន្ថយការចំណាយលើការធ្វើអាជីវកម្ម, ថាមពល និងការផ្តល់អាជ្ញាបណ្ណ ជាមួយ​នឹងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ ជាពិសេសសម្រាប់វិស័យនាំចេញ ដើម្បីស្តារលទ្ធភាពប្រកួតប្រជែងខាងក្រៅឡើងវិញ។ លើសពីនេះ គួរផ្តល់​ការ​ពិចារណាលើគោលនយោបាយសំខាន់មួយ គឺការទាញយកអត្ថប្រយោជន៍ពីការបន្តហូរចូលរបស់ការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ការតភ្ជាប់ជាមួយផ្នែកខាងក្រោយរវាង FDI និងវិស័យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក (SME) ត្រូវតែបានលើកកម្ពស់ថែមទៀត ដើម្បីជំរុញការបង្កើតការងារ និងកំណើនសេដ្ឋកិច្ច។

អាស្រ័យលើកម្រិតនៃការឡើងថ្លៃប្រេងគំហុក វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់វាចាំបាច់ត្រូវមាន។ ការផ្តល់ជំនួយសង្គ្រោះ និងការគាំទ្រតាមគោលដៅជាក់លាក់ ទំនងជាមានប្រសិទ្ធភាពជាងវិធានការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈមានលក្ខណៈទូលំទូលាយ។ ក្នុងន័យនេះ វាមានសារៈសំខាន់ណាស់ក្នុងការពិចារណាដាក់ចេញវិធានការជំនួយសង្គមតាមគោលដៅជាក់លាក់ថែមទៀត សំដៅជួយសម្រាលដោយផ្ទាល់នូវផលប៉ះពាល់លើអ្នកទាំងឡាយដែលត្រូវការជំនួយបំផុត ជាពិសេសក្រុម​គ្រួសារងាយរងគ្រោះ, កសិករក្រីក្រ និងសហគ្រាសគ្រួសារខ្នាតតូច និងមធ្យម។

ការកើនឡើងសម្ពាធអតិផរណា កំពុងបង្កបញ្ហាប្រឈមធ្ងន់​ធ្ងរផ្នែកគោលនយោបាយ សម្រាប់អាជ្ញាធរកម្ពុជា។ ក្នុងន័យនេះ វាមានសារៈសំខាន់ណាស់ដែលធនាគារកណ្តាលត្រូវ​បន្តការប្តេជ្ញាចិត្តក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ សម្រាប់រដ្ឋាភិបាល វាមានសារៈសំខាន់ណាស់ក្នុងការជៀសវាងការបង្កើតតម្រូវការសរុបច្រើនលើសលុប ដែលអាចញ៉ាំងឲ្យ​សម្ពាធអតិផរណាក្នុងស្រុកកាន់តែកើន បន្ថែមពីលើអតិផរណាដែលនាំចូលដោយកត្តាពី​ខាង​ក្រៅរួចមកហើយ។ ស្ថានភាពអូសបន្លាយណាមួយ​នៃអតិផរណាខ្ពស់ និងការកើនឡើងយ៉ាងខ្លាំងនៃអត្រាការប្រាក់សកល នឹងជះផលប៉ះទង្គិចច្រើនយ៉ាងមកលើប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះប្រតិបត្តិការសេដ្ឋកិច្ច​ប្រើ​ប្រាស់​រូបិយវត្ថុ​ដុល្លារក្នុងកម្រិតខ្ពស់។