publication

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ខែមេសា ឆ្នាំ២០១៦ ៖ ការកែលម្អម៉ាក្រូសេដ្ឋកិច្ចនិងភាពធន់នៃហិរញ្ញវត្ថុ



Image

របកគំហើញសំខាន់ៗ៖

  • ខណៈពេលដែលកំពុងតែមានភាពរឹងមាំ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០១៥ បានថយចុះបន្តិចមកនៅ ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៤ ដែលមានកំណើន ៧,១ភាគរយ។ ការប្រតិបត្តិរបស់វិស័យកាត់ដេរ មានភាពល្អប្រសើរឡើងនៅក្នុងឆ្នាំ២០១៥ ខណៈដែលកំណើនលើវិស័យទេសចរណ៍និងកសិកម្មមានការធ្លាក់ចុះ។
  • ឱនភាពនៃគណនីចរន្ត បានថយចុះមកនៅ ១០.៨ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅក្នុងឆ្នាំ ២០១៥។ ឱនភាពនេះ ត្រូវបានបំពេញវិញដោយលំហូរដ៏ល្អនៃវិនិយោគទុនផ្ទាល់ពីបរទេសជាបន្តបន្ទាប់ ដែលគេបានប៉ាន់ស្មានថាបានកើនដល់ ១,៨ពាន់លានដុល្លារអាមេរិក (ឬ ១០ភាគរយនៃផលិតផលសរុបក្នុងស្រុក)នៅក្នុងឆ្នាំ២០១៥។
  • ប្រតិបត្តិការផ្នែកសារពើពន្ធមានភាពកាន់តែល្អប្រសើរជាងមុន ដោយមានកំណើនប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ និងការចំណាយ ដែលកំពុងបន្តទប់ស្កាត់ឱនភាពសារពើពន្ធជារួម ខណៈដែលទំហំប្រាក់បៀវត្សរ៍សម្រាប់វិស័យសាធារណៈកំពុងបន្តកើនឡើង និងត្រូវបានគេគ្រោងថវិកាចំនួន ៧,២ភាគរយនៃផលិតផលសរុបក្នុងស្រុក នៅក្នុងឆ្នាំ២០១៦។
  • គេរំពឹងថានឹងមានការកាត់បន្ថយភាពក្រីក្របន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋទាំងនៅក្នុងទីក្រុងនិងនៅតំបន់ជនបទ នៅក្នុងឆ្នាំ២០១៥ និង២០១៦។ សម្រាប់ប្រជាពលរដ្ឋនៅទីក្រុងការកាត់បន្ថយភាពក្រីក្រ គឺដោយសារតែការកើនឡើងនៃវិស័យសំណង់និងសេវាកម្ម។ សម្រាប់ប្រជាពលរដ្ឋនៅជនបទវិញ បានមកពីកំណើនលើប្រភពនៃប្រាក់ចំណូលដទៃ ក្រៅពីមុខរបរកសិកម្ម ។
  • ការកើនឡើងយ៉ាងលឿនជាបន្តបន្ទាប់នៃវិស័យហិរញ្ញវត្ថុ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចមានការកើនឡើង។ កំណើនឥណទានក្នុងស្រុក បានកើនឡើងបន្ថែមទៀតដល់ ២៧ភាគរយនៅក្នុងឆ្នាំ២០១៥  ដែលគាំទ្រដោយបរិមាណតម្រូវការក្នុងស្រុកសម្រាប់ការប្រើប្រាស់និងសំណង់ដែលកំពុងតែកើនឡើង ខណៈដែលកំណើននៃប្រាក់តម្កល់របស់ធនាគារវិស័យឯកជន បានថយចុះមកនៅ ១៦,៦ភាគរយ នៅក្នុងឆ្នាំ២០១៥។ ការកើនឡើងថ្មីៗលើតម្រូវការផ្នែកមូលធន ត្រូវបានគេរំពឹងថានឹងអាចជួយពង្រឹងស្ថេរភាពហិរញ្ញវត្ថុបាន។
  • បរិមាណតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង បានបង្កឲ្យមានអតិផរណា ដែលបានកើនឡើងដល់ ២,៣ភាគរយ នៅខែកុម្ភៈ ឆ្នាំ២០១៦។ រូបិយប័ណ្ណប្រាក់រៀលបានកើនឡើងបន្តិចបន្តួច គឺកើនឡើងដល់ ៤.០០៨រៀល ក្នុងមួយដុល្លារអាមេរិក នៅខែកុម្ភៈ ឆ្នាំ២០១៦។
  • កំណើនពិតប្រាកដរបស់កម្ពុជា ត្រូវបានគេរំពឹងថានឹងបន្តមានភាពរឹងមាំដោយមានកំណើនក្នុងកម្រិត ៦,៩ភាគរយក្នុងឆ្នាំ ២០១៦ នេះគឺដោយសារតែចំណាយរបស់រដ្ឋាភិបាលើការពង្រីកសារពើពន្ធមានការកើនឡើង។ ការនាំចេញសម្លៀកបំពាក់ដ៏រឹងមាំនិងការកែលម្អវិស័យទេសចរណ៍ជួយទប់ទល់ការធ្លាក់ចុះនៃវិស័យកសិកម្ម ខណៈដែលកំណើនលើវិស័យសំណង់អាចថយចុះ។
  • ហានិភ័យដែលជាឧបសគ្គចំពោះការព្យាករណ៍នេះ រួមមាន ការបន្តកើនឡើងនៃប្រាក់ដុល្លារអាមេរិក ការងើបឡើងវិញយឺតនៃសេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ុបផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិននិងបញ្ហាការងារថ្មីដែលមានសក្តានុពល។
  • ការកែលម្អបរិយាកាសពាណិជ្ជកម្មជារួម នឹងជួយធ្វើឲ្យប្រសើរឡើងដល់ភាពប្រកួតប្រជែងនៅគ្រប់វិស័យ គាំទ្រដល់ការធ្វើឲ្យមានភាពចម្រុះបែបនៃផលិតផលនិងទីផ្សារ ខណៈដែលកំពុងជួយក្រុមហ៊ុននានាឲ្យត្រៀមលក្ខណៈបានល្អផងដែរដើម្បីចាប់យកអត្ថប្រយោជន៍ពីទីផ្សារទោលនិងគោលដៅផលិតកម្មមូលដ្ឋានដែលកំណត់ដោយសហគមន៍សេដ្ឋកិច្ចអាស៊ាន។
  • ការកែលម្អក្របខ័ណ្ឌគ្រប់គ្រងវិនិយោគទុនសាធារណៈដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រជាសាធារណៈ នឹងត្រូវបានផ្តល់យោបល់ក្នុងពេលដែលប្រឈមនឹងការធ្លាក់ចុះនៃមូលធនដែលគាំទ្រដោយម្ចាស់ជំនួយ។


Welcome