- នៅពេលនេះ ប្រទេសកម្ពុជាកំពុងរៀនរស់នៅជាមួយជំងឺកូវីដ-១៩។ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការរឹតត្បិត ដោយបើកប្រទេសឱ្យដំណើរការពេញលេញឡើងវិញ អមជាមួយនឹងការបន្តអនុវត្តវិធានការការពារសុខភាពដែលមានជាធរមានស្រាប់។
- កំណើនជាក់ស្តែងនៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់កម្ពុជានៅក្នុងឆ្នាំនេះត្រូវបានព្យាករថានឹងមានត្រឹម ២,២% ប៉ុណ្ណោះ ដោយសារមានករណីឆ្លងវីរុសកូវីដ-១៩ច្រើន ដែលពន្យឺតដំណើររើបឡើងវិញនៃសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យទេសចរណ៍, លក់ដុំ និងលក់រាយ នៅក្នុងអឡុងពេលត្រីមាសទី២ និងត្រីមាសទី៣ នៃឆ្នាំ២០២១។
- វិស័យប្រពៃណីដែលជំរុញកំណើនកន្លងមក ក្នុងនោះមានឧស្សាហកម្មផលិតសម្លៀកបំពាក់, ទំនិញធ្វើដំណើរ, ស្បែកជើង និងកង់ ព្រមទាំងវិស័យកសិកម្មផង នៅតែបន្តដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់ដល់សេដ្ឋកិច្ច។
- ឧស្សាហកម្មផលិតគ្រឿងអគ្គិសនី, គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់យានយន្ត កំពុងតែមានសកម្មភាពរើបឡើងវិញបន្តិចម្តងៗវិញ រីឯឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ជាពិសេស ផ្នែកកែច្នៃអាហារ និងឈើ និងគ្រឿងសង្ហារិម ក៏កំពុងតែកម្រើកសកម្មភាពឡើងវិញដែរ។
- បើទុកជាមានការរើបឡើងវិញនូវសកម្មភាពផលិតសម្រាប់នាំចេញ និងការពង្រីកការនាំចេញផលិតផលកសិកម្មក៏ពិតមែន ឱនភាពផ្នែកពាណិជ្ជកម្មរីកទំហំកាន់តែធំគួរឱ្យកត់សម្គាល់។
- ស្ថានភាពហិរញ្ញវត្ថុនៅបន្តរក្សាបានភាពអំណោយផលល្អ ដោយសារមានការបន្ធូរបន្ថយខ្លះនៅក្នុងគោលនយោបាយរូបិយវត្ថុ។
- គិតត្រឹមខែតុលា ឆ្នាំ២០២១ គ្រួសារចំនួន ៦៧៨ ៤៥៩ខ្នងផ្ទះ ឬសមមូលទៅនឹង ១៩ភាគរយនៃខ្នងផ្ទះទាំងអស់ក្នុងប្រទេស បានទទួលការផ្ទេរប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។
- ភាពក្រីក្របន្តកើនឡើងខ្ពស់ជាងកាលមិនទាន់ការផ្ទុះជំងឺរាតត្បាតនេះ ពីព្រោះកម្រិតមានការងារធ្វើមិនទាន់បានវិលទៅរកកម្រិតមុនមានផ្ទុះជំងឺកូវីដ-១៩ ហើយម៉្យាងវិញទៀត ផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះទៅលើអាជីវកម្មគ្រួសារដែលមិនមែនដាំដុះនៅតែបន្តមានសភាពធ្ងន់ធ្ងរ សំខាន់ដោយសារតែតម្រូវការរបស់អ្នកទទួលទានប្រើប្រាស់នៅខ្សោយនៅឡើយ។
- តាមការព្យាករ សេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តងើបឡើងវិញក្រោយពីវិធានការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩ ត្រូវបានដកចេញ។ នៅក្នុងឆ្នាំ២០២២ ផ.ស.ស ត្រូវបានរំពឹងទុកថានឹងសម្រេចបានកំណើន ៤,៥%។
- ស្ថានភាពហិរញ្ញវត្ថុនៅតែបន្តប្រឈមហានិភ័យពាក់ព័ន្ធការខាតបង់ផ្នែកសេដ្ឋកិច្ច ខណៈដែលគេមិនអាចទស្សន៍ទាយបានអំពីការវិវត្តន៍របស់ជំងឺកូវីដ-១៩។ ការធ្លាក់ចុះនៃតម្រូវការលើសកលលោកអាចនឹងជះឥទ្ធិពលមិនល្អទៅលើវិស័យបម្រើការនាំចេញនៃសេដ្ឋកិច្ច ខណៈដែលវិស័យទេសចរណ៍អាចនឹងរើបឡើងវិញតែក្នុងដំណើរយឺតៗ ដោយសារមនុស្សម្នាអាចនៅរារែកចិត្តអំពីការធ្វើដំណើរផ្លូវឆ្ងាយ បើទុកជាវិធានការរឹតត្បិតត្រូវបានបន្ធូរបន្ថយហើយក៏ដោយ។ លើសពីនេះ កំណើនឥណទានខ្ពស់ និងការប្រមូលផ្តុំនៃកម្ចីក្នុងស្រុកតែនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ នៅតែជាហានិភ័យធំមួយចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។
ជម្រើសគោលនយោបាយ
ក្នុងការឈានទៅធ្វើឱ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញ កម្ពុជាចាំបាច់ត្រូវមានបរិស្ថានអំណោយផលមួយដែលអនុញ្ញាតឱ្យវិស័យជំរុញកំណើនធំៗ បន្តបង្កើនល្បឿនទៅមុខ។ កំណែទម្រង់សំខាន់ៗអាចរួមមាន៖
- ការដាក់ចេញវិធាននិងបទប្បញ្ញត្តិច្បាស់លាស់ស្តីពីការរៀនរស់ជាមួយកូវីដ-១៩ ស្របតាម “គន្លងប្រក្រតីភាពថ្មី”
- ត្រូវមានវិធានការផ្នែកបទប្បញ្ញត្តិនិងផ្នែកសារពើពន្ធដែលជួយដល់ការរស់រានឡើងវិញរបស់វិស័យទេសចរណ៍ និង
- ការដាក់ចេញជាបន្ទាន់នូវបទប្បញ្ញត្តិនានាសម្រាប់អនុវត្តច្បាប់និយោគថ្មី។
នៅពេលណាដែលការងើបឡើងវិញនៃសេដ្ឋកិច្ចបានលេចចេញជារូបរាងហើយ កម្ពុជាអាចចាប់ផ្តើមរៀបចំកែសម្រួលលំហសារពើពន្ធរបស់ខ្លួនឡើងវិញ ហើយទន្ទឹមគ្នានោះ បន្តតាមដានមើលលើគុណភាពរបស់ធនធាន និងបង្កើនភាពទុកចិត្តលើប្រព័ន្ធធនាគារឱ្យបានកាន់តែប្រសើរឡើងថែមទៀត។