ប្រទេសកម្ពុជាមានការលូតលាស់ផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ មុននឹងមានការវាយលុកពីសំណាក់ជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០។ ក្រោយពីបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ កម្ពុជាបានកំណត់គោលដៅរបស់ខ្លួនក្នុងការឈានទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ដោយសារការនាំចេញសម្លៀកបំពាក់ និងវិស័យទេសចរណ៍ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៧,៧ភាគរយ ពីចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០១៩ ដែលជាអត្រាមួយធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក ក្នុងរយៈពេលនោះ។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបន្តងើបឡើងវិញនៅឆ្នាំ២០២២។ ការងើបឡើងវិញនៃវិស័យសេវាកម្មកំពុងមានភាពកាន់តែស្វាហាប់ ភាគច្រើនដោយតម្រូវការរបស់អ្នកប្រើប្រាស់កើនឡើង។ សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចត្រូវបានព្យាករថាមានកំណើនដល់ ៥,២ភាគរយ។ ជាមួយគ្នានេះ ទៅមុខទៀតក៏អាចនៅមានហានិភ័យខ្លះដែរ ដូចជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃតម្រូវការនៅបរទេស, ការរឹតបន្តឹងកាន់តែខ្លាំងនៃផ្នែកហិរញ្ញវត្ថុសកល និងការឡើងថ្លៃប្រេងឥន្ធនៈសាជាថ្មី។ ផ្ទុយទៅវិញ ការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិន គឺជាឱកាសមួយសម្រាប់កម្ពុជាក្នុងការជំរុញឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍របស់ខ្លួន និងទាក់ទាញការវិនិយោគបរទេសចូលប្រទេស ។
ដំបូងឡើយ ផ្នែកផលិតកម្មសម្រាប់នាំចេញបានដឹកមុខនៅការងើបឡើងវិញនៃសេដ្ឋកិច្ច ប៉ុន្តែបន្ទាប់មកចលករជំរុញកំណើនបានចាប់ផ្តើមងាកទិសទៅរកវិស័យសេវាកម្មវិញម្តង ដែលកំពុងស្ទុះឡើងដោយសារកើនឡើងនូវតម្រូវការរបស់អ្នកប្រើប្រាស់ និងការត្រឡប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិ។ ការវិវត្តបែបនេះបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះថ្មីៗនៃការនាំចេញទំនិញរបស់កម្ពុជា ដែលបណ្តាលមកពីការធ្លាក់ចុះនៃតម្រូវការនៅបរទេស។ នៅក្នុងប្រទេស ការប្រើប្រាស់ក្នុងស្រុកក៏កំពុងមានសន្ទុះគ្រាន់បើឡើងវិញដែរ ដោយអតិផរណាបានធ្លាក់ចុះបន្តិចមកនៅត្រឹម ២,៩ភាគរយ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ហើយតម្លៃថាមពល និងស្បៀងអាហារក៏នៅថេរដែរ។
ឆ្ពោះទៅមុខក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានគេរំពឹងថាទំនងជាកាន់តែមានសក្តានុពលឡើងវិញ ហើយនឹងកើនដល់ ៦ភាគរយ។ ការនាំចេញទំនិញ និងសេវាកម្ម និងលំហូរចូលនៃការវិនិយោគបរទេសដែលរឹងមាំស្រាប់ ត្រូវបានគេរំពឹងថានឹងកាន់តែមានការជំរុញថែមទៀតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗដែលមានសច្ចាប័ន, ការកើនឡើងយ៉ាងខ្លាំងនៃការវិនិយោគឯកជន និងសាធារណៈតាំងពីក្នុងអំឡុងពេលកូវីដ-១៩ មក ជាពិសេសក្រោមរូបភាពជាដៃគូសាធារណៈ និងឯកជន លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដូចជាកំពង់ផែសមុទ្រនិងផ្លូវថ្នល់ និងពីការកែទម្រង់រចនាសម្ព័ន្ធ។
ចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៩/២០២០ អត្រានៃភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះ ១,៦ភាគរយក្នុងមួយឆ្នាំ មួយផ្នែកដោយសារការកើនឡើងនៃប្រាក់ចំណូលពលកម្ម (ជាពិសេសប្រាក់ឈ្នួល)។ ជាអកុសល ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ការងារ ហើយភាពក្រីក្រកើនឡើងវិញ។ ការពង្រីកអន្តរាគមន៍ជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២០ បានជួយសម្រាលសម្ពាធនៃការបាត់បង់ប្រាក់ចំណូលបានបន្តិចវិញ។ ការកើនឡើងនៃអត្រាភាពក្រីក្រនៅឆ្នាំ២០២០ ត្រូវបានព្យាករថាមានកម្រិតត្រឹម ២,៨ពិន្ទុភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ភាពក្រីក្រនៅតែខ្ពស់ជាងកម្រិតនៅមុនមានការរាតត្បាតជំងឺ។
លើសពីនេះ ការឡើងថ្លៃថាមពល និងស្បៀងអាហារដោយសារជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដាក់បន្ទុកបន្ថែមទៅលើថវិកាគ្រួសារដែលកំពុងជួបការលំបាកស្រាប់។ ការវិភាគសាកល្បងមួយ - ដែលមិនរាប់បញ្ចូលផលប៉ះពាល់នៃជំងឺកូវីដ-១៩ ឬវិធានការឆ្លើយតបផ្នែកគោលនយោបាយសារពើពន្ធដែលបានអនុវត្តរវាងឆ្នាំ២០២០ និងឆ្នាំ២០២២ ដើម្បីជួយដល់គ្រួសារកំពុងជួបការលំបាក - បានបង្ហាញថា អតិផរណាអាចរុញភាពក្រីក្រឱ្យឡើងកម្រិត ៤ពិន្ទុភាគរយ ថែមពីលើអត្រាភាពក្រីក្រជាតិប្រហែល ១៨ភាគរយ ដែលត្រូវបានធ្វើការវាស់វែងក្នុង២០១៩/២០២០។ តាមការរំពឹងទុក ភាពក្រីក្រនឹងធ្លាក់ចុះដោយសារការងើបឡើងវិញរបស់សេដ្ឋកិច្ច និងភាពថមថយនៃអតិផរណាដែលត្រូវបានព្យាករកាលពីពេលថ្មីៗនេះ។
ប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចខិតខំធ្វើឱ្យកាន់តែប្រសើរនូវលទ្ធផលសុខភាព, ការអភិវឌ្ឍកុមារតូច និងការអប់រំបឋមនៅតាមជនបទ។ អាយុសង្ឃឹមរស់នៅពេលសម្រាល និងអត្រាមរណភាពមាតា អត្រាស្លាប់របស់កុមារអាយុក្រោមប្រាំឆ្នាំ និងអត្រាស្លាប់របស់ទារក ត្រូវបានធ្វើឱ្យធ្លាក់ចុះខ្លាំងនៅក្នុងចន្លោះឆ្នាំ២០០២ និងឆ្នាំ២០២១។ ទោះបីជាមានការរីកចម្រើននេះក៏ដោយ ក៏សូចនាករមូលធនមនុស្សរបស់កម្ពុជានៅតែមានកម្រិតទាបជាងប្រទេសដែលមានចំណូលមធ្យមកម្រិតទាបផ្សេងទៀត។ នៅឆ្នាំ២០២០ កុមារដែលកើតនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានសក្តានុពលផលិតភាពត្រឹមតែ ៤៩ភាគរយប៉ណ្ណោះ នៅពេលដែលគេធំពេញរូបពេញរាងឡើង នោះប្រសិនបើរូបគេទទួលបានការអប់រំប្រកបដោយគុណភាព, សុខភាពល្អ និងអាហាររូបត្ថម្ភត្រឹមត្រូវក្នុងវ័យកុមារភាព។ នៅក្នុងឆ្នាំសិក្សា ២០២១-២០២២ អត្រាចុះឈ្មោះចូលរៀនសុទ្ធសម្រាប់កម្រិតបឋមសិក្សា, កម្រិតមធ្យមសិក្សាទុតិយភូមិ និងកម្រិតវិទ្យាល័យ (ទាំងសាលារៀនសាធារណៈ និងឯកជន) មាន ៩៣ភាគរយ, ៤៦,៧ ភាគរយ និង ២៨,៦ភាគរយ រៀងៗខ្លួន។
កំណែទម្រង់សំខាន់ៗគឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ដើម្បីរក្សាចីរភាពកំណើនដែលជួយដល់អ្នកក្រីក្រ, ជំរុញការប្រកួតប្រជែង, ការគ្រប់គ្រងសម្បត្តិធនធានធម្មជាតិប្រកបដោយចីរភាព និងលើកកម្ពស់លទ្ធភាពទទួលបាន និងគុណភាពនៃសេវាសាធារណៈ។ កម្ពុជានៅតែបន្តជួបការខ្វះខាតខ្លាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនវិញពីការពង្រីកប្រព័ន្ធផ្លូវដឹកជញ្ជូន និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែមទៀតតម្រូវឱ្យមានការជំរុញភាពជាសហគ្រិន, ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា និងការកសាងជំនាញថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងរីកចម្រើន។ ស្ថាប័នសាធារណៈដែលមានគណនេយ្យភាព និងការទទួលខុសត្រូវក៏សំខាន់ណាស់ដែរ។ ការជំរុញការវិនិយោគលើធនធានមនុស្សពិតជាចំណុចសំខាន់បំផុត ដើម្បីជួយកម្ពុជាឱ្យឈានទៅសម្រេចបានគោលដៅប្រកដោយមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ២០៣០។
ធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣
ទិន្នន័យថ្មីបំផុត: 18 មេសា 2023