ដំណើរនៃកិច្ចពិគ្រោះយោបល់
ដំណើរការនៃកិច្ចពិគ្រោយោបល់នេះ នឹងរួមបញ្ចូលទាំងការប្រជុំពិគ្រោះយោបល់ទល់មុខគ្នាផងនិងតាមបណ្តាញអ៊ីនធើណេតផងដែរ (ប្រើជាភាសាខ្មែរនិងអង្គគ្លេស) ដើម្បីផ្តល់លទ្ធភាពដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមបានកាន់តែច្រើន។ កិច្ចពិគ្រោះយោបល់នឹងគ្រោងចាប់ផ្តើមពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០១៤។ កិច្ចប្រជុំពិគ្រោះយោបល់តាមអ៊ីនធើណេតកំពុងតែដំណើរការ ហើយគ្រោងនឹងបន្តរហូតដល់កិច្ចពិគ្រោះយោបល់ទល់មុខគ្នាត្រូវបានបញ្ចប់។
កម្មវិធីពិគ្រោះយោបល់តាមអ៊ីនធើណេត៖
កម្មវិធីពិគ្រោះយោបល់តាមអ៊ីនធើណេត នឹងមានដាក់បញ្ចូលឯកសារសាវតារជាច្រើនដើម្បីជួយឲ្យភាគីពាក់ព័ន្ធទាំងអស់បានចូលរួមក្នុងដំណើរការនៃកិច្ចពិគ្រោះយោបល់នេះប្រកបដោយប្រសិទ្ធិភាពនិងផ្លែផ្កា។ យើងក៏មានតារាងសំណួរនៅលើវេបសាយតផងដែរដើម្បីឲ្យភាគីពាក់ព័ន្ធនានាអាចប្រើដើម្បីផ្តល់នូវមតិយោបល់នានាដោយផ្ទាល់ដោយបំពេញទម្រង់ស្ទាបស្ទង់មតិតាមអ៊ីនធើណេត ឬដោយទាញយកតារាងសំណួរនេះក្នុងទម្រង់ជាវើដ (Word file) ចេញពីវេបសាយត៍ និងផ្ញើត្រឡប់មកវិញតាមហ្វាក់ ផ្ញើជាសំបុត្រ ឬអ៊ីម៉េល មកកាន់ការិយាល័យរបស់ធនាគារពិភពលោកនៅរាជធានីភ្នំពេញ។
កាលបរិឆេ្ឆទនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏នឹងត្រូវបានដាក់បញ្ចូលផងដែរនៅលើទំព័រវេបសាយពិគ្រោះយោបល់ ដើម្បីឲ្យសាធារណៈជនបានដឹងច្បាស់។
កម្មវិធីពិគ្រោះយោបល់តាមអ៊ីនធើណេតនេះ ក៏នឹងជាវេទិកាមួយដែលភាគីពាក់ព័ន្ធដទៃទៀតអាចទទួលបានព័ត៌មានថ្មីៗអំពីដំណើរការនៃកិច្ចប្រជុំនេះនិងអាចដឹងថា តើមតិយោបល់ដែលខ្លួនបានផ្តល់ក្នុងកិច្ចប្រជុំនេះ (ទាំងមតិយោបល់ផ្តល់តាមអ៊ីនធើណេត ទាំងនៅក្នុងកិច្ចប្រជុំទល់មុខគ្នា) ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្តរយៈពេលខ្លីនេះយ៉ាងដូចម្តេច ហើយប្រសិនបើមិនត្រូវបានដាក់បញ្ចូល មូលហេតុអ្វី។
កិច្ចប្រជុំទល់មុខគ្នា
កិច្ចប្រជុំទល់មុខគ្នាសរុបចំនួន ១១កិច្ចប្រជុំ ត្រូវបានគ្រោងរៀបចំធ្វើក្នុងរយៈពេលពីរសប្តាហ៍ជាមួយក្រុមភាគីពាក់ព័ន្ធផ្សេងគ្នា ដូចដែលបានរៀបរាប់ខាងលើ។
កិច្ចប្រជុំនេះគ្រោងនឹងរៀបចំឡើងនៅខេត្ត សៀមរាប កំពង់ចាម ភ្នំពេញ និងខេត្តព្រះសីហនុ។ ភាគីពាក់ព័ន្ធនៅខេត្តជិតខាង នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទាំងនេះដែរ។
សៀមរាប
|
អ្នកចូលរួមនឹងត្រូវបានអញ្ជើញមកពីខេត្តសៀមរាប កំពង់ធំ បាត់ដំបង និងបន្ទាយមានជ័យ
|
កំពង់ចាម
|
អ្នកចូលរួមនឹងត្រូវបានអញ្ជើញមកពីខេត្ត កំពង់ចាម ក្រចេះ ស្វាយរៀង និងព្រៃវែង
|
ភ្នំពេញ
|
អ្នកចូលរួមនឹងត្រូវបានអញ្ជើញមកពី ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំងនិងពោធិ៍សាត់
|
ព្រះសីហនុ
|
អ្នកចូលរួមនឹងត្រូវបានអញ្ជើញមកពីខេត្ត ព្រះសីហនុ កំពត កោះកុង និងតាកែវ
|
ខេត្តទាំងនេះ ត្រូវបានជ្រើសរើសជាទីតាំងកណ្តាលសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់សម្រាប់ហេតុផលភស្តុភារផង (ខេត្តទាំងនេះផ្តល់លក្ខណៈងាយស្រួលដល់អ្នកចូលរួមក្នុងការធ្វើដំណើរមកប្រជុំ) និងដោយសារក្នុងខេត្តទាំងនេះមានអនុវត្តគម្រោងដែលគាំទ្រហិរញ្ញវត្ថុដោយធនាគារពិភពលោកច្រើនជាងគេបំផុតនៅថ្នាក់ខេត្ត ស្រុក និងឃុំ។
ធនាគារពិភពលោក នឹងរ៉ាប់រងការចំណាយលើការធ្វើដំណើររបស់អ្នកចូលរួមដែលត្រូវបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ។
បណ្តាញអង្គការក្រៅរដ្ឋាភិបាលសំខាន់ចំនួនពីរគឺ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ត្រូវបានស្នើរសុំឲ្យជួយជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលដើម្បីចូលរួមក្នុងកិច្ចពិគ្រោះយោបល់ទល់មុខគ្នា។ ចំណែកឯ សមាគមយុវជនខ្មែរ (KYA) ក៏ត្រូវបានស្នើរសុំឲ្យជួយជ្រើសរើសតំណាងយុជនឲ្យចូលរួមផងដែរ។
ទម្រង់៖ កិច្ចប្រជុំពិគ្រោះយោបល់ទល់មុខគ្នានេះ ភាគច្រើននឹងត្រូវបានរៀបចំក្នុងលក្ខណៈជាការពិភាក្សាតាមក្រុមគោលដៅ ដើម្បីឲ្យក្រុមនីមួយៗ អាចរកមើលបញ្ហានានាឲ្យបានស៊ីជុំរៅ។ ការពិភាក្សានេះ នឹងត្រូវរៀបចំឡើងតាមលំដាប់នៃសំណួរណែនាំ (តម្រូវទៅតាមក្រុមភាគីពាក់ព័ន្ធនីមួយៗ)។ កិច្ចប្រជុំទាំងនេះ រំពឹងថានឹងមានរយៈពេលបីម៉ោង បូករួមទាំងការពិភាក្សាតាមក្រុម និងការរាយការណ៍ត្រលប់អំពីលទ្ធផលនៃការពិភាក្សានោះ ។
ភាសា ៖ កិច្ចពិគ្រោះយោបល់នេះនឹងនិយាយជាភាសាអង់គ្លេស ដោយមានបកប្រែជាភាសាខ្មែរ សម្រាប់ក្រុមភាគីពាក់ព័ន្ធដូចជា រដ្ឋាភិបាល រដ្ឋសភា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ សម្រាប់ក្រុមភាគីពាក់ព័ន្ធដូចជា រដ្ឋាភិបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និងយុវជន កិច្ចពិភាក្សានេះនឹងប្រើភាសាខ្មែរ ដោយមានបកប្រែប្រដេញជាភាសាអង់គ្លេស។ កម្មវិធីពិគ្រោះយោបល់តាមអ៊ីនធើណេត នឹងប្រើភាសាខ្មែរផងនិងភាសាអង់គ្លេសផង។
មតិត្រឡប់របស់ភាគីពាក់ព័ន្ធ៖ កំណត់ត្រាសង្ខេបកិច្ចពិគ្រោះយោបល់នេះនឹងត្រូវផ្ញើជូនតាមអ៊ីម៉េលទៅកាន់អ្នកចូលរួមទាំងអស់ដើម្បីពិនិត្យមើលឡើងវិញនិងអនុម័តក្នុងរយៈពេលមួយសប្តាហ៍។ រាល់ការកែតម្រូវទាំងអស់នឹងត្រូវបានដាក់បញ្ចូលតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយសេចក្តីសង្ខេបនឹងត្រូវធ្វើបញ្ចប់។ សេចក្តីសង្ខេបអង្គប្រជុំបញ្ចប់ រួមទាំងបញ្ជីរាយនាមអ្នកចូលរួម នឹងត្រូវបានចុះផ្សាយនៅលើទំព័រវេបសាយត៍កិច្ចពិគ្រោះយោបល់នេះ លើកលែងតែកិច្ចប្រជុំជាមួយក្រុមតំណាងឲ្យរដ្ឋាភិបាល។ សេចក្តីសង្ខេបនៃកិច្ចប្រជុំទាំងអស់នឹងរៀបចំជាភាសាអង់គ្លេស។ សម្រាប់កិច្ចប្រជុំពិភាក្សាដែលរៀបចំដោយប្រើភាសាខ្មែរ និងមានសេចក្តីសង្ខេបអំពីលទ្ធផលនោះជាភាសាខ្មែរ។
សេចក្តីសង្ខេបចុងក្រោយដែលមានគូសចំណាំលើមតិយោបល់នានាដែលទទួលបានពីកិច្ចប្រជុំទាំងអស់ និងសំណួរនៅលើអ៊ីនធើណេត នឹងត្រូវយកទៅធ្វើបទបង្ហាញជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំបូកសរុបក្រោយកិច្ចពិគ្រោះយោបល់ត្រូវបានបញ្ចប់។ សេចក្តីសង្ខេបនេះ ក៏នឹងត្រូវបានចុះផ្សាយនៅលើទំព័រវេបសាយត៍ពិគ្រោះយោបល់ នៅជិតចុងបញ្ចប់នៃដំណើរការពង្រាងផែនការយុទ្ធសាស្រ្តរយៈពេលខ្លី ISN ។ សេចក្តីសង្ខេបនោះក៏មានឯកសារពន្យល់អំពីហេតុផលដែលមតិត្រឡប់នោះមិនត្រូវបានដាក់បញ្ចូល ហើយនឹងដាក់បញ្ចូលជា កញ្ចប់ឯកសារភ្ជាប់ជាមួយផែនការយុទ្ធសាស្រ្តរយៈពេលខ្លី ISN ចុងក្រោយ ដែលយកទៅបង្ហាញដល់ក្រុមប្រឹក្សាភិបាល។