លោកស្រី ថាញ៉ា ម៉ៃយ័រ ជាប្រធានគ្រប់គ្រងថ្មីសម្រាប់ប្រទេសកម្ពុជា គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤តទៅ។ លោកស្រី មានបទពិសោធន៍ការងារនៅធនាគារពិភពលោក ជាង ១៥ឆ្នាំ មកហើយ។
មុននឹងទទួលបានការតែងតាំងថ្មីនេះ លោកស្រី ម៉ៃយ័រ ធ្លាប់មានតួនាទីជាប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកសម្រាប់ប្រទេស យ៉េមែន និងជាប្រធាននៃការិយាល័យបណ្តោះអាសន្នរបស់ធនាគារពិភពលោក នៅក្នុងទីក្រុង អាម៉ាន់ រដ្ឋធានីប្រទេសហ៊្សកដានី។ មុននេះទៀត លោកស្រីកាន់តំណែងជាតំណាងប្រចាំប្រទេសហ៊្សកដានី។ នៅទីនោះលោកស្រីបានដឹកនាំការរៀបចំបង្កើត និងមើលការខុសត្រូវរួមលើការិយាល័យធនាគារពិភពលោកប្រចាំប្រទេសហ៊្សកដានី។
លោកស្រី ម៉ៃយ័រ ចាប់ផ្តើមធ្វើការនៅធនាគារពិភពលោកក្នុងឆ្នាំ២០០៨ ហើយតាំងពីពេលនោះ លោកស្រីបានបម្រើការងារនៅក្នុងសមត្ថភាពផ្សេងៗ នៅក្នុងតំបន់មជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើង, ហើយនៅតាមក្រុមតំបន់ដែលមានស្ថានភាពផុយស្រួយ ជម្លោះ និងហិង្សា។ លោកស្រី ធ្លាប់ធ្វើជាប្រធានក្រុមមូលនិធិបរធនបាលកិច្ចរបស់កូរ៉េសម្រាប់ការកសាងសន្តិភាព, និងធ្លាប់បម្រើការងារក្នុងការិយាល័យតំណាងពិសេសរបស់ធនាគារពិភពលោកប្រចាំនៅអង្គការសហប្រជាជាតិ ផងដែរ។
លើសពីនេះ លោកស្រី ម៉ៃយ័រ ក៏ធ្លាប់ធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុក នៅក្នុងតំបន់អាស៊ី និង អាហ្វ្រិក ផងដែរ។ នៅក្នុងនោះ លោកស្រី ធ្លាប់ប្រឡូកក្នុងកិច្ចការលើបញ្ហាសិស្សឈប់រៀន និងបញ្ហាក្មេងអនាថានៅក្នុងប្រទេសវៀតណាម, បញ្ហាអប់រំនៅជនបទក្នុងប្រទេសចិន និងក្នុងកម្មវិធីមេរោគហ៊ីវនិងជំងឺអេដស៍ នៅប្រទេស យូហ្កាន់ដា។
មានដើមកំណើតជាជនជាតិបារាំង លោកស្រី ម៉ៃយ័រ ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកកិច្ចការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចពីសកលវិទ្យាល័យ Columbia និងសញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធុរកិច្ចអន្តរជាតិ ពីសកលវិទ្យាល័យ Sciences-Po សាខាទីក្រុងប៉ារីស។ លោកស្រីរៀបអាពាហ៍ពិពាហ៍ និងមានកូនពីរនាក់។