Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន

កម្ពុជា និងធនាគារពិភពលោកពង្រីកការចូលរួមអភិវឌ្ឍដើម្បីកាត់បន្ថយភាពក្រីក្រ និងបែកចែកផ្លែផ្កានៃកំណើនដោយសមធម៌

9 មិថុនា 2016


Image

ភ្នំពេញ ថ្ងៃទី៩​ ខែមិថុនា ឆ្នាំ២០១៦ — ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកចុះហត្ថលេខា លើកគម្រោងចំនួន៤ ដើម្បីជួយពង្រឹងលើការថែទាំផ្លូវថ្នល់ គ្រប់គ្រងធនធានជលផល លើកកម្ពស់ជីវភាពរស់ពឹងអាស្រ័យលើកសិកម្មក្នុងសហគមន៍គោលដៅនៅជនបទ និងលើកកម្ពស់ការទទួលបានសេវាសុខភាព ដែលផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA)  ដែលជាស្ថាប័នមួយរបស់ធនាគារពិភពលោកសម្រាប់ផ្តល់ហិរញ្ញវត្ថុដល់ប្រទេសក្រីក្រ។

គម្រោងទាំង៤នេះមានទឹកប្រាក់ចំនួន ១៣០ លានដុល្លា ដែលជាហិរញ្ញប្បទានសហប្រតិបត្តិការថ្មី អនុម័តដោយក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។ គម្រោងទាំងនេះ នឹងផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវិភាពប្រជាជនក្រីក្រ និងងាយរងគ្រោះ ដែលវាជាផ្នែកមួយនៃកម្មវិធីទំនាក់ទំនងដែលបានចែងក្នុងផែនការទំនាក់ទំនងសម្រាប់ប្រទេសរបស់ក្រុមធនាគារពិភពលោក (CEN)។

គម្រោងសមធម៌និងការលើកកម្ពស់គុណភាពសុខភាព៖ គម្រោងដែលមានទឹកប្រាក់៣០លានដុល្លានេះនឹងផ្តោតលើការកសាងនូវយន្តការហិរញ្ញប្បទានសុខភាពបែបថ្មីពីរនៅកម្ពុជា។ ទី១ គឺមូលនិធិសមធម៌សុខភាពដែលជួយចេញថ្លៃសេវាសុខភាពជូនដល់ប្រជាជនក្រីក្រីប្រមាណ៣លាននាក់ កាត់បន្ថយការចំណាយលុយចេញពីហោប៉ាវគាត់ និងផ្តល់ហិរញ្ញប្បទានដល់  ស្ថាប័នផ្តល់សេវាសុខភាព។ ទី២ គឺតាក់តែងឡើងវិញនូវមូលនិធិផ្គត់ផ្គងសេវាកម្មដែលវានឹងអាចជួយលើកកម្ពស់សេវាសុខភាព រួមទាំងការគ្រប់គ្រងផ្នែកសុខាភិបាល ការមកធ្វើការទៀងទាត់របស់គ្រូពេទ្យ និងការគ្របដណ្តប់នៃសេវាសុខភាព។

គម្រោងនេះក៏នឹងចូលរួមផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាល ធនាគារពិភពលោក និង ៥០លានដុល្លាទៀត ផ្តល់ជូនដោយមូលនិធិមរតកពហុម្ចាស់ជំនួយ រួមមាន រដ្ឋាភិបាលអូស្រា្តលី ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ មូលនិធិមរតកសម្រាប់ការអភិវឌ្ឍធនធានមនុស្សរបស់ជប៉ុនរួមទាំងធនាគារពិភពលោក ក៏បានផ្តល់ហិរញ្ញប្បទានចំនួន១លានដុល្លាបន្ថែម ដើម្បីពង្រឹងការតាមដាន និងការវាយតម្លៃ។

គម្រោងគ្រប់គ្រងធនធានទឹកចំរុះទន្លេមេគង្គ៖ ទឹកប្រាក់សម្រាប់គម្រោងនេះមាន១៥លានដុល្លា មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងធនធានជលផលនិងទឹក​ហើយជួយកាត់បន្ថយភាពក្រីក្រនៅជនបទតាមអាងទន្លេមេគង្គភាគឥសាននៃប្រទេសកម្ពុជា។

គម្រោងគ្រប់គ្រងផ្លូវថ្នល់ទី២៖ ​គម្រោងនេះមានទឹកប្រាក់៦០លានដុល្លា មានគោលបំណងថែទាំផ្លូវប្រវែង២១៨គ.ម ដែលវាអាចទប់ទល់នឹងទឹកជំនន់បាន កាត់បន្ថយពេលវេលានៃការធ្វើដំណើរ និងផ្តល់ឲ្យមានទំនាក់ទំនងកាន់តែប្រសើរលើផ្លូវជាតិក្នុងខេត្តកំពត ព្រះសីហនុ ត្បូងឃ្មុំ និងក្រចេះ។

គម្រោងការបែងចែកដីសម្រាប់សង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ច៖ មានទឹកប្រាក់២៥លានដុល្លានឹងផ្តល់ជូនសម្រាប់សេវាបណ្តុះបណ្តាល់វិស័យកសិកម្មដល់ប្រជាជនដែលពីមុនគ្មានដី និងមានដីតិចតូចក្នុងសហគមន៍ចំនួន១៤ នៅ៥ខេត្ត។ ប្រជាជនច្រើនជាង ៥០០០ គ្រួសារនៅក្នុងសហគមន៍នេះនឹងទទូលបានការគាំទ្រផ្នែកកសិកម្មសម្រាប់លើកកម្ពស់ជីវភាពរស់នៅ និងមានផ្លូវថ្នល់ប្រសើរ មានសាលារៀន និងក្លិនិកសុខភាព។

ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានប្រសាសន៍ថាការឈានដល់ការចុះហត្ថលេខានៅថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញនូវភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោក ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក ដែលបានគាំទ្រលើឯកសារទំនាក់ទំនងប្រទេស និងនិងអនុម័តគម្រោងទាំងចំនួន ៤ ដែលចុះហត្ថលេខានាថ្ងៃនេះ ។    ខ្ញុំក៏សូមសម្តែងនូវក្តីសោមនស្សរីករាយ​ជាមួយនឹងការដឹងគុណចំពោះការិយាល័យនាយកប្រតិបត្តិតំណាងក្រុមប្រទេសនានារបស់ធនាគារពិភពលោក ដែលបានទទួលស្គាល់នូវសមទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសម្រេចបាននូវស្ថេរភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ការកាត់បន្ថយភាពក្រីក្រក្នុងល្បឿនលឿន ការសម្រេចបាននូវគោលដៅសហស្សវត្ស និងការជំរុញការបែងចែកផ្លែផ្កានៃកំណើនដោយសមធម៌។

លោក អ៊ូលរិច ហ្សាចៅ នាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា “ការទទួលបានផ្លូវថ្នល់ល្អ ការគាំទ្រដល់អ្នកភូមិដែលក្រីក្ររស់ពឹងអាស្រ័យនឹងកសិកម្មនិងនេសាទ និងការទទួលបានសេវាសុខភាព គឺជាអាទិភាពសម្រាប់កម្ពុជា។ គម្រោងទាំង៤ដែលចុះហត្ថលេខាថ្ងៃនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក្រីក្រ ហើយយើងសប្បាយរីករាយក្នុងការជួយគាំទ្រពួកគាត់។ យើងនឹងធ្វើការរួមគ្នាយ៉ាងជិតស្និត និងជាដៃគួរដ៏រឹងមាំជាមួយកម្ពុជាក្រោមផែនការទំនាក់ទំនងសម្រាប់ប្រទេសថ្មី ដែលវានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល”។

កម្មវិធីដែលផ្តល់ហិរញ្ញប្បទានក្រោមផែនការនេះមានគម្រោងអភិវឌ្ឍន៍ចំនួន៧ មានទឹកប្រាក់សរុបចំនួន ២៥០ លានដុល្លា ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA)។ កម្មវិធីនេះនឹងផ្តោតលើការអភិវឌ្ឍជាអាទិភាពរបស់កម្ពុជា ហើយវាក៏ឆ្លើយតបទៅនឹងលទ្ធផលដែលបានមកពីការពិគ្រោះយោបល់នៅទូទាំងប្រទេសនាពេលកន្លងមក ក៏ជាការស្នើសុំរបស់រដ្ឋាភិបាលសម្រាប់ផ្តល់ជាហិរញ្ញប្បទានវិនិយោគ និងគាំទ្រដល់ការប្រឹក្សាយោបល់នានារបស់ក្រុមធនាគារពិភពលោក។

ផែនការទំនាក់ទំនងសម្រាប់ប្រទេសនេះតាក់តែងឡើងដោយយោងកិច្ចពិគ្រោះយោបល់ដែលបានរៀបចំនូវទូទាំងប្រទេសជាមួយនឹងអ្នកពាក់ព័ន្ធជាច្រើន រួមមានមន្រ្តីរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន សមាជិកសភា អង្គការសង្គមស៊ីវិលថ្នាក់ជាតិ និងអន្តរជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភ្នាក់ងារអង្គការសហប្រជាជាតិ។ ផែនការទំនាក់ទំនងនេះគឺផ្តល់ឲ្យក្រុមធនាគារពិភពលោកឲ្យមានទំនាក់ទំនងពេញលេញសាជាថ្មីឡើងវិញក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានផ្អាកការផ្តល់ហិរញ្ញប្បទានថ្មីពីសមាគមអភិវឌ្ឍន៍អន្តរជាតិនេះចាប់តាំងពីឆ្នាំ២០១១។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ធនាគារពិភពលោកបានបន្តវត្តមានយ៉ាងសកម្មនៅកម្ពុជាដោយបានផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលបានអនុម័តរួចកន្លងមក។ 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង នៅទីក្រុងភ្នំពេញ
លោក ប៊ូ សារឿន
ទូរស័ព្ទ: + (855) 23-861-315
sbou@worldbank.org



Api
Api

Welcome